ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT
អឺរ៉ុប

អ្នក​ប្រាជ្ញ​រូបវិទ្យា​ Stephen Hawking ទទួល​មរណភាព​ ក្នុង​វ័យ​៧៦​ឆ្នាំ

media លោក Stephen Hawking រូបថត​នៅ​ក្រុង​ឡុងដ៍ ឆ្នាំ​២០១៥ AFP PHOTO / JUSTIN TALLIS

រូបវិទូ ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ជាតិ​អង់គ្លេស​ដ៏​ល្បីល្បាញ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ថ្មី​ លោក Stephen Hawking បាន​ទទួល​មរណភាព​ នៅ​ថ្ងៃពុធ​ទី ១៤ មីនា ២០១៨ ក្នុង​ជន្មាយុ ៧៦​ឆ្នាំ។ លោក​បាន​ខិត​ខំ​ស្រាវជ្រាវ​ ទម្លាយ​អាថ៌កំបាំង​របស់​ចក្រវាឡ ទាំង​ខ្លួន​លោក​មាន​ជំងឺ ធ្លាក់​ខ្លួន​ពិការ និយាយ​មិន​ចេញ កម្រើក​បាន​តែ​ម្រាម​ដៃ​មួយ សម្រាប់​វាយ​អក្សរ។

លោក Stephen Hawking មាន​ឈ្មោះ​ល្បី​រន្ទឺ ពេញ​ពិភពលោក តាម​រយៈ​​ស្នាដៃ​ស្រាវជ្រាវ​ជា​ច្រើន ប្រមាណ​១៣០​ អត្ថបទ ស្តី​អំពី​អវកាស អំពី​រូបវិទ្យា ភាព​ងងឹត ... ដែល​សឹង​ថា​មាន​តែ​អ្នក​វិទ្យាសាស្ត្រខ្លាំងៗ​​មួយ​ក្តាប់​តូច​អាច​អាន​យល់។ ភាព​ល្បី​ល្បាញ​របស់​លោក មាន​កាន់​តែ​ខ្លាំង តាម​រយៈ​ការ​សរសេរ​សៀវភៅ​មួយ​ក្បាល​ស្តីអំពី ប្រវត្តិ​ខ្លី​នៃ​ពេល “A brief history of Time​” ចេញ​លក់​នៅ​ឆ្នាំ​១៩៨៨ និង​ជា​សៀវភៅ​ដែល​លក់​ដាច់​ជាង​បង្អស់ នៅ​លើ​ពិភពលោក ដោយ​លក់​អស់​ដល់​ទៅ​រាប់​លាន​ក្បាល។

ក្នុង​ពិភពលោក​អ្នក​វិទ្យាសាស្ត្រ បន្ទាប់​ពីអ្នក​ប្រាជ្ញ Albert Einstein គឺ​លោក Stephen Hawking នេះហើយ។

ទន្ទឹម​នឹង​សមត្ថភាព​ផ្នែក​បញ្ញា​គ្មាន​ប្រៀប លោក Stephen Hawking ត្រូវ​រស់​ប្រឈម​នឹង​ភាព​ពិការ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​ខូច​ប្រព័ន្ធ​ប្រសាទ​ដ៏​កម្រ។ ជំងឺ​ដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​សមត្ថភាព​​ផ្នែក​សពាង្គកាយ​ស្ទើរ​ទាំង​ស្រុង អាច​បញ្ចេញអារម្មណ៍​ មតិ​យោបល់ តែ​តាម​រយៈ​ម្រាម​ដៃមួយ​គត់ ចុច​ក្តារកុំ​ព្យូទ័រសរសេរ និង​ការ​កន្ទ្រាក់​សាច់​មុខ សម្រាប់​ធ្វើ​សំយោគ​សំឡេង ប៉ុន្តែមាន​បញ្ញា និង​​ខួរ​ក្បាល​ខ្លាំង​ក្រៃ។ ​ចូលចិត្ត​​កំប្លុក​កំប្លែង លោក​​ ធ្លាប់​បាន​និយាយ​ថា ពិការភាព​របស់​លោក​ជា​ចំណែក​មួយ​ភាព​ល្បីល្បាញ។

កើត​​នៅ​Oxford ថ្ងៃទី​៨ មករា ឆ្នាំ​១៩៤២ ត្រូវ​នឹង​៣០០​ថ្ងៃ​គត់​ក្រោយ​មរណភាព​របស់ Galilée។ លោក​ Stephen Hawking ជា​ក្មេង​ដែលខ្ជិល​ មិន​សូវ​ចូល​ចិត្ត​សាលា​រៀនទេ រវល់​គិត​ស្រមៃ​ និង​បង្កើត​ល្បែង​លេង​ជា​ក្រុមដែល​មាន​ក្បួន​ច្បាប់​ប្លែកៗ ផលិត​កាំជ្រួច ឬ​គំរូ​កុំព្យូទ័រ ... ពោល​គឺលោក​មាន​ជំនាងខ្លាំង​លើ​​ផ្នែក​​វិទ្យាសាស្ត្រ​រូបវិទ្យា ដែល​បាន​ចូល​សិក្សា​យក​ជំនាញ​នៅ​មហាវិទ្យាល័យ Oxfordនៅ​ឆ្នាំ​១៩៥៩។

លោក​មាន​ភាព​វ័យ​ឆ្លាត ងឿងឆ្ងល់​ និង​តស៊ូ​ព្យាបាល ប្លែក​ខុស​ពី​មនុស្ស​ទូទៅ។ បី​ឆ្នាំ​ក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៦២ លោក​បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Cambridge ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​ផ្នែក​តារាវិទ្យា។ ប៉ុន្តែ​ជា​សំណាងអាក្រក់ ពេល​ចូល​ដល់​វ័យ​២១​ឆ្នាំ (១៩៦៤) លោក​បាន​ធ្លាក់​ខ្លួន​ឈឺ ជំងឺ​ដ៏​ខូច​ប្រព័ន្ធ​ប្រសាទ​ដ៏​កម្រ មាន​ឈ្មោះថា ជំងឺ​Chacot ដែល​ធ្វើ​ឱ្យលោក​ធ្លាក់​ខ្លួន​ពិការ​បន្តិច​ម្តងៗ​។ កាលណោះ គ្រូពេទ្យ គិត​ថា​លោក​អាច​មាន​ពេល​រស់​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ! មិន​ថា​តើ​លោក​អាចបញ្ចប់​និក្ខេបទ​ថ្នាក់​បណ្ឌិត​របស់​លោក​បាន​ឬ​អត់​ឡើយ។ ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​លោកមាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត តែត្រូវ​បាន​ជា​​ដោយ​សារ​និស្ស័យ​ស្នេហ៍ ​ជួប​យុវតី​និស្សិត Jane Wilde ដែល​លោក​បាន​រៀប​ការ​ជាមួយ​នៅ​ឆ្នាំ​១៩៦៥ និង​រួម​រស់​ជាមួយ មាន​កូន​បី​នាក់ ក្នុង​​រយៈ​ពេល​៣០​ឆ្នាំ។

នៅ​ឆ្នាំ​១៩៧៤ លោក​លែង​មាន​សមត្ថភាព​ហូប​ចុក និង​ងើប​ឈរ​អង្គុយ​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​បាត់​បង់​សមត្ថភាព​និយាយ​ស្តី​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៨៥។

ប៉ុន្តែ​ស្មារតី និង​បញ្ញា គ្មាន​ប្រែប្រួល ! បំណង​ដ៏​សាមញ្ញ​របស់​លោក គឺ​សិក្សា​ស្រាវជ្រាវ​ដើម្បី​បាន​យល់​ទាំងស្រុង ពី​ចក្រវាឡ ថាហេតុ​អ្វី​បាន​ជា​ដូច្នេះ និង​ហេតុ​អ្វី​បាន​ជា​កើត​ឡើង។

នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ លោក​បាន​អភិវឌ្ឍន៍​ទ្រឹស្តី ស្តីពី​ ភាព​ងងឹត ប្រហោងខ្មៅ និង​ពន្លឺ ព្រមទាំង​កាំរស្មី ដែលពេល​នេះ​ជាប់​ជា​ក្បួន​សិក្សា​​ឈ្មោះ​ថា កាំរស្មី​Hawking។ លោក​គឺ​ជា​ជន​ទី​មួយ ដែល​សិក្សា​ពន្យល់​អំពី​​ដំណើរការ​នៃ​ចក្រវាឡ អំពី យន្តការ​កង់ទិច និង​ដែល​គួរ​តែ​អាច​បាន​ទទួលពាន​រង្វាន់​ណូបែល​រូបវិទ្យា​ផង ប្រសិន​បើ​មាន​ពិសោធន៍​បង្ហាញ។

នៅ​ឆ្នាំ​១៩៨៨ លោក​បាន​បោះផ្សាយ​​សៀវភៅ​​ អំពី​ប្រវត្តិ​នៃ​ពេល សម្រាប់​ពន្យល់​អ្នក​អានជាពលរដ្ឋ​​សាមញ្ញ អំពី​គោលការណ៍​នៃ​លោហធាតុវិទ្យា ពី​បន្ទុះ​ធំ​ទៅ​ទ្រឹស្តី​ខ្សែ​អក្សរ។ ពុំ​ដែ​ល​ធ្លាប់​មាន​ទេ សៀវភៅ​វិទ្យាសាស្ត្រ​ទទួល​បាន​ការ​អាច​ច្រើន​យ៉ាង​ដូច្នេះ !

បាន​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​មាន​ប្រជាប្រិយភាព ! លោក​បាន​បង្កើន​យុទ្ធនាការ​ឃោសនា​គាំទ្រ​ការ​ស្រាវជ្រាវវិទ្យាសាស្ត្រ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ដោយ​មាន​និស្ស័យ​កំប្លុកកំប្លែង ពូកែ​ខាង​ទំនាក់ទំនង​​ លោក​ក៏​​មាន​ចំណែក​ និង​​ដើរ​តួ​ក្នុង​រឿង​ភាគ​ Star Trek រឿង​ The Big Bang Theory និង​រឿង The Simpsons៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ