អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

រុស្ស៊ី​រួមប្រជុំ​លើ​ទឹកដីខ្លួន​គ្រប់​ភាគី​បដិបក្ខ​ស៊ីរី​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​ជម្លោះ​នៅ​ស៊ីរី

ថ្ងៃ​អង្គារ​នេះ នៅ​ក្រុង​សូតឈី មាត់​សមុទ្រខ្មៅ រុស្ស៊ី ខំ​ប្រឹងប្រែង​បញ្ចុះបញ្ចូល ពួក​អ្នកតំណាង នៃ សង្គមស៊ីវិល និង មជ្ឈដ្ឋាន​នយោបាយ​ស៊ីរី ឲ្យ​ពុះពារ​ជំនះ​លើ ការ​បែកបាក់​ខ្វែង​គំនិត​គ្នា ធ្ងន់ធ្ងរ ដោយ សង្គ្រាម​ឆាបឆេះ​អស់​ជាង ៦ ឆ្នាំ គ្រាន់​នឹង​ចាក់​ជា​គ្រឹះ សម្រាប់​រក​ដំណោះស្រាយ​នយោបាយ ឲ្យ​វិបត្តិ ក្នុង ប្រទេស​នេះ។ វត្តមាន​ក្នុង​អង្គប្រជុំ​នេះ ក្រោម​ឈ្មោះ​ថា “ សមាជ​នៃ​កិច្ចសន្ទនា​ថ្នាក់ជាតិ​ស៊ីរី” ក៏ ទាំង ប្រេសិត​វិសាមញ្ញ អសប ទទួល​បន្ទុក​បញ្ហា​ស៊ីរី លោក Staffan de Mistura ។ ប៉ុន្តែ តំណាងខ្លះ ខាង ភាគី​ប្រឆាំង​ស៊ីរី ប្រកែក​មិន​មក​ចូល​រួម​ទេ។

លោក Sergei Lavrov រដ្ឋមន្រ្តី​ការបរទេស​រស្ស៊ី
លោក Sergei Lavrov រដ្ឋមន្រ្តី​ការបរទេស​រស្ស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

សៅហ្មង ដោយ​អវត្តមាន​នៃ​ក្រុមប្រឆាំង​ធំៗ នៃ​ពួក​គួដឌីស្ថាន និង នៃ​តំណាង​បស្ចិមលោក “សមាជ​នៃ កិច្ចសន្ទនា​ថ្នាក់ជាតិ​ស៊ីរី “ ចាត់ចែង​ដោយ​រុស្ស៊ី នៅ​បុរីរមណីយដ្ឋាន សូតឈី បាន​បើក​ការងារ​ខ្លួន​ដោយ យឺត​ពេល​បន្តិច។ តាម​ប្រភព​ក្នុង​ភាគី​ប្រឆាំង ពួក​ឧទ្ទាម​ខ្លះ​ទោះបី​បាន​ធ្វើ​ដំណើរ​ដល់​អាកាសយានដ្ឋានក្រុង សូតឈី ក្តី ក៏​មិន​ព្រមចាក​ចេញ ពី អាកាសយានដ្ឋាន​នេះ ក្រោយ​ពី​ឃើញ ក្នុង​ស្លាក​សញ្ញាសមាជនោះ មាន​តែ រូប​ទង់ជាតិ​ផ្លូវការ​របស់​ស៊ីរី ប៉ុន្តែ គ្មាន​ទេ រូប​ទង់ជាតិ​ដែល​បង្កើត​ឡើង​ដោយ ភាគីប្រឆាំងតាំង​ពី ជម្លោះ​ទើប ចាប់​ផ្តើម​ឆាបឆេះ ជាង ៦ឆ្នាំមុន។

ពួក​អ្នក​ចាត់ចែង សមាជ សុខចិត្ត​ពន្លត់​ភ្លើង​ពណ៌ នៅ​តាម​ផ្ទាំង​ប័ណ្ណូ​ខ្លះ ហើយ​ប្តូរ​រូបសញ្ញា​វា ប៉ុន្តែ​នៅតែ​ឥតប្រយោជន៍។ សមាជ​នេះ ត្រូវ​បាន​កោះប្រជុំ​ឡើង តាម​គំនិត​ផ្តួចផ្តើម​របស់​មូស្គូ ដែល​ជា​បង្អែក​ដ៏មាំ​របស់​លោក បាស្ហារ អាល់ អាសាដ ដោយ​មាន​ការ​យល់ព្រម ពី​ខាង ក្រុង តេអេរ៉ង់ និង ក្រុង អង់ការ៉ា។ គោលដៅ​សមាជ គឺ ឆ្ពោះ​ទៅ​តាក់តែង​ឡើង ជា​រដ្ឋធម្មនុញ្ញ​ថ្មី សម្រាប់​ប្រទេស​ស៊ី​ជា​ប្រធានបទដែល​បាន​ស្ថិត​នៅ​ទៅ​ហើយ ក្នុង​រង្វង់ នៃ ការ​ពិភាក្សា​គ្មាន​ផ្លែផ្កា​អ្វី​សោះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃសុក្រ​កន្លង​ទៅ នៅ​ក្រុង វីយេន ក្រោម​ការ​ឧបត្ថម្ភ​របស់​អសប។

ប្រទេស​រុស្ស៊ី បាន​លេច​​ចេញ​ជា​អ្នក​ដើរ​តួចម្បង ក្នុង​ជម្លោះ​នៅ​ស៊ីរី តាម​រយៈ​អន្តរាគមន៍​យោធា​របស់​ខ្លួន ចាប់ ផ្តើម ខែ​កញ្ញាឆ្នាំ ២០១៥ ដែល​បាន​ជួយ​លោក អាសាដ ឲ្យ​ដណ្តើម​យក​បាន​មក​វិញ ដែនដី​ភាគច្រើន នៃ ប្រទេស។ រុស្ស៊ី ដោយ​សហការ​ជាមួយ អ៊ីរ៉ង់ និង តួកគី បាន​ចាត់ចែង​ឲ្យ​ប្រព្រឹត្ត​ទៅ នៅ​ក្រុង អាស្តាណា រដ្ឋធានី កាហ្សាក់ស្ថាន ជា​កិច្ចចរចា ដែល​បាន​នាំ​ទៅ​កាន់​ការ​បង្កើត​ឡើង​ជា “ បួនតំបន់សន្តិសុខ “ នៅ​ស៊ីរី អនុញ្ញាត​ឲ្យ​បន្ធូរបន្ថយ ភាព​តានតឹង លើ​សមរភូមិ ប៉ុន្តែ មិន​ទាន់​ជួយ កែប្រែ​លទ្ធផល​នេះ ឲ្យ រំកិល ដំណោះស្រាយ​នយោបាយ បាន​ទៅ​មុខ​ឡើយ។

ការ​ប្រកែក​នៃ​ក្រុម​ប្រឆាំងធំៗ និង​ពួក​គួដឌីស្ថាន​មិន​ចូលរួម​ក្នុង​សមាជ​នៅ​ក្រុង សូតឈី បន្ថែម​លើ បរាជ័យ នៃ កិច្ចចរចា​ក្រុង វីយេន ទំនង​ជា​បញ្ជាក់​អំពី​ភាព​ទ័លច្រក​នៃ​ដំណោះស្រាយ​នយោបាយ ឲ្យជម្លោះ​នៅ​ស៊ីរី ជម្លោះ ដែល តាំង​ពី​ឆ្នាំ ២០១១ មក បាន​ផ្តាច់​ជីវិត​មនុស្ស អស់​ជាង ៣ សែន ៤ ម៉ឺននាក់​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ