អានតួអត្ថបទ

អាល្លឺម៉ង់​រង​ការវាយប្រហារ​អ៊ីនធ័រនែត​ជា​ថ្មី និង​យ៉ាងដំណំ

ជា​ការ​វាយប្រហារអ៊ីនធ័រនែត​​ដ៏​ធ្ងន់ធ្ងរ​ ដែល​អាល្លឺម៉ង់ ​មិន​ធ្លាប់​​ជួប​ប្រទះ​ឡើយ ពីមុន​មក ! មិន​ស្ថាប័ន​តូច​តាច​ទេ ដែល​រងគ្រោះ ! នៅ​លើក​នេះ ពួក​ចោរ​អ៊ីនធ័រនែត បាន​ជ្រើសរើសវាយលុក និង​ជ្រៀត​​ចូលដល់​​​​ប្រព័ន្ធ​បណ្តាញ​ផ្ទៃក្នុង​រដ្ឋាភិបាល ដែល​មាន​ការ​ពារ​បំផុត។ ហើយ​បើ​តំណាង​សភា​អាល្លឺម៉ង់ អះអាង​នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​ កា​រវាយប្រហារ​​កំពុង​បន្ត​មាន​សកម្មភាព​ទៀត នៅ​ពេល​នេះ​ម៉ោង​នេះ។ ទំហំ​នៃ​ការ​ខូច​ខាត បើ​និយាយ​អំពី​ទិន្នន័យ​និង​ខ្លឹម​សារ​ឯកសារ នៅ​ពុំ​ទាន់​កំណត់​បាន​នៅ​ឡើយ​ទេ។ អាល្លឺម៉ង់​សង្ស័យ​ជា​ថ្មី​ម្តង​ថា ជា​ស្នាដៃ​​ក្រុម​ចោរ​អ៊ីនធ័រនែត​រុស្ស៊ី។

ក្រុម​ចោរ​អ៊ីនធ័រនែត​រុស្ស៊ី APT28 ទំនង​ជា​បាន​ជ្រៀត​ចូល​ក្នុង​បណ្តាញ​អាល្លឺម៉ង់​ យ៉ាង​តិច​មួយ​ឆ្នាំ​ហើយ
ក្រុម​ចោរ​អ៊ីនធ័រនែត​រុស្ស៊ី APT28 ទំនង​ជា​បាន​ជ្រៀត​ចូល​ក្នុង​បណ្តាញ​អាល្លឺម៉ង់​ យ៉ាង​តិច​មួយ​ឆ្នាំ​ហើយ Thomas Trutschel/Photothek via Getty Images
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​អ៊ីនធ័រនែត លើ​បណ្តាញ​​ផ្ទៃក្នុងរដ្ឋាភិបាល​ ទំនង​ជា​ស្នាដៃ​របស់​​ក្រុម​ចោរ​អ៊ីនធ័រនែត ATP28 ឬ​ក្រុម​Fancy Bear ដែល​ល្បី​ថា​ស្និទ្ធ​នឹង​របប​ក្រុង​ម៉ូស្គូ និង​ដែល​ជាប់​សង្ស័យ​ថា ​ជា​បាន​លួច​ជ្រៀត​ចូល​លួច​យក​ទិន្និន័យ​សារអ៊ីមែល​របស់​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក មាន​ជាអាទិ៍​លោកស្រី​ ហ៊ីឡារី គ្លីនតុន! នេះ​បើ​តាម​ប្រភព​ស្និទ្ធ​នឹង​ភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់។

បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​អាល្លឺម៉ង់ ក្រុមចោរ​នេះ​បាន​ជ្រៀត​ចូល​ក្នុង​បណ្តាញ​ផ្ទៃក្នុង​រដ្ឋាភិបាល​អាល្លឺម៉ង់ យ៉ាង​ហោច​ណាស់​តាំង​ពី​មួយ​ឆ្នាំ​ហើយ​ ប៉ុន្តែ​អាល្លឺម៉ង់​ទើប​ដឹង​ខ្លួន កាលពី​ខែ​ធ្នូ​កន្លង​ទៅនេះ​ទេ។ ក្រសួង​ការពារ​ជាតិ ក្រសួង​ការបរទេស ក៏​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​​នេះ​ដែរ។ នេះ​បើ​តាម​ប្រភព​ដដែល​ ប៉ុន្តែ​គិត​មក​ត្រឹម​ថ្ងៃ​នេះ គេ​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​នូវ​ឡើង​អំពី​ការ​ខូច​ខាត និង​មិន​ទាន់​ដឹង​ទេ​ថា​តើ​ពួក​ចោរ​អាច​ឈ្លប​ដឹង​លួច​យក​​ទិន្ន័យ​ ឬ​ចម្លង​បាន​​ប៉ុន្មាន​ហើយ​ទេ។

ក្រសួង​មហាផ្ទៃ​បានបញ្ជាក់​ព័ត៌មាន​ នៅ​យប់​ថ្ងៃទី ២៨ កុម្ភៈ ថា​បណ្តា​ញ​អ៊ីនធ័រនែត​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​រង​ការ​វាយប្រហារ​ តែ​គេ​គ្រប់​គ្រង​ស្ថានការណ៍​បាន​ហើយ។ ប៉ុន្តែ​បើ​តាម​គណៈកម្មការ​សភា​អាល្លឺម៉ង់ ទទួល​បន្ទុក​ផ្នែក​សន្តិសុខ និង​ដែល​កំពុង​បើក​ប្រជុំ​នៅ​ថ្ងៃ​ទី ១​មីនា​នេះ ការវាយប្រហារ​​កំពុង​បន្ត​សកម្មភាព​នៅ​ឡើយ និង​ជា​ការ​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាង​ឆ្នាំ​២០១៥​ទៅ​ទៀត។ តែ​តំណាង​សភា​រូប​នេះ មិន​ផ្តល់​ព័ត៌មាន​លម្អិត​អ្វី​ទាំង​អស់​ ទាក់​ទង​នឹង​អត្តសញ្ញាណ​ក្រុម​ចោរ។ សមាជិក​សភា​បក្ស​ប្រឆាំង​អាល្លឺម៉ង់​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ព័ត៌មាន​បន្ថែម ដើម្បី​វាយ​តម្លៃ​អំពី​​ទំហំ​នៃ​វាយប្រហារ​និងបាន​ដឹង​អំពី​ខ្លឹម​សារ​នៃ​ទិន្នន័យ​ដែល​ពួក​ចោរ​ចូល​ដល់។

ការវាយប្រហារ​នេះ បាន​ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​អំពី​ការ​វាយប្រហារ​អ៊ីនធ័រនែត​ឆ្នាំ​២០១៥ ដែល​សភា​អាល្លឺម៉ង់​រងគ្រោះ​យ៉ាង​ខ្លាំង។ បែរឡាំង​ ក៏ធ្លាប់មាន​អារម្មណ៍​​​សង្ស័យ​ដែរ​ កាលពី​ឆ្នាំ​ទៅ​ ថា​អាច​នឹង​មាន​ប្រតិបត្តិការ​វាយប្រហារ​អ៊ីនធ័រនែត​ក្នុង​អំឡុង​ពេល​បោះឆ្នោត តែ​ទៅ​ទី​បំផុត​ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​​​គ្មាន​អ្វី​កើត​ឡើង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ