អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អគ្គលេខាធិការ​អសប៖ សោកនាកដម្ម​នៅ ហ្គូតា ជា​នរក​នៅ​លើ​ផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហគមន៍​អន្តរជាតិ​បាន​បង្កើន​ការដាក់​សម្ពាធ ដើម្បី​ជំរុញ​ឲ្យ​មាន​បទ​ឈប់បាញ់ នៅ​តំបន់​ហ្គូតា ខាងកើត ដែល​បាន​រង​ការទម្លាក់​គ្រាប់បែក យ៉ាងសន្ធឹក ពី​យន្តហោះ​ចម្បាំង​របស់​រដ្ឋាភិបាល​ស៊ីរី។ តាំង​ពី​ថ្ងៃ​អាទិត្យ ការវាយប្រហារ​តាមផ្លូវ អាកាស​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី បាន​សម្លាប់​ប្រជាជន​ស៊ីវិល ៣២០​នាក់ និង​របួស ១៦៥០​នាក់។ នៅ ថ្ងៃ​ព្រហស្បតិ៍ នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​បើក​ការប្រជុំ ដើម្បី បោះឆ្នោត​​លើ​សេចក្តីសម្រេច មួយ​ដែល​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​រយៈពេល ៣០​ថ្ងៃ ដើម្បី បើកផ្លូវ​ឲ្យ​មានការផ្តល់​ជំនួយ​មនុស្សធម៌ ដល់​ប្រជាជនស៊ីវិល ដែល​កំពុង​ជាប់គាំង​ក្នុង​តំបន់​ហ្គូតា ប្រទេស​ស៊ីរី។

កុមារ​ស៊ីរីជា​គោលដៅ​រងគ្រោះ​ខ្លាំងនៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​កងទ័ព​រដ្ឋាភិបាល​ស៊ីរីទៅលើ​តំបន់ហ្គូតាខាងកើត តាំងពី​ថ្ងៃអាទិត្យ​ទី​១៨​កុម្ភៈ ២០១៨
កុមារ​ស៊ីរីជា​គោលដៅ​រងគ្រោះ​ខ្លាំងនៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​កងទ័ព​រដ្ឋាភិបាល​ស៊ីរីទៅលើ​តំបន់ហ្គូតាខាងកើត តាំងពី​ថ្ងៃអាទិត្យ​ទី​១៨​កុម្ភៈ ២០១៨ ©REUTERS/Bassam Khabieh
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​ចំពោះ​មុខ​តំណាង​ប្រទេស​ទាំង ១៥ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ លោក​អគ្គលេខាធិការ​អ.ស.ប អាន់តូនីញ៉ូ ​ហ្គូទែរស៍​​បាន​ទាមទារ​ឲ្យ​ឈប់ជាបន្ទាន់ ការប្រយុទ្ធគ្នា នៅហ្គូតា ដែល​លោក​ចាត់ទុក​ជា​នរក​នៅលើ​ផែនដី។

 

សហគមន៍​អន្តរជាតិ បានដាក់សម្ពាធ ដើម្បី​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់ នៅក្នុង​តំបន់​ ហ្គូតា ខាងកើត ដែល​កាន់កាប់​ដោយ​ពួកឧទ្ទាម ប៉ុន្តែ ដែល​រង​ការទម្លាក់​គ្រាប់បែក​របស់​យន្តហោះ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ តាំង​ពី​ថ្ងៃអាទិត្យ ថ្ងៃ​ដែល​កងទ័ព​រដ្ឋាភិបាល​ស៊ីរី បើក​ការវាយប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​តំបន់​ហ្គូតា​ខាងកើត មាន​ប្រជាជន​ស៊ីវិល ស៊ីរី​ច្រើន​ជាង ៣០០​នាក់​បាន​ស្លាប់ ដែលនៅក្នុង​នោះ មាន​ជិត ៨០​នាក់​ជា​កុមារ។ ក្នុង​រយៈពេល​តែ ៤ថ្ងៃ ការទម្លាក់គ្រាប់បែក​របស់​យន្តហោះ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី បានសម្លាប់​ប្រជាជន​ស៊ីវិល​ស៊ីរី ដល់​ទៅ​៣២០​នាក់ និង​ធ្វើ​ឲ្យ​រងរបួស ជាង​១៦៥០នាក់។

 

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ទាញ​សញ្ញា​អាសន្ន លើកនេះ ដោយសារ​​ថា គឺ​ប្រជាជន​ស៊ីវិល​ដែល​បាន​រងគ្រោះថ្នាក់ បាត់បង់​ជីវិត​ដោយផ្ទាល់ ដោយសារ​ប្រតិបត្តិការ​ទ័ពអាកាស​របស់​របបលោក​បាស្ហា អាល់អាសាដ។ អង្គការ​មនុស្សធម៌​អន្តរជាតិ​ជាច្រើន បាន​លើកឡើង​ពី​ការសម្លាប់​រង្គាល ប្រព្រឹត្ត​ដោយកងទ័ព​រដ្ឋាភិបាល។ កាកបាទ​ក្រហម ឬ​យូនីសេហ្វ ដែល​ការពារ​សិទ្ធិ​កុមារ​បាន​និយាយ​ពី​ការរារាំង​របស់​រដ្ឋាភិបាល​ស៊ីរី ដែល​បិទខ្ទប់ មិន​ឲ្យ​មាន​ការនាំ​យក​ជំនួយ​មនុស្សធម៌ ទៅ​ដល់​ប្រជាជន​ស៊ីវិល ស៊ីរី ដែល​កំពុង​រស់នៅ ជាប់គាំង យ៉ាងវេទនា ក្នុង​តំបន់​ហ្គូតា​ខាងកើត។

 

ហេតុអ្វី បាន​រដ្ឋាភិបាល​ស៊ីរី​វាយប្រហារ​ទៅលើ​តំបន់​ហ្គូតា នៅពេលនេះ?

នៅពេល​ដែល​សង្រ្គាមស៊ីវិល​ចាប់ផ្ទុះ​នៅទូទាំង​ស៊ីរី នៅឆ្នាំ ២០១១ តំបន់​ហ្គូតា​ខាងកើត បាន​ត្រូវ​បាន​ក្រុមប្រឆាំង​ស៊ីរី ជាច្រើន​ក្រុម​វាយដណ្តើម​ពី​រដ្ឋាភិបាល​ស៊ីរី នៅឆ្នាំ ២០១៣។ នៅ​ហ្គូតា សព្វថ្ងៃ មាន​ក្រុមអ៊ីស្លាម​និយម នាំមុខ​គេ​ចំនួន​ពីរ កំពុង​កាន់កាប់​ទឹកដី ដាច់ដោយ​ឡែក​ពីគ្នា។ ក្រុមទី១ ឈ្មោះ ចាអ៊ីដ អាល់អ៊ីស្លាម ដែល​មាន​ន័យ​ថា ទាហាន​អ៊ីស្លាម។ ក្រុមនេះ​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​អារ៉ាប៊ី សាអូឌីត និង​កាតា ឬ​ក្រុមអ្នកជំនួញ​ស៊ីរី មួយ​ចំនួន​ដែល​មិន​ចូលចិត្ត​របបដឹកនាំ​របស់​ប្រធានាធិបតី​បាសា្ហអាល់អាសាដ។ ក្រុមនេះ​ជា​ក្រុមអ៊ីស្លាម​ប្រឆាំង​និយកាយ​ស្ហ៊ីអ៊ីត​របស់​អ៊ីរ៉ង់ និង​មាន​ទាហាន​ប្រយុទ្ធ​ពី​៩ពាន់ ទៅ ២ម៉ឺននាក់។

 

ក្រុមឧទ្ទាម​មួយក្រុមទៀត ដែល​កាន់កាប់​ទឹកដី​មួយ​ភាគ​រប់ស​ហ្គូតា​ដែរ គឺ​ក្រុមអ៊ីស្លាម​Faylaq al Rahman ដែល​គេ​ចាត់ទុក​ថា មិន​ជ្រុលនិយម​ដូច​ក្រុមទី១។ ក្រុមទាំងពីរ​នេះ ធ្វើការ​ជាមួយ​កងទ័ព​ស៊ីរី​សេរី ដែល​បាន​ចេញមុខ​ប្រឆាំង​នឹង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ដើម្បី ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ស៊ីរី។

សូមអាន៖ហេតុអ្វី បាន​ជារុស្ស៊ី​បិទបាំង ពី​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី នៅ​ស៊ីរី?

ក្រុមអ៊ីស្លាម​បាន​ចូលកាន់កាប់​ហ្គូតា ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ៤សែននាក់ តាំង​ពី​ឆ្នាំ ២០១៣។ ប៉ុន្តែ តាំង​ពី​ឆ្នាំ ២០១៥ កងទ័ព​ស៊ីរី ដែល​មានជំនួយ​គាំទ្រ​ពី​យន្តហោះ​​ចម្បាំង​រុស្ស៊ី បាន​ទៅ​ឡោមព័ទ្ធ និង​កាត់ផ្តាច់ មិន​ឲ្យ​មាន​នាំ​ជំនួយ​មនុស្សធម៌ ទៅ​ឲ្យ​ប្រជាជន​ស៊ីវិល ដែល​រងគ្រោះ ទាំង​ដោយសារ​ភាពអត់ឃ្លាន និង​ការវាយប្រហារ​បំផ្លោងគ្រាប់​របស់​ទាហាន​រដ្ឋាភិបាល​ស៊ីរី។ រដ្ឋាភិបាល​ស៊ីរី​អះអាងថា គេ​ចង់​វាយដណ្តើម​ហ្គូតា​ពី​ដៃ​របស់​ពួកភេរវជន ប៉ុន្តែ ក្នុង​ការពិត​ជាក់ស្តែង គឺ ប្រជាជន​ស៊ីវិល ជាពិសេស​កុមារ ដែល​ងាយ​នឹង​រងគ្រោះ​ដោយសារ​ចំណាត់ការ​យោធា​របស់​រដ្ឋាភិបាល ស៊ីរី។ រដ្ឋាភិបាល​ស៊ីរី បានសម្រេច​បើក​សមរភូមិ​ប្រយុទ្ធ វាយប្រហារ​ទៅលើតំបន់​ពួកឧទ្ទាម នៅបន្ទាប់​ពី ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បាក់អំណាច និង​បាត់បង់​ទឹកដី​នៅក្នុង​ប្រទេស​ស៊ីរី។

 

បន្ទាប់​ពី​អាឡិប ហ្គូតា ជាសមរភូមិ​ប្រយុទ្ធ​មួយទៀត អន្តរជាតិ​អសមត្ថភាព នៅចំពោះមុខ​សោកនាដកម្ម ការសម្លាប់​រង្គាល​ទៅលើ​ប្រជាជន​ស៊ីវិល​ស៊ីរី

បើមើល​ផែនទី​ភូមិសាស្រ្ត​ស៊ីរី តំបន់​ហ្គូតា ស្ថិតនៅ​ប្រមាណ​តែ​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​រដ្ឋធានី ដាម៉ាស​របស់​ស៊ីរី។ តំបន់​ហ្គូតា​ខាងកើត ជាដែនដី មាន​ជីជាតិ និង​ប្រភព​ផលិត​កសិកម្ម សម្រាប់​ប្រជាជន​ស៊ីរី នៅ​មុន​សង្រ្គាម​ស៊ីវិល នៅ​ឆ្នាំ ២០១១។ ដោយ​វាយដណ្តើម​ចូល​គ្រប់គ្រង តំបន់​ហ្គូតា នៅពេលនេះ របបស៊ីរី​នឹង​អាចឈ្នះ​លើ​សម្រេច​បាន​គោលដៅ​ពីរសំខាន់​របស់ខ្លួន។ ទី១ គឺ​បិទបញ្ចប់ លែង​ឲ្យ​មាន​ការបាញ់​គ្រាប់​រុកកែត ពី​ហ្គូតា ដែល​ក្រុមឧទ្ទាម​តែង​តែបាញ់ ចេញ​ពី​ហ្គូតា ដើម្បី សម្លាប់​ប្រជាជន​ក្នុង​ក្រុង​ដាម៉ាស​របស់​រដ្ឋាភិបាល។ ទី២ គឺ​វាយដណ្តើម ទីក្រុង​យុទ្ធសាស្រ្ត មួយ​ថ្មី​ទៀត ពី​ដៃ ពួក​ឧទ្ទាម ស៊ីរី ដូច​ដែល​របបស៊ីរី ធ្លាប់​បាន​ធ្វើ​ដោយ​ជោគជ័យ ទៅលើ​ក្រុមប្រឆាំង នៅ​ទីក្រុង​អាឡិប។

 

តាម​អ្នកជំនាញ និងមន្រ្តី​អង្គការ​មនុស្សធម៌​អន្តរជាតិ សោកនាដកម្ម​នៅ ហ្គូតា មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​អាឡិប កាលពី​ចុងឆ្នាំ ២០១៦។ ដំបូងឡើយ យន្តហោះ​របស់​កងទ័ព​រដ្ឋាភិបាល​បាន​ទម្លាក់​ធុងសុង គ្រាប់បែក​បំផ្លាញ មន្ទីរពេទ្យ កាត់ផ្តាច់​ទឹកភ្លើង និង​បិទខ្ទប់ជំនួយ​មនុស្សធម៌។ ទិសដៅ​គឺ​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម យល់ព្រម​ចុះចាញ់ និង​ដកខ្លួន​ចេញពី​តំបន់​ហ្គូតា ដូច​ដែល​ពួកឧទ្ទាម​ធ្លាប់​បាន​ធ្វើ នៅក្រោយ​ការធ្លាក់​ទីក្រុង​អាឡិប។

 

មួយវិញទៀត ដូច​នៅ​អាឡិប រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ កំពុង​ឆ្លៀត ពេល សហគមន៍​អន្តរជាតិ​នៅ​បន្ត​ខ្វែង​គំនិត​គ្នា ពី​វិបត្តិ​នៅ​ស៊ីរី ដើម្បី បន្ត​វាយ​ដណ្តើម​យក​ទឹកដី​ពី​ក្រុមប្រឆាំង។ នៅ​ក្រុមប្រឹក្សា​សន្តិសុខ ស៊ុយអែត និង​កូវ៉ែត បាន​ត្រៀម​សេចក្តីសម្រេច ដើម្បី​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់​រយៈពេល​១ខែ ដើម្បី​បើក​ផ្លូវ​ឲ្យ​មានជំនួយ​មនុស្សធម៌​នៅ​ហ្គូតា។

 

ប៉ុន្តែ គេ​បារម្ភ​ថា រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី នឹង​អាច​វេតូ  ព្រោះថា រុស្ស៊ី ផ្ទាល់ ក៏​បានទាមទារ​ផងដែរ ឲ្យក្រុមប្រឹក្សា​សន្តិសុខ បើកកិច្ចប្រជុំ​ពិសេស សម្រាប់​បញ្ហា​នៅ​ហ្គូតា។ តាម​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រុស្ស៊ី ចង់​ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដែល​ពាក់ព័ន្ធ បង្ហាញ​ទស្សនវិស័យ ដើម្បី ដោះស្រាយ​បញ្ហា​ហ្គូតា។ ប៉ុន្តែ ក្រុមប្រទេស​លោកខាងលិច​វាយតម្លៃ​ថា រុស្ស៊ី​កំពុង​យកលេស ពន្យារ ពេល ទុក​ឲ្យ​កងទ័ព​ស៊ីរី មាន​ប្រៀប​ទៅលើ​ក្រុមប្រឆាំង នៅក្នុង​សមរភូមិ នៅក្នុង​អំឡុងពេល ដែល​គេកំពុង​ពិចាណា​លើ​វិបត្តិ​នៅ ស៊ីរី។ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីរី សាណា អះអាងថា ប្រតិបត្តិការ​ទ័ព​អាកាស​នៅ​ដើមសប្តាហ៍​នេះ គ្រាន់​តែ​ជា​យុទ្ធនាការ​បើកផ្លូវ​ឲ្យ​មាន​អន្តរាគមន៍​វាយប្រហារ​ជើងគោក នៅ​ហ្គូតា ពោល​គឺ​ដូចដែល​របប​ស៊ីរី ធ្លាប់​បាន​រួម​គ្នា​ធ្វើ ជាមួយ​រុស្ស៊ី ដើម្បី​វាយដណ្តើម​កាន់កាប់​ក្រុង​អាឡិប ពី​ពួក​ឧទ្ទាម កាល​ពី​ជាង​១​ឆ្នាំមុន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ