បំពុលចារកិច្ចរុស្ស៊ី៖ តើអង់គ្លេសនឹងចាត់វិធានការអ្វីប្រឆាំងរុស្ស៊ី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៦
ទំនាក់ទំនងអង់គ្លេស និងរុស្ស៊ី ដែលតានតឹងនឹងគ្នារួចហើយនោះ កំពុងតែធ្លាក់ចុះអាក្រក់មួយកម្រិតទៀត បន្ទាប់ពីលោកស្រី នាយករដ្ឋមន្រ្តីអង់គ្លេស បានចង្អុលមុខ ចោទក្រុងម៉ូស្គូ ថា អាចជាអ្នកនៅពីក្រោយការប្រើសារធាតុបំពុល អតីតចារកិច្ចរុស្ស៊ី លោកសែរហ្គេយ ស្រ្គីប៉ាល់ និងយូលីយ៉ាជាកូនស្រី។ នៅមុខសភាអ្នកតំណាងរាស្រ្តអង់គ្លេស នៅថ្ងៃម្សិលមិញ ប្រមុខរដ្ឋាភិបាលអង់គ្លេស លោកស្រី តេរ៉េហ្សា មេ បាននិយាយទុកពេល២៤ម៉ោង ឲ្យភាគីរុស្ស៊ី ឆ្លើយបំភ្លឺ មុននឹងរដ្ឋាភិបាលលោកស្រី ត្រូវសម្រេចចាត់វិធានប្រឆាំងតបវិញ នៅថ្ងៃពុធ ស្អែក។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អង់គ្លេស នៅថ្ងៃអង្គារបានបើកការប្រជុំដោះស្រាយវិបត្តិបន្ទាន់របស់គណៈកម្មាធិការ Cobra ដើម្បីបូកសរុបលទ្ធផលនៃការស៊ើបអង្កេតទៅលើការបំពុល អតីតចារកិច្ចរុស្ស៊ី លោកសេហ្គេយ ស្រ្គីប៉ាល់ កាលពីថ្ងៃ សប្តាហ៍មុន។ នៅថ្ងៃចន្ទ ម្សិលមិញ លោកស្រីនាយករដ្ឋមន្រ្តី អង់គ្លេស បាននិយាយជាលើកទី១ ថា រុស្ស៊ី អាចជាអ្នកទទួលខុសត្រូវលើការប្រើសារធាតុបំពុល អតីតចារកិច្ចរុស្ស៊ី។
លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសហ៊ាននិយាយថា រុស្ស៊ី ជាអ្នកទទួលខុសត្រូវលើការបំពុលអតីតចារកិច្ចរុស្ស៊ី លោកស្រ្គីប៉ាល់ ដោយសារតែលោកស្រីបានទទួលរបាយការណ៍ ពីមន្ទីរពិសោធន៍វិទ្យាសាស្រ្ត យោធាអង់គ្លេស ដែលបានសរសេរថា អតីតចារកិច្ចរុស្ស៊ី និងកូនស្រី បានរងគ្រោះថ្នាក់ ដោយសារតែសារធាតុបំពុល ប្រភេទ Novitchok។ ថ្នាំពុល ប្រភេទNovitchok ត្រូវបានផលិតឡើង ដោយសហភាពសូវៀត នៅចន្លោះឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៨០។ សម្រាប់លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស ទោះជាសហភាពសូវៀតដួលរលំ ប៉ុន្តែ គេជឿថា រុស្ស៊ីនៅតែអាចមានសមត្ថភាពផលិត សារធាតុពុល Novitchok សម្រាប់គោលដៅយោធា។ មួយវិញទៀត នេះមិនមែនជាលើកទី១ទេ ដែលអតីតចារកិច្ចរុស្ស៊ីត្រូវរងថ្នាំបំពុល សម្លាប់ នៅក្នុងទឹកដីអង់គ្លេស។ អតីតចារកិច្ចរុស្ស៊ីលោកAlexandre Litvinenko ត្រូវបានអតីតចារកិច្ចរុស្ស៊ី សម្លាប់ ដោយលួចដាក់សារធាតុវិទ្យុសកម្មក្នុងទឹកតែ។ នៅឆ្នាំ ២០១៦ គឺ១០ឆ្នាំ ក្រោយមរណភាពរបស់អតីតចារកិច្ចរុស្ស៊ី ទើបអ្នកស៊ើបអង្កេតអង់គ្លេស ហ៊ានសន្និដ្ឋានថា គឺ លោកប្រធានាធិបតីពូទីន ដែលជាអ្នកបញ្ជាឲ្យសម្លាប់លោក Alexandre Litvinenko។ សម្រាប់នាយករដ្ឋមន្រ្តី អង់គ្លេស ការប្រើថ្នាំបំពុលសម្លាប់ជនកក្បត់ជាតិរុស្ស៊ី ជាទម្លាប់ធ្វើរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេស។
លោកស្រី តេរ៉េហ្សា មេ បានឡើងនិយាយនៅសភាអង់គ្លេស កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។ "ពីពេលនេះទៅ វាច្បាស់ណាស់ដែលថា លោកស្រ្គីប៉ាល់ ហើយនិងកូនស្រី ត្រូវបានបំពុលដោយសារធាតុពុល ដែលគេប្រើក្នុងវិស័យយោធា និងដែលផលិតដោយប្រទេសរុស្ស៊ី។ យើងដឹងថា រុស្ស៊ី ធ្លាប់បានផលិតសារធាតុបំពុលនេះ កាលពីអតីតកាល ហើយនិងនៅតែមានសមត្ថភាពផលិតវា នាពេលសព្វថ្ងៃ។ រុស្ស៊ី ធ្លាប់បានបញ្ជាឲ្យមានការសម្លាប់។
យើងដឹងទៀតថា រុស្ស៊ី ធ្លាប់បានចាត់ទុក ទាហានរត់ចោលជួរជាផ្ទាំងស៊ីប ដែលរុស្ស៊ី អាចបំផ្លាញ ដោយស្របច្បាប់។ ជាលទ្ធផល រដ្ឋាភិបាលរបស់យើង បានសន្និដ្ឋានថា វាអាចទៅរួចបំផុត ដែលរុស្ស៊ី ជាអ្នកទទួលខុសត្រូវលើការបំពុល លោកសែរហ្គេយ ស្រ្គីប៉ាល់ ហើយនិងកូនស្រី។ វាអាចថា រដ្ឋអំណាចរុស្ស៊ី ជារៀបចំដោយផ្ទាល់ ដើម្បី ប្រឆាំងអង់គ្លេស ឬអាចថា រដ្ឋាភិបាលរុស្ស៊ី មិនបានត្រួតពិនិត្យ និងបណ្តោយទុកឲ្យសារធាតុពុលរបស់ខ្លួនធ្លាក់ទៅក្នុងដៃរបស់ឧក្រិដ្ឋជន។
នៅល្ងាចនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីនិយាយប្រាប់ពីការសន្និដ្ឋានរបស់យើង។ សហព័ន្ធរុស្ស៊ីត្រូវផ្តល់ជាបន្ទាន់ របាយការណ៍ពេញលេញ និងតម្លាភាព ស្តីពីសារធាតុពុល ទៅអង្គការហាមឃាត់អាវុធគីមី។ ហើយយើងចង់បានចម្លើយ យ៉ាងយូរ នៅយប់ថ្ងៃអង្គារ។"
អង់គ្លេសនឹងចាត់វិធានការប្រឆាំងរុស្ស៊ី បើសិនរុស្ស៊ីមិនឆ្លើយបំភ្លឺឲ្យបានច្បាស់ពីសារធាតុបំពុល
ករណីប្រើថ្នាំបំពុលសម្លាប់អតីតចារកិច្ចរុស្ស៊ី នៅក្នុងទឹកដីអង់គ្លេស ឧស្សាហ៍កើតមានណាស់ ព្រោះថា ជាទូទៅ នៅក្រោយ អតីតចារកិច្ចរុស្ស៊ី តែងតែទៅរត់ជ្រកកោន នៅអង់គ្លេស នៅក្រោយរត់ចោលជួរ ឬក្លាយជាអ្នកប្រឆាំងចេញមុខនឹងរបបម៉ូស្គូ។ ទទួលអ្នកប្រឆាំង ក្បត់ជាតិរុស្ស៊ី ឬអតីតចារកិច្ចរុស្ស៊ី ដែលធ្លាប់ធ្វើការឲ្យក្រសួងស៊ើបការណ៍អង់គ្លេស ដូចជាលោក សេហ្គេយ ស្រ្គីប៉ាល់ បានធ្វើឲ្យអង់គ្លេស ចង់ឬមិនចង់ ត្រូវប្រឈមមុខតានតឹងនឹងរុស្ស៊ី។
ជាក់ស្តែង នៅក្រោយ ពេលអតីតចារកិច្ចរុស្ស៊ី លោកAlexandre Litvinenkoត្រូវបំពុលសម្លាប់ នៅឆ្នាំ ២០០៦ អង់គ្លេស បានចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ដូចជាបណ្តេញមន្រ្តីទូតរុស្ស៊ី កាត់បន្ថយការផ្តល់ទិដ្ឋាការដល់មន្រ្តីរុស្ស៊ី។ រដ្ឋាភិបាលអង់គ្លេសនៅបានបង្កកទ្រព្យសម្បត្តិរបស់ជនសង្ស័យ សម្លាប់លោក Alexandre ទៀតផង។
លើកនេះ លោកស្រីតេរ៉េហ្សា មេ និយាយថា ការបំពុលអតីតចារកិច្ចរុស្ស៊ី ក្នុងទឹកដីអង់គ្លេស គឺស្តែងឲ្យឃើញពីការប្រើកម្លាំងខុសច្បាប់ពីសំណាក់រុស្ស៊ី ដើម្បីវាយប្រហារអង់គ្លេស។ អង់គ្លេសអាចធ្វើដូចមុនៗ គឺ បណ្តេញចេញ មន្រ្តីទូតរុស្ស៊ី ឬលើសពីនោះអាចធ្វើពហិការមិនទៅចូលរួម នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ដែលរុស្ស៊ី ត្រូវរៀបចំ នៅពាក់កណ្តាលឆ្នាំនេះ។ ប៉ុន្តែ អ្នកជំនាញ ជាច្រើននិយាយថា ទណ្ឌកម្មកន្លងមករបស់រុស្ស៊ី គឺមិនសូវមានប្រសិទ្ធិភាព ដាក់សម្ពាធលើរុស្ស៊ី ឲ្យទន់ជង្គង់នោះទេ។ ឧទាហរណ៍ រដ្ឋាភិបាលអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ជនសង្ស័យដែលដាក់សារធាតុវិទ្យុសកម្មសម្លាប់លោក Alexandreកាលពីឆ្នាំ ២០០៦។ ប៉ុន្តែ សព្វថ្ងៃនេះ ជនសង្ស័យម្នាក់ដែលជាអតីតចារកិច្ចរុស្ស៊ី កំពុងមានមុខមាត់ខ្លាំង ក្នុងនាមជាសមាជិកសភាសព្វថ្ងៃរបស់រុស្ស៊ី។
សម្ព័ន្ធមិត្តរបស់អង់គ្លេស នៅស្ងាត់ឈឹង
នៅក្នុងរឿងបំពុលអតីតចារកិច្ចរុស្ស៊ី ក្នុងទឹកដីអង់គ្លេស សម្ព័ន្ធមិត្តរបស់អង់គ្លេស ដូចជាបារាំង អាមេរិក និងអាល្លឺម៉ង់ មិនសូវជាចេញមុខនិយាយច្រើននោះទេ។ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ផ្ទាល់ មិនទាន់បាននិយាយមួយម៉ាត់ ស្តីពីករណីបំពុលអតីតចារកិច្ចអង់គ្លេស។ គេមិនដឹងថា តើលោកដូណាល់ ត្រាំ នឹងមានជំហរយ៉ាងណានោះទេ។ តើលោកត្រាំនឹងគាំទ្រ ជួយអង់គ្លេស ដើម្បីចាត់វិធានការប្រឆាំងរុស្ស៊ីដែរឬទេ។ រហូតមកដល់ថ្ងៃនេះ មានត្រឹមតែរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុណ្ណោះ ដែលបានចេញមុខ គាំទ្រ ជំហររបស់នាយករដ្ឋមន្រ្តីអង់គ្លេស ដែលបានទម្លាក់ការទទួលខុសត្រូវលើរុស្ស៊ី នៅក្នុងរឿងប្រើសារធាតុបំពុល អតីតចារកិច្ចរុស្ស៊ី។ ជំហរគាំទ្ររបស់លោករេចធីល័រសុន មិនសូវមានន័យប៉ុន្មាន ព្រោះរហូតមក រដ្ឋមន្រ្តីការបរទេសអាមេរិក មិនសូវមានជំហរស្របគ្នាប៉ុន្មាននឹងលោកប្រធានាធិបតីអាមេរិក។
នៅអឺរ៉ុបវិញ នៅពេលដែលអង់គ្លេសកំពុងចរចា ដើរចេញ ពីសហភាពអឺរ៉ុប សំឡេងមូលមតិគ្នា គាំទ្រអង់គ្លេស ប្រឆាំងនឹងរុស្ស៊ី ក៏មិនសូវស្រុះគ្នា។ នៅថ្ងៃម្សិលមិញ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសនិយាយថា លោកស្រីតេរ៉េហ្សា មេបាននិយាយទូរស័ព្ទ ជាមួយ លោកប្រធានាធិបតីបារាំង ម៉ាក្រុង ដែលបានប្រាប់ឲ្យអង់គ្លេស ចាត់វិធានការរួមជាមួយ អឺរ៉ុប ដើម្បី ប្រឆាំងនឹងការប្រើកម្លាំងរបស់រុស្ស៊ី។ គេមិនច្បាស់ទេថា តើបារាំងនឹងអាចធ្វើអ្វីប្រឆាំងនឹងរុស្ស៊ីនោះ។ ព្រោះថា ខុសប្លែកពីអង់គ្លេស ដែលនៅតែទាមទារចង់ឲ្យគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី បារាំងជាមួយ អាល្លឺម៉ង់ និងប្រទេសនៅអឺរ៉ុបផ្សេងទៀត ចង់ឲ្យគេបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ក្នុងរឿងលេបយកទឹកដីគ្រីមេរបស់អ៊ុយក្រែន។
និយាយពីអូតង់វិញ អង់គ្លេសអាចស្វែងរកជំនួយគាំទ្រពីអង្គការអូតង់ ដើម្បីប្រឆាំងរុស្ស៊ី។ ប៉ុន្តែ មន្រ្តី អង់គ្លេសម្នាក់បានបញ្ជាក់ថា ទោះជារុស្ស៊ី អាចទទួលខុសត្រូវលើការប្រើថ្នាំបំពុល សម្លាប់អតីតចារកិច្ចរុស្ស៊ី ក្នុងទឹកដីអង់គ្លេសដែលមានន័យស្មើនឹងប្រឆាំងអង់គ្លេស ប៉ុន្តែ អង់គ្លេសនឹងមិនទាមទារឲ្យអូតង់ដាក់អនុវត្តមាត្រា ទី ៥ នោះទេ។ មាត្រានោះ មានចែងពីការចេញមុខ របស់អូតង់ នៅពេល ប្រទេសសមាជិកមួយរបស់អូតង់រងការវាយប្រហារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ