លោកពូទីន បានទទួលជួបពួកអ្នកតំណាងគ្រាក់ៗ នៃមជ្ឈដ្ឋានជំនួញបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤១
” ម៉ូស្គូ ទាំងតទៅថ្ងៃមុខ នឹងបន្តគាំទ្រគម្រោងរួមធំៗរុស្ស៊ី-បារាំង” សេចក្តីនេះ ត្រូវបានថ្លែង ដោយ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ពេលទទួលជួប បណ្តាតំណាងនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សមាគម “ មន្ទីរចម្រុះពាណិជ្ជកម្មនិងឧស្សាហកម្ម បារាំង-រុស្ស៊ី ល្ងាចថ្ងៃពុធ ៣១ មករា នៅឯ និវេសនដ្ឋាន គាត់ ជាយក្រុងម៉ូស្គូ។ តាមសំដីប្រមុខរដ្ឋរុស្ស៊ី ដោយសារក្រុមហ៊ុនបារាំងទាំងឡាយចូលមករកស៊ី នៅលើ ទឹកដីរុស្ស៊ី មានបង្កើតបានជាកន្លែងធ្វើការចំនួន ១ សែន ៥ ម៉ឺននាក់ សម្រាប់ប្រជាពលរដ្ឋរុស្ស៊ី ។
បើគិតក្នុងពីរឆ្នាំចុងក្រោយ លើកនេះជាលើកទី២ ដែលលោក ពូទីន ទទួលជួប ពួកអ្នកតំណាង គ្រាក់ៗនៃមជ្ឈដ្ឋានជំនួញបារាំង។ គេមានគ្នា ១២ នាក់ ដែលជា អ្នកដឹកនាំក្រុមហ៊ុនធំៗបំផុត នៃ សាធារណរដ្ឋ ទី៥ បែបយ៉ាង វិស័យផលិតយន្តហោះ , រថយន្ដ , ថាមពលប្រេង និងជា ថៅកែធនាគារ។ លោក ពូទីន បានចាប់ដៃស្ចាគមគេម្នាក់ៗ ដែល ក្នុងឋានៈជាសហគ្រិន សុទ្ធតែយល់ដឹងដោយខ្លួនគេផ្ទាល់ ទៅហើយ អំពីទស្សនវិស័យនៃសេដ្ឋកិច្ចរុស្ស៊ី។
គេបន្តបោះទុន បញ្ចូលវិនិយោគ មកក្នុងសេដ្ឋកិច្ចរុស្ស៊ី ទោះបី សេដ្ឋកិច្ចនេះ នៅតែរងសម្ពាធពីក្រៅយ៉ាងខ្លាំង ក៏ដោយ។ លោកពូទីន បានចាប់ផ្តើមជំនួប ដោយរៀបរាប់ថា សេដ្ឋកិច្ចរុស្ស៊ី មិនគ្រាន់តែស៊ាំ នឹងគំនាបពីក្រៅប៉ុណ្ណោះ ទេ តែថែមទាំងចាប់ងើបឡើងវិញទៅផង។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៧ កន្លងទៅទំហំសេដ្ឋកិច្ចនេះ ហៅម្យ៉ាង ទៀតថា ផលិផលសរុបក្នុងស្រុក ផសស រុស្ស៊ី បានកើនឡើង ១,៤% ទៅហើយ រួចអតិផរណា ធ្លាក់ចុះដល់ កម្រិតទាបបំផុត គឺតែជាង២% ប៉ុណ្ណោះ។ ទាំងវិនិយោគបរទេស ក៏កើនឡើងដែរ ៖ គ្រាន់តែ ក្នុងបី ត្រីមាស នៃឆ្នាំកន្លងទៅ វាបានមានទឹកប្រាក់ ២៣.០០០ លានដុល្លារ ឫ ពីរដង ច្រើនជាង ក្នុងរយៈ ពេលដូច គ្នានេះ នៃ ឆ្នាំ២០១៦ ហើយជាតួលេខខ្ពស់បំផុតសម្រាប់រុស្ស៊ី បើគិតក្នុង ៤ឆ្នាំចុងក្រោយ។ វិនិយោគបារាំង មកក្នុងប្រទេសរុស្ស៊ី មានទឹកប្រាក់សរុប ១៤.០០០ លានដុល្លារ។
លោកប្រមុខរដ្ឋររុស្ស៊ី កត់សម្គាល់តមកទៀត ៖ រដ្ឋាភិបាលខ្ញុំ បន្តធ្វើការងារដើម្បីបន្ទាប រាល់អ្វីៗ ដែលជា ឧបសគ្គ ដល់ការធ្វើ Business នៅរុស្ស៊ី សម្រួលនីតិវិធីពន្ធគយពង្រីកលទ្ធភាពសម្រាប់ ក្រុមហ៊ុន ទទួល ប្រាក់កម្ចី។ ដោយសារវិធានការទាំងនេះ ប្រទេសរុស្ស៊ី ឡើងបានជាប់លេខទី ៣៥ ក្នុងតារាងចំណាត់ថ្នាក់ របស់ ធនាគារពិភពលោក ខាងបង្កលក្ខណៈសម្រាប់ការធ្វើ Business ប៉ុន្តែ នៅចាញ់បារាំងនៅឡើយ ដែល ក្នុងតារាងចំណាត់ថ្នាក់នេះ ជាប់លេខ ៣១។ លោកពូទីន សង្កត់ធ្ងន់ថា បើរុស្ស៊ី បន្តដើរតាមផ្លូវដែល ខ្លួនប្រកាន់យក នោះ ក្នុងពេលឆាប់ៗខាងមុខ រុស្ស៊ី នឹងដើរទាន់បារាំងពុំខាន ក្នុងវិស័យនេះ។ ហើយ សម្រាប់អស់លោក គឺមុខជានឹងងាយប្រកបអាជីវកម្មខ្លួន នៅរុស្ស៊ី ជាង នៅក្នុងប្រទេសបារាំងផ្ទាល់។
តាមលោកពូទីន ៖ ទាំងទំហំផ្តោះប្តូរពាណិជ្ជកម្មរវាងបារាំងនិងរុស្ស៊ី ក៏កើនឡើងដែរ។ ជាតុល្យាការ ១១ ខែ ឆ្នាំ ២០១៧ កន្លងទៅ វាបានកើនឡើង ១៥% ។ មេដឹកនាំរុស្ស៊ី គូសបញ្ជាក់ជាពិសេសថា បច្ចុប្បន្ន មាន ក្រុមហ៊ុនបារាំងប្រមាណ ១.២០០ ដំណើរការនៅរុស្ស៊ី ដោយផ្តល់កន្លែងធ្វើការ ដល់ពលរដ្ឋរុស្ស៊ី បាន ១ សែន ៥ ម៉ឺននាក់ នៅតាមវិស័យផលិតរថយន្ត មានម៉ាក Renault ជាដើម , ផលិតថ្នាំពេទ្យ , ផលិត គ្រឿងបរិភោគ, ពាណិជ្ជកម្មលក់រាយ បែបយ៉ាងបណ្តាញហាង Auchan ។
ដក់ជាប់ដោយន័យយុទ្ធសាស្ត្រ គឺសហប្រតិបត្តិការទ្វេភាគី ក្នុងវិសយថាមពល។ បណ្តាក្រុមហ៊ុនបារាំង បានទទួលភ្លើងខៀវចូលមក ទីផ្សាររថាមពលរុស្ស៊ី។ ឧទាហរណ៍ ក្រុមហ៊ុនបារាំង Engie គ្រោងចូលរួមជា មួយ នឹង ក្រុមហ៊ុនយក្សរុស្ស៊ី Gazprom ក្នុងការសាងសង់ ខ្សែបំពង់បង្ហូរឧស្ម័នទី២ ក្រោមឈ្មោះថា Nord Stream-2 ប្រវែង ១.២០០ គ.ម. លូនចេញពីឆ្នេររុស្ស៊ី តាមបាតសមុទ្របាល់ទិក ទៅប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុន Total បានជួយសាងសង់ រោងចក្របង្ហាប់ឧស្ម័ន នៅតំបន់ Yamal ស៊ីបេរី ខាងលិច។ យើងសូម ស្វាគម បំណង សាជីវកម្មប្រទេសបារាំង បង្កើតផលិតកម្មនៅរុស្ស៊ី ដោយធ្វើកុម្ម៉ង់ដល់ សហគ្រាសខ្នាត តូចនិងមធ្យម នៅរុស្ស៊ី -លោកប្រធានាធិបតី ពូទីន ថ្លែងតមកទៀត។
ឆ្លៀតឱកាសនោះ លោកពូទីន ក៏បានបរិយាយទៅពួកអ្នកជំនួញគ្រាក់ៗបារាំងថា ៖ ថ្ងៃ ៣១ មករា ដែរ គាត់ ទើបបាន ទទួលជួបលោកនាយករដ្ឋមន្ត្រី បែលហ្ស៊ីក Charles Michel ដោយលើកយកទៅពិភាក្សា គឺ អំពី សហប្រតិបត្តិការរុស្ស៊ី-បែលហ្ស៊ីក ។ គម្រោងមួយ ក្នុងចំណោមគម្រោងពិភាក្សានេះ គឺប៉ះលើការពង្រីក សមត្ថភាពកំពង់ផែ សម្រាប់ផ្ទេរទំនិញ បូកទាំងឧស្ម័នបង្ហាប់ផលិតនៅ រោងចក្រ Yamal ។ ដូចអស់លោក ជ្រាបស្រាប់ កប៉ាល់ទី១ ផ្ទុកទៅដោយឧស្ម័នបង្ហាប់បែបនេះរបស់រុស្ស៊ី ក្រោយពីឆ្លងផុត មហាសមុទ្រ អាត្លង់ទិក ពេលថ្មីៗ បានទៅដល់់ឆ្នេរខាងកើត សរអា ទៅហើយ។
ពីចំណែកខ្លួន ប្រធានសមាគម “ មន្ទីរចម្រុះពាណិជ្ជកម្មនិងឧស្សាហកម្ម បារាំង-រុស្ស៊ី “ លោក អេម៉ានុយអែល គីដេ បានកត់សម្គាល់ពី លក្ខណៈប្រកបដោយផ្លែផ្កានៃ ជំនួប ពួកអ្នកតំណាងមជ្ឈដ្ឋាន ជំនួញបារាំង ជាមួយប្រមុខរដ្ឋរុស្ស៊ី។ កិច្ចសន្ទនាថ្នាក់លើ ក្នុងស្មារតីជឿទុកចិត្តគ្នាទៅវិញទៅមក ប្រាកដជា នឹងជំរុញ បណ្តាសហគ្រិននៃសាធារណរដ្ឋទី៥ ឲ្យយកចិត្តទុកដាក់បោះទុនកាន់តែក្រាស់ក្រែល មកក្នុង ទីផ្សាររុស្ស៊ី។ ថ្លែងទៅលោកពូទីន ប្រមុខនៃតំណាងមជ្ឈដ្ឋានជំនួញបារាំង មានប្រសាសន៍ ៖ តួលេខ ១.២០០ នៃចំនួនក្រុមហ៊ុនបារាំងដែលដំណើរការនៅរុស្ស៊ី ត្រូវបានឯកឧត្តម ប្រកាសឲ្យដឹងទៅហើយ។ ប៉ុន្តែ នៅមាន រូបវន្តបុគ្គលបារាំង ដាច់ៗដោយឡែកច្រើនឥតគណនា ដែលបានមកដល់ប្រទេសរុស្ស៊ី ដើម្បីបើកឲ្យ ដំណើរការដែរ សហគ្រាសខ្លួន។
ទាក់ទងនឹង វិនិយោគបារាំង ១៤.០០០ លានដុល្លារ ដែល ឯកឧត្តម បានលើក ឡើង ខ្ញុំសូមលំអិតថា អស់៣ឆ្នាំជាប់មកហើយ គិតពីឆ្នាំ ២០១៤ មក គឺ ក្រុមហ៊ុន បារាំង ដែលជាប់លេខ ១ ខាងទំហំវិនិយោគ មកក្នុងសេដ្ឋកិច្ចរុស្ស៊ី ដោយក្នុង ១ ឆ្នាំៗ បោះទុន ទំហំ ២.០០០ លានដុល្លារ ជាប់ជានិច្វ។ ប្រហែលមកពី មូលហេតុវប្បធម៏ ដែលនៅរុស្ស៊ី មានវិនិយោគិនបារាំង ច្រើនម៉្លឹងៗ ពីព្រោះ គ្មាន ប្រជាជនណាផ្សេង ដែលជិតដិតនឹងបារាំង ជាងប្រជាជនរុស្ស៊ីឡើយ។ មិនមែន ចៃដន្យទេ ដែល ភាសិតមួយ ដំណាលថា៖ ជនជាតិបារាំង ជា ជនជាតិរុស្ស៊ី ដែលមានចរិយា មារយាទ អាក្រក់។
គួរនិយាយថា ប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៊ី តែងរំលឹកថា ក្នុងចក្រភពរុស្ស៊ី មុនបដិវត្តន៍សង្គមនិយម ផ្តួល របបរាជានិយមឆ្នាំ ១៩១៧ ក្នុងគ្រួសារអភិជន និង រាជវង្សានុវង្ស គេសុទ្ធតែចេះភាសាបារាំង ដែលត្រូវបាន ចាត់ទុកជា ភាសាស៊ីវីល័យ។
បារាំង មានទំនាក់ទំនងការទូតជាមួយរុស្ស៊ី តាំងពីសម័យស្តេច ត្សារ៏ ឆ្នាំ ១៧១៧ ម៉្លេះ ហើយត្រូវរុស្ស៊ីផ្តាច់ ក្នុងឆ្នាំ ១៨១២ ពេលដែល អធិរាជបារាំង Napoleon បានវាយលុកមកលើ ប្រទេសរុស្ស៊ី។ ក្រោយមក ទំនាក់ទំនងនេះ ត្រូវបាន ផ្តាច់ និងស្តារឡើងវិញ ជាច្រើនដង ជួនដោយបារាំង ជួនដោយរុស្ស៊ី។ ប្រទេស ទាំងពីរ ក៏ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា ទាំងក្នុងសង្គ្រាមទល់នឹងចក្រភព អូត្តូម៉ាន អតីតរដ្ឋតួកគីសព្វថ្ងៃ , ទាំង ក្នុងសង្គ្រាមលោកលើកទី២ ប្រឆាំង របបណាស៊ីអាល្លឺម៉ង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ