ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

នាយករដ្ឋមន្រ្តី​អង់គ្លេស​ថា ម៉ូស្គូ​អាច​នៅពីក្រោយ​ការបំពុល​ចារកិច្ច​រុស្ស៊ី

media លោកស្រី​នាយករដ្ឋមន្រ្តីតេរ៉េហ្សា មេ​និយាយ​នៅមុខ​សភា​អង់គ្លេស​នៅថ្ងៃចន្ទ​ទី​១២​មីនា​ថា រុស្ស៊ី​អាច​នៅក្រោយ​ការប្រើ​សារធាតុ​បំពុលសម្លាប់​អតីត​ចារកិច្ច​រុស្ស៊ី ©HO / PRU / AFP

នាយករដ្ឋមន្រ្តី អង់គ្លេស​លោកស្រី តេរ៉េហ្សា មេ នៅថ្ងៃ​ចន្ទ​ម្សិលមិញ បាន​និយាយ​ប្រាប់សភា​​ត​អង់គ្លេស​ថា រុស្ស៊ី អាច​ជាអ្នកទទួល​ខុសត្រូវ​លើ​ការបំពុល​សម្លាប់​អតីត​ចារកិច្ច​រុស្ស៊ី កាលពី​ថ្ងៃ​ទី​៤​មីនា​កន្លងទៅ។ ប្រមុខរដ្ឋាភិបាល​អង់គ្លេស បាន​ប្រកាស​ទុកពេល​២៤ម៉ោង ឲ្យ​ម៉ូស្គូ ចេញមុខ ឆ្លើយបំភ្លឺ មុន​នឹង​អង់គ្លេស​សន្និដ្ឋាន​ជា​ផ្លូវការ​ថា មានការប្រើ​កម្លាំង​រំលោភ​ខុសច្បាប់​ពីសំណាក់​​រុស្ស៊ី។ ភ្លាមៗ អ្នកនាំពាក្យ​របស់​ក្រសួងកាបរទេស​រុស្ស៊ី​បាន​ចាត់ទុក​ការចោទប្រកាន់​របស់លោកស្រី​តេរ៉េហ្សា មេ​ថា​ជាសៀកឆ្ពិនភ្នែក និង​មាន​លក្ខណៈ​ញុះញង់។

ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​ជាលើកទី​១ ឈ្មោះ​រុស្ស៊ី នៅក្នុង​សំណុំរឿង​បំពុល​សម្លាប់​អតីត​ចារកិច្ច​រុស្ស៊ី នៅភាគខាងត្បូង អង់គ្លេស។ នៅក្រោយ​កិច្ចប្រជុំ​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស បាននិយាយ​ប្រាប់​សភា​អង់គ្លេស នៅ​ល្ងាច​ថ្ងៃ​ចន្ទថា រុស្ស៊ី​អាច​នៅពីក្រោយ​ការប្រើ​សារធាតុ​បំពុល សម្លាប់​ អតីត​ចារកិច្ច​រុស្ស៊ី លោក​Skripal ហើយ​កូនស្រី កាលពី​សប្តាហ៍មុន។

 

អ្នកជំនាញ​របស់​មន្ទីពិសោធន៍​អង់គ្លេស​បាន​កំណត់​រកឃើញ​អត្តសញ្ញាណ​របស់​សារធាតុពុល ដែល​គេ​បាន​ប្រើ​ដើម្បី​បំពុល​អតីតចារកិច្ច​រុស្ស៊ី ហើយ​និង​កូនស្រី។ ជាសារធាតុ​ពុល ដែល​រុស្ស៊ី ធ្លាប់​បាន​អភិវឌ្ឍ ផលិតឡើង​សម្រាប់​ទិសដៅ​យោធា។ សម្រាប់​លោកស្រី នាយករដ្ឋមន្រ្តី​អង់គ្លេស អាច​មាន​លទ្ធភាព​ពីរ។ ទី​មួយ​គឺ​រដ្ឋាភិបាល​រុស្ស៊ី​ជាអ្នកទទួល​ខុសត្រូវ​ផ្ទាល់ នៃ​ការប្រើសារធាតុ​បំពុល​អតីតចារកិច្ច​រុស្ស៊ី។ ចំណែកទី​២ ក្រុង​ម៉ូស្គូ​អាច​ជាអ្នកផ្តល់​សារធាតុពុល​ ដែល​កាចសាហាវ បំផ្លាញ ប្រព័ន្ធ​ខួរក្បាល ​ទៅ​ឲ្យ​អ្នកដែល​ចង់​សម្លាប់​លោក​Skripal។

 

នៅក្រោយ​រងសារធាតុពុល លោក​Skripal ហើយ​និងកូនស្រី​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ចំណែក ​ប៉ូលិស​អង់គ្លេស​ម្នាក់​ដែល​បាន​ចូល​ទៅ​ជួយ អតីត​ចារកិច្ច​រុស្ស៊ី ក៏​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ដោយសារ​តែ​សារធាតុ​ពុល​នោះដែរ។ រហូតមកដល់​ថ្ងៃ​ចន្ទ ប៉ូលិស​បាន​រកឃើញ​ដាន​សារធាតុ​ពុល នៅ​ភោជនីយដ្ឋាន ពីរកន្លែង ជាទី​លោក​Skripal និង​កូនស្រី​ធ្លាប់​ចេញចូល រហូត​ដល់​ថ្ងៃ​ដួលសន្លប់។

 

នៅ មុខ​សភាអ្នកតំណាងរាស្រ្ត​អង់គ្លេស លោកស្រី​តេរ៉េហ្សា មេ​បាននិយាយ​ថា អង់គ្លេស​ទុកពេល​ឲ្យ​ម៉ូស្គូ​២៤ម៉ោង ដើម្បី ចេញមុខ​ពន្យល់ និង​ត្រូវបង្ហាញ​ឯកសារ​ទាក់ទង សារធាតុពុល​ទៅ អង្គការ​ហាមឃាត់​អាវុធ​គីមី។ តាម​លោកស្រី​តេរ៉េហ្សា មេ ក្រសួង​ការបរទេស​អង់គ្លេស​បាន​កោះហៅ​រួចហើយ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំក្រុង​ឡុងដ៍ ដើម្បី​ជូនដំណឹង​ពីរឿងនេះ។

 

ក្នុង​ករណីដែល​រុស្ស៊ី មិនអាច​ផ្តល់​ចម្លើយ​គួរ​ឲ្យ​ជឿជាក់ណាមួយ ឲ្យ​បាន​មុន​យប់​ថ្ងៃ​អង្គារ​នេះទេ អង់គ្លេស​នឹង​អាច​សម្រេច​សន្និដ្ឋាន​ថា ពិតជា​មានការប្រើកម្លាំង​រំលោភ​ខុសច្បាប់​ពី​រុស្ស៊ី មកលើ​អង់គ្លេស។ នៅក្នុង​ករណីនេះ ប្រមុខរដ្ឋាភិបាល​អង់គ្លេស​បាន​សន្យា​ថា នឹង​ប្រកាស​ពី​វិធានការ​ប្រឆាំង​តបវិញ នៅ​ថ្ងៃ​ពុធ​ស្អែក។

 

ម៉ូស្គូ​បាន​ប្រតិកម្ម​តបវិញ​យ៉ាងលឿន តាមរយៈ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​រុស្ស៊ី ដែល​បាន​ចាត់ទុក​ការលើកឡើង​របស់​លោកស្រីតេរ៉េហ្សា មេថា ជា​សៀក និង​ញុះញង់។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​ឡុងដ៍​វិញ បាន​ចោទប្រកាន់​រដ្ឋាភិបាល​អង់គ្លេសថា កំពុង​លេងល្បែង​គ្រោះថ្នាក់ ដែល​មានលក្ខណៈ​នយោបាយ ហើយ​ដែល​នឹង​ជះផល​អាក្រក់​វែងឆ្ងាយ​លើ​ទំនាក់ទំនង​រុស្ស៊ី អង់គ្លេស។ នៅ​សប្តាហ៍មុន ពិធីករ​របស់​ទូរទស្សន៍​រុស្ស៊ី ដែល​ជាមនុស្ស​ស្និទ្ធ​នឹង​លោក​ពូទីន​បាន​ចោទ​រដ្ឋាភិបាល​អង់គ្លេស​ថា អ្នកបំពុល​សម្លាប់​អតីត​ចារកិច្ច​រុស្ស៊ី ក្នុង​គោលដៅ​តែមួយ គឺ​រំខាន​ដល់​ការប្រកួតបាល់ទាត់​ពិភពលោក ដែលត្រូវ​រៀបចំ​នាខែ​កក្កដា​ខាងមុខ​នៅរុស្ស៊ី។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ