អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​សន្និសីទ​អន្តរជាតិ​ស្តីពី​ការកសាង​អ៊ីរ៉ាក់ ឡើងវិញ ចាប់​បើក​ធ្វើ​នៅ​កូវ៉ែត

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្និសីទ​អន្តរជាតិ​ស្តីពី​ការស្ថាបនា​អ៊ីរ៉ាក់ ត្រូវ​ចាប់​បើក​ នៅ​ថ្ងៃ​ចន្ទ​ទី ១២​កុម្ភៈ ២០១៨​នេះ នៅ​ប្រទេស​កូវ៉ែត សម្រាប់​រយៈ​ពេល​បី​ថ្ងៃ។ អ្នក​ទទួល​ខុស​ត្រូវនយោបាយ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តំណាង​ក្រុមហ៊ុន​ឯកជន​រាប់​រយ​នាក់ នឹង​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​នេះ។ ​អ៊ីរ៉ាក់ សង្ឃឹម​ខ្លាំង​លើ​​ជំនួយ​អន្តរជាតិ និងជាពិសេស​​លើ​វិស័យ​ឯកជន​ ក្នុង​ការ​ជួយ​ស្រោច​ស្រង់​ប្រទេស​ឱ្យ​ងើប​ឡើង​វិញ​ពី​ភ្លើង​សង្គ្រាមជាមួយ​ពួក​ជីហាត​រដ្ឋ​អ៊ីសា្លម។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ាក់ លោក Sheikh Sabah al-Khaled al-Sabah ថ្លែង​ក្នុង​សន្និសីទអន្តរជាតិ​នៅកូវ៉ែត ថ្ងៃទី​១២ កុម្ភៈ២០១៨
រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ាក់ លោក Sheikh Sabah al-Khaled al-Sabah ថ្លែង​ក្នុង​សន្និសីទអន្តរជាតិ​នៅកូវ៉ែត ថ្ងៃទី​១២ កុម្ភៈ២០១៨ ©AFP
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ាក់ ​ប្រឈម​នឹង​សង្គ្រាម​រ៉ាំរ៉ៃ តាំង​ពី​ឆ្នាំ​១៩៨០​ និង​​ត្រូវ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៀត ជាពិសេស​តាំង​ពី​ក្រោយ​សង្គ្រាម​ឈ្លានពាន​ដោយ​កូវ៉ែត​នៅ​ឆ្នាំ​១៩៩០មក។ នៅ​ឆ្នាំ​២០១៤ មួយ​ភាគ​បី​នៃ​ប្រទេស​ ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​បង្ហិន​បង្ហោច​ស្ទើរ​គ្មាន​សល់​អ្វី​សោះ។ សង្គ្រាម​ថ្មី​បណ្តេញ​ពួក​ជីហាតពី​ទឹក​ដី​ ទើប​តែ​ត្រូវ​បិទ​បញ្ចប់​ទាំង​ស្រុង​ កាលពី​ពីរ​ខែ​មុន​នេះ​ ប៉ុណ្ណោះ។ សង្គ្រាម​ បាន​ស្រូប​យក​ថវិកា​ជាតិ​ស្ទើរ​អស់ ឯចំណែក​ការ​លក់​ប្រេង​វិញ ទោះ​បីមាន​ឈ្មោះ​ជា​​ប្រទេស​នាំ​ចេញ​​លំដាប់​ទីពីរ​ ក្នុង​ចំណោម​ក្រុមប្រទេស​ផលិតប្រេង​នៅ​លើ​ពិភពលោក OPEP​មែន​ក៏​ដោយ ក៏​វា​មិន​គ្រប់​គ្រាន់​ដែរ​ ព្រោះ​ម្យ៉ាង​តម្លៃ​ប្រេង​ឆៅ​ធ្លាក់ថ្លៃ។

អ៊ីរ៉ាក់​សង្ឃឹមស្តារប្រទេស ដោយ​រំពឹង​​ជំនួយ​អន្តរជាតិ និង​ពិសេសវិស័យឯកជន

បច្ចុប្បន្ន​នេះ​ អ៊ីរ៉ាក់​មាន​ថវិកា​និង​សម្រេច​អភិវឌ្ឍប្រទេស​បាន​ប្រមាណ​តែ​១%​នៃ​តម្រូវការ​របស់​ប្រទេស​តែ​ប៉ុណ្ណោះ។ ​យោង​តាម​​មូលដ្ឋាន​នៃ​ការ​សិក្សា​វាយ​តម្លៃ​របស់​ក្រុម​អ្នក​ជំនាញ​អ៊ីរ៉ាក់ និង​អន្តរជាតិ ​អ៊ីរ៉ាក់​ត្រូវ​ការ​ថវិកាប្រមាណ​ ៨៨,២ពាន់​លាន​ដុល្លារ សម្រាប់​ស្ថាបនា​ប្រទេស ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​បី​ឆ្នាំ​ក្នុង​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្នុង​នោះ ២២​ពាន់​លាន​ដុល្លារ​ ជា​តម្រូវការ​បន្ទាន់​។

អ្នក​ទទួល​ខុស​ត្រូវ​អ៊ីរ៉ាក់​បាន​រៀប​ចំ​គម្រោង​ស្តារប្រទេស ជា​គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគ​ ចំនួន​១៥៧ ចំណុច​ សម្រាប់​យក​ទៅ​បង្ហាញ​អង្គ​សន្និសីទ​អន្តរជាតិ ដើម្បី​ស្វែង​រក​ជំនួយ។ ជា​គម្រោង​ស្ថាបនា​លំនៅដ្ឋាន វិនិយោគ​ក្នុង​វិស័យឧស្សាហកម្ម​ប្រេង​កាត ប្រេងគីមី កសិកម្ម។ គម្រោង​ដែល​ថ្លៃ​ខ្លាំងជាងគេ​ គឺ​គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ដែក និង​ផ្លូវរថភ្លើង​ក្រោម​ដី​នៅ​ក្នុង​រដ្ឋ​ធានី​បាកដាដ។

​​អ៊ីរ៉ាក់មាន​ក្តី​​សង្ឃឹម​លើ​ស្មារតី​​ប្រទេស​ជា​​ម្ចាស់​ជំនួយ​អន្តរជាតិ តែ​រំពឹង​ខ្លាំងជាពិសេសលើ​ក្រុមហ៊ុន​ឯកជន ក្នុង​ការ​ជួយ​ចូល​រួម​ចំណែក​ស្ថាបនា​ប្រទេស​ឡើង​វិញ។

នៅ​ថ្ងៃ​ទី​មួយ ​ជា​ពេលវេលា​ដែល​អ្នក​ឯកទេស​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បញ្ចេញ​មតិ​យោបល់​ ស្តី​ពីស្ថានភាព​មនុស្ស​ធម៌។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ភាគ​ច្រើន​ជា​អង្គការ​របស់​កូវ៉ែត បាន​ប្រកាស​ផ្តល់​ថវិកា​ ៣៣០​លាន​ដុល្លារ​ជា​សម្រាប់​ទ្រទ្រង់​ប្រតិបត្តិការ​មនុស្ស​ធម៌។ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ យល់​ថា​សន្និសីទ​អន្តរជាតិ​នេះ ជា​ឱកាស​​មួយ​នៃ​ការ​បើក​សោ ទម្លាយ​​ថវិកា​សម្រាប់​ដំណើរ​វិល​ត្រលប់​របស់​ជន​ភៀស​ខ្លួន​អ៊ីរ៉ាក់​ ទៅ​កាន់​ផ្ទះ​សម្បែង​វិញ​។ បណ្តាជនអ៊ីរ៉ាក់​ដែល​មាន​ដល់​ប្រមាណ​ជាង​២​លាន​នាក់​កន្លះ​បាន​បង្ខំ​ចិត្ត​ចាកចោល​ភូមិឋាន​ដើម្បី​គេច​ពី​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។

នៅ​ថ្ងៃទីពីរ សន្និសីទ​ឧទ្ទិស​ទាំង​ស្រុង​ដល់​​ក្រុមហ៊ុន​ឯកជន​ទាំង​ឡាយ​។ បើ​តាម​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ាក់ មាន​ក្រុមហ៊ុន និ​ងអ្នក​វិនិយោគ​ចំនួន​ជាង​ពីរ​ពាន់ នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និសីទ​នេះ។ ដើម្បី​ទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​ដល់​​អ្នក​វិនិយោគ អ៊ីរ៉ាក់ ប្រទេស​ពុក​រលួយ​ខ្លាំង​ជាងគេ​ជាប់​លំដាប់​លេខ​១០​នៅ​លើ​ពិភពលោក បាន​ដាក់​ឱ្យ​ដំណើរការ​នូវ​វេទិកា​មួយ​សម្រាប់ធានា​តម្លាភាព​នៃ​ការ​ស្ថាបនា​ជាតិ។

ហើយ​នៅ​ថ្ងៃចុងក្រោយ បណ្តាប្រទេស​ដែល​ចូល​រួម​ក្នុង​សន្និសីទ​នេះ​ត្រូវ​ប្រកាស​អំពី​ទំហំ​ទឹក​ប្រាក់​ដែល​ត្រូវ​ធ្វើ​វិភាគទាន​ជួន​អ៊ីរ៉ាក់។

​បារាំង ជួយ​ទាំង​ថវិកា ទាំង​គំនិត

សម្រាប់​លោកប្រមុខ​ការទូត បារាំង​ធ្លាប់​ចូលរួម​ក្នុង​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ​វាយប្រហារ​ផ្លូវអាកាស​លើ​ប្រទេ​សអ៊ីរ៉ាក់ បណ្តេញ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម ដូច្នេះ​បារាំង​ក៏​ត្រូវតែ​នៅ​ក្បែរ​អ៊ីរ៉ាក់ ចូល​រួម​ចំណែក​ទាំង​ស្រុង ក្នុង​ការ​ស្ថាបនា​ប្រទេស​ឡើង​វិញ ព្រោះ​បារាំង​ចង់​ឃើញ​អ៊ីរ៉ាក់ មាន​ស្ថិរភាព​និង​អភិវឌ្ឍ​ខ្លួន​ឡើង​វិញ។

ប្រមុខ​ការទូត​បារាំង ធ្លាប់​បាន​អញ្ជើញ​ទៅក្រុង​បាកដាដ​ម្តង​កាលពី​ខែ​សីហា ២០១៧ និង​បាន​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​ចំនួន ៣៤០​លាន​អឺរ៉ូ។ ជា​ចំនួន​ដ៏​តិច​ទេ ប៉ុន្តែ​ប្រើ​ប្រៀប​ទៅ​នឹង​ការ​រឹត​ត្បិត​ថវិកា​ក្នុង​ស្រុក​ នេះ​ជា​តំណាង​ទឹកចិត្ត​ដ៏​ធំ​របស់​បារាំង។

នៅ​ថ្ងៃ​នេះ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូវ៉ែត ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ លោកប្រមុខ​ការទូត​បារាំង​បាន​ឆៀង​ចូល​ប្រទេស​អ៊ីរ៉ាក់​សិន ដើម្បីសម្តែង​ទឹក​ចិត្ត​ និង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​​អ៊ីរ៉ាក់។ សម្រាប់​បារាំង​គំរូ​អភិវឌ្ឍ​ប្រទេស​ សម្រេច​បាន​ដរាប​ណា​ប្រទេស​មាន​ស្ថិរភាព។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បារាំង ចង់​ឃើញ​ ​អ៊ីរ៉ាក់ មាន​ការ​​ផ្សះផ្សា​ជាតិ។ ជាង​នេះ​ទៅ​ទៀត ដោយហេតុ​ថា​បារាំង​ ​ជា​មាន​ចំណង​មិត្ត​ភាព​​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​គួឌីស្ថានអ៊ីរ៉ាក់ ដែល​ក៏​បាន​ចូល​រួម​កម្ចាត់​កម្ចាយ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​នោះ បារាំង​កំពុង​ស្វះស្វែង​សម្រួល​ឱ្យ​មាន​ការ​ចរចា​រវាង​រដ្ឋាភិបាលក្រុង​បាកដាដ និង​តំបន់​ស្វ័យត​ បញ្ចប់​វិវាទ​ ដើម្បី​រក្សា​ប្រយោជន៍​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ