អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លែង​មាន​វិភាគទាន​របស់អង់គ្លេស ​អឺរ៉ុប​ត្រូវ​រិះរក​ថវិកា​​ថ្មី​មក​បង្រ្គប់​​ការខ្វះខាត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ត្រូវ​ជួប​ប្រជុំ​គ្នា នៅថ្ងៃ​សុក្រនេះ ដោយ​គ្មាន​វត្តមាន​របស់​នាយករដ្ឋមន្រ្តី អង់គ្លេស។ នៅក្រោយ ការដើរ​ចេញ​របស់​អង់គ្លេស​ពី សហភាព​អឺរ៉ុប នេះ​ជា​លើកទី១ ដែល​សហភាព​អឺរ៉ុប​បើក​ជំនួបកំពូល អឺរ៉ុប ដែល​មាន​តែ​សមាជិក​តែ​២៧​ប្រទេស។ កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​នេះ​ផ្តោត​លើ​កញ្ចប់​ថវិកា​អឺរ៉ុប នៅក្រោយ​ការដកខ្លួន​របស់​អង់គ្លេស ដែល​ជា​ប្រភព​ផ្តល់វិភាគទាន​សំខាន់​ទី​៤ របស់​សហភាព​អឺរ៉ុប។ 

ប្រធានាធិបតីបារាំង និងលោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល​អឺរ៉ុប នៅទីក្រុង​ព្រុចសែល ថ្ងៃ​សុក្រ​ទី​២៣ កុម្ភៈ
ប្រធានាធិបតីបារាំង និងលោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល​អឺរ៉ុប នៅទីក្រុង​ព្រុចសែល ថ្ងៃ​សុក្រ​ទី​២៣ កុម្ភៈ ©REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំង ២៧ សមាជិក​របស់​អឺរ៉ុប ត្រូវជួប​ប្រជុំ និយាយ​គ្នា​លើ​បី​ចំណុច​សំខាន់។ ទី១​គឺ​កញ្ចប់​ថវិកា​របស់​សហភាពអឺរ៉ុប នៅក្រោយ​ឆ្នាំ ២០២០ ទី២ គឺ​សហភាព​អឺរ៉ុប​ដែល​គ្មាន​អង់គ្លេស​ជាសមាជិក ហើយនិង​ទី៣ គឺ​អនាគត​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដែល​ត្រូវ​ចូល​មក​បន្ត​ស្នងតំណែង​ពី​លោក​ហ្សង់ក្លូត ហ្ស៊ុងគ័រ។

 

នៅ​ទីក្រុង​ព្រុចស៊ែល ប្រមុខដឹកនាំ​កំពូល​របស់​ប្រទេស​សមាជិក​អឺរ៉ុប ត្រូវ​គិតគូរ​ពិភាក្សាគ្នា ពី​កញ្ចប់​ថវិកា​ថ្មី សម្រាប់​រយៈពេល​៧ឆ្នាំ (ពីឆ្នាំ ២០២១ រហូត​ដល់​ឆ្នាំ ២០២៧)។ កញ្ចប់​ថវិកា​អឺរ៉ុប (សម្រាប់ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០២០) ​មាន​ប្រមាណ ១ពាន់ ពាន់លាន​អឺរ៉ូ។

 

បញ្ហា​គឺ​នៅត្រង់​ថា នៅ​ក្នុង​កញ្ចប់ថវិកា​ចាស់ របស់​អឺរ៉ុប មាន​វិភាគទាន រួមចំណែក​ពី​អង់គ្លេស ដល់​ទៅ​១០​ពាន់​លាន​អឺរូ ក្នុង​មួយ​ឆ្នាំៗ។ អង់គ្លេស​ជា​ប្រទេស​សំខាន់ទី​៤ ដែល​បាន​ផ្តល់​វិភាគទាន​សម្រាប់​ថវិកា​អឺរ៉ុប។ អង់គ្លេស ផ្តល់​ថវិកា​ដល់​អឺរ៉ុប ច្រើន​ជាង​ខ្លួន​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពីអឺរ៉ុប។ គឺដោយសារ​តែ​បានទទួល​ផល​តិចជាង ការបង់ចំណែក​វិភាគទាន​របស់ខ្លួន​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​អង់គ្លេស បោះឆ្នោត ប្រជាមតិ សម្រេច​អង់គ្លេស ឲ្យ​ដើរចេញ​ពី​សហភាព​អឺរ៉ុប។ តាមគម្រោង អង់គ្លេស​នឹង​ចាកចេញ​ដាច់ស្រេច​ពី​សហភាព​នៅ​ចុង​ខែ​មីនា ឆ្នាំ ២០១៩។

សូមអាន៖កិច្ចប្រជុំ​ក្រុង​ព្រុចសែល៖​មេដឹកនាំ​អឺរ៉ុប​មាន​ទំនុកចិត្ត​ខ្ពស់​ឡើងវិញ​ ប្រឈម​​អង់គ្លេស​ ​ 

តើ​អឺរ៉ុប​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​បំពេញ​ការខ្វះខាត ក្នុង​កញ្ចប់​ថវិកា

បារាំង​ធ្លាប់​បាន​លើកឡើង​ពីការដំឡើង​ពន្ធ​លើ​មុខជំនួញ​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត ដែល​កំពុង​បោះទុន​វិនិយោគ​នៅ​អឺរ៉ុប។ ក្រុមហ៊ុន​អាមេរិកាំង Google ឬ​Amazon ជាដើម កំពុង​រងចោទប្រកាន់​ថា លួច គេចពន្ធ មិនបង់​ឲ្យ​ប្រទេស​ម្ចាស់ផ្ទះ នៅ​អឺរ៉ុប។ សមាជិក​សភា​អឺរ៉ុប​មក​ពី​ប្រទេស​បារាំង​ធ្លាប់​បាន​ទាមទារ​ឲ្យ​គេ​ដំឡើង​ពន្ធ​លើ​ការផ្ទេរ​ហិរញ្ញវត្ថុ​របស់​អ្នកដែល​ទិញលេង​ភាគហ៊ុន នៅក្នុង​ទឹកដី​អឺរ៉ុប។ គេ​បាន​លើកឡើង​ផងដែរ ពីការដំឡើង​ពន្ធ​លើ​លការនាំចូល​មក​អឺរ៉ុប នូវ​ផលិតផល​បរទេស ដែល​ទាក់ទង​នឹង​ផ្នែក​បរិស្ថាន។

 

ប៉ុន្តែ ដើម្បី បំពេញ​បន្ថែម បង្រ្គប់​កញ្ចប់​ថវិកា​អឺរ៉ុប ដែល​មាន​ដល់ ១៥០​ពាន់​លាន​អឺរ៉ូ ក្នុង​មួយឆ្នាំៗ សហភាព​អឺរ៉ុប​ធ្លាប់​បាន​អំពានាវ​ឲ្យ​ប្រទេស​សមាជិក​ដំឡើង​វិភាគ​ទាន​របស់ខ្លួន សម្រាប់​កេសថវិកា​អឺរ៉ុប។ កញ្ចប់​ថវិកា អឺរ៉ុប គឺ​ជា​ប្រធានបទ​ក្តៅគគុក និង​ជា​ប្រភព ខ្វែងគំនិត​គ្នា​រហូតមក រវាង​ប្រទេស​សមាជិក​របស់​អឺរ៉ុប។ ចំណុច​រួម​របស់​ប្រទេស​សមាជិក​សហភាពអឺរ៉ុប មាន​តែមួយ នោះ គ្មាន​ប្រទេស​ណាមួយ​ចង់​បង្កើន ថវិកា ចំណែក​វិភាគទាន​របស់ខ្លួន សម្រាប់​កេសលុយ​អឺរ៉ុប​នោះទេ។

 

នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អឺរ៉ុប​ទៀតសោត មាន​ភាគី ពីរ​ធំៗ​ប្រទាញប្រទង់​គ្នា។ ម្ខាងទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​កាត់បន្ថយ​ផែនការ​ថវិកា និង​ថា អឺរ៉ុប​ចាយវាយ​លុយ​ខ្ជះខ្ជាយ​រហូតមក។ នៅ​ក្នុង​ភាគី​ទី​១ នេះ មាន​ប្រមូលផ្តុំ​ដោយ​ក្រុមប្រទេស​អឺរ៉ុប​ខាងជើង ដូចជា​ស៊ុយអែត ដាណឺម៉ាក អូទ្រីស ហូឡង់ ដែល​ជា​ប្រទេស​ផ្តល់​វិភាគទាន សុទ្ធ ប៉ុន្តែ​មិនដែល​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី អឺរ៉ុបវិញ។ នៅក្នុង​ក្រុម​ទី២ គឺ មាន​ប្រទេស​អឺរ៉ុប​ខាងកើត ដូចជា​ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និង​សាធារណរដ្ឋឆែក​ជាដើម ដែល​បាន​ទាមទារ​ឲ្យ​រក្សា កញ្ចប់​ថវិកាអឺរ៉ុប ឬ​បង្កើន​ច្រើន​ជាងមុន​បើអាច​ទៅបាន។ ងាយយល់​ទេ ព្រោះ ប្រទេស​ដែល​ទាមទារ​ឲ្យ​រក្សា​កញ្ចប់​ថវិកា​អឺរ៉ុប​ច្រើន​ដូចមុន គឺ​ជា​ប្រទេស​ដែល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​អឺរ៉ុប ច្រើន​ជាង​ថវិកា​ដែល​ខ្លួន​ត្រូវ​ចូលរួម​ចំណែក បង់វិភាគទាន​សម្រាប់កញ្ចប់​ថវិកាអឺរ៉ុប។

 

គ្មាន​អ្នកចង់​បង់បន្ថែម គឺ​មាន​តែ​អ្នកចង់​បាន​បន្ថែម

លែង​មាន​អង់គ្លេស គឺ​សហភាព​អឺរ៉ុប​ត្រូវ​ខ្វះថវិកា ១០​ពាន់​លាន​អឺរ៉ូ ក្នុង​មួយឆ្នាំៗ។ ចង់ ឬ​មិន​ចង់ សហភាព​អឺរ៉ុប​នឹង​ត្រូវ​សន្សំសំចៃ ចាយរឹតត្បិត​ជាងពេលមុនៗ។ ជាក់ស្តែង នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅថ្ងៃនេះ ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​សមាជិក​ត្រូវ​ពិចារណារួមគ្នា ដើម្បី​សម្រេច​ថា តើ​មុខចំណាយ​ណា​ដែល​មាន​អាទិភាព និងសក្តិសម​ទទួល​បាន​ជំនួយ ហិរញ្ញវត្ថុ​ពី​អឺរ៉ុប។

 

រហូតមក ៧០​ភាគរយនៃ​កញ្ចប់​ថវិកា​អឺរ៉ុប​ផ្តោត​ទៅលើ​នយោបាយ​កសិកម្ម​អឺរ៉ុប និង​ទៅលើ​គោលការណ៍​ប្រវត្តិសាស្រ្ត​អឺរ៉ុប ពោលគឺ នយោបាយ​ពង្រឹង​ចំណង​រវាង​ប្រទេស​សមាជិក​អឺរ៉ុប។ មានន័យថា ថវិកា​អឺរ៉ុប​ត្រូវចូលរួម​ចំណែក​កាត់បន្ថយ​គម្លាត​រវាង​សមាជិក ដែល​ជា​អ្នកមាន និង​សមាជិក​ជា​អ្នកក្រ នៅក្នុង​រង្វង់សហភាព​អឺរ៉ុប។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅថ្ងៃនេះ ថ្នាក់ដឹកនាំ​អឺរ៉ុប​ត្រូវ​ចោទសួរ​ផងដែរ ថា តើ​គេ​ត្រូវ​ដាក់បញ្ចូល​លក្ខខណ្ឌ​ថ្មី ភ្ជាប់​ជាមួយ​នឹង​កញ្ចប់ជំនួយ ដែល​ប្រទេស​សមាជិក​អឺរ៉ុប​ត្រូវ​ទទួល​បាន​ពី​កេស​អឺរ៉ុប​ដែរឬទេ។ បារាំង និង​អាល្លឺម៉ង់​ជាដើម ចង់​ឲ្យភ្ជាប់​រឿង អន្តោប្រវេសន៍ ឬ​ការគោរពច្បាប់ សិទ្ធិមនុស្ស របស់​រដ្ឋសមាជិក ទៅក្នុង​លក្ខខណ្ឌ​ទទួល​បានជំនួយ​ហិរញ្ញវត្ថុ​ពី​សហភាពអឺរ៉ុប។ បារាំង និង​អាល្លឺម៉ង់ ចង់បាន​ដូច្នេះ ដោយសារ​តែ​កន្លងមក ប្រទេស​អឺរ៉ុប​ខាងកើត​មួយចំនួន ដូចជា​ប៉ូឡូញ ហុងគ្រី និង​ស្លូវ៉ាគី​ជាដើម បាន​បដិសេធ​មិន​ចង់​ចូលរួម​ទទួល​យក​ជនអន្តោប្រវេសន៍ ទៅតាម​ការកំណត់​របស់​គណៈកម្មការ​អឺរ៉ុប។

 

នៅទីក្រុង​ព្រុចសែល នៅថ្ងៃ​នេះ ថ្នាក់ដឹកនាំ​កំពូល របស់​ប្រទេស​សមាជិក​អឺរ៉ុប គ្រាន់តែ​ពិភាក្សា​ពីតួលេខ ប៉ុន្តែ នឹង​មិនមែន ជា​អ្នកកំណត់​នោះទេ គឺ​គេ​ត្រូវ​រង់ចាំ​ការវាយតម្លៃ​របស់​គណៈកម្មការអឺរ៉ុប​ដែល​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ថវិកា​អឺរ៉ុប នៅ​អំឡុង​ខែ​ឧសភា​ខាងមុខ។

 

ក្រៅតែ​ពី​ថវិកា អនាគត​របស់​សហភាព​អឺរ៉ុប ដែល​នឹង​គ្មាន​អង់គ្លេស ក៏​ជា​ប្រធានបទ​ដែល​ថ្នាក់​ដាក់នាំ​កំពូល​របស់​ប្រទេស​សមាជិក​ទាំង​២៧ របស់សហភាព​អឺរ៉ុប នឹង​ត្រូវ​លើក​យក​ទៅ​ជជែក​គ្នា ម្តងទៀត នៅ​ខែ​ឧសភា ឆ្នាំ​ក្រោយ នៅ​ប្រទេស​រ៉ូមានី។ នៅក្នុង​ឱកាសនោះ សហភាព​អឺរ៉ុប​ត្រូវ​កំណត់​ផងដែរ ផែនការ​យុទ្ធសាស្រ្ត​សម្រាប់​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ