អានតួអត្ថបទ
រុស្ស៊ី-អង់គ្លេស

ម៉ូស្គូ​ហៅ​ការបណ្តេញ​ពួកអ្នកការទូត​រុស្ស៊ី​ចេញ​ពី​អង់គ្លេស ថា​ជា” អំពើ​បង្កហេតុ សែន​កម្រោល​មិនធ្លាប់មាន”

ក្រសួង​ការបរទេស​រុស្ស៊ី ល្ងាច​ថ្ងៃពុធ ១៤​មីនា បាន​ចេញ​សេចក្តីថ្លែងការណ៍ ជាផ្លូវការ ទាក់ទង នឹង​ការសម្រេចចិត្ត​របស់ រដ្ឋាភិបាល​អង់គ្លេស បណ្តេញ​ពួកអ្នកការទូត​រុស្ស៊ី ២៣ នាក់ និង​វិធានការ មួយ​ចំនួនទៀត ចាត់​ដោយ​ក្រុងឡុងដ៍ ទល់​នឹង​ម៉ូស្គូ ជា​ចម្លើយតប​នឹង ការវាយប្រហារ​នៃ​សារធាតុ​គីមីពុល ដែល​បាន​ប្រព្រឹត្ត​ទៅ ក្នុង​ប្រទេស​អង់គ្លេស កាល​ពី ១០ ថ្ងៃមុន។  

ប្រធានាធិបតី​រុស្ស៊ី​នៅ​ខែ​មីនា ២០១៨
ប្រធានាធិបតី​រុស្ស៊ី​នៅ​ខែ​មីនា ២០១៨ Sputnik/Alexei Nikolskyi/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

ដោយ​ហេតុថា ក្នុង​ការវាយប្រហារ​នោះ តាមព័ត៌មាន​ផ្សព្វផ្សាយ ដោយ​ភាគី​អង់គ្លេស មាន​ប្រើ សារធាតុពុល​ខ្លាំងក្រៃ ដែល​ផលិត នៅ​សហព័ន្ធ​រុស្ស៊ី បានជា​សេចក្តីថ្លែងការណ៍​ក្រសួង​ការបរទេស​រុស្ស៊ី ហៅ សកម្មភាព​ប្រព្រឹត្ត ដោយ​ក្រុងឡុងដ៍ ជា​ចម្លើយទល់​នឹង​ម៉ូស្គូ ថា ជា “អំពើ​បង្កហេតុ​សែន​កម្រោល​មិនធ្លាប់ មាន” ដែលនាំ​ឲ្យ​រង្គោះរង្គើ​ដល់ គ្រឹះ​មូលដ្ឋាន​នៃ កិច្ចសន្ទនា ជា​ប្រក្រតី ធម្មតា រវាង​រដ្ឋ និងរដ្ឋ។

ក្រសួង​ការបរទេស​រុស្ស៊ី គូស​បញ្ជាក់ តមក​ទៀត ៖ ម៉ូស្គូ ចាត់ទុក​ជា ការមិន​អាច​ទទួល​យក​បាន​ដាច់ខាត និង ថោកទាប​តែម្ដង ហេតុការណ៍​ដែល​ថា រដ្ឋាភិបាល​អង់គ្លេស ក្នុង​គោលដៅ​នយោបាយ​ដ៏អាក្រក់​របស់ខ្លួន បាន​ប្រថុយ​អូសទាញ ឲ្យ​កាន់តែ​ធ្លាក់ ក្នុងភាពតានតឹង​មែនទែន ទំនាក់ទំនង​ទ្វេភាគី ដោយ​ប្រកាស​វិធានការ ជាសត្រូវ ពេញ​មួយ​ចង្កោម ប្រឆាំង​រុស្ស៊ី បូក​ទាំង​ការបណ្តេញ​ចេញ​ពី​អង់គ្លេស អ្នកការទូត​រុស្ស៊ី ដល់​ទៅ ២៣ នាក់។ គួរឲ្យស្តាយ ដែល​ក្រុងឡុងដ៍ ធ្វើ​ជម្រើស​ទៅខាង មួលខ្ចៅ​បន្តឹង​ការប្រឈមមុខ ទល់នឹងរុស្ស៊ី។ សេចក្តីថ្លែងការណ៍ ក៏​ចង្អុល​ឲ្យឃើញថា គឺ ក្នុង​ពេលឆាប់ៗ​ខាងមុខ ទៅហើយ ដែល​រុស្ស៊ី នឹង​ផ្តល់ ចម្លើយ សមស្រប បកទៅ​អង់គ្លេស​វិញ។

នៅ​តាម​មុខព្រួញនេះ ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី លោកស្រី Valentina Matvienko បាន​ប្រកាស​ថា ចម្លើយ ម៉ូស្គូ តបនឹងក្រុងឡុងដ៍ នឹង​តឹងរ៉ឹង​ហើយ​ប្តូរផ្តាច់។ អនុទី១ នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធិសភា លោក Serguei Kisliak កត់​សម្គាល់​ថា ចម្លើយ​ម៉ូស្គូ តប​នឹង​ការបណ្តេញ​ពួក​អ្នកការទូតរុស្ស៊ី នឹង​មាន​ជម្រៅ ដែល​ញ៉ាំង​អង់គ្លេស ឲ្យ”ស្តាយ​ក្រោយ​ចំពោះ​ទង្វើ​មិនដឹង​ខ្យល់​របស់​ខ្លួន”។

ម៉ូស្គូ​ក៏​ប្រតិកម្ម​ដែរ ទល់​នឹង​ការសម្រេចចិត្ត​របស់​ក្រុងឡុងដ៍ មិន​បញ្ជូន​រដ្ឋមន្ត្រី ឬ សមាជិក​រាជវង្សានុវង្ស មក វត្តមាន​ក្នុង​ការប្រកួត​ជើងឯក​ពិភពលោក​ខាង​បាល់ទាត់ World Cup-2018 ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ រុស្ស៊ី ពីថ្ងៃ១៤ មិថុនា ដល់ ១៥ កក្កដា។ តាម​យោបល់​ម៉ូស្គូ អវត្តមាន​នោះ នឹង​ពុំ​ជះចំហាយ​អ្វីណា មក​លើ ការប្រកួត​ឡើយ។

ក្នុង​ផ្ទៃ​នៃ​រលក​ប្រឆាំង​រុស្ស៊ីនេះ លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ថ្ងៃ១៤មីនា បាន​អញ្ជើញ​ទៅចូលរួម ក្នុង​មហាមីទ្ទិញ នៅទៀប​កោះគ្រីមេ​ឯណោះ ចូលរួម ដោយ​អ្នកស្រុក ៤០.០០០ នាក់ ឧទ្ទិដល់​ខួប​គម្រប់ ៤ ឆ្នាំ តាំងពី ទឹកដី​នេះ បាន​វិលត្រឡប់​មកភ្ជាប់ខ្លួន​នឹង​មាតុប្រទេស​រុស្ស៊ីវិញ។ ក្នុង​សន្ទរកថាខ្លួន លោកពូទីន បានហៅ​ការសម្រេចចិត្ត វិល​ត្រឡប់​មកវិញនេះ ថា ជាការស្តារ​ឡើងវិញ យុត្តិធម៌ ប្រវត្តិសាស្ត្រ ដែល​ត្រូវ​បាន បំផ្លាញ ដោយ​អំណាចសូវៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ