អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឧស្សាហកម្មអាវុធ ៖ តើ​នរណា​ជា​អតិថិជន​ពិត​របស់​បារាំង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឧស្សាហកម្ម​អាវុធ​របស់​បារាំង បាន​ស្គាល់​កំណើន​នៅលើ​ទីផ្សារ​អន្តរជាតិ​ យ៉ាង​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ (២០១៣-២០១៧)។ បើ​តាម​វិទ្យាស្ថានស្រាវជ្រាវ​អន្តរជាតិ​ដើម្បី​សន្តិភាព Sipri ​បារាំង ពេល​នេះ បាន​​ក្លាយ​​ប្រទេសនាំ​ចេញ​អាវុធ​លំដាប់​ទី​បី​ពិភពលោក។ តើ​បារាំង​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ណា​ខ្លះ ? តើ​មាន​សព្វាវុធ​បារាំង មាន​ហានិភ័យ​ធ្លាក់​ក្នុង​ដៃ​រដ្ឋាភិបាលដែល​ប្រើ​អាវុធ​សម្លាប់​ប្រជាជន​ស៊ីវិល​ដែរឬទេ​?

យន្ត​ហោះ​ប្រដេញ​Rafale របស់​បារាំង
យន្ត​ហោះ​ប្រដេញ​Rafale របស់​បារាំង rafalesolodisplay.com
ផ្សាយពាណិជ្ជកម្ម

ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧ ទីផ្សារ​​សព្វាវុធ​នៅ​លើ​ពិភពលោក បាន​កើន​​ឡើង​ ជាលក្ខណៈ​សកល ក្នុង​កំរិត​ ១០% បើ​ប្រៀប​ទៅ​នឹង​អាណត្តិ​២០០៨-២០១២។ នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ដើម្បី​សន្តិភាព ​ដែល​មាន​ទីស្នាក់ការ​នៅ​ស្តុកខុម ឬ​ហៅ​កាត់​ថាវិទ្យាស្ថាន​ ​ស៊ីព្រី ចេញ​ផ្សាយ​នៅ​ថ្ងៃទី ១២​មីនា២០១៨។

ទីផ្សារ​សព្វាវុធ​​ពិភពលោក នៅ​តែ​គ្រប​ដណ្តប់​យ៉ាង​ខ្លាំង ដល់​ទៅ ៣៤​% ដោយ​សហរដ្ឋ​អាមេរិក ប្រទេស​នាំ​ចេញ​អាវុធ​លំដាប់​លេខ​មួយដដែល។ ចំណែក​រុស្ស៊ី ប្រទេស​នាំ​ចេញ​​អាវុធ​លំដាប់​ទីពីរពិភពលោក​ និង​តំណាង​ឱ្យ​​២២%​នៃ​ទីផ្សារ​សព្វាវុធ​ពិភពលោកវិញ ​បាន​ស្គាល់​ការ​ថយ​ចុះ​ខ្លាំង ​ក្នុង​កំរិត​ ប្រមាណ​ជាង​៧% បើ​ទោះ​បី​ជា​រុស្ស៊ី​មាន​ជោគជ័យ​ខ្លាំង​នៅ​ឥណ្ឌា ចិន​និង​វៀតណាមយ៉ាងណា​​ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ​​ក្នុង​ខណៈ​ដែល​ទីផ្សារ​សព្វាវុធ​ពិភពលោក​មាន​កំណើន​១០%​នេះ ​ចំពោះ​​​​បារាំងវិញ ជំនួញ​លក់​អាវុធ​បាន​ស្ទុះ​ឡើង​ខ្លាំង ​ដល់ទៅ ២៧% ! ​​ពេល​នេះ បារាំង​ដណ្តើម​បាន​​ចំណែក​នៅ​ទីផ្សារ​អាវុធប្រមាណ​៦,៧% ទល់​នឹង​៥,៨% កាលពី​៥​ឆ្នាំ​មុន។ ជា​មួយ​នឹង​កំណើន​នេះ បារាំង​បាន​វ៉ារ​ឈ្នះ​ និង​ដណ្តើម​យក​ចំណាត់​ថ្នាក់របស់​អាល្លឺម៉ង់ ដែល​ការ​លក់​អាវុធ​បាន​ថយ​ចុះ​ដល់​ទៅ ១៤% ក្នុង​រយៈ​ពេល​ដូចគ្នា។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពេល​នេះ បារាំង​បាន​ចូល​ចំណោម ​ក្លាយ​​ជា​ប្រទេស​នាំ​ចេញ ឬ​លក់​អាវុធ​ លំដាប់​ទី​បីដំបូង​គេ​​នៅ​លើ​ពិភពលោក។

ចុះ​តើ​នរណា​ជា​អតិថិជន​របស់​បារាំង ? និង​ដែល​បាន​ជួយ​បារាំង​ឱ្យ​ក្លាយ​ជា​មហាអំណាច​លក់​អាវុធ​លំដាប់ទីបី ? តើ​បារាំងអាច​​លក់​អាវុធ​ទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយសម្រាប់​​យក​ទម្លាក់​សម្លាប់​ប្រជាពលរដ្ឋ​ស៊ីវិលដែរឬទេ ?! ក្នុង​បរិបទ​ដែល​ពិភពលោក​​កំពុង​ប្រឈម​នឹង​សង្គ្រាម​​ ជា​​ច្រើន ដូច្នេះ​​ ការសួរ​រក​មុខ​អ្នក​ទិញ​ ជា​សំណួរ​ដ៏​សក្តិសម។

ចម្លើយ​គឺ សម្រាប់ពេល​នេះ ក្នុង​ចំណោម​ប្រទេស​ចំនួន​៨១ ជា​អតិថិជន​របស់បារាំង ឥណ្ឌា​បាន​មក​ឈរ​នៅ​ជួរ​មុខ លំដាប់​​ទី​មួយ​ ​! ដោយ​រាប់​ទាំង​​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ចំនួន ៣៦​គ្រឿង កាលពី​ពីរបី​ឆ្នាំ​មុនផង ឥណ្ឌា​បាន​ទិញ​គ្រឿង​សព្វាវុធ​ពី​បារាំង កាន់​តែ​ច្រើន​ឡើងៗ ក្នុង​ល្បឿ​ន​កំណើន​ដល់​ទៅ ២៤,៥% ក្នុង​រយៈ​ពេល​តែ​៥​ឆ្នាំ។ ​ប្រឈម​នឹង​ភាព​តាន​តឹង​ម្ខាង​ជាមួយ​ចិន និង​ម្ខាង​ទៀត​ជាមួយ​ប៉ាគីស្ថាន ឥណ្ឌាបង្ខំ​ចិត្ត​ត្រូវ​បង្កើន​សមត្ថភាព​យោធា លើ​ផ្នែក​សព្វាវុធ​សំខាន់ៗ​ចាំបាច់​ ដែល​ឥណ្ឌា​ខ្លួន​ឯង​ពុំទាន់​មាន​សមត្ថភាព​ផលិត​នៅ​ឡើយ។

ជាង​នេះ​ទៅ​​ទៀត ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង នៅ​ឥណ្ឌា​សប្តាហ៍​នេះ ជា​ការ​ផ្តល់​សន្ទុះ​​ថ្មី​មួយ​ទៀត ក្នុងសង់​គ្រឹះ​ឆ្លង​ទៅ​រក​​កិច្ចសន្យាសព្វាវុធ​ សមា្រប់​អនាគត។ បើ​និយាយ​ជា​រួម​ទៅ​ ឥណ្ឌា​ជា​អតិថិជន​ស្រូប​ទិញ​អាវុធ​ពី​បារាំង ក្នុង​ទំហំ​១២%​នៃ​ទីផ្សារ​បារាំង​ទាំង​មូល។

អតិថិជន​​​លំដាប់​ទីពីរ របស់​បារាំង គឺ​ប្រទេស​អារ៉ាប៊ីសាអូឌីត (១០%) បន្ទាប់​មក​មាន​អេហ្ស៊ីប (៥%) និង​អេមៀរ៉ាអារ៉ាប់រួម ៤,៥%។ ផ្ទុយ​ទៅ​វិញ គ្មាន​បណ្តា​ប្រទេសណាមួយ​​នៅ​ក្នុងសហភាព​អឺរ៉ុប ទិញ​អាវុធ​ពី​បារាំង​ទេ។ អង់គ្លេស​ អាល្លឺម៉ង់ អ៊ីតាលី ... សុទ្ធ​តែ​ជា​ប្រទេស​ឧស្សាហកម្ម​អាវុធ អាច​ផលិតលក់​និង​ប្រើ​ខ្លួន​ឯង​យ៉ាង​គ្រប់គ្រាន់។ ចំណែក​ក្រុម​ប្រទេស​អឺរ៉ុប នៅ​ភាគ​ខាង​កើត ពួក​គេ​សុខ​ចិត្ត​ងាក​ទៅ​ទិញ​អាវុធ​ពី​សហរដ្ឋ​អាមេរិក​ ដើម្បី​បាន​ជា​ថ្នូរ​មក​វិញ​នូវ​កិច្ចការពារ ក្នុង​ក្របខ័ណ្ឌ​អូតង់។

ចិន​ក៏​ធ្លាប់​ជា​អតិថិជន​ដ៏​សំខាន់​មួយ​របស់​បារាំង​ដែរ ! ប៉ុន្តែ​ពេល​នេះ ចិន​បាន​បង្កើន​សមត្ថភាព​យោធា​ អាច​ផលិត​អាវុធ​យុទ្ធភណ្ឌ​ និង​សព្វាវុធ បាន​ដោយ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ឡើងៗ។ ចិនបាន​ក្លាយ​ខ្លួន​ជា​ប្រទេស​​លំដាប់​ទី​៥​ពិភពលោក​ ខាង​ទិញ​អាវុធ​ផង និង​ខាង​លក់​អាវុធ​ផង។

ចុះ​ស៊ីរី​និង​យេម៉ែន ដែល​កំពុង​លង់​ក្នុង​ភ្លើង​សង្គ្រាម​ យ៉ាង​សន្ធោសន្ធៅ តើ​មាន​ក្នុង​បញ្ជី​បារាំង​ដែរឬទេ ? អាវុធ​បារាំង​មាន​បើ​នៅ​ទី​នោះ​ឬអត់ ? បើ​តាម​អ្នក​សារព័ត៌មាន​បារាំង គឺ​មាន ! មាន​ប្រើ​នៅ​យេម៉ែន។ យន្តហោះ​របស់​ក្រុមប្រទេស​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស ជាពិសេស​កងទ័ព​​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ប្រមុខ​ដឹកនាំ​សម្ព័ន្ធ​អន្តរជាតិ​នៅ​យេម៉ែន តែង​តែ​ប្រើ​ប្រាស់​ជា​ញឹកញាប់​យន្តហោះ អាវុធ​គ្រឿង​រំសេវ​ ផលិត​ដោយ​​​បារាំង។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ក្រសួង​ការពារ​ជាតិ​បារាំង​ទើស​ទ័ល​ខ្លាំង​ណាស់។ ប៉ុន្តែ​មិន​សូវ​មាន​ប្រើ​ទេ​អាវុធ​យុទ្ធភ័ណ្ឌ​បារាំង​ ​ក្នុង​ប្រទេស​ស៊ីរី ! ព្រោះ​យោធាស៊ីរី​​របស់​លោក បាស្ហារ អាល់អាសាទ បំពាក់​អាវុធ នាំ​ចូល​មក​ពី​​រុស្ស៊ី ​ស្ទើរ​តែ​ទាំង​ស្រុង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​វិភាគ​ខ្លះ​យល់​ថា ការ​ដែល​រុស្ស៊ី​គាំទ្រយ៉ាង​ពេញ​ទំហឹង​របប​ក្រុង​ដាម៉ាស គឺ​ដូច​ជា​បាន​គាំទ្រ​ឧស្សាហកម្ម​អាវុធ​របស់​រុស្ស៊ី​ខ្លួន​ឯង​ យ៉ាង​ដូច្នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ