អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកពូទីន បានទទួលជួបពួកអ្នកតំណាងគ្រាក់ៗ នៃមជ្ឈដ្ឋានជំនួញបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

” ម៉ូស្គូ ទាំងតទៅថ្ងៃមុខ នឹងបន្តគាំទ្រគម្រោងរួមធំៗរុស្ស៊ី-បារាំង” សេចក្តីនេះ ត្រូវ​បាន​ថ្លែង​ ដោយ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ពេលទទួលជួប បណ្តាតំណាង​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សមាគម “ មន្ទីរចម្រុះពាណិជ្ជកម្មនិងឧស្សាហកម្ម បារាំង-រុស្ស៊ី ល្ងាច​ថ្ងៃពុធ ៣១ មករា នៅឯ និវេសនដ្ឋាន គាត់ ជាយក្រុងម៉ូស្គូ។ តាមសំដីប្រមុខរដ្ឋរុស្ស៊ី ដោយសារក្រុមហ៊ុនបារាំងទាំងឡាយចូលមករកស៊ី នៅលើ ទឹកដីរុស្ស៊ី មានបង្កើតបាន​ជា​កន្លែងធ្វើការចំនួន ១ សែន ៥ ម៉ឺននាក់ សម្រាប់ប្រជាពលរដ្ឋរុស្ស៊ី ។

Vladimir Poutine a effectué sa conférence de presse annuelle devant près de 1600 journalistes, à Moscou, le 14 décembre 2017.
Vladimir Poutine a effectué sa conférence de presse annuelle devant près de 1600 journalistes, à Moscou, le 14 décembre 2017. REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

បើ​គិតក្នុងពីរឆ្នាំចុងក្រោយ លើកនេះជាលើកទី២ ដែលលោក ពូទីន ទទួលជួប ពួក​អ្នក​តំណាង​ គ្រាក់ៗ​នៃមជ្ឈដ្ឋានជំនួញបារាំង។ គេមានគ្នា ១២ នាក់ ដែលជា អ្នកដឹកនាំ​ក្រុមហ៊ុន​ធំៗបំផុត នៃ សាធារណរដ្ឋ ទី៥ បែបយ៉ាង វិស័យផលិតយន្តហោះ , រថយន្ដ , ថាមពលប្រេង និងជា ថៅកែធនាគារ។ លោក ពូទីន បានចាប់ដៃស្ចាគមគេម្នាក់ៗ ដែល ក្នុងឋានៈជាសហគ្រិន សុទ្ធតែយល់ដឹងដោយខ្លួនគេផ្ទាល់ ទៅហើយ អំពី​ទស្សនវិស័យ​នៃ​សេដ្ឋកិច្ចរុស្ស៊ី។

គេបន្តបោះទុន បញ្ចូលវិនិយោគ មកក្នុងសេដ្ឋកិច្ចរុស្ស៊ី ទោះបី សេដ្ឋកិច្ច​នេះ នៅតែរង​សម្ពាធ​ពីក្រៅយ៉ាងខ្លាំង ក៏ដោយ។ លោកពូទីន បានចាប់ផ្តើមជំនួប ដោយរៀបរាប់ថា សេដ្ឋកិច្ចរុស្ស៊ី មិនគ្រាន់តែស៊ាំ នឹងគំនាបពីក្រៅប៉ុណ្ណោះ ទេ តែថែមទាំង​ចាប់ងើប​ឡើង​វិញ​ទៅផង។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៧ កន្លងទៅទំហំសេដ្ឋកិច្ចនេះ ហៅម្យ៉ាង ទៀតថា ផលិផលសរុបក្នុងស្រុក ផសស រុស្ស៊ី បានកើនឡើង ១,៤% ទៅហើយ រួចអតិផរណា ធ្លាក់ចុះដល់ កម្រិតទាបបំផុត គឺតែជាង២% ប៉ុណ្ណោះ។ ទាំងវិនិយោគបរទេស ក៏កើន​ឡើង​ដែរ ៖ គ្រាន់តែ ក្នុងបី ត្រីមាស នៃឆ្នាំកន្លងទៅ វាបានមានទឹកប្រាក់ ២៣.០០០ លាន​ដុល្លារ​ ឫ ពីរដង ច្រើនជាង ក្នុងរយៈ ពេលដូច គ្នានេះ នៃ ឆ្នាំ២០១៦ ហើយ​ជាតួ​លេខ​ខ្ពស់​បំផុត​សម្រាប់រុស្ស៊ី បើគិតក្នុង ៤ឆ្នាំចុងក្រោយ។ វិនិយោគបារាំង មកក្នុងប្រទេសរុស្ស៊ី មានទឹកប្រាក់សរុប ១៤.០០០ លានដុល្លារ។

លោកប្រមុខរដ្ឋររុស្ស៊ី កត់សម្គាល់តមកទៀត ៖ រដ្ឋាភិបាលខ្ញុំ បន្តធ្វើការងារដើម្បីបន្ទាប រាល់អ្វីៗ ដែលជា ឧបសគ្គ ដល់ការធ្វើ Business នៅរុស្ស៊ី សម្រួលនីតិវិធី​ពន្ធគយ​ពង្រីក​លទ្ធភាព​សម្រាប់ ក្រុមហ៊ុន ទទួល ប្រាក់កម្ចី។ ដោយសារវិធានការទាំងនេះ ប្រទេស​រុស្ស៊ី ឡើងបានជាប់លេខទី ៣៥ ក្នុងតារាងចំណាត់ថ្នាក់ របស់ ធនាគារពិភពលោក ខាង​បង្ក​លក្ខណៈសម្រាប់ការធ្វើ Business ប៉ុន្តែ នៅចាញ់បារាំងនៅឡើយ ដែល ក្នុងតារាង​ចំណាត់ថ្នាក់​នេះ ជាប់លេខ ៣១។ លោកពូទីន សង្កត់ធ្ងន់ថា បើរុស្ស៊ី បន្តដើរតាម​ផ្លូវ​ដែល​ ខ្លួនប្រកាន់យក នោះ ក្នុងពេលឆាប់ៗខាងមុខ រុស្ស៊ី នឹងដើរទាន់បារាំងពុំខាន ក្នុង​វិស័យ​នេះ។ ហើយ សម្រាប់អស់លោក គឺមុខជានឹងងាយប្រកបអាជីវកម្មខ្លួន នៅរុស្ស៊ី ជាង នៅក្នុងប្រទេសបារាំងផ្ទាល់។

តាមលោកពូទីន ៖ ទាំងទំហំផ្តោះប្តូរពាណិជ្ជកម្មរវាងបារាំងនិងរុស្ស៊ី ក៏កើនឡើងដែរ។ ជាតុល្យាការ ១១ ខែ ឆ្នាំ ២០១៧ កន្លងទៅ វាបានកើនឡើង ១៥% ។ មេដឹកនាំរុស្ស៊ី គូសបញ្ជាក់ជាពិសេសថា បច្ចុប្បន្ន មាន ក្រុមហ៊ុនបារាំងប្រមាណ ១.២០០​ ដំណើរការ​នៅ​រុស្ស៊ី ដោយផ្តល់កន្លែងធ្វើការ ដល់ពលរដ្ឋរុស្ស៊ី បាន ១ សែន ៥ ម៉ឺននាក់ នៅតាម​វិស័យ​​ផលិត​រថយន្ត មាន​ម៉ាក Renault ជាដើម , ផលិតថ្នាំពេទ្យ , ផលិត គ្រឿងបរិភោគ, ពាណិជ្ជកម្មលក់រាយ បែបយ៉ាងបណ្តាញហាង Auchan ។

ដក់ជាប់ដោយន័យយុទ្ធសាស្ត្រ គឺសហប្រតិបត្តិការទ្វេភាគី ក្នុងវិសយថាមពល។ បណ្តា​ក្រុមហ៊ុន​បារាំង បានទទួលភ្លើងខៀវចូលមក ទីផ្សាររថាមពលរុស្ស៊ី។ ឧទាហរណ៍ ក្រុមហ៊ុនបារាំង Engie គ្រោងចូលរួមជា មួយ នឹង ក្រុមហ៊ុនយក្សរុស្ស៊ី Gazprom ក្នុងការសាងសង់ ខ្សែបំពង់បង្ហូរឧស្ម័នទី២ ក្រោមឈ្មោះថា Nord Stream-2 ប្រវែង ១.២០០ គ.ម. លូនចេញពីឆ្នេររុស្ស៊ី តាមបាតសមុទ្របាល់ទិក ទៅប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុន Total បានជួយសាងសង់ រោងចក្របង្ហាប់ឧស្ម័ន នៅតំបន់ Yamal ស៊ីបេរី ខាងលិច។ យើងសូម ស្វាគម បំណង សាជីវកម្មប្រទេសបារាំង បង្កើតផលិតកម្មនៅរុស្ស៊ី ដោយធ្វើកុម្ម៉ង់ដល់ សហគ្រាសខ្នាត តូចនិងមធ្យម នៅរុស្ស៊ី -លោកប្រធានាធិបតី ពូទីន ថ្លែងតមកទៀត។

ឆ្លៀតឱកាសនោះ លោកពូទីន ក៏បានបរិយាយទៅពួកអ្នកជំនួញគ្រាក់ៗបារាំងថា ៖ ថ្ងៃ ៣១ មករា ដែរ គាត់ ទើបបាន ទទួលជួបលោកនាយករដ្ឋមន្ត្រី បែលហ្ស៊ីក Charles Michel ដោយលើកយកទៅពិភាក្សា គឺ អំពី សហប្រតិបត្តិការរុស្ស៊ី-បែលហ្ស៊ីក ។ គម្រោង​មួយ ក្នុងចំណោមគម្រោងពិភាក្សានេះ គឺប៉ះលើការពង្រីក សមត្ថភាពកំពង់ផែ សម្រាប់​ផ្ទេរ​​ទំនិញ បូកទាំងឧស្ម័នបង្ហាប់ផលិតនៅ រោងចក្រ Yamal ។ ដូចអស់លោក ជ្រាប​ស្រាប់​ កប៉ាល់ទី១ ផ្ទុកទៅដោយឧស្ម័នបង្ហាប់បែបនេះរបស់រុស្ស៊ី ក្រោយពីឆ្លងផុត មហា​សមុទ្រ​ អាត្លង់ទិក ពេលថ្មីៗ បានទៅដល់់ឆ្នេរខាងកើត សរអា ទៅហើយ។

ពីចំណែកខ្លួន ប្រធានសមាគម “ មន្ទីរចម្រុះពាណិជ្ជកម្មនិងឧស្សាហកម្ម បារាំង-រុស្ស៊ី “ លោក​ អេម៉ានុយអែល គីដេ បានកត់សម្គាល់ពី លក្ខណៈប្រកបដោយផ្លែផ្កានៃ ជំនួប ពួកអ្នកតំណាងមជ្ឈដ្ឋាន ជំនួញបារាំង ជាមួយប្រមុខរដ្ឋរុស្ស៊ី។ កិច្ចសន្ទនាថ្នាក់លើ ក្នុងស្មារតីជឿទុកចិត្តគ្នាទៅវិញទៅមក ប្រាកដជា នឹងជំរុញ បណ្តា​សហគ្រិន​នៃ​សាធារណរដ្ឋ​ទី​៥ ឲ្យយកចិត្តទុកដាក់បោះទុនកាន់តែក្រាស់ក្រែល មកក្នុង ទីផ្សាររុស្ស៊ី។ ថ្លែងទៅលោកពូទីន ប្រមុខនៃតំណាងមជ្ឈដ្ឋានជំនួញបារាំង មានប្រសាសន៍ ៖ តួលេខ ១.២០០ នៃចំនួនក្រុមហ៊ុនបារាំងដែលដំណើរការនៅរុស្ស៊ី ត្រូវបានឯកឧត្តម ប្រកាសឲ្យ​ដឹង​ទៅហើយ។ ប៉ុន្តែ នៅមាន រូបវន្តបុគ្គលបារាំង ដាច់ៗដោយឡែកច្រើនឥតគណនា ដែលបានមកដល់ប្រទេសរុស្ស៊ី ដើម្បីបើកឲ្យ ដំណើរការដែរ សហគ្រាសខ្លួន។

ទាក់ទងនឹង វិនិយោគបារាំង ១៤.០០០ លានដុល្លារ ដែល ឯកឧត្តម បានលើក ឡើង ខ្ញុំសូមលំអិតថា អស់៣ឆ្នាំជាប់មកហើយ គិតពីឆ្នាំ ២០១៤ មក គឺ ក្រុមហ៊ុន បារាំង ដែលជាប់លេខ ១ ខាងទំហំវិនិយោគ មកក្នុងសេដ្ឋកិច្ចរុស្ស៊ី ដោយក្នុង ១ ឆ្នាំៗ បោះទុន ទំហំ ២.០០០ លានដុល្លារ ជាប់ជានិច្វ។ ប្រហែលមកពី មូលហេតុវប្បធម៏ ដែលនៅរុស្ស៊ី មានវិនិយោគិនបារាំង ច្រើនម៉្លឹងៗ ពីព្រោះ គ្មាន ប្រជាជនណាផ្សេង ដែលជិតដិត​នឹង​បារាំង​ ជាងប្រជាជនរុស្ស៊ីឡើយ។ មិនមែន ចៃដន្យទេ ដែល ភាសិតមួយ ដំណាលថា៖ ជនជាតិបារាំង ជា ជនជាតិរុស្ស៊ី ដែលមានចរិយា មារយាទ អាក្រក់។

គួរនិយាយថា ប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៊ី តែងរំលឹកថា ក្នុងចក្រភពរុស្ស៊ី មុនបដិវត្តន៍​សង្គម​និយម ផ្តួល របបរាជានិយមឆ្នាំ ១៩១៧ ក្នុងគ្រួសារអភិជន និង រាជវង្សានុវង្ស គេសុទ្ធតែចេះភាសាបារាំង ដែលត្រូវបាន ចាត់ទុកជា ភាសាស៊ីវីល័យ។

បារាំង មានទំនាក់ទំនងការទូតជាមួយរុស្ស៊ី តាំងពីសម័យស្តេច ត្សារ៏ ឆ្នាំ ១៧១៧ ម៉្លេះ ហើយត្រូវរុស្ស៊ីផ្តាច់ ក្នុងឆ្នាំ ១៨១២ ពេលដែល អធិរាជបារាំង Napoleon បានវាយ​លុក​មក​លើ ប្រទេសរុស្ស៊ី។ ក្រោយមក ទំនាក់ទំនងនេះ ត្រូវបាន ផ្តាច់ និងស្តារឡើងវិញ ជាច្រើនដង ជួនដោយបារាំង ជួនដោយរុស្ស៊ី។ ប្រទេស ទាំងពីរ ក៏ធ្លាប់ជាសម្ព័ន្ធមិត្ត​នឹង​គ្នា​ ទាំងក្នុងសង្គ្រាមទល់នឹងចក្រភព អូត្តូម៉ាន អតីតរដ្ឋតួកគីសព្វថ្ងៃ , ទាំង ក្នុងសង្គ្រាម​លោកលើកទី២ ប្រឆាំង របបណាស៊ីអាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ