ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/11 12h00 GMT
អឺរ៉ុប

ស្ថានភាព​នយោបាយ​អ៊ីតាលី​វិលវល់ ក្រោយ​លទ្ធផល​បោះឆ្នោត​សភា

media  
លោក Luigi Di Maio ប្រមុខ​បក្ស​ចលនាផ្កាយ​៥ M5S ដែល​បាន​ទទួល​សំលេង​នាំ​មុខ​គេ​លើស​ពី 32%. REUTERS/Alessandro Bianchi

អ៊ីតាលី មហាអំណាច​ទី​បី​របស់​ក្រុម​ប្រទេស​ចាយ​លុយ​អឺរ៉ូ ​កំពុងធ្លាក់​ក្នុង​ភាព​ស្រពេច​ស្រពិលនយោបាយ។​​ ​គណបក្ស​ស្តាំ​ជ្រុលនិយម និង​​ចលនា​ផ្កាយ​៥ ដែល​ជា​ចលនា​ប្រឆាំង​អឺរ៉ុប -ប្រឆាំងនឹង​ប្រព័ន្ធ​ដឹកនាំ​បច្ចុប្បន្ន បាន​ទទួល​សំឡេង​នាំ​មុខខ្លាំង ជា​ប្រវត្តិសាស្ត្រ។ មេ​ដឹកនាំ​គណបក្សស្តាំជ្រុល​​និយម ក៏​ដូច​ជា​ប្រមុខ​ចលនា​ផ្កាយ​៥ បាន​ទាមទារ​ រៀងៗ​ខ្លួន ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលីថ្មី​ និង​ច្រាន​ចោល​ការ​​ចង​សម្ព័ន្ធ​ភាព​គ្នា។

អង់គ្លេសដើរ​ចេញ​ពី​អឺរ៉ុប Brexit លោកដូណាល់​ត្រាំ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក អ្នក​ស្តាំនិយមជ្រុល​អឺរ៉ុប​ឡើង​សំឡេង​ខ្លាំង នៅ​ថ្ងៃ​នេះ​ដល់​វេនអ៊ីតាលី​ម្តងដែលកំពុង​វិល​វល់​ នឹង​ការ​ស្ទុះ​ឡើង​ខ្លាំង​នៃ​ក្រុម​អ្នក​ស្តាំ​ជ្រុលនិយម និង​អ្នក​ប្រឆាំង​អឺរ៉ុប។

សម្ព័ន្ធ​ចម្រុះ​អ្នក​ស្តាំនិយម​ បាន​នាំ​សំឡេង​មុខ​គេ​ ដោយ​បាន​ទទួល​ការ​គាំទ្រ​ប្រមាណ​៣៧% (នេះ​បើ​តាម​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​បាន​៩៨%)។​ ប៉ុន្តែ​បើ​គេ​ពិនិត្យ​ឱ្យ​ស៊ី​ជម្រៅ គឺ​គណបក្សសម្ព័ន្ធ ដែល​មាន​និន្នាការ​​ស្តាំ​និយម​ជ្រុល ​ដឹកនាំ​ដោយ​លោក ម៉ាតេអូ សាល់វីនី Mateo Salvini ស្និទ្ធ​នឹង​​គណបក្ស​រណសិរ្ស​ជាតិ​បារាំង ប្រឆាំង​អឺរ៉ុប ប្រឆាំង​នឹង​អន្តោប្រវេសន៍ទេ ដែល​នាំ​មុខ​គេ ក្នុង​សំឡេង​ ប្រមាណ​ជាង ១៧%។

ជាមួយ​លទ្ធផល​នាំ​មុខ​របស់​សម្ព័ន្ធ​ចម្រុះអ្នក​ស្តាំ​និយម​​​នេះ លោក ម៉ាតេអូ សាល់វីនី ​បានស្រែក​ទាមទារ​ភ្លាម ថា​អ្នក​ណា​ឈ្នះ​ អ្នក​នោះ​ជា​ដឹកនាំរដ្ឋាភិបាល។​ ប៉ុន្តែ​​ទស្សនៈ​វិស័យ​នេះ​ ទំនង​ត្រូវ​ជួប​ការ​លំបាក​ ដោយ​សារ​តែ​ចលនា​ផ្កាយ​៥​ ឡើង​សំឡេង​ខ្លាំង!

ចលនា​ផ្កាយ​៥ ឬM5s ក្លាយ​ជា​បក្សនយោបាយ​​នាំ​មុខ​គេ នៅ​អ៊ីតាលី ! មាន​ជំហរ​នយោបាយ​កណ្តាល​និយម ដឹកនាំ​ឃោសនា​បោះឆ្នោត​ដោយ​ឈរ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ប្រព័ន្ធ​នយោបាយ​ចាស់​គំរិល​ ​ ​ចលនា​ផ្កាយ​៥ ដែល​ជា​គណបក្សក្មេង​ខ្ចី​​ បាន​ឈ្នះ​ឆ្នោត​ក្នុង​សំឡេង​ដល់​ទៅ ៣២% ទល់​នឹង​ការ​ព្យាករណ៍​២៨%។ ក្នុង​វ័យ​​៣១​ឆ្នាំ ប្រមុខ​បក្ស​ដ៏​ក្មេង​វ័យ​Luigi Di Maio បាន​ប្រកាស​ កាលពី​រសៀល​ថ្ងៃ​ចន្ទ ថា "​មាន​ទំនួល​ខុស​ត្រូវ​បង្កើត​រដ្ឋាភិបាល ព្រោះ​បក្ស​ចលនា​ផ្កាយ​៥​បាន​ទទួល​សំឡេង​នៅ​តំបន់​ខ្លះ​ដល់​៥០% និង​កន្លែង​ខ្លះ​ទៀត ដល់​៧៥%"។ បដិសេធ​មិន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​បក្ស​​ផ្សេង​ទៀត​ ​គណបក្សចលនា​ផ្កាយ​៥ ​បានត្រៀម​ខ្លួន​ចរចា​ជាមួយ​បង្កើត​រដ្ឋាភិបាល​ជាមួយ​ចរន្ត​នយោបាយ​ផ្សេង​ទៀត ដោយ​ឈរ​លើ​គោលការណ៍​គ្រឹះ​របស់​ចលនា ៖ បំបាត់​ភាព​ក្រីក្រនិងខ្ជះខ្ជាយ អន្តោប្រវេសន៍​និង​សន្តិសុខ​ ការងារ​និង​អភិវឌ្ឍន៍។

ចំណែក​បក្សស្តាំ​និយម​​របស់​លោក បែរលុស្កូនី ដែល​ធ្លាប់​ជា​រំពឹង​របស់​អឺរ៉ុប​ក្នុង​ការ​ទប់​ស្កាល់​ចរន្ត​ប្រឆាំង​អឺរ៉ូ​នៅអ៊ីតាលី​ ត្រូវ​ទទួល​បរាជ័យ​យ៉ាង​ដំណំ (១៤%)។ បក្ស​កាន់​អំណាច​ឆ្វេង​និយម ប្រហែល​ជា​ទទួល​​សំឡេង​មិន​បានពាក់កណ្តាល​នឹង​លទ្ធផល​កាលពី​ឆ្នាំ​២០១៤​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ