អានតួអត្ថបទ

អាល្លឺម៉ង់និងអាមេរិក​នាំគ្នា​ព្រួយបារម្ភ​នឹងការ​អភិវឌ្ឍ​សព្វាវុធ​ថ្មី​​​របស់​រុស្ស៊ី

លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល និង​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បានទូរស័ព្ទ​រក​គ្នា នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​​សម្តែង​ក្តី​ព្រួយ​បារម្ភ​រួម​គ្នា​ ក្រោយ​ពី​បាន​ឮ​សុន្ទរកថា​របស់​លោក​វ្លាដេមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី អួត​អាងកម្មវិធី​យោធា ​សម្ញែង​គ្រឿង​សពា្វវុធ ទៅ​កាន់​ប្រជាជាតិ។​ ជា​សព្វាវុធ​ថ្មីៗ​ ទំនើបៗ ខ្លះ​លឿន​ជាង​សំឡេង ខ្លះ​បាញ់​បាន​រយៈ​ឆ្ងាយ​គ្មាន​កំណត់ ខ្លះ​អាច​គេច​បត់​បែន​ផ្លូវ​គ្មាន​នរណា​ទាយ​ត្រូវ​ គ្មាន​អ្វី​អាច​កម្ចាត់​បាន​ ...

លោកស្រី​ មែរកិល និង​លោក​ ត្រាំ
លោកស្រី​ មែរកិល និង​លោក​ ត្រាំ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ទូរស័ព្ទ​ពិភាក្សា​ជាមួយ​លោក​ដូណាល់ត្រាំ​រួច លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ នៅ​ថ្ងៃ​សុក្រ​នេះ បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ស្រី និង​លោក​ត្រាំ ចំពោះ​សេចក្តី​ប្រកាសអភិវឌ្ឍន៍​សព្វាវុធ​​របស់​លោក​ពូទីន និងផលវិបាក​នៃ​​​ត្រួត​ពិនិត្យ​អន្តរជាតិ​លើ​ប្រព័ន្ធសព្វាវុធ​រុស្ស៊ី។

ជាទូទៅ​ អាល្លឺម៉ង់​តែង​តែ​ខ្វល់​ខ្វាយ​​ជា​និច្ច​ចំពោះ​នយោបាយ​សន្តិសុខ​រុស្ស៊ី ! រុស្ស៊ី​បង្វៀង​កិច្ចព្រមព្រៀង​​ត្រួត​ពិនិត្យ​អាវុធ រំលោភ​ច្បាប់​អន្តរជាតិ​ដោយ​ច្បាម​យក​តំបន់​គ្រីមេ បូក​បន្ថែម​នឹង​ជម្លោះ​នៅ​ស៊ីរី​ដែល​ជន​ស៊ីវិល​បន្ត​រង​គ្រោះ​មក​ទល់​ថ្ងៃ​នេះទៀត គេពិត​ជា​គ្មាន​មោទនភាព​នឹងស្តាប់​ការ​អួតអាង​សព្វាវុធ​​របស់​រុស្ស៊ី​បាន​ឡើយ ! នេះ​ជា​ការ​គូស​បញ្ជាក់​បន្ថែម​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់។

សូម​អាន ៖ ប្រធានាធិបតី​រុស្ស៊ី​ថ្លែងសុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ

ម្សិលមិញ​ នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សភា និង​ប្រជាជាតិ​រុស្ស៊ី លោក​ពូទីន បាន​ចំណាយ​ពេល​ជិត​មួយ​ម៉ោង​បង្អួត​បង្ហាញ​​អំពី​កម្មវិធី​អភិវឌ្ឍន៍​សព្វាវុធ​ដ៏ទំនើប​ចុង​ក្រោយ​របស់​ខ្លួន ដោយ​ភាព​រូបភាព​ប្រឌិត​ រូបភាព​ក្រាហ្វិកកុំព្យូទ័រ រូបភាព​វីដេអូ​ ជា​ជំនួយ​ការ​យល់​ផង។លោកពូទីន បាន​បង្ហាញ​អាវុធថ្មីៗ​ ជា​កាំជ្រួច​មីស៊ីលនុយក្លេអ៊ែរ​បណ្តែត​ គ្មាន​កំណត់​​​​រយៈ​ចម្ងាយ​ ​លឿន​ជាង​សំលេង​ គ្មាន​នរណា​ទស្សន៍​ទាយទិស​ដៅ​បាន (ដូច​ចេះ​បំបាំង​ខ្លួន) ​ ឬ​អាវុធ​Laser ​ដែល​គេ​នៅ​មិន​ទាន់​អាចលម្អិត​បាន​ទេ​នៅ​ពេល​នេះ។

គ្រាន់​តែ​បាន​ឮ​សុន្ទរកថា​នេះ​ភ្លាម សហរដ្ឋ​អាមេរិក​បានបញ្ចេញ​ប្រតិកម្ម​​ចោទ​ប្រកាន់​ម៉ូស្គូ​ថា​រំលោភ​ដោយ​ចំៗសន្ធិសញ្ញា​អន្តរជាតិ ដែល​រុស្ស៊ី​​ជា​ប្រទេស​ហត្ថលេខីផ្ទាល់​ មាន​ជា​អាទិ៍​សន្ធិសញ្ញា​រំសាយមីស៊ីល​​រយៈ​មធ្យម​ INF (ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៨៧ រវាង​ប្រធានាធិបតី​អាមេរិក Reagan និង​ប្រធានាធិបតី​រុស្ស៊ី Gorbatchev​) និង​សន្ធិសញ្ញា​New Start កាត់​បន្ថយ​បរិមាណ​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ជា​អាវុធ​ប្រល័យ​លោក។

ប៉ុន្តែ​ពាក្យ​ចោទ​ប្រកាន់​អាមេរិក​ទាំង​នេះ ត្រូវ​បាន​រុស្ស៊ី ច្រាន​ចោល​ដោយ​គ្មាន​បង្អង់​ទេ និង​​បដិសេធ​ថា​គ្មាន​ចេតនា​ប្រកួត​ប្រជែង​សព្វាវុធ​ឡើយ។ សម្រាប់​លោក​ពូទីន ការ​អភិវឌ្ឍន៍​សព្វាវុធ​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្ទាល់​របស់​លោក គ្រាន់​តែ​​ជាការ​ឆ្លើយ​​តប​ទៅ នឹង​សកម្មភាព​យោធា​របស់​សហរដ្ឋ​អាមេរិក និង​ពិសេស​ការ​ពង្រាយ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នៅ​អឺរ៉ុប​ខាង​កើត​និង​នៅ​កូរ៉េខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ