អានតួអត្ថបទ
ប៉ារីស

ប៉ារីស​រងគ្រោះ​ជាថ្មី​ដោយ​​ផ្សែង​ពុល​បរិយាកាស

ប៉ារីស រដ្ឋធានី​ប្រទេស​បារាំងនៅ​សប្តាហ៍នេះ រង​គ្រោះធ្ងន់ធ្ងរ ដោយសារ​តែ​ផ្សែងពុល បរិយាកាស​គ្របដណ្តប់​​ក្រាសឃ្មឹក។ ស្ថានភាព​នឹង​កាន់តែ​អាក្រក់ ចាប់ពីថ្ងៃ​សៅរ៍នេះ រហូត​​ដល់​សប្តាហ៍ក្រោយ ដោយសារ​តែ​អាកាសធាតុ កាន់​ចុះត្រជាក់ ក្នុង​ប្រទេស​បារាំង។ អាជ្ញាធរក្រុង​​ប៉ារីស នៅថ្ងៃ​សុក្រ​ម្សិលមិញ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ការពារ​សុខភាព ជីវិត​ប្រជាជន​ក្រុង​ប៉ារីស។  

នៅក្នុង​រយៈពេល ២០​ឆ្នាំ ប៉ារីស​បាន​បង្កើន​ចំណាត់ការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការបញ្ចេញផ្សែងពុល​បរិយាកាស។
នៅក្នុង​រយៈពេល ២០​ឆ្នាំ ប៉ារីស​បាន​បង្កើន​ចំណាត់ការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការបញ្ចេញផ្សែងពុល​បរិយាកាស។ Thomas SAMSON / AFP
ផ្សាយពាណិជ្ជកម្ម

វិធានការ​បន្ទាន់​ដែលសាលាក្រុង​ប៉ារីស ចង់​បាន​ពី​រដ្ឋាភិបាល​បារាំង គឺ​ការចេញ​បញ្ជា​ហាម ឃាត់​មិន​ឲ្យ​រថយន្ត​ចាស់ៗ (ផលិត​មុន​ឆ្នាំ ១៩៩៧) ដែល​បញ្ចេញ​ផ្សែងពុល​ខ្លាំង ធ្វើ​ចរាចរណ៍ ចូល​ក្នុងក្រុង​​ប៉ារីស។

 

រថយន្ត ចង្រ្កាន​ដុតឧស យក​កំដៅ នៅរដូវត្រជាក់ ហើយ​និង​កសិកម្ម គឺ​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​ផ្សែងពុល ដែល​មាន​បង្កប់​ដោយ​សារធាតុ​ល្អិតឆ្មារ PM10។ នៅ​ថ្ងៃ​ព្រហស្បតិ៍ Airparif ​ស្ថាប័ន​តាមដាន​គុណភាព​ខ្យល់ បាន​វាយតម្លៃថា បរិមាណ​សារធាតុ​ល្អិតឆ្មារ បាន​កើនឡើង​ដល់​៦៦​មីក្រូក្រាម ក្នុង​មួយម៉ែត្រគូប​ខ្យល់ ក្នុង​ទីក្រុង​ប៉ារីស និង​១០០​មីក្រូក្រាម ក្នុង​មួយម៉ែត្រគូប នៅក្នុង​តំបន់​ជុំវិញ​ប៉ារីស។ ជា​បរិមាណ​ទ្វេដង លើស​កម្រិត​ ដែល​កំណត់​ដោយ​អង្គការ​សុខភាព​ពិភពលោក។

 

អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​គេ​រង​ទទួល​សារធាតុ​ល្អិតឆ្មារ​ក្នុង​ខ្យល់ពុល​បរិយាកាស​ត្រឹម​តែ​៥០មីក្រូក្រាម និង​ត្រឹម​តែ​បីដង​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ។ បើគេស្រូប​សារធាតុ​ល្អិតឆ្មារ លើស​ពី​ចំនួន​នេះ និង​ញយដង គេ​នឹង​ប្រឈម​រងគ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ។ សារធាតុ​ល្អិតឆ្មារ​ដែល​មាន​នៅក្នុង​ផ្សែងពុល​បរិយាកាស ជាដើមហេតុ ធ្វើ​ឲ្យ​គេ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​គ្រោះថ្នាក់​ដាច់សរសៃឈាម​ខួក្បាល ជម្ងឺ​ផ្លូវដង្ហើម ឬ​មហារីក​ជាដើម។

សូមអាន៖អង្គការ​សុខភាព​ពិភពលោក​៖​ផ្សែងពុល​ក្នុង​បរិយាកាស​សម្លាប់​មនុស្ស ​៧​លាន​នាក់

តាម​ស្ថាប័ន​តាមដាន​គុណភាព​ខ្យល់​ប៉ារីស Airparif តាំង​ពី​ដើម​ឆ្នាំ​នេះប៉ារីស​បាន​ជួប​ស្គាល់​បីដងមកហើយ កម្រិត​ផ្សែងពុល​​ខ្ពស់​។ ​​ភាគច្រើន​នៃ​ផ្សែងពុល​បរិយាកាស នៅ​ប៉ារីស និង​ក្នុង​តំបន់​ជុំវិញ មាន​ដំណើរ​បក់​មកពី​ប្រទេស​អឺរ៉ុប​ខាងកើត ដូចជា​អាល្លឺម៉ង់ ឬ​ប៉ូឡូញ​ជាដើម។

 

នៅ​សប្តាហ៍​នេះ តុលាការ​អឺរ៉ុប ទើប​បាន​សម្រេច​ថ្កោលទោស​រដ្ឋាភិបាល​ប៉ូឡូញ ដែល​បាន​ប្រើ​រោងចក្រ អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម ប្រភព​បញ្ចេញ​ផ្សែងពុល​បរិយាកាស។ អាជ្ញាធរ​ប៉ារីស​បារម្ភថា កត្តា​អាកាសធាតុដែល​នឹង​ ចុះត្រជាក់ ខ្លាំង រហូត​ក្រោម​សូន្យ នៅ​សប្តាហ៍​ក្រោយ នឹង​ធ្វើ​ឲ្យ​ផ្សែងពុល​បរិយាកាស ដែល​បក់​មក​ពី​អឺរ៉ុប​ខាងកើត នៅជាប់​នឹង​ដី នៅ​បន្ត​គ្របដណ្តប់ ក្រុង​ប៉ារីស យូរថ្ងៃ ទៅទៀត ដែលជា​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ប្រជាជន​ប៉ារីស ជាពិសេស​មនុស្សចាស់ និង​កុមារ។ តាម​មន្រ្តីរដ្ឋាភិបាល​បារាំង លោកស្រី Brune Poirson ទទួល​បន្ទុក​ផ្នែក​បរិស្ថាន ផ្សែងពុល​បរិយាកាស​ធ្វើ​ឲ្យ​មនុស្ស​៤ម៉ឺននាក់ ស្លាប់​មុន​អាយុ ក្នុង​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ