អានតួអត្ថបទ
អ៊ីរ៉ាក់-សហគមន៍អន្តរជាតិ​​

សហគមន៍​​​អន្តរជាតិ​​​សន្យា​​ជួយ​​ជំនួយ​​​ជា​​ច្រើន​​​ពាន់​​លាន​​ដុល្លារ​​សម្រាប់​​​ការ​​​កសាង​​​​ប្រទេស​​​អ៊ីរ៉ាក់​​​

ក្រុម​​​ប្រទេស​​​ដែល​ជា​​សម្ព័ន្ធមិត្រ​​របស់​​អ៊ីរ៉ាក់​ បាន​​សន្យា​​នៅ​​ថ្ងៃ​​ពុធ​​ម្សិលមិញ​​ ថា​​នឹង​​ផ្តល់​​​​ថវិកា​​​ចំនួន​​ជា​ច្រើន​​ពាន់​​លាន​ដុល្លារ​ សម្រាប់​​​​ជា​​ប្រាក់​កំចី​​​ និង​ ​វិនិយោគ​​ អោយ​​​ដល់​​អ៊ីរ៉ាក់​​នៅ​​​ក្នុង​​​ការ​​កសាង​​ប្រទេស​​ឡើង​វិញ​​ ៣​​ ឆ្នាំ​​បន្ទាប់​​​ពី​​​សង្គ្រាម​​បំផ្លិច​បំផ្លាញ​យ៉ាង​សម្បើម​​អស្ចារ្យ​​​​​នៅ​​ក្នុង​ប្រទេស​​​​​ប្រឆាំងទល់​នឹង​​ក្រុមជីហាត​នៃ​រដ្ឋ​អ៊ីស្លាម​រួច​មក​។

អគ្គលេខាធិការ​នៃ​​អ.ស.ប.លោក Antonio Guterres
អគ្គលេខាធិការ​នៃ​​អ.ស.ប.លោក Antonio Guterres REUTERS/Tiksa Negeri
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​​ថ្ងៃ​ទី​៣​និង​​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​សន្និសីទ​អន្តរជាតិ​នៅ ប្រទេស Koweit ស្តីពី​ ការ​កសាង​ប្រទេស​អ៊ីរ៉ាក់​ឡើង​វិញ ក្រុមប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ាក់ បាន​សន្យា​ថា​នឹង​ជួយ​ដល់​ប្រទេស​នេះ ​នូវ​​ថវិកា​​ប្រមាណ​ជិត ​២​ម៉ឺន ​៥០០០​លាន​ដុល្លារ​។

ទីក្រុង​បាកដាដ​​វិញ បាន​ទន្ទឹង​រង់ចាំ​​យ៉ាងអន្ទះសារ​​ណាស់​ ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ ​ដើម្បី​​ប្រឈមមុខ​នឹង​ការ​កសាង​យ៉ាងសម្បើមអស្ចារ្យ នូវ​​ហេដ្ឋារចនាសម្ព័ន្ធ​​​​នៅ​​ក្នុង​​ប្រទេស​របស់ខ្លួន​ឡើងវិញ ​​ដែល​គិត​ជា​ទឹកប្រាក់​ មានចំនួន​ ​ប្រមាណ​ជា ​៨​​ម៉ឺន​៨០០០ ​លាន​​ដុល្លារអាមេរិក​។

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ អគ្គលេខាធិការ​នៃ​អ.ស.ប.លោក Antonio Guterres បាន​អំពាវនាវ​ដល់​​សហគមន៍​អន្តរជាតិ ឲ្យ​​ជួយ​គាំទ្រ​​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ ​ការ​កសាង​ប្រទេស​អ៊ីរ៉ាក់​​ឡើង​វិញ។ លោក Guterres បានថ្លែងទៀតថា ពិភពលោក​ទាំង​មូល ត្រូវ​តែ​​ជួយ​ដល់​​អ៊ីរ៉ាក់​ដែល​​បានតស៊ូ​​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ការ​គំរាមពិភពលោក ពីសំណាក់​ពួក​ជីហាត​​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ហើយពេលនេះ គឺ​ជា​ពេលវេលា​​​​ដែលពិភពលោក ​ត្រូវតែ​​​សម្តែង​នូវ​ការដឹងគុណ​និង​សាមគ្គីភាពរបស់ខ្លួន​ជាមួយ​ពលរដ្ឋ​អ៊ីរ៉ាក់​-នេះ​ជា​ការ​លើក​ឡើង​របស់លោក Guterres​​។

គួរ​បញ្ជាក់ថា ជំនួយ​​ភាគ​ច្រើន​ដែល​សន្យា​មក​ទល់​ពេល​នេះ គឺ​​បាន​មក​ពី​អង់គ្លេស​​និង​តួកគី ដែល​​​​​ជាវិភាគទាន ​​បែងចែក ​ជា​​ប្រាក់​កំចី​ផង​និង​​ការធ្វើវិនិយោគផង។​

ចំណែក ប្រមុខ​ការទូត​របស់​សហភាព​អឺរ៉ុប លោកស្រី Federica MOgherini វិញ បាន​ជូន​ដំណឹង​​អំពី​ការ​គាំទ្រ​របស់អឺរ៉ុបដែរ ​នៅ​ក្នុង​ទឹកប្រាក់​ចំនួន ​៤០០​​លាន​ដុល្លារ​សម្រាប់​​គម្រោង​​មនុស្សធម៌​​នានា​​និង​​ការ​អភិវឌ្ឈន៍​។

អគ្គនាយិការ​​​អង្គការ UNESCO លោកស្រី​ Audrey Azoulay វិញ ​បាន​ថ្លែង​សង្កត់​​ជា​ពិសេស​​ទៅ​​លើ​សារៈ​សំខាន់​នៃ​ការ​សិក្សា​​ជាបន្ទាន់​និង​កិច្ច​ការពារ​បេតិកភ័ណ្ឌ​​របស់​ប្រទេស​​អ៊ីរ៉ាក់​​ដែល​ត្រូវ​បាន​ខូច​ខាត​ខ្ទេចខ្ទាំ​​ដោយសារ ​កា​រវាយប្រយុទ្ធគ្នា​​ឥត​ស្រាក​ស្រាន្ត​​ នៅ​ក្នុងការ​ប្រឆាំងទល់នឹង​អង្គការរដ្ឋអ៊ីស្លាម។​

រីឯ​​ប្រទេស​បារាំង​វិញ តាម​រយៈ​រដ្ឋមន្ត្រី​ការបរទេស​លោក Jean-Yves Le Drian កាលពី​ថ្ងៃ​អង្គារ​មុន បាន​ថ្លែង​បញ្ជាក់ពី​ការ​ចូលរួម​ចំណែក​របស់ប្រទេស​​​បារាំង​​នៅ​ក្នុង​ការ​កសាង​ប្រទេស​​អ៊ីរ៉ាក់​​ដែរ។ ក្រៅពី​បា្រក់​កំចី​ចំនួន​៤៣០​លាន​អឺរ៉ូ​ដែល​បាន​ផ្តល់អោយ​ដល់​ទីក្រុង​បាកដាត​​នៅ​​ឆ្នាំ ២០១៧ ទីក្រុង​ប៉ារីស​នឹង​ជួយ​​ហិរញ្ញទាន​ដល់អ៊ីរ៉ាក់ទៀត នៅ​​​លើ​​​គំរោង​នានា​​ ដូចជា​​​ ​នៅក្នុង ផ្នែក​ទឹក  ថាមពល​​និង​​ការស្តារឡើងវិញ​​នៅ​វិស័យ​កសិកម្ម​ តាម​រយៈ​​ទីភ្នាក់ងារ​​​​អភិវឌ្ឈន៍បារាំង៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ