ប្រធានាធិបតីបារាំងទៅទុយនីស៊ី គាំទ្រប្រជាធិបតេយ្យដែលនៅផុយស្រួយនៅឡើយ
ថ្ងៃពុធនេះ ប្រធានាធិបតីបារាំងលោកម៉ាក្រុងបំពេញទស្សនកិច្ចនៅប្រទេសទុយនីស៊ី ដើម្បីសំដែងការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យដែលកើតចេញពីបដិវត្តផ្កាម្លិះឆ្នាំ២០១១។ បារាំងចង់ជួយទុយនីស៊ី កាត់បន្ថយបញ្ហាសេដ្ឋកិច្ចនិងសង្គម។ ប្រជាជនទុយនីស៊ីទើបនឹងធ្វើបាតុកម្មប្រឆាំងជីវភាពឡើងថ្លៃកាលពី២សប្តាហ៍មុនប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥០
ទស្សនកិច្ចប្រធានាធិបតីបារាំង នៅទុយនីស៊ី ថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ស្អែកនេះ មានទិសដៅគាំទ្រប្រជាធិបតេយ្យទុយនីស៊ី ចង់ជួយរដ្ឋាភិបាលទុយនីស៊ី កាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើ ដែលមាន១៥ភាគរយក្នុងស្រុក។ លោកម៉ាក្រុង នឹងជួបតំណាងរាស្ត្រ និងថ្នាក់ដឹកនាំសង្គមស៊ីវិលទុយនីស៊ី។ ក្នុងឱកាសនេះ បារាំងនិងទុយនីស៊ី នឹងចុះកិច្ចព្រមព្រៀងមួយចំនួន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម វិស័យអប់រំ និងវប្បធម៌។ វិមានអេលីហ្សេគូសបញ្ជាក់ដែរថា បានអំពាវនាវអោយសហគ្រាសបារាំងចូលទៅវិនិយោគនៅទុយនីស៊ីអោយបានច្រើន។
ប្រជាធិបតេយ្យទុយនីស៊ី កើតចេញពីបដិវត្តផ្កាម្លិះឆ្នាំ២០១១ ផ្តួលប្រធានាធិបតីបិន អាលី ពីអំណាច។ ប៉ុន្តែ ប្រជាធិបតេយ្យនៅផុយស្រួយនៅឡើយ ប្រជាជនក្នុងស្រុកតវ៉ានឹងជីវភាពលំបាក តម្លៃទំនិញឡើងថ្លៃ ដោយសារនយោបាយត្បិតត្បៀតថវិការបស់រដ្ឋ។ ជានយោបាយឆ្លើយតបនឹងលក្ខខណ្ឌរបស់ មូលនិធិIMF ដែលអោយទុយនីស៊ីខ្ចីលុយ។ កំណើនសេដ្ឋកិច្ចឆ្នាំ២០១៧ មាន២ភាគរយមែន តែអត្រាយុវជនគ្មានការងារធ្វើមានកម្រិតខ្ពស់ដល់ទៅ៣០ភាគរយ។ យោងតាមក្រុមវិភាគ ប្រជាជនទុយនីស៊ីប្រហែលជាមិនសង្ឃឹមជំនួយបារាំងប៉ុន្មានទេ ព្រោះថា បារាំងធ្លាប់សន្យាជំនួយមួយ កាលពីឆ្នាំ២០១១ ប៉ុន្តែនៅមិនឃើញជួយនៅឡើយ។ ហើយថ្មីៗនេះ ក៏មានការសន្យាពីបារាំងច្រើនដែរ ក្នុងក្របខណ្ឌជំនួបកំពូលនៅទុយនីស៊ី ឆ្នាំ២០២០ តែមើលទៅ ប្រជាជនទុយនីស៊ី ក៏ប្រហែលមិនសង្ឃឹមណាស់ណាដែរទេ។
បារាំងធ្លាប់ដាក់អាណានិគមនៅទុយនីស៊ី ជាដៃគូពាណិជ្ជកម្មសំខាន់របស់ទុយនីស៊ី។ ទុយនីស៊ីជំពាក់បំណុលបារាំងប្រហែល៨០០លានអឺរ៉ូ គិតត្រឹមចុងឆ្នាំ២០១៦។ សារព័ត៌មានមួយចុះផ្សាយថា ក្នុងពេលលោកអេម៉ានុយអែល ម៉ាក្រុង ទស្សនកិច្ចនៅទុយនីស៊ី រដ្ឋាភិបាលទុយនីស៊ីចង់ឆ្លៀតរកដំណោះស្រាយបំណុល ដោយចង់បង្វែរបំណុលមួយចំនួន អោយទៅជាគម្រោងវិនិយោគវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ