ហេតុអ្វីបានជាអង់គ្លេសក្រាលព្រំក្រហមទទួលដំណើរទស្សនកិច្ចបស់ស្តេចស្នងរាជ្យអារ៉ាប៊ីសាអូឌីត?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៤
ស្តេចស្នងរាជ្យអារ៉ាប៊ីសាអូឌីតម៉ូហាមេដ បេន សាលម៉ានទើបបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។ វត្តមានរបស់ព្រះអង្គម្ចាស់សាលម៉ានក្នុងប្រទេសអង់គ្លេសបានធ្វើឡើង ចំពេលដែលប្រទេសអឺរ៉ុបមួយនេះកំពុងរៀបចំនីតិវិធីលែងលះពីសមាជិកសហភាពអឺរ៉ុប។ ក្រៅពីស្វែងរកការគាំទ្រ និងលើកកម្ពស់រូបភាពខ្លួនឯងជាអ្នកកំណែទម្រង់សង្គមអារ៉ាប៊ីសាអូឌីត ស្តេចស្នងរាជ្យអង្គនេះក៏ព្យាយាមអូសទាញអង់គ្លេសធ្វើជាដៃគូពាណិជ្ជកម្មនាពេលអនាគតដែរ។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ស្តេចស្នងរាជ្យអារ៉ាប៊ីសាអូឌីតសាលម៉ានត្រូវបានទីក្រុងឡុងដ៏ក្រាលព្រំក្រហមទទួលតាំងពីថ្ងៃទី១ ដល់ថ្ងៃចុងក្រោយ។ នាឱកាសនោះ ព្រះអង្គម្ចាស់សាលម៉ានបានចូលជួបសន្ទនាជាមួយឥស្សរជននយោបាយ និងសាសនាសំខាន់ៗរបស់អង់គ្លេស ស្រស់ស្រូបអាហារថ្ងៃត្រង់ជាមួយព្រះមហាក្សត្រិយានី Elizabeth ទី២ និងស្រស់ស្រូបអាហារពេលល្ងាចជាមួយលោកស្រីនាយករដ្ឋមន្រ្តី Theresa May។ វត្តមានរបស់ស្តេចស្នងរាជ្យអារ៉ាប៊ីសាអីឌីតសាលម៉ានរយៈពេល ៣ថ្ងៃក្នុងទឹកដីអង់គ្លេសមិនមែនជារឿងចៃដន្យទេ មិនចៃដន្យព្រោះទី១ អង់គ្លេសកំពុងរៀបចំនីតិវិធីលះលែងពីសហភាពអឺរ៉ុប និងទី២ ព្រះអង្គម្ចាស់សាលម៉ានចង់បន្តយុទ្ធនាការផ្សព្វផ្សាយរូបភាពខ្លួនឯងជាអ្នកកំណែទម្រង់សង្គមអារ៉ាប៊ីសាអូឌីត។
សូមជម្រាបជូនថាមានព្រះជន្ម ៣២ព្រះវស្សា ស្តេចស្នងរាជ្យសាលម៉ានមិនញញើតនឹងផ្លាស់ប្តូរសង្គមអារ៉ាប៊ីសាអូឌីតដែលជារបបអភិរក្សនិយមជាងគេមួយនៅក្នុងលោក។ គឺស្តេចស្នងរាជ្យអង្គនេះឯងដែលបានអនុញ្ញាតស្រ្តីឲ្យមានសិទ្ធិបើកបរដូចបុរស និងបានធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិដោយប្តូរពីសេដ្ឋកិច្ចពឹងតែលើចំណូលបានមកពីការលក់ប្រេងឆៅទៅជាសេដ្ឋកិច្ចដែលចំណូលបានមកពីប្រភពផ្សេង។ ផែនការកំណែទម្រង់នេះត្រូវបានព្រះអង្គម្ចាស់សាលម៉ានឲ្យឈ្មោះថា “ផែនការចក្ខុវិស័យ ២០៣០”។ អ្វីដែលព្រះអង្គម្ចាស់សាលម៉ានចង់ប្រាប់អង់គ្លេសតាមរយៈ “ផែនការចក្ខុវិស័យ ២០៣០” គឺមហាសក្តានុពលពាណិជ្ជកម្មដែលទីក្រុងឡុងដ៏ និងទីក្រុងរីយ៉ាដអាចមានជាមួយគ្នា។
ស្តេចស្នងរាជ្យអារ៉ាប៊ីសាអូឌីតអង្គនេះពិតជាយល់មិនច្រឡំទេថា ក្រោយពីអង់គ្លេសបានលែងលះពីសហភាពអឺរ៉ុបជាផ្លូវការហើយ ប្រទេសមេម៉ាយមួយនេះនឹងប្រាកដស្វែងរកដៃគូថ្មីដោយចៀសមិនរួច ពិសេសដៃគូពាណិជ្ជកម្មដើម្បីបន្តរស់។ ដូច្នេះវាពិតជាឱកាសល្អណាស់ដែលអារ៉ាប៊ីសាអូឌីតត្រូវចូលចែចង់បណ្តើរៗឲ្យបានមុនគេដូចដែលពាក្យស្លោកមួយពោលថា ឡានក្រោយចង្អៀតជាងឡានមុខ។ ក្រៅពីសម្តែងឲ្យឃើញពីសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលអង់គ្លេសអាចមានជាមួយអារ៉ាប៊ីសាអូឌីត ទីក្រុងរីយ៉ាដក៏បានធានានៅចំពោះមុខទីក្រុងឡុងដ៏ថា ខ្លួននឹងបន្តជួយអង់គ្លេសឲ្យភ្ជាប់ដៃគូពាណិជ្ជកម្មជាមួយប្រទេសផ្សេងនៅក្នុងតំបន់មជ្ឈិមបូព៌ា និយាយជារួម និងនៅក្នុងពិភពអ៊ីស្លាម និយាយដោយឡែក។
ជាលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃក្នុងទីក្រុងឡុងដ៏របស់ព្រះអង្គម្ចាស់សាលម៉ាន អង់គ្លេស និងអារ៉ាប៊ីសាអូឌីតសន្យាដោះដូរពាណិជ្ជកម្មក្នុងទឹកប្រាក់ជិត ៩០ ០០០លានដុល្លារសម្រាប់ប៉ុន្មានឆ្នាំខាងមុខដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនរួមមាន វិស័យថាមពល ហិរញ្ញវត្ថុ ការពារ និងវិស័យអប់រំ។ តែអ្វីដែលបានលេចធ្លោខ្លាំងជាងគេ គឺកិច្ចសន្យាទិញយន្តហោះចម្បាំងអង់គ្លេសចំនួន ៤៨គ្រឿងពីអារ៉ាប៊ីសាអូឌីតក្នុងទឹកប្រាក់ច្រើនពាន់លានដុល្លារ។ គួរជម្រាបជូនថា អង់គ្លេសជាប្រទេសលក់អាវុធសំខាន់ជាងគេមួយឲ្យអារ៉ាប៊ីសាអូឌីត។ គិតត្រឹមឆមាសទី១ ឆ្នាំ ២០១៧ ទឹកប្រាក់នៃការលក់អាវុធអង់គ្លេសឲ្យអារ៉ាប៊ីសាអូឌីតមានជាង ១ ៥០០លានដុល្លារ។
តែគេមិនត្រូវភ្លេចនិយាយទេថា ការលក់អាវុធអង់គ្លេសឲ្យអារ៉ាប៊ីសាអូឌីតតែងបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ពិសេសទាក់ទងនឹងការដែលអារ៉ាប៊ីសាអូឌីតបានយកទៅប្រើប្រាស់នៅក្នុងសង្រ្គាមនៃប្រទេសយេម៉ែន និងការផ្ទុះរឿងអាស្រូវពុករលួយនៅក្នុងជួរមន្រ្តីអារ៉ាប៊ីសាអូឌីត។ ពិតណាស់ថា ប្រយោជន៍សេដ្ឋកិច្ចជាប្រយោជន៍អាទិភាពដែលទីក្រុងឡុងដ៏ និងអង់គ្លេសសម្លឹងឃើញដូចគ្នា។ ប៉ុន្តែទន្ទឹមគ្នានេះ ក៏នៅមានប្រយោជន៍នយោបាយដែលអារ៉ាប៊ីសាអូឌីតត្រូវការអង់គ្លេសឲ្យគាំទ្រខ្លួនប្រឈមនឹងប្រទេសអ៊ីរ៉ង់ដែលជាសត្រូវស៊ីសាច់ហុតឈាមនៅក្នុងតំបន់។ យ៉ាងណាក៏ដោយគេអាចនិយាយបានជារួមថា ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់ស្តេចស្នងរាជ្យអារ៉ាប៊ីសាអូឌីតសាលម៉ានក្នុងប្រទេសអង់គ្លេសបានបិទបញ្ចប់ដោយភាគីទាំងពីរទទួលបានផលប្រយោជន៍រៀងៗខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ