អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រឿង​អាស្រូវផ្លូវភេទ​ជា​ស្នាម​ដ៏អាម៉ាស់​មុខ​របស់​​អង្គការមនុស្សធម៌ Oxfam

ចុះផ្សាយ​នៅ​ថ្ងៃ៖

Oxfam អង្គការ​សហព័ន្ធ​ដែល​មាន​ទីតាំង​នៅទីក្រុង​ឡុងដ៍​ នៅថ្ងៃ​សុក្រនេះ បាន ​បង្ហាញ​ ឲ្យឃើញ​ផែនការ​សកម្មភាព ដែល​អង្គការ​ប្រុង​នឹង​ធ្វើ​ដើម្បី លាង​ឲ្យ​ជ្រះ ស្នាម​ចោទប្រកាន់​រឿងអាស្រូវ​ផ្លូវភេទ ដែល​បានប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​កេស ហិរញ្ញវត្ថុ​របស់​អង្គការ​ Oxfam។ ការរំលោភ បំពាបំពាន​ផ្លូវភេទ ត្រូវ​បាន​អតីត​បុគ្គលិក​ម្នាក់របស់​អង្គការ​ Oxfam​និយាយ​ថា វាបាន​ក្លាយ​ជាទំលាប់ប្រពៃណី​ទៅហើយ នៅទីស្នាក់ការ​របស់​អង្គការ​ Oxfam​នៅ​បរទេស។  

ហាងលក់ទំនិញ​របស់​អង្គការ​Oxfame នៅទីក្រុង​ឡុងដ៍
ហាងលក់ទំនិញ​របស់​អង្គការ​Oxfame នៅទីក្រុង​ឡុងដ៍ © REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រនេះ នាយកប្រតិបត្តិ​របស់​អង្គការ​ Oxfam​អន្តរជាតិ ដែលមាន​ទីស្នាក់ការ​នៅទីក្រុង​ឡុងដ៍ និយាយ​ថា រឿងអាស្រូវផ្លូវភេទ​លើកនេះ នឹង​ធ្វើ​ឲ្យ​អង្គការ​អាម៉ាស់មុខ ច្រើន​ឆ្នាំ ទៅមុខទៀត។ តាំង​ពីមាន​លេចផ្ទុះ​រឿងអាស្រូវផ្លូវភេទ អង្គការ​ Oxfam អន្តរជាតិ​បាន​បាត់បង់​ជំនួយ​ថវិកា និង​ការគាំទ្រ​របស់ខ្លួន​ជាបន្តបន្ទាប់។ នៅថ្ងៃ​ព្រហស្បតិ៍ លោក Desmond Tutuគ្រូគង្វាល ជាតិ​អាហ្រ្វិក​ខាងត្បូង ដែល​ជា​លាភីណូបែល​សន្តិភាព បាន​ប្រកាស​ឈប់​ធ្វើ​ជា​អគ្គរដ្ឋទូត​ឲ្យ​អង្គការ Oxfam ចំណែក​តារាភាពយន្ត​អង់គ្លេស Minnie Driver បាន​លាឈប់​ផងដែរ​ពី​តំណែង ជាអគ្គរដ្ឋទូត​របស់​ Oxfam ដោយសារ​រឿងអាស្រូវ​លើកនេះ។

 

នៅ​ក្រោយ​ការបែកលេចធ្លាយ​រឿងអាស្រូវ​រំលោភ​ផ្លូវភេទ បង្កឡើង​ដោយ​បុគ្គលិក​របស់​អង្គការ​ Oxfam នៅ​ប្រទេស​ហៃទី អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​ឯណោះវិញ កាលពី​ថ្ងៃ​ពុធ បាន​លើកឡើង​ពី​បណ្តឹង ស្តីពី​ការរំលោភ បំពាបំពាន​ផ្លូវភេទ ចំនួន ២៤​ករណី ដែល​អង្គការ​បាន​ទទួល​នៅក្នុង​ឆ្នាំ ២០១៧។

 

អ្វី​ដែល​គេ​បន្ទោសខ្លាំង​អង្គការ​ Oxfam គឺថា អង្គការ បានធ្វើ​សេចក្តី​សម្រេច​មិនត្រឹមត្រូវ និង​បាន​លាក់លៀម មិនបញ្ជូន​ព័ត៌មាន​លម្អិត​ស្តីពី​ការរំលោភបំពាន​របស់​បុគ្គលិក​របស់​អង្គការ​នៅ​ហៃទី ទៅ​ដល់​ដៃ​អាជ្ញាធរ ក្នុង​ស្រុក ឬ​ជូនដំណឹង​ដល់​រដ្ឋាភិបាល​អង់គ្លេស ដែល​ជាម្ចាស់ជំនួយ​ហិរញ្ញវត្ថុ​សំខាន់​មួយ​របស់​ Oxfam។

 សូមអាន៖ អ.ស.ប​អនុម័ត​ច្បាប់​ដាក់ពិន័យ​ទាហាន​មួកខៀវ​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ផ្លូវភេទ

ដើម្បី​លាង​ជម្រះ កំហុស​របស់ខ្លួន អង្គការ​ Oxfam នៅថ្ងៃ​សុក្រ បានសម្រេចចេញ​ផែនការ​សកម្មភាព ដែល​ផ្តោតសំខាន់​ទៅលើ​ចំណុចបី។ ទី​១ គឺ​ការបង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដែល​ប្រមូលផ្តុំ​ដោយ​អ្នកជំនាញ​ការពារ​សិទ្ធិស្រ្តី។ ពីពេលនេះ​តទៅ គណៈកម្មការ​នេះ​មាន​តួនាទី​ការងារ ប្រមូល​ព័ត៌មាន ពាក្យបណ្តឹង​ស្តីពីការរំលោភ បំពាបំពាន​ផ្លូវភេទ ដែល​បង្កឡើង​ដោយ​បុគ្គលិក​របស់​អង្គការ​ Oxfam មិនថា នៅអង់គ្លេស ឬ​នៅ​បរទេស។ ទី២ អង្គការ​ Oxfam​នឹង​បង្កើត​ទិន្នន័យ​ស្តីពី​ព័ត៌មាន​លម្អិត ទាក់ទង​នឹង​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត ដែល​ធ្វើការ​ជាមួយ​អង្គការ​ Oxfam នៅក្នុង​៩០ប្រទេស។ តាមរយៈ​ទិន្នន័យ​នេះ អង្គការ​ Oxfam​ចង់​ច្បាស់​ក្នុង​ចិត្តថា អ្នកដែល​បានចូលមក​បម្រើការ​នៅ​ក្នុង​អង្គការ ជាមនុស្ស​ស្អាតស្អំ ហើយ​អង្គការ​ក៏​នឹង​អាច​ធ្វើ​សំបុត្រ​ធានា​ថា អ្នកដែល​ចេញពី​អង្គការ​ Oxfam​ក៏​ជា​មនុស្ស​ស្អាតស្អំ ឬក៏​​ធ្លាប់​ប្រឡាក់ប្រឡូស​ដោយ​រឿងអាស្រូវផ្លូវភេទ​ដែរ។

 

Oxfam​ត្រូវ​តែ​ម៉ត់ចត់​លើ​ចំណុចនេះ ព្រោះថា ប្រធាន​អង្គការ​ Oxfam ​នៅ​ហៃទី ដែល​រង​ការចោទប្រកាន់​ថា បាន​ប្រែក្លាយ​ទីស្នាក់ការ​របស់អង្គការ​ជាផ្ទះបន តាមពិត​ធ្លាប់​ត្រូវ​បាន​គេប្តឹង​ម្តងហើយ ពីការរំលោភ​ផ្លូវភេទ នៅ​ពេល​លោកធ្វើ​ជាប្រធាន​របស់​អង្គការ​មនុស្សធម៌អង់គ្លេស​មួយ  នៅ​ប្រទេស​លីបេរីយ៉ា។ លើកនេះ ដោយសារ​តែ​ Oxfam​ស្ងាត់ មិន​និយាយ​បរិហារអ្វី អតីត​ប្រធាន​អង្គការ​ Oxfam​នៅ​ហៃទី មាន​សេរីភាព និង​ត្រូវ​បាន​ជ្រើសរើស​ធ្វើការ នៅ​ក្នុង​អង្គការ​បារាំងAction contre la faim នៅក្នុង​ប្រទេស​បង់ក្លាដែស យ៉ាងរំភើយ។

 

វិធានការ​ទី​៣​របស់​អង្គការ​ Oxfam គឺ​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ ៣ដង សម្រាប់​កម្មវិធី​ជួយ​ការពារ​ស្រ្តី ដែល​ផ្តោតសំខាន់​ទៅលើ​ការបណ្តុះបណ្តាល ឲ្យ​គេ​យល់​ពី​ការពារ​ពី​ការរំលោភ​បំពាបំពាន​ផ្លូវភេទ។

 

សង្រ្គាម និង​គ្រោះមហន្តរាយ​ធម្មជាតិ បាន​ហុចឱកាស អំណោយផល​ដល់ ការរំលោភបំពាន​ពី​អ្នកដែល​បម្រើការ​នៅ​អង្គការ​មនុស្សធម៌ នៅ​បរទេស

រឿងអាស្រូវ​ស្តីពី​ការរំលោភបំពាបំពាន​ផ្លូវភេទ ពីសំណាក់​អ្នកនាំ​យក​ជំនួយ​ដល់​ប្រជាជន​រងគ្រោះ កើតមាន​ដំបូងគេ នៅ​ឆ្នាំ២០០២ ដែលនៅពេលនោះ ក្រុមទាហាន​មួកខៀវ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​រំលោភ​ផ្លូវភេទ​ទៅលើ​ប្រជាជន​លីបេរីយ៉ា។ អាច​ថា រឿងអាស្រូវ​ផ្លូវភេទ​របស់​បុគ្គលិក​អង្គការ​អន្តរជាតិ នៅក្នុង​ប្រទេស​ដែល​គេ​បាននាំ យក​ជំនួយ​មនុស្សធម៌ បាន​កើតមាន​តាំង​ពីយូរ​មកហើយ។ អ្នកខ្លះ​បាន​និយាយ​ដល់​ថ្នាក់ថា វា​បាន​ក្លាយ​ជា​ទំលាប់ប្រពៃណី​ជា​ប្រចាំ​ទៅហើយ នៅក្នុង​អង្គការមនុស្សធម៌។

 

អ្នកជំនាញម្នាក់​របស់​សាលា​សិក្សា​អាហ្វ្រិក និង​ក្រុមប្រទេស​ខាងកើត ដែល​មានទីតាំង​នៅទីក្រុង​ឡុងដ៍​បាន​លើកឡើងថា ស្ថានភាព គ្រោះអាសន្ន​នៅ​ក្នុង​ប្រទេស​មួយ បាន​អំណោយផល ឲ្យ​មាន​រំលោភ​បំពាបំពាន​ផ្លូវភេទ។ គេ​បាន​ពន្យល់ថា ការរំលោភ​ផ្លូវភេទ បានកើត​មាន​នៅ​ឡើង នៅពេល​ដែល​ក្រុមមនុស្ស​ពីរ​ជួប​ប្រទះគ្នា នោះ គឺ​រវាង​ក្រុមមនុស្ស​ដែល​ដាច់អត្តខ័ត ដូចជា ប្រជាជន​រងគ្រោះ ដែល​បាត់បង់​អស់​ទាំង​ទ្រព្យសម្បត្តិ ភាពថ្លៃថ្នូរ ដោយសារ​សង្រ្គាម និង​គ្រោះមហន្តរាយ​ធម្មជាតិ ហើយ​និង​ក្រុមមនុស្ស​មួយក្រុម​ទៀត ដូចជា​អ្នកបម្រើការ​ឲ្យ​អង្គការ​មនុស្សធម៌ ដែល​ជា​អ្នកនាំយក​ប្រភពធនធាន​ទៅ​ចែកចាយ​ដល់​មនុស្ស​ដែល​ខ្វះខាត។ ចង់ ឬ​មិនចង់ ប្រភពធនធាន​បានធ្វើ​ឲ្យ​មនុស្ស​មួយក្រុមនេះ មាន​អំណាច​ទៅលើ​មនុស្ស​ម្ចាស់ស្រុក។

 

អតីត​ប្រធាន​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន វិញ វាយតម្លៃថា អង្គការ​មនុស្សធម៌​នៅ​តែ​អាច​ប្រព្រឹត្តកំហុស ព្រោះ​វា​បង្កើត​និង​ចូលរួម​ដោយ​មនុស្ស ដែល​អាច​ចំណុចខ្សោយ ដែល​ជា​រឿងធម្មតា​របស់មនុស្ស។ ជាការពិត អ្នកដែល​ធ្វើការ​នៅ​ក្នុង​អង្គការ​មនុស្សធម៌​រមែង​មាន​អំណាច និង​មាន​ឋានៈ ដាក់ខ្លួន ឲ្យខ្ពស់​ជាង អ្នកដែល​ខ្លួន​ផ្តល់​ជំនួយ​ទៅឲ្យ។ ជានិច្ចកាល វា​តែងតែ​មានការរំលោភ​បំពាន ដោយ​ជៀសមិនរួច។ មួយវិញទៀត ជនបរទេស ដែល​ទៅធ្វើការ​ឲ្យ​អង្គការ​មនុស្សធម៌ នៅ​ក្រៅប្រទេស​របស់ខ្លួន​តែងគិតថា នៅឆ្ងាយពីផ្ទះ ពួកគេ​មានសេរីភាព អាច​ធ្វើ​អ្វី​ក៏បាន។ អវត្តមាន នៃ​ការអនុវត្ត​ច្បាប់ ហើយ​និង​និទណ្ឌភាព ទៅលើ​អ្នកដែល​អ្នករំលោភបំពាន នៅក្នុង​ប្រទេស​ដែល​បាន​ទទួល​ជំនួយ​មនុស្សធម៌ ក៏ជា​កត្តា​មួយ ធ្វើ​ឲ្យ​ជនខិលខូច ឆ្លៀតឱកាស យកផ្លាកសញ្ញា អង្គការអន្តរជាតិ​ទៅ​ធ្វើ​ផ្តេសផ្តាស រំលោភបំពាន​លើ​អ្នកដែល​ទន់ខ្សោយ​ជាងខ្លួនដែរ។

 

ស្លាក​ឈ្មោះ​អង្គការ​អន្តរជាតិ ជាប័ណ្ណ​ធានា​និទណ្ឌភាព សម្រាប់​បុគ្គលិក

បទពិសោធន៍​កន្លងមក បាន​បង្ហាញថា បុគ្គលិក​របស់​អង្គការ​អន្តរជាតិ​ដែល​រងការចោទប្រកាន់​ថា បាន​បំពាបំពាន​ផ្លូវភេទ បាន​ត្រឹម​តែ​ត្រូវ​គេ​បណ្តេញ​ចេញ ឬ​សុខចិត្ត​លាលែង​តំណែង​តែប៉ុណ្ណោះ គឺ​កម្រ​នឹង​ប្រឈម​នឹងការប្តឹងផ្តល់ ឲ្យជាប់ពន្ធនាគារ​ណាស់។

ជាក់ស្តែង Oxfam អន្តរជាតិ បាន​និយាយ​ថា អង្គការ​ធ្លាប់​បាន​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង ភ្លាមៗ លើ​រឿងអាស្រូវផ្លូវភេទ និង​បាន​ឈាន​ទៅដល់​ការបណ្តេញ​បុគ្គលិក​របស់​អង្គការ​Oxfam​នៅ​ហៃទី ៤​នាក់ នៅ​ឆ្នាំ ២០១១ ចំណែក ៣នាក់ទៀត បាន​លាឈប់ ពីមុខតំណែង ដែល​នៅ​ក្នុងនោះ​មាន​ម្នាក់ ជា​នាយក​របស់​Oxfam ដែល​ជា​មនុស្ស​សំខាន់ នៅក្នុង​រឿង​អាស្រូវផ្លូវភេទ។

 

ម្យ៉ាង​ដោយសារ ជនជាប់​សង្ស័យ ឬ​រងការចោទប្រកាន់​កម្រ​នឹង​ត្រូវ​បាន​គេ​ចាប់ឃាត់ខ្លួន រងការជំនុំជម្រះ​នៅ​តុលាការ ដោយសា​តែ​អង្គការ​ម្ចាស់ខ្លួន​ផ្ទាល់​បាន​ព្យាយាម​បិទបាំង​រឿងនេះ មិន​ឲ្យ​ខ្ចរខ្ចាយ​ដើម្បី​កិត្តិយស​មុខមាត់​របស់ខ្លួន។ សាមី​ជនរងគ្រោះ​ផ្ទាល់​តែម្តង មិន​បាន​ប្តឹងផ្តល់​ដោយសារ​តែ​​គិតថា គ្មានអ្នកណា​ជឿ​ពួកគេ ហើយ​ពួកគេ ក៏​មិនអាច​ប្តឹងឈ្នះ អង្គការ​ដែល​មាន​ធនធានហិរញ្ញវត្ថុ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ក្នុង​ស្រុកដែរ។ នៅក្នុង​ប្រទេស​ដែលត្រូវ​ការជំនួយ មនុស្សធម៌​ខ្លាំង ជនរងគ្រោះ ខ្លះ មើលឃើញ​ជំនួយមនុស្សធម៌ សំខាន់ ជាង​ការរំលោភបំពាន​ផ្លូវភេទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ