អានតួអត្ថបទ

អង់គ្លេស​បញ្ចេញ​ទ័ព​ជួយ​ស្រាវជ្រាវ​សំណុំ​រឿង​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី

សំណុំ​រឿង​អតីត​ភ្នាក់ងារ​ចារកិច្ចរុស្ស៊ី រង​ការ​បំពុល​សារធាតុ​គីមី​ដ៏​មហាពុល កំពុង​ក្លាយ​ជា​សម្ពាធ​ដ៍​ធ្ងន់ធ្ងរ​​សម្រាប់​រដ្ឋាភិបាល​អង់គ្លេស។ នៅ​ថ្ងៃនេះ រដ្ឋាភិបាល​ក្រុង​ឡុងដ៍ បាន​ប្រកាស​បើក​ជំនួប​ប្រជុំ​បន្ទាន់ ហើយ​កាល​ពី​សុក្រ​ម្សិលមិញ ប៉ូលិស​អង់គ្លេស​ បាន​ទៅ​ពឹង​ពាក់​សុំ​កម្លាំង​ជំនួយពី​​យោធា ដើម្បី​ពង្រីក​ការ​ស្រាវជ្រាវ ក្រែង​មាន​ការ​លូក​ដៃ​របស់​រុស្ស៊ី​មែន។ ពាក្យ​ចចាម​អារាម​​កំពុង​ត្រូវ​បាន​បំប៉ោង​គ្រប់​បែប​យ៉ាង​អំពី​វិធានការ​តប​ត​របស់​អង់គ្លេស​ ប្រសិន​បើ​គេ​រក​ឃើញ​ថា​ជា​ស្នាដៃ​រុស្ស៊ី។

ប៉ូលិស​អង់គ្លេស​យាម​នៅ​មុខ​ផ្ទះ​អតីត​ចារកិច្ច​រុស្ស៊ី​ នៅ​ស្រុក Salisbur ភាគ​ខាង​ត្បូង​អង់គ្លេស
ប៉ូលិស​អង់គ្លេស​យាម​នៅ​មុខ​ផ្ទះ​អតីត​ចារកិច្ច​រុស្ស៊ី​ នៅ​ស្រុក Salisbur ភាគ​ខាង​ត្បូង​អង់គ្លេស REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

បើ​​តាម​ប្រភពសារព័ត៌មាន អង់គ្លេស​បាន​បញ្ចេញ​កម្លាំង​កង​ទ័ព​ប្រមាណ​ជា​២​រយ​នាក់ មក​ជួយ​ប៉ូលិស Scotland Yard នៅក្នុង​ការ​ស្រាវជ្រាវ​លើ​ករណី​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី Sergueï Skripal និង​កូន​ស្រី នៅ​ស្រុក សាលីប៊ូរី ភាគ​ខា​ងត្បូង​ប្រទេសអង់គ្លេស។ ជាមួយ​នឹង​សេចក្តី​ប្រកាស​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​ក៏​បាន​អំពាវនាវ​កុំ​ឱ្យ​សាធារណជន​ព្រួយបារម្ភ​ ចំពោះ​វត្តមាន​យោធា និង​នៅ​ពេល​ឃើញ​ដែនស្រាវជ្រាវ​ត្រូវ​បាន​ពង្រីក ! ពង្រីក​ទាំង​បរិវេណ​ជុំ​វិញ​ផ្ទះ​ជនរងគ្រោះ និ​ង​នៅ​តាម​ផ្នូរ​របស់​កូន​ស្រី​ម្នាក់​ទៀត ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​២០១២ ដោយ​ជំងឺ​មហារីក ព្រម​ទាំង​​នៅ​កន្លែង​ឧទ្ទិសវិញ្ញាណក្ខន្ធ​កូនប្រុស​ស្លាប់​កាលពី​ឆ្នាំទៅ ដោយ​ជំងឺ​ថ្លើម។

​អង់គ្លេស ដាច់​ខាតត្រូវប្រឹង​ស្វែង​រក​អ្នក​បង្ក​ហេតុ​ឱ្យ​ឃើញ ព្រោះ​​​មាន​​ភ្នាក់ងារ​ប៉ូលិស​អង់គ្លេស​ម្នាក់​ ​ក៏​កំពុង​រង​គ្រោះ​​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សារ​សារធាតុ​គីមី​​ពុល​នោះ​ដែរ។ ភ្នាក់ងារ​អង់គ្លេស​រូប​នេះ ទំនង​ជា​រង​ជាតិ​ពុល​នៅ​ពេល​ចូល​ទៅ​ស្រាវជ្រាវ​​នៅ​ក្នុង​ផ្ទះ​លោក ស្គ្រីប៉ាល។

រងការ​ចង្អុលមុខ​ខ្លាំង ​រុស្ស៊ី តាម​រយៈ​ប្រសាសន៍​របស់​រដ្ឋមន្ត្រីការបរទេស បាន​បដិសេធ​ដាច់​ខាត​គ្មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ពុល​គីមី​ប៉ង​សម្លាប់​អតីត​ភ្នាក់ងារចារកិច្ច​រុស្ស៊ី​ឡើយ។ ប៉ុន្តែ​​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេសTheresa May ដែល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​នេះ បាន​សន្យា​ថា​ នឹង​ឆ្លើយ​តប​ឱ្យបាន​សក្តិសម​បំផុត​ ប្រសិន​បើ​រក​ឃើញ​ថា​មាន​រដ្ឋ​ណា​ជា​អ្នក​នៅពី​ក្រោយ​សកម្មភាព​ប្រើ​សារធាតុគីមី​ពុល​នេះ។

សូម​អាន ៖ អតីតភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​ត្រូវ​ថ្នាំពុល​ម្យ៉ាង​ដែល​ជា​សារធាតុ​គីមី​កម្រ មាន​តែ​រដ្ឋទេ​អាច​ផលិតបាន

តើ​ជាចម្លើយ​តប​បែបណា ?! បើ​តាម​សារព័ត៌មាន​ The Sun លោកស្រី​មេ បាន​ស្នើ​សុំ​ឱ្យ​រដ្ឋមន្ត្រី​​ត្រៀម​លក្ខណៈ​វាយ​តបថដ៏​ខ្លាំងក្លា តាម​ផ្លូវ​ការទូត​ផង សេដ្ឋកិច្ច​ផង និ​ងយោធាផង។

អង់គ្លេស​មាន​អាវុធ​ការទូត​ខ្លាំង​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ដូច​ជា​ខ្ទប់​ទិដ្ឋាការ​លើ​មនុស្ស​ជំនិត​របស់​ម៉ូស្គូ ដកបុគ្គលិក​ទូត​អង់គ្លេស​ពី​រុស្ស៊ី ឬ​ដេញ​បុគ្គលិក​ទូត​រុស្ស៊ី​ចេញ​ពី​អង់គ្លេស ឬ​បង្កក​ទ្រព្យ​ធន​របស់​មហាសេដ្ឋី​ស្និទ្ធ​នឹង​របប​កាន់​អំណាច​ម៉ូស្គូ ពង្រឹង​វត្តមាន​កងទ័ព​នៅ​អឺរ៉ុប​ខាង​កើត ឬ​មិន​ទៅ​ចូល​រួម​កីឡា​បាល់​ទាត់​ពិភពលោក​ ... នេះ​បើ​តាម​អ្នក​វិភាគ​អង់គ្លេស លោក Mathieu Boulègue៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ