រុស្ស៊ីរួមប្រជុំលើទឹកដីខ្លួនគ្រប់ភាគីបដិបក្ខស៊ីរីដើម្បីរកដំណោះស្រាយនយោបាយឲ្យជម្លោះនៅស៊ីរី
ថ្ងៃអង្គារនេះ នៅក្រុងសូតឈី មាត់សមុទ្រខ្មៅ រុស្ស៊ី ខំប្រឹងប្រែងបញ្ចុះបញ្ចូល ពួកអ្នកតំណាង នៃ សង្គមស៊ីវិល និង មជ្ឈដ្ឋាននយោបាយស៊ីរី ឲ្យពុះពារជំនះលើ ការបែកបាក់ខ្វែងគំនិតគ្នា ធ្ងន់ធ្ងរ ដោយ សង្គ្រាមឆាបឆេះអស់ជាង ៦ ឆ្នាំ គ្រាន់នឹងចាក់ជាគ្រឹះ សម្រាប់រកដំណោះស្រាយនយោបាយ ឲ្យវិបត្តិ ក្នុង ប្រទេសនេះ។ វត្តមានក្នុងអង្គប្រជុំនេះ ក្រោមឈ្មោះថា “ សមាជនៃកិច្ចសន្ទនាថ្នាក់ជាតិស៊ីរី” ក៏ ទាំង ប្រេសិតវិសាមញ្ញ អសប ទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Mistura ។ ប៉ុន្តែ តំណាងខ្លះ ខាង ភាគីប្រឆាំងស៊ីរី ប្រកែកមិនមកចូលរួមទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១១
សៅហ្មង ដោយអវត្តមាននៃក្រុមប្រឆាំងធំៗ នៃពួកគួដឌីស្ថាន និង នៃតំណាងបស្ចិមលោក “សមាជនៃ កិច្ចសន្ទនាថ្នាក់ជាតិស៊ីរី “ ចាត់ចែងដោយរុស្ស៊ី នៅបុរីរមណីយដ្ឋាន សូតឈី បានបើកការងារខ្លួនដោយ យឺតពេលបន្តិច។ តាមប្រភពក្នុងភាគីប្រឆាំង ពួកឧទ្ទាមខ្លះទោះបីបានធ្វើដំណើរដល់អាកាសយានដ្ឋានក្រុង សូតឈី ក្តី ក៏មិនព្រមចាកចេញ ពី អាកាសយានដ្ឋាននេះ ក្រោយពីឃើញ ក្នុងស្លាកសញ្ញាសមាជនោះ មានតែ រូបទង់ជាតិផ្លូវការរបស់ស៊ីរី ប៉ុន្តែ គ្មានទេ រូបទង់ជាតិដែលបង្កើតឡើងដោយ ភាគីប្រឆាំងតាំងពី ជម្លោះទើប ចាប់ផ្តើមឆាបឆេះ ជាង ៦ឆ្នាំមុន។
ពួកអ្នកចាត់ចែង សមាជ សុខចិត្តពន្លត់ភ្លើងពណ៌ នៅតាមផ្ទាំងប័ណ្ណូខ្លះ ហើយប្តូររូបសញ្ញាវា ប៉ុន្តែនៅតែឥតប្រយោជន៍។ សមាជនេះ ត្រូវបានកោះប្រជុំឡើង តាមគំនិតផ្តួចផ្តើមរបស់មូស្គូ ដែលជាបង្អែកដ៏មាំរបស់លោក បាស្ហារ អាល់ អាសាដ ដោយមានការយល់ព្រម ពីខាង ក្រុង តេអេរ៉ង់ និង ក្រុង អង់ការ៉ា។ គោលដៅសមាជ គឺ ឆ្ពោះទៅតាក់តែងឡើង ជារដ្ឋធម្មនុញ្ញថ្មី សម្រាប់ប្រទេសស៊ីជាប្រធានបទដែលបានស្ថិតនៅទៅហើយ ក្នុងរង្វង់ នៃ ការពិភាក្សាគ្មានផ្លែផ្កាអ្វីសោះ កាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រកន្លងទៅ នៅក្រុង វីយេន ក្រោមការឧបត្ថម្ភរបស់អសប។
ប្រទេសរុស្ស៊ី បានលេចចេញជាអ្នកដើរតួចម្បង ក្នុងជម្លោះនៅស៊ីរី តាមរយៈអន្តរាគមន៍យោធារបស់ខ្លួន ចាប់ ផ្តើម ខែកញ្ញាឆ្នាំ ២០១៥ ដែលបានជួយលោក អាសាដ ឲ្យដណ្តើមយកបានមកវិញ ដែនដីភាគច្រើន នៃ ប្រទេស។ រុស្ស៊ី ដោយសហការជាមួយ អ៊ីរ៉ង់ និង តួកគី បានចាត់ចែងឲ្យប្រព្រឹត្តទៅ នៅក្រុង អាស្តាណា រដ្ឋធានី កាហ្សាក់ស្ថាន ជាកិច្ចចរចា ដែលបាននាំទៅកាន់ការបង្កើតឡើងជា “ បួនតំបន់សន្តិសុខ “ នៅស៊ីរី អនុញ្ញាតឲ្យបន្ធូរបន្ថយ ភាពតានតឹង លើសមរភូមិ ប៉ុន្តែ មិនទាន់ជួយ កែប្រែលទ្ធផលនេះ ឲ្យ រំកិល ដំណោះស្រាយនយោបាយ បានទៅមុខឡើយ។
ការប្រកែកនៃក្រុមប្រឆាំងធំៗ និងពួកគួដឌីស្ថានមិនចូលរួមក្នុងសមាជនៅក្រុង សូតឈី បន្ថែមលើ បរាជ័យ នៃ កិច្ចចរចាក្រុង វីយេន ទំនងជាបញ្ជាក់អំពីភាពទ័លច្រកនៃដំណោះស្រាយនយោបាយ ឲ្យជម្លោះនៅស៊ីរី ជម្លោះ ដែល តាំងពីឆ្នាំ ២០១១ មក បានផ្តាច់ជីវិតមនុស្ស អស់ជាង ៣ សែន ៤ ម៉ឺននាក់ទៅហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ