អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​​​ខ្វល់​​​សែន​​ខ្វល់​​​​នឹង​​​ការ​​​កើន​​ឡើង​​​​នៃ​​​ឥទ្ធិពល​​​​អង្គការ​​​​​រដ្ឋ​​​អ៊ីស្លាម​​​​​នៅ​​​​អាហ្វហ្កានីស្ថាន​​​​

រុស្ស៊ី​​​ខ្វល់​សែន​ខ្វល់​​នឹង​​ដំណើរ​​រុល​ទៅ​មុខ​​នៃ​​អង្គការ​​រដ្ឋអ៊ីស្លាម​ក្នុង​​ប្រទេស​​អាហ្វហ្កានីស្ថាន​​ ជា​ទី​​ដែល​​ការ​​វាយប្រហារ​​និង​​អំពើ​​ភេរវកម្ម​​ប្រព្រឹត្ត​​ទៅ​​កាន់តែ​ញឹកញយ។ សេចក្តី​នេះ​​បន្លឺ​ឡើង​នៅ​ថ្ងៃ​​អង្គារ​​ម្សិលមិញ​​ដោយ​​លោក​​ប្រមុខ​ការ​ទូត​រុស្ស៊ី​​ ស៊ែរហ្គៃ ឡាវ្រ៉ូវ ។

រដ្ឋ​មន្ត្រីការបរទេស​រុស្សី​ លោក Sergueï Lavrov​ នៅឱកាសសន្និសីទសាព័ត៌មាន​មួយ​នៅ​ Moscou ថ្ងៃទី​១៥ មករា​២០១៨​
រដ្ឋ​មន្ត្រីការបរទេស​រុស្សី​ លោក Sergueï Lavrov​ នៅឱកាសសន្និសីទសាព័ត៌មាន​មួយ​នៅ​ Moscou ថ្ងៃទី​១៥ មករា​២០១៨​ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

"យើងព្រួយកង្វល់មែនទែន​ នឹងអ្វីៗដែល​កំពុង​ប្រព្រឹត្ត​ទៅ​ នៅ​អាហ្វហ្កានីស្ថាន​ ហើយ​ខ្វល់​សែនខ្វល់ នឹងការកើនឡើងនៃឥទ្ធិពលអង្គការជីហាដ “រដ្ឋអ៊ីស្លាម" នៅទីនោះ -សេចក្តីនេះ​ ថ្លែង​ដោយលោករដ្ឋមន្ត្រី​ ការបរទេស​រុស្ស៊ី​ ស៊ែរហ្គៃ ឡាវ្រ៉ូវ​ ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពីគាត់បានទទួលជួបចរចា នៅក្រុងម៉ូស្គូ ជាមួយសមភាគីប៉ាគីស្ថាន លោក Khawaja Muhammad Asif ។

ប្រមុខការទូតរុស្ស៊ី បន្ថែមថា ៖ យើងពិបាក​ជឿណាស់​ លើ​របៀប​ដែល​សម្ព័ន្​ធអន្តរជាតិ​ក្រោម​ការដឹកនាំរបស់ សរអា វាយតម្លៃអំពីការគម្រាមនេះក្នុងប្រទេសអាហ្វហ្កានីស្ថាន និង​លើ​វិធានការ​ ដែល​សម្ព័ន្ធនេះ កំពុងចាត់ ដើម្បី លុបបំបាត់គ្រោះថ្នាក់នេះ។

តាម​លោកឡាវ្រ៉ូវ វត្តមានពួកច្បាំងជីហាដនៃ”រដ្ឋអ៊ីស្លាម” នៅប៉ែកខាងជើងនិងខាងកើត អាហ្វហ្កានីស្ថាន ដែលមានគ្នាប្រមាណ ១.០០០ នាក់ ឯណោះ គឺជា​គ្រោះថ្នាក់​មែន​ពិត​ដល់​សន្តិសុខប្រទេសជិតខាង។ ប្រមុខការទូតរុស្ស៊ី ចង្អុលឲ្យឃើញតមកទៀត ៖ គួរ​អោយ​ស្តាយ ដែលពួកយោធាអាមេរិកាំងនិងអូតង់ ខិតខំ តាមគ្រប់មធ្យោបាយ ធ្វើ​ស្ងៀមស្ងាត់​ និង បដិសេធ ទៅផង អំពីគ្រោះថ្នាក់នេះ។

ប៉ុន្មានសប្តាហ៏ចុងក្រោយ អង្គការ”រដ្ឋអ៊ីស្លាម” និងពួកតាលីបង់ បានបង្កើនយ៉ាងខ្លាំង ប្រតិបត្តិការ​វាយលុក នៅអាហ្វហ្កានីស្ថាន និងអំពើភេរវកម្មផ្ទួនៗ បណ្តាល​អោយ​ស្លាប់​និង​របួស មនុស្សរាប់រយនាក់ បូកទាំងការវាយ ប្រហារ ទៅលើសណ្ឋាគារដ៏ធំក្នុងក្រុង កាប៊ូល កាលពីមួយខែមុន គឺ ថ្ងៃ ២០ មករា។

រុស្ស៊ី បានបរិហារអាក្រាត ជាច្រើនលើកទៅហើយ យុទ្ធសាស្ត្រ​អាមេរិកាំង​នៅ​អាហ្វហ្កានីស្ថាន​​ ដោយចាត់ទុក យុទ្ធសាស្ត្រនេះថា”គ្មានអនាគត”ទេ ដ្បិតវាអាងជាបឋម លើកម្លាំងអាវុធ។

ម៉ូស្គូ ពីចំណែកខ្លួន អំពាវនាវឲ្យបញ្ចូលពួកតាលីបង់ ទៅក្នុងកិច្ចចរចា​សន្តិភាព​ត្រង់​ផ្ទាល់​ជាមួយ​នឹង រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ហើយស្នើរដ្ឋធានីរុស្ស៊ី ជា កន្លែង​សម្រាប់​កិច្ចសន្ទនា​” ស្ថាបនា” រវាងភាគីយុទ្ធ បដិបក្ខអាហ្វហ្កាន។

អាជ្ញាធររុស្ស៊ី ប្រាថ្នាជាពិសេស គឺ ទប់ដំណើររុលទៅមុខនៃពួកជីហាដ នៅ​អាហ្វហ្កានីស្ថាន​ ដោយបារម្ភខ្លាច ក្រែង ពួកនោះជ្រៀតចូលមកក្នុង បណ្តា​អតីត​សាធារណរដ្ឋសូវៀតតំបន់អាស៊ីកណ្តាលនៅជិតខាង តំបន់ ដែលតែងត្រូវម៉ូស្គូ ចាត់​ទុក​ជា​ ចំណែកមួយនៃដែនឥទ្ធិពលខ្លួន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ