អានតួអត្ថបទ

ពន្ធអាមេរិក ៖ សហភាព​អឺរ៉ុប​ទាមទារ​ការលើកលែង ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​រង់​ចាំ​ការ​បំភ្លឺ​ពី​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​សៅរ៍​នេះ ស្តី​ពី​ការសម្រេច​ចិត្ត​​របស់​​លោក​ដូណាល់ត្រាំ ​ដំឡើង​ពន្ធលើ​ការ​នាំ​ចូល​ដែកថែប​និង​អាលុយមីញ៉ូម។ សម្រាប់​អឺរ៉ុប​ អាមេរិក​គួរ​តែ​លើក​ពន្ធ​នាំ​ចូល​នេះ ចំពោះ​ដៃគូ​អឺរ៉ុប ដូច​អ្វី​ដែល​អាមេរិក​ធ្វើ​ជាមួយ​ម៉ិចស៊ិក និង​កាណាដា បើ​ពុំ​នោះ​ទេសង្គ្រាម​ពាណិជ្ជកម្ម​នឹង​អាច​ផ្ទុះ​ឡើង។

លោក Lighthizer តំណាង​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក និង​លោកស្រី​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប នៅ​ក្រុង​ព្រុចសែល​ថ្ងៃទី ១០ មីនា ២០១៨
លោក Lighthizer តំណាង​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក និង​លោកស្រី​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប នៅ​ក្រុង​ព្រុចសែល​ថ្ងៃទី ១០ មីនា ២០១៨ © Reuters
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ អាច​បញ្ចៀស​បាន ! នេះ​បើ​តាម​​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាល្លឺម៉ង់។ ក្តី​សង្ឃឹម ​រំពឹង​ទាំង​ស្រុង​ទៅ​លើ​​ជំនួប​នា​រសៀល​ថ្ងៃសៅរ៍​ទី ១០​មីនា​នេះ រវាង​តំណាង​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោក Robert Lighthizer និង​ស្នងការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អឺរ៉ុប លោកស្រី Ceciia Malmström ​នៅទីក្រុង​ព្រុចសែល ព្រមទាំង​ជំនួប​ដាច់​ដោយ​ឡែក​មួយទៀត​ជាមួយ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជប៉ុន លោក Hiroshige Seko។

កាល​ពី​ថ្ងៃព្រហស្បតិ៍ លោក​ ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​ប្រកាស​ដំឡើង​ពន្ធ​​នាំចូល​ដែកថែប ២៥% និង​អាលុយមីញ៉ូម ១០% ដែល​នឹង​ចូល​ជា​ធរមាន​នៅ​រវាង​១៥​ថ្ងៃ​ទៀត និង​ដែល​អាមេរិក​អាច​ចរចា​ កែប្រែ​ ឬ​ធ្វើ​ការ​លើក​លែងពន្ធ​ ទៅ​តាម​ករណី​ជាក់ស្តែង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។​

តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច​?! ក្នុង​ឱកាស​ជួប​ប្រជុំ​គ្នា​នេះ សហភាព​អឺរ៉ុប និង​ជប៉ុន បាន​​ដាក់​​​សម្ពាធយ៉ាង​ខ្លាំង​​លើភាគី​អាមេរិក។ ហើយ​ដោយ​មិន​រង់​ចាំ​ចម្លើយ​បំភ្លឺ សហភាព​អឺរ៉ុប និង​ជប៉ុន​ ​បាន​ទាមទារ​អាមេរិក​ចាត់​ទុក​ជា​ប្រទេស​លើក​លែង​ពន្ធ និង​មិន​​យក​​ពន្ធ​ពី​នាំ​ចូល​ដែកថែប​២៥% អាលុយមីញ៉ូម១០% ! សហភាព​អឺរ៉ុប ក៏​បាន​បដិសេធ​ជា​ដាច់​ខាត​រួចហើយ​ថា​នឹង​គ្មាន​ទេ​ការ​ចរចា​រក​កិច្ចព្រមព្រៀង​​មិន​យក​ពន្ធ​នាំ​ចូល​ជា​ថ្នូរ​នឹង​បញ្ហា​សន្តិសុខ​ ដូច​ដែល​អាមេរិក​បាន​ដាក់​លក្ខខណ្ឌ​ជាមួយ​អូស្ត្រាលី។

បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អឺរ៉ុប​ម្នាក់​ អ្វី​ដែល​អឺរ៉ុប​ព្រួយ​បារម្ភ​ខ្លាំង គឺ​ខ្លាច​លោក​ដូណាល់ ត្រាំ ​យកករណី​លើក​​ពន្ធ​នាំ​ចូល ទៅ​ភ្ជាប់​នឹង​កិច្ចព្រមព្រៀង​អ្វី​មួយ។ តាំង​ពី​ឡើង​កាន់​អំណាច​មក លោកត្រាំ បាន​បំផុស និង​បង្ខំ​ឱ្យ​ដៃគូ​អឺរ៉ុបនិង​អូតង់​ទាំង​អស់ ដំឡើង​​ចំណាយ​ថវិកាយោធា​ឱ្យ​ស្មើ​នឹង​២%​នៃ​ប្រាក់​ចំណូល​សរុប​ជាតិ។

គ្មាន​ហេតុ​ផល​អ្វី​ដែល​អាមេរិក​ត្រូវ​ធ្វើ​ជាមួយ​អឺរ៉ុប​យ៉ាង​ដូច្នេះ​ឡើយ។ ប្រសិន​បើ​សហភាព​អឺរ៉ុប​មិន​អាច​ទទួល​បាន​អ្វី​ដូច​ជា​ការ​ទាមទារ​ទេ អឺរ៉ុបត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ប្តឹង​ផ្តល់​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ! វិធានការតប​ត​ត្រូវ​បាន​រៀប​ចំ​ស្ទើរ​រួច​ជា​ស្រេច​ ដែល​អាច​ចាប់អនុវត្ត​បាននៅ​ក្នុង​រវាង​តែ​បី​ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ