អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រធានាធិបតីរុស្ស៊ី បាន​ថ្លែង​សារ​ប្រចាំ​ឆ្នាំ ទៅ​កាន់​រដ្ឋសភា​និង​ប្រជាជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្របនឹងកាតព្វកិច្ច ចែងដោយរដ្ឋធម្មនុញ្ញប្រទេស ថ្ងៃព្រហស្បត៏ទី១មិនា លោកប្រធានាធិបតី រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែងសារប្រចាំឆ្នាំ ទៅកាន់រដ្ឋសភា។ ដោយហេតុថា ថ្ងៃ ១៨ មីនាខាងមុខ នៅរុស្ស៊ី ត្រូវប្រព្រឹត្តទៅ ការបោះឆ្នោតប្រធានាធិបតី ដែលមានទាំងរូបលោកពូទីន ជា​បេក្ខជន​ចូលប្រកួតដែរ បានជា បេក្ខជន ៧ នាក់ទៀត នាំគ្នាបកស្រាយសារលើកនេះ ថាជា កម្មវិធី​ឃោសនាបោះឆ្នោត តែម្តង សម្រាប់ ជាគុណប្រយោជន៍បេក្ខភាពគាត់។ មូលហេតុ មកពី តាមពិត គាត់មានភារៈត្រូវថ្លែង សារប្រចាំឆ្នាំនេះ តាំង ពីខែធ្នូម៉្លេះ ប៉ុន្តែ គាត់ចេះតែលើកពេលម្តងហើយម្តងទៀត មកថ្លែង លុះក្នុងខែមីនាទៅហើយ។ គួរនិយាយ ថា វគ្គ នៃសារនោះ ខាងផ្នែកនយោបាយក្រៅប្រទេស ដែលញ៉ាំងឲ្យមានការទះដៃសាទរលាន់រំពង គឺ អំពី ចម្លើយ រុស្ស៊ី តបនឹង សរអា ដែលបានបង្កើត ខែលមីស៊ីលប្រឆាំងមីស៊ីល នៅទ្វីបអឺរ៉ុប ហើយដែលម៉ូស្គូ ចាត់ទុកជា ការគម្រាម ដល់សន្តិសុខ ប្រទេសរុស្ស៊ី។ តាមសំដីលោកពូទីន ចម្លើយរុស្ស៊ី ពិតជាធានាយ៉ាង កក់ក្តៅ ដល់សន្តិសុខជាតិ ហើយប្រែប្រព័ន្ធខែលមីស៊ីលអាមេកាំងនោះ ទៅជាឥតប្រយោជន៍។

លោក​ពូទីន ថ្លែង​ទៅ​កាន់​សភា ថ្ងៃទី ១ មីនា ២០១៨
លោក​ពូទីន ថ្លែង​ទៅ​កាន់​សភា ថ្ងៃទី ១ មីនា ២០១៨ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ក្នុងប្រវត្តិថ្មីបំផុតរបស់រុស្ស៊ី សារប្រឆាំឆ្នាំបែបនេះ ត្រូវបានថ្លែង ២៤ លើកទៅហើយ ដែលពីក្នុងនោះ សម្រាប់លោកពូទីន គឺជាលើកទី១៤។ សារនេះ ដែលបានពន្យារទៅជិត ២ ម៉ោង គឺបូកសរុបតុល្យាការនៃ អាណត្តិគាត់ ក្នុងឆ្នាំ ២០១៧ ដោយរួមក្តោបនយោបាយក្នុងប្រទេស និង ក្រៅប្រទេស។ ខាងនយោបាយ ផ្ទៃក្នុង គាត់បានលើកឡើង អំពីសមិទ្ធិផលនានា វិស័យសង្គម-សេដ្ឋកិច្ច ទាំងលំអិតអំពីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ព្រមទាំងវិស័យសំណង់ វិស័យប្រជាសាស្ត្រ ជាដើម។ គាត់ក៏ចុចទុក ភារកិច្ចដែលត្រូវបំពេញ ក្នុង ៦ ឆ្នាំទៅមុខទៀត។ ម៉្លោះហើយបានជា បេក្ខជន ៧ នាក់ផ្សេង នាំគ្នាបកស្រាយទៅហើយថា សារគាត់ មានទម្រង់ជា កម្មវិធីឃោសនាបោះឆ្នោត សម្រាប់គាត់ជាប់ឆ្នោតមួយអាណត្តិទៀត។

ប៉ុន្តែ ក្នុងវគ្គនយោបាយក្រៅប្រទេស គាត់បានឧទ្ទិសពេលសឹង មួយម៉ោង ដល់ទំនាក់ទំនង ជាមួយ សរអា ខាង វិស័យយោធា។ គាត់ថា រាល់តែសំណើរុស្ស៊ី ខាងធ្វើការងាររួមគ្នា ក្នុងបញ្ហាខែលមីស៊ីលប្រឆាំងមីស៊ីល តែងបានត្រូវ សរអា ទាត់ចោល ។ តាមសំដីលោកពូទីន រុស្ស៊ី អស់ពេលយ៉ាងយូរខំព្យាយាម និយាយជាមួយ សរអា កុំឲ្យបំផ្លាញអី សន្ធិសញ្ញាទ្វេភាគី ទាក់ទងនឹងខែលមីស៊ីលប្រឆាំងមីស៊ីល ដើម្បីកុំឲ្យខូចដល់ “តុល្យភាពយុទ្ធសាស្ត្រ”។ ប៉ុន្តែ ឥតបានការណ៍សោះ។ ដ្បិត ក្នុងឆ្នាំ ២០០២ ភាគីអាមេរិកាំង បានដកខ្លួន ចេញពី សន្ធិសញ្ញានេះ ចុះឆ្នាំ ១៩៧២ រវាង សហភាពសូវៀត និង សរអា។ ប៉ុន្តែសូម្បី ក្រោយពី ការដកខ្លួន ចេញនេះក្តី ក៏ ភាគីរុស្ស៊ី ខំសាកល្បងអស់ពេលយ៉ាងយូរទៅទៀត ដើម្បីចរចាជាមួយសរអា ក្នុង”ស្មារតី ស្ថាបនា”។ តាមលោកប្រមុខរដ្ឋរុស្ស៊ី សំណើម៉ូស្គូ គឺ មិនគ្រាន់តែ ដើម្បីបង្កើតជាបរិយាកាសជាក់លាក់ ឲ្យ មានការជឿទុកចិត្តគ្នា ប៉ុណ្ណោះទេ តែក៏ ធានាដល់មនុស្សជាតិ ឲ្យប្រាសចាកផុតពីការប្រើ ដោយភាគីណា មួយ អាវុធបរមាណូ ទាំងគ្មានដឹងខ្យល់ ហើយសែនគ្រោះថ្នាក់។

សម្រេចសម្រួចទៅ អស់ប៉ុន្មានឆ្នាំជាប់មកហើយ រុស្ស៊ីបានស្រាវជ្រាវបង្កើតឡើងជា ប្រព័ន្ធសព្វាវុធថ្មីបំផុត ដែលមិនធ្លាប់មានទេ នៅក្នុងលោក។

នៅទីបំផុត មេដឹកនាំរុស្ស៊ី បានទម្លាយយ៉ាងសំញ៉ែង ឲ្យគេលឺ និង ថែមទាំងឃើញទៅផង លើផ្ទាំងតារាង ដ៏ធំនៅពីក្រោយខ្នងគាត់ គឺរូបភាពវីដេអូ បង្ហាញអំពីអាវុធថ្មីៗរបស់រុស្ស៊ី សម្រាប់ជំនះ លើប្រព័ន្ធខែលមីស៊ីល អាមេរិកាំង ដើម្បីស្ទាក់ចាប់មីស៊ីលយុទ្ធសាស្ត្រអន្តរទ្វីបរុស្ស៊ី កាលណាបាញ់បង្ហោះចេញពីរុស្ស៊ី សំដៅទៅ សរអា -ប្រព័ន្ធខែលអាមេរិកាំងនោះ ប្រចាំការនៅខាងលិចពីរុស្ស៊ី គឺលើដែនដី រូម៉ានី និង ប៉ូឡូញ និងពីខាង កើត គឺនៅកូរ៉េខាងត្បូង និង ជប៉ុន។

ជាបឋម គឺកាំជ្រួចមីស៊ីលធុនថ្មីរបស់រុស្ស៊ី ឈ្មោះ Sarmat មានទម្ងន់ ២០០ តោន និងពាំក្បាលនុយក្លេអ៊ែរ ចំនួនច្រើនជាង ហើយដក់ជាប់ដោយកម្លាំងវាយប្រហារខ្លាំងជាងមុនឆ្ងាយ។ សំខាន់បំផុត គឺ មីស៊ីលនៃ ខែលអាមេរិកាំងនោះ មិនអាចស្កាត់ចាប់វាឡើយ។ បើមីស៊ីលបាលីស្ទិកអន្តរទ្វីបរុស្ស៊ី ឈ្មោះ Voievod អាច ហោះទៅចម្ងាយ ១១.០០០ គម នោះ មីស៊ីល Samart អាចហោះទៅចម្ងាយណាក៏បានដែរ ទាំងវាយ ប្រហារពី ប៉ូលឧត្តរ ក៏ដូចជាពី ប៉ូលទក្សិណ។ លោកពូទីន កត់សម្គាល់ថា វាជា”អាវុធគួរឲ្យខ្លាចណាស់”។ ទោះ ក្នុងអនាគត នឹងមានលេចចេញមកជាប្រព័ន្ធខែលថ្មីៗក្តី ក៏ មិនអាចរាំងរារំខានដល់ប្រតិបត្តិការ មីស៊ីល Sarmat របស់រុស្ស៊ីឡើយ។

បន្ទាប់មកគឺ កាំជ្រួចនុយក្លេអ៊ែរបណ្តែតធុនតូចៗ បំពាក់ដោយម៉ូទ័រខ្លាំងផុតលេខ ហោះបត់បែនទៅចម្ងាយ ណាក៏បានដែរ ដែលទិសហោះរបស់វាគ្មាននរណាអាចទស្សន៍ទាយឡើយ រួចទោះបី ខែលមីស៊ីលប្រឆាំង មីស៊ីលណាក៏ដោយ គឺ មិនអាចជាឧបសគ្គដល់វា ទាល់តែសោះ។

ទី៣ គឺ មីស៊ីលព្រលែងចេញពីយន្ថហោះប្រដេញ ដែលល្បឿនវា ដល់ទៅ ១០ ដង លឿនជាងសម្លេង ហោះបត់បែន ស្រេចតែចិត្តនៅតាមផ្លូវហោះរបស់វា ដោយធានាជំនះបានយ៉ាងងាយ លើប្រព័ន្ធខែលមីស៊ីល និង ប្រព័ន្ធការពារដែនអាកាសណាក៏ដោយ។ បច្ចុប្បន្ន ក្នុងលោក គ្មានសោះឡើយ កាំជ្រួចបណ្តែតបែប នេះ។ វាអាចវាយប្រហារទីដៅនៅចម្ងាយ ជាង ២.០០០ គម ទាំងពាំផ្ទុករំសេវនុយក្លេអ៊ែរ ក៏ដូចជា ធាតុ TNT ធម្មតា។ ក្រោយពីទទួលការសាកល្បងចប់ស្រេចបាច់ហើយ កាំជ្រួចបណ្តែតនេះ តាំងពីថ្ងៃទី១ធ្នូ ឆ្នាំ២០១៧ បានចូលខ្លួនទៅហើយ ដើម្បីយាមល្បាត ប្រចាំការ នៅយោធភូម៏ខាងត្បូង ប្រទេសរុស្ស៊ី។

ទី៤-គឺនាវាមុជទឹកធុនថ្មី ហៅថា នាវាមុជទឹកដ្រូន ដែលគ្មាននាវិកបើកបរទេ។

តាមសំដីប្រមុខរដ្ឋរុស្ស៊ី នាវាមុជទឹកដ្រូននេះ ជាសមិទ្ធិផលដ៏អស្ចារ្យុ។ ក្នុងដំណាក់ឥឡូវ នៅក្នុងលោក គ្មាន ទេ មធ្យោបាយ សម្រាប់ប្រឈមនឹងវា។ វាបានឆ្លងកាត់ការសាកល្បងរួចស្រេចបាច់ទៅដែរ ក្នុងខែធ្នូ ឆ្នាំទៅ មិញ។ វាមានចំណុះ ១០០ ដង តូចជាងនាវាមុជទឹកទំនើបៗនៅក្នុងលោក។ ហើយវាស៊ីពេល ២០០ដង តិចជាង សម្រាប់ចូលខ្លួនទៅក្នុងរបបប្រយុទ្ធ។ វាអាចចល័តទៅចម្ងាយណាក៏បាន ក្នុងឋានៈជានាវាដ្រូន ឆ្លងទ្វីប ក្នុងជម្រៅសមុទ្រជ្រៅសែនជ្រៅ ដោយល្បឿនវា ដល់ទៅប៉ុន្មានដង លឿនជាងនាវាមុជទឹកធម្មតា។ នាវាមុជទឹកដ្រូននេះ ប្រដាប់ទៅដោយអាវុធសាមញ្ញ ក៏ដូចជាអាវុធនុយក្លេអ៊ែរ។ គោលដៅមួយរបស់វា គឺ កំទេច ក្រុមនាវានាំមុខដោយនាវាផ្ទុកយន្ដហោះ។

តាមសំដីលោកពូទីន សម្រាប់នាវាមុជទឹកដ្រូននេះ នៅមិនទាន់មានឈ្មោះទេ ម៉្លោះហើយបានគាត់ស្នើ ឲ្យបញ្ជូនមក តាមវ៉ែបសៃ ក្រសួងការពារជាតិរុស្ស៊ី នូវឈ្មោះសម្រាប់នាវាធុនថ្មីនេះរបស់រុស្ស៊ី។

លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន សង្កត់ធ្ងន់ថា អ្វីៗដែលរុស្ស៊ី ខំស្រាវជ្រាវបង្កើត គឺតែក្នុងគោលដៅ ការពារខ្លួនឲ្យបានយ៉ាងកក់ក្តៅ ធានាសន្តិសុខសម្រាប់ខ្លួន ហើយគ្មានចេតនាប្រព្រឹត្ត របស់ដែលហៅថា” អំពើឈ្លនាពាន” ដូចដែលបស្ចិមលោករមែងបន្លឺឡើង សោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ