អានតួអត្ថបទ

ភូមា ឈូស​ចោល​ភូមិ​អ្នក​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋរ៉ាឃីន

ភូមិឋានរខេករខាក ជា​សំណល់​ភ្លើង​អគ្គីភ័យ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ជាច្រើន​ នៅ​ភាគ​ខាង​លិច​នៃ​ក្នុង​រដ្ឋ​រ៉ាឃីន ត្រូវ​បាន​អាជ្ញាធរ​ប្រើ​គ្រឿង​យន្ត​ឈូស​ឆាយ​ ​អស់​រលីង​ហើយ។ ទង្វើ​បែប​នេះ​ត្រូវ​បាន​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរិហារ​ថា​ជាវិធី​សាស្ត្រ​ឈូស​​បំបាត់​ដាន​ចាស់​ ឱ្យ​បាត់​ទាំង​ស្រុង​តែ​ម្តង។

ទីតាំង​ថ្មី​មួយ​កន្លែង​ សម្រាប់​ទទួល​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាឃីន
ទីតាំង​ថ្មី​មួយ​កន្លែង​ សម្រាប់​ទទួល​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាឃីន REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​រូបថត​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​របស់​ស្ថានទូត​សហភាពអឺរ៉ុប នៅ​ភូមា គេ​ឃើញ​តែ​រូបភាពវាល​ទូលំទូលាយ​ ទើប​ឈូសឆាយ​ថ្មី​រាប​ស្មើ ! ភូមិឋាន​ដែល​រងការ​ដុត​បំផ្លាញ​ពី​សំណាក់​យោធា​ភូមា គ្មាន​សល់​ស្រមោល​ទៀត​ទេ ដើម​ឈើ​មួយ​ក៏​លែង​មាន​ដែរ ! គ្រឿង​ចក្រ​Bulldozers​ កិន​គាស់​អស់​រលីង​ហើយ អ្វីៗ​ត្រូវ​ស្ថាបនា​ថ្មី​ឡើង​វិញ​ទាំង​អស់ !

បណ្តា​ជន​រ៉ូហ៊ីងយ៉ា មាន​អារម្មណ៍​រន្ធត់​បំផុត​​នៅ​ពេល​ឃើញ​រូប​ថត​នេះ ! នេះ​បើ​តាម​ការ​រៀប​រាប់​របស់​តំណាង​សមាគម Arakan​ ដែល​ជា​អ្នក​ធ្វើ​ជំរឿន​ចលនា​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា។ អង្គការ​មាន​អារម្មណ៍​ថា គេ​កំពុង​លុប​បំបាត់​ដាន​ចាស់​ដែល​ធ្លាប់​មាន​នៅក្នុង​តំបន់​នេះ ! តំបន់​តែ​ជា​ដី​កំណើត​របស់​ដូនតា​រាប់​តំណរ។ វិហារអ៊ីស្លាម​មួយ​ចំនួន​​ក៏ត្រូវ​ឈូស​ចោល​ដែរ។ ជនភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​ម្នាក់​ បាន​ផ្តល់​សក្ខីកម្ម​ប្រាប់​អង្គការ​ថា ក្រោយ​រដូវភ្លៀវ​រួច គេ​នឹង​លែង​អាច​មើល​ស្គាល់​តំបន់​នេះ​ហើយ !

ប៉ុន្តែសម្រាប់អាជ្ញាធរ និង​​បើ​តាមសេចក្តី​ពន្យល់​របស់​រដ្ឋមន្ត្រី​ភូមា សកម្មភាព​ឈូស​ឆាយភូមិ​​នេះ​ ជា​ផ្នែក​មួយ​នៃ​ផែនការ​មាតុភូមិនិវត្តន៍​របស់​រ៉ូហ៊ីងយ៉ា។ រដ្ឋាភិបាល​ត្រូវរៀប​ចំ​ប្លង់​ភូមិ​ឋាន​ថ្មី​ឱ្យ​ស្រេច​បាច់​មុន​នឹង​ទទួល​យក​ជនភៀស​ខ្លួន​មក​វិញ។

តាម​កិច្ចព្រមព្រៀង គម្រោង​មាតុភូមិ​និវត្តន៍​​ក្រុម​ដំបូង ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​អ្នក​ជំនាញ​អន្តរជាតិ​ ​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៣​មករា។ ប៉ុន្តែ​ពេល​នេះ​ភូមា និង​​​បង់ក្លាដែស​លែង​អាច​គោរព​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​បាន​ទៀត​ហើយ។ ប្រទេស​ទាំង​ពីរ​យល់​ថា​ លក្ខខណ្ឌ​មិន​អំណោយផល​ ​ស្ថានភាព​នៅរដ្ឋ​រ៉ាឃីន​​យ៉ាប់​យឺនខ្លាំង ! ការ​វិល​ត្រលប់​ត្រូវ​ធ្វើ​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ចន្ទ បង់ក្លាដែស​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ ឱ្យមក​ចូល​រួម​ចាត់​ចែង​​កម្មវិធី​មាតុភូមិនិវត្តន៍​ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ពាក្យ​ចោទ​ថាបញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ាដោយ​ចាប់​បង្ខំ​។ បង់ក្លាដែស​សុខ​ចិត្ត​ចាំ មើល​ស្ថានភាពនៅ​ភូមាឱ្យ​ប្រាកដ​ប្រជា​សិន​។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បង់ក្លាដែស​យល់​ថា​គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​បញ្ជូន​ពួក​គេ​ទៅ​ភូមា ដើម្បី​ឱ្យ​ពួកគេ​រត់​មក​ម្ត​ងទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ