អានតួអត្ថបទ
អង់គ្លេស-រុស្ស៊ី

ការ​បំពុល​​អតីត​​ចារកិច្ច​​រុស្ស៊ី​​៖​អង់គ្លេស​​​​បណ្តេញ​​មន្ត្រី​​ការទូត​​​រុស្ស៊ី​​២៣នាក់​​​

កាលពីថ្ងៃ​អង្គារ អង់គ្លេស​ទុកពេល​២៤ម៉ោង​​អោយ​រុស្ស៊ី​បំភ្លឺ​ជុំវិញ​ការ​បំពុល​លោក​ស៊ែរហ្គេយ គ្រីសប៉ាល់ ជា​​​អតីត​ចារកិច្ច​រុស្ស៊ី ​ឥឡូវនេះ​​​​​ផុត​ឱសានវាទ​ហើយ។ ​ដូច​បាន​ព្រមានទុក​ ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ តេរេហ្សា​ មេ​ បាន​ប្រកាស​ទណ្ឌកម្ម ដោយ​សម្រេច​​​ព្យួរទំនាក់ទំនង​ទ្វេភាគី​ថ្នាក់កំពូល​ជាមួយ​រុស្ស៊ី និងបណ្តេញ​មន្ត្រីទូត​រុស្ស៊ី​២៣នាក់​ចេញ​ពី​អង់គ្លេស។

នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​តេរេហ្សា មេ
នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី​តេរេហ្សា មេ Reuters
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ទូត​រុស្ស៊ី​២៣នាក់ ដែល​អង់គ្លេស​បណ្តេញ​ចេញ​នោះ មានពេល​មួយសប្តាហ៍​ដើម្បី​​ចាកចេញ​ពីអង់គ្លេស។ នៅ​អង់គ្លេស រុស្ស៊ី​មាន​មន្ត្រី​ការទូត​៥៩នាក់។ ការបណ្តេញ​មន្ត្រី​ទូតរុស្ស៊ី និង​ការព្យួរ​ទំនាក់ទំនង​ទ្វេភាគី​ថ្នាក់​កំពូល​ជាមួយ​រុស្ស៊ី ​ជា​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អង់គ្លេស ចំពោះរុស្ស៊ី​ដែល​មិនបាន​ផ្តល់ចម្លើយ​យកជាការ​បាន ​ដើម្បី​​បំភ្លឺ​ជុំវិញ​ការបំពុល​លោក ​ស៊ែរហ្គេយ គ្រីសប៉ាល់ និង​កូនស្រី​យូលីយ៉ា។

ថ្ងៃពុធនេះ នាយករដ្ឋមន្ត្រី​​ លោកស្រី​តេរេហ្សា​ មេ លើកឡើង​នៅ​ចំពោះ​មុខសភាអង់គ្លេស​​ថា​ ​គ្មាន​ការ​សន្និដ្ឋាន​អ្វី​ក្រៅតែពី​ថា រដ្ឋរុស្ស៊ី​ជាប់សង្ស័យ​​ថា ប៉ុនប៉ង​ធ្វើឃាត​លោក​គ្រីសប៉ាល់ និង​កូនស្រី​នោះទេ។ សូមរំលឹក​ថា អតីត​ចារកិច្ច​រុស្ស៊ី​​​ លោកស៊ែរហ្គេយ គ្រីសប៉ាល់ អាយុ​៦៦ឆ្នាំ ​​និង​កូនស្រី​លោក អាយុ​៣៣ឆ្នាំ​ ត្រូវបាន​គេបំពុល​សម្លាប់​ កាលពី​​ថ្ងៃ​៤មីនា​ នៅ​ភាគ​និរតី​អង់គ្លេស។ អង់គ្លេស​ចាត់ទុក​ហេតុការណ៍​នេះ ថា​ជាការ​ប្រើ​កម្លាំង​បាយ​ខុសច្បាប់​ពី​សំណាក់​​រដ្ឋ​រុស្ស៊ី ប្រឆាំង​អង់គ្លេស។

ក្នុង​​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទាក់ទង​សំណុំរឿងនេះ អង់គ្លេស​ក៏​លុបចោល​ផងដែរ មិនអញ្ជើញ​​​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ស៊ែរហ្កី ឡាវ្រូវ អោយ​​មកទស្សនកិច្ច​នៅ​អង់គ្លេស​ទៀត។ ​លើសពីនេះ ​រដ្ឋមន្ត្រី​និង​សមាជិក​គ្រួសារ​ក្សត្រ​អង់គ្លេស​ក៏​មិនទៅជាន់ដីរុស្ស៊ី ដើម្បី​ចូលរួម​ការប្រកួត​បាល់ទាត់ពិភពលោក​​នៅ​រុស្ស៊ី ពាក់កណ្តាល​ឆ្នាំ​នេះ។ ការបំពុល​លោក​គ្រីសប៉ាល់ មិនមែន​ជា​ការបំពុល​ចារកិច្ច​​រុស្ស៊ី​លើកទី១​ទេ ក្នុង​ទឹកដី​អង់គ្លេស។ ថ្ងៃពុធ​នេះ ​លោកស្រី​តេរេហ្សា មេ បាន​រំលឹក​ឡើងវិញ​ផងដែរ នូវ​ការបំពុល​អតីត​ចារកិច្ច​រុស្ស៊ី​មួយរូប​ផ្សេងទៀត ​កាលពី​ឆ្នាំ​២០០៦។ ​កាលនោះ អង់គ្លេស​បាន​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែរ គឺ​បាន​បណ្តេញ​មន្ត្រី​ការទូត​៤នាក់ និង​កាត់បន្ថយ​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រុស្ស៊ី រួមទាំង​បង្កក​ទ្រព្យសម្បត្តិ​ជនដែល​ជាប់​សង្ស័យ​ថាបាន​សម្លាប់អតីតចារកិច្ច​រូបនោះ៕ ​  ​ ​​  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ