អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឧត្តម​ក្រុមប្រឹក្សា​​សោតទស្សន៍​​​បារាំង​​​ដកតំណែង​​អគ្គនាយក​​វិទ្យុ​រដ្ឋ​​ ព្រោះ​​​រងសម្ពាធ​​នយោបាយ?​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧត្តម​ក្រុមប្រឹក្សា​សោតទស្សន៍​បារាំង ហៅកាត់ថា ​CSA កំពុង​រង​ការរិះគន់​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ចេញ​សេចក្តីសម្រេច​ដកតំណែង​អគ្គនាយក​វិទ្យុ​រដ្ឋ ​ Radio France នៅថ្ងៃពុធ​ម្សិលមិញ។ ​គេរិះគន់ថា ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍​​រងសម្ពាធ​ពី​រដ្ឋាភិបាល​លោក​ម៉ាក្រុង ដោយសារ​តែ​ការដកតំណែង​លោក​ម៉ាជើ ហ្កាលេ Mathieu Gallet ដែល​ជា​អគ្គនាយក​វិទ្យុរដ្ឋ ធ្វើឡើង​​​ក្រោយ​រដ្ឋមន្ត្រី​វប្បធម៌​ទាមទារ​​​អោយលោកហ្កាឡេ ចេញ​ពី តំណែង​វិទ្យុ។ ​​

លោក Mathieu Gallet ត្រូវ​ក្រសួងវប្បធម៌ និង​ឧត្តម​ក្រុមប្រឹក្សា​សោតទស្សន៍​វាយតម្លៃ​ថា ជាសម​ជា​អ្នក​គ្រប់គ្រងគំរូ​​
លោក Mathieu Gallet ត្រូវ​ក្រសួងវប្បធម៌ និង​ឧត្តម​ក្រុមប្រឹក្សា​សោតទស្សន៍​វាយតម្លៃ​ថា ជាសម​ជា​អ្នក​គ្រប់គ្រងគំរូ​​ AFP. AFP PHOTO/BERTRAND GUAY
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​នៃ​ការ​ដកតំណែង​អគ្គវិទ្យុ​ Radio France

ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍បារាំង ជា​ស្ថាប័ន​ឯករាជ្យ ដែល​ត្រួតពិនិត្យ​ព័ត៌មាន ប៉ុន្តែ គ្រាន់តែ​រដ្ឋមន្ត្រី​វប្បធម៌​បារាំង​ទាមទារ​អោយ​លោក​ម៉ាជើ ហ្កាលេ ជា​​អគ្គនាយក​វិទ្យុ​រដ្ឋ ចេញ​ពី​តំណែង ​ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍​ក៏​សម្រេច​​ដកតំណែង​លោក​ហ្កាលេ​ដែរ។ ​​ការដក​លោក​ម៉ាជើ ហ្កាលេ ​ពី​តំណែង​អគ្គ​នាយក​វិទ្យុ Radio France ជា​ផលវិបាក​ទាក់ទង​នឹង​ការកាត់ទោស​លោក​ហ្កាលេ ក្នុង​ពេល​ថ្មីៗនេះ។ កាលពី​ថ្ងៃ​១៥មករា តុលាការ​បាន​កាត់ទោស​​​​លោក​ហ្កាលេ ទាក់ទង​​​​នឹង​កិច្ចសន្យា​​​ចុះ​ជាមួយ​ក្រុមហ៊ុន​ផ្នែក​ប្រឹក្សា​មួយចំនួន​ ក្នុង​តម្លៃ​ទឹកប្រាក់​៤សែនអឺរ៉ូ។ លោក​ហ្កាលេ រង​ការ​ចោទប្រកាន់​ថា បាន​ជួយសម្រួល​កាន់ជើង​ក្រុមហ៊ុន​ទាំងនេះ។ ហេតុការណ៍​ជួយ​ក្នុង​កុងត្រា​ក្រុមហ៊ុន​នេះ​​កើត​តាំង​ពី​​​​​ពេល​​លោក​ហ្កាលេ នៅ​ជាអ្នក​ដឺកនាំ​វិទ្យាស្ថាន​ជាតិផ្នែក​​​សោតទស្សន៍​បារាំង​ពី​ឆ្នាំ២០១០ ដល់២០១៤​ គឺ​មុនលោក​កាន់កាប់​​​​វិទ្យុ​រដ្ឋ​បារាំង។

យោងតាម​ការ​ចោទ​ផ្លូវច្បាប់​ លោក​ហ្កាលេ មិនគោរព​តា​មបទបញ្ជា​រឺ​ច្បាប់​​ខាង​​ទីផ្សារ​សាធារណៈ។ ការកាត់ទោស​នេះ បង្ហាញ​ថា លោក​ហ្កាលេ ដឹកនាំ​វិទ្យាស្ថាន​​សោតទស្សន៍​​ជាតិ​មិនបាន​ល្អ​ទេ ព្រោះ​លោក​​ហាក់ដូចជា​ពុករលួយ​​ ជួយ​សម្រួល​ក្រុមហ៊ុន​ទាំងនោះ។ ​ដោយសារ​ការកាត់ទោស​រឿងពីមុន​មកនេះ ​​គេគិតថា​ លោក​ហ្កាលេ​មិន​អាច​​គ្រប់គ្រង​វិទ្យុ​រដ្ឋ​ Radio France បាន​ល្អ​ទេ​ ពិសេស​ក្នុងពេលនេះ​​ Radio France ​កំពុង​កែប្រែ​​រចនា​សម្ព័ន្ធ​ខ្លួន​ផង។ ​​​

នៅ Radio France ​ប៉ុន្មានឆ្នាំ​នេះ លោកហ្កាលេ ​​ប្រឈម​​​រឿង​រ៉ាវ​ច្រើន ដូចជា​ កូដកម្ម​បុគ្គលិក ជាកូដកម្ម​យូរពេលដែរ គឺ​ធ្វើ​​​១ខែ​ដែរ។ ​​សហជីព​អ្នកកាសែត​ខឹងសម្បារចំពោះ​ផែនការ​កាត់បន្ថយ​ថវិកា ​និង​ការ​លុបចោល​ការងារ​ផ្សេងៗ​នៅ​វិទ្យុ។ គេ​រិះគន់​​​ថា លោក​មិន​គិតគូរ​ប្រាក់ខែ​បុគ្គលិកទេ ចង់​កាត់បន្ថយ​ចាយវាយ​ផ្សេងៗ។ ​តែ​បើ​និយាយ​ពី​​ការរៀបចំ​ធ្វើ​ការិយាល័យ​​របស់​លោកវិញ​ គឺលោក​​ហ៊ាន​ចំណាយលុយ​ដល់​ទៅ​ ​១០ម៉ឺន៥ពាន់​អឺរ៉ូ៝ឯណោះ។ ការដែល​តុលាការ​​កាត់ទោស​ថា​លោក​ជួយ​សម្រួល​ក្រុមហ៊ុនផ្សេងៗ បូកផ្សំ​​រឿងអាស្រូវ​ទាក់ទង​ចំណាយ​សន្ធឹកសន្ធាប់​ ធ្វើអោយ​លោក​មិន​សក្តិសម​ធ្វើ​ជា​អ្នកដឺកនាំ​ទេ។ ម្ល៉ោះហើយ ​​ថ្មីៗ​នេះ លោកស្រី​ហ្វ្រង់ស៊័រ នីសសង់ Françoise Nyssen រដ្ឋមន្ត្រី​វប្បធម៌​បារាំង​បង្ហាញ​​​បំណង​ចង់​អោយ​លោ​កហ្កាលេ ឈប់ធ្វើ​ជា​អគ្គនាយក​វិទ្យុ​រដ្ឋ​តទៅទៀត។

ហើយម្សិលមិញ ​​ខាង​ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍​ក៏​​​សម្រេចដក​មុខងារ​លោក​ដែរ ​ដោយ​ថា លោក​គ្រប់គ្រង​វិទ្យុ​មិនល្អ មិនសម​ធ្វើ​ជាគំរូ​គេ។ បញ្ហា​គឺ​នៅត្រង់ថា​ឧត្តម​ក្រុមប្រឹក្សា​សោតទស្សន៍បារាំង​ សម្រេច​បែបនេះ ក្រោយ​មាន​ការទាមទារ​ពី​រដ្ឋមន្ត្រី​វប្បធម៌។ អ្នកនយោបាយ​មួយចំនួន​និង​​បក្ស​ប្រឆាំង​ ​​​ក៏រិះគន់​​​ថា​ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍ គ្មាន​ភាព​ឯករាជ្យ ​ថា​ស្តាប់​តាម​​​​​រដ្ឋមន្ត្រី​វប្បធម៌។ ខាង​ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍ឆ្លើយ​ថា ការសម្រេច​នេះ​គ្មានសម្ពាធ​ពី​​នយោបាយ​ទេ។ ហើយ​ខាង​រដ្ឋាភិបាល​បារាំង​ក៏​ថា មិនបាន​សុំអោយ​មានការ​ដកតំណែង​នេះដែរ។ ​

ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍​បារាំង​សម្រេច​អោយ​លោក​ហ្កាលេ​ចេញ​ពី​តំណែង នៅ​ថ្ងៃ​១មីនា​ខាងមុខ​នេះ។ តែ​កន្លងមក ក្រោយ​មាន​ការកាត់ទោស​ពីតុលាការ​ ​លោក​ហ្កាលេបង្ហាញ​បំណង​ថា ​​មិនចង់​ចុះ​ពីតំណែង​លោកទេ។ តាមធម្មតា លោក​ត្រូវគ្រប់គ្រង​វិទ្យុ Radio France ​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ២០១៩។ ជាមុខមាត់​មួយ ដែល​បាន​ឡើង​កាន់កាប់តួនាទី​នេះ​ ដូច្នេះលោក​មិនព្រមចុះចាញ់​ងាយៗទេ។ ទំរាំ​លោក​បាន​ឡើង​ដល់​​ឋានៈ​បែប​នេះ​ក្នុងសង្គម លោក​បាន​តស៊ូច្រើនដែរ។ លោក​មាន​ទាំង​​សមត្ថភាព​ខាងនយោបាយ សេដ្ឋកិច្ច រឺ​ក៏​ភាព​យន្ត លោកមាន​ទាំង​​​ខ្សែបណ្តាញ​ជួយ​ជ្រោមជ្រែង​លោក​ច្រើន។ ​លោក​ត្រូវបាន​ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍​តែងតាំងជា​អគ្គនាយក​Radio France កាលពីឆ្នាំ២០១៤ ពេលលោក​អាយុ​៤១ឆ្នាំ ដូច្នេះ លោក​ជា​ប្រធាន​វិទ្យុ​រដ្ឋ​ម្នាក់​វ័យក្មេង​បំផុត​។ ​

រឿង​ដកតំណែង​លោក​ពេលនេះ ​មេធាវី​លោក និង​លោក​សុទ្ធតែ​ចោទ​ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍ថា​រងសម្ពាធ​ពី​រដ្ឋាភិបាល។ តែ​ខាងក្រសួង​​វប្បធម៌​ព្រមា​នរួចហើយ ថា​ជំហរ​រដ្ឋាភិបាល​គឺ​ត្រូវការ​អ្នកដឹកនាំ​គំរូ មិនអាច​លេងសើចទេ។ មានការ​រិះគន់​ដែរថា ឧត្តមប្រឹក្សា​សោតទស្សន៍​គិតក្រម​សីលធម៌ ដោយ​មិនចាំ​ការសម្រេច​សម្រួលរឿងតវ៉ា​ផ្លូវច្បាប់​របស់​លោក​ហ្កាលេ អោយ​ចប់សព្វគ្រប់។ ទោះយ៉ាងនេះ​ក្តី ពេលនេះ​ ​លោក​ហ្កាលេ​អាច​ដាក់ពាក្យ​ប្តឹង ទៅ​ខាង​ក្រុមប្រឹក្សា​រដ្ឋ ហើយ​មុនថ្ងៃ​១មីនា គឺ​មុន​ថ្ងៃ​ដែល​លោកត្រូវ​ចេញ​ពី​តំណែងអគ្គនាយក​វិទ្យុ​ ក្រុមប្រឹក្សា​រដ្ឋ​អាច​ពិនិត្យ​​​សំណុំ​រឿង​លោក។ ​

​​ផលវិបាក​បង្កឡើង​ដោយ​​​ពាក្យចចាមអារ៉ាមពី​ទំនាក់ទំនង​រវាង​លោក​ហ្កាលេ​​និង​លោក​ម៉ាក្រុង​

​កន្លងមក ​មានពាក្យចចាមអារ៉ាម​ថា ប្រធានាធិបតីបារាំង លោក​​ម៉ាក្រុង​មានទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​ហ្កាលេ ថា​លោក​ម៉ាក្រុង​ផិតក្បត់​លោកស្រី​ប្រ៊ីហ្ស៊ីត ជា​ភរិយា​វ័យចំណាស់​។ អតីត​រដ្ឋមន្ត្រី​វប្បធម៌ គឺ​លោក Frédéric Mitterand ដែលជា​អ្នកធ្លាប់​ជ្រោមជ្រែង​លោក​ហ្កាលេ ​គិតថា ពាក្យចចាមអារ៉ាម​នេះ ​មិនបាន​ជួយ​លោក​ហ្កាលេទេ វា​ជា​លក្ខខណ្ឌ​មិនល្អ​សម្រាប់​​​កិច្ចការ​ងារ​ ក្នុង​តួនាទី​​លោក។ ទោះយ៉ាងនេះក្តី កន្លងមក ​ប្រធានាធិបតី​បារាំង​ធ្លាប់​បដិសេធ​​​ហើយ​ថា លោក​គ្មានទំនាក់ទំនង​ជាមួយ​លោក​ហ្កាលេ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ