អានតួអត្ថបទ
រុស្ស៊ី-អង់គ្លេស

បារាំង អាល្លឺម៉ង់ អាមេរិក និង​អង់គ្លេស​រួមគ្នា​ថ្កោលទោស​ការប្រើថ្នាំ​បំពុល​សម្លាប់​អតីត​ចារកិច្ច​រុស្ស៊ី

ប៊ែរឡាំង ឡុងដ៍ ប៉ារីស និង​វ៉ាស៊ីនតោន នៅថ្ងៃ​ម្សិលមិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា ថ្កោលទោស ការប៉ុនប៉ង សម្លាប់​អតីតចារកិច្ច​រុស្ស៊ី តាមរយៈ​ការប្រើសារធាតុ​បំពុល ដែល​រដ្ឋាភិបាល​អង់គ្លេស​បាន​ទម្លាក់ដាក់​កំហុស​ទៅលើ​ប្រទេស​រុស្ស៊ី។ ១១​ថ្ងៃ​ក្រោយ​អតីត​ចារកិច្ច​រុស្ស៊ី ក្នុង​ទឹកដី​ភាគខាងត្បូង​អង់គ្លេស ក្រសួង​ការពារ​ជាតិ​អង់គ្លេស នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ប្រកាស​ផងដែរ ពី​កញ្ចប់​ថវិកា ៥៤​លាន​អឺរ៉ូ សម្រាប់​វិនិយោគ​ទៅលើ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រើអាវុធ​គីមី។ 

អ្នកជំនាញ​អង់គ្លេស​ពិនិត្យ​កោសល្យវិច្ច័យ​លើ​ទីតាំង​ដែល​អតីតចារកិច្ច​រុស្ស៊ី រងការវាយប្រហារ​ដោយសារធាតុពុល
អ្នកជំនាញ​អង់គ្លេស​ពិនិត្យ​កោសល្យវិច្ច័យ​លើ​ទីតាំង​ដែល​អតីតចារកិច្ច​រុស្ស៊ី រងការវាយប្រហារ​ដោយសារធាតុពុល © REUTERS/Henry Nicholls
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​បណ្តេញ​មន្រ្តី​ទូតរុស្ស៊ី និង​ចោទប្រកាន់​រុស្ស៊ី​ជាផ្លូវការ​ថា ជាអ្នកទទួល​ខុសត្រូវ​លើ​ការប្រើ​សារធាតុពុល​ទៅលើ អតីត​ចារកិច្ច​រុស្ស៊ី មហាអំណាច​លោក​ខាងលិច បារាំង អាមេរិក អាល្លឺម៉ង់​បាន​រួមគ្នា ជាមួយ​អង់គ្លេស ​ដើម្បី ចេញ​សេចក្តីថ្លែងការណ៍​រួម ដែល​នៅក្នុង​នោះ គេ​បាន​ថ្កោលទោស​លើ​ការប្រើ​សារធាតុល ដើម្បី​សម្លាប់អតីត​ចារកិច្ច​រុស្ស៊ី និង​កូនស្រី នៅ​ក្នុង​ទឹកដី​អង់គ្លេស។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួមដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​អង់គ្លេស ថ្នាក់ដឹកនាំ​បារាំង អាល្លឺម៉ង់ អាមេរិក បាន​និយាយ​ថា ប្រទេស​សម្ព័ន្ធមិត្ត យល់ស្រប​ជាមួយ អង់គ្លេស ដែល​អះអាង​ថា រុស្ស៊ី ជាអ្នក​ទទួល​ខុសត្រូវ​លើការប៉ុនប៉ង​សម្លាប់​អតីត​ចារកិច្ចរុស្ស៊ី ដោយ​ប្រើ​សារធាតុ​ពុលខ្លាំង។ នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​និយាយ​ថា សារធាតុ​ពុល​ដែល​គេ​ប្រើ​ទៅលើ​អតីត​ចារកិច្ច​រុស្ស៊ី ជា​ប្រភេទ​សារធាតុ​ពុល ដែល​រុស្ស៊ី​ផលិតឡើង​សម្រាប់​វិស័យយោធា។ សម្រាប់​ប្រទេស​លោក​ខាងលិច ការប្រើ​សារធាតុពុល​ប្រភេទ​នេះ នៅ ក្នុង​ទឹកដី អឺរ៉ុប ទើប​តែ​កើតមាន​ជាលើក​ទី​១ ចាប់តាំង​ពី​សង្រ្គាម​លោក​លើកទី២។ ថ្នាក់ដឹកនាំ​បារាំង អង់គ្លេស អាល្លឺម៉ង់ និង​អាមេរិក បាន​និយាយស្រុះគ្នា និង​ចាត់ទុក​ការប្រើ​សារធាតុ​ពុល​សម្លាប់​អតីតចារកិច្ច រុស្ស៊ី ក្នុង​ទឹកដី​អង់គ្លេស ថា ជា​ការរំលោភលើ​អធិបតេយ្យភាព​របស់​អង់គ្លេស និង​ថា គឺ​សន្តិសុខរួម​របស់​ពួកគេ ដែល​កំពុង​រង​ការគំរាមកំហែង។ ក្នុង​នាម​បារាំង លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​និយាយ​ថា លោក​នឹង​ប្រកាស​ឲ្យ​ដឹង​ពី​វិធានការ​របស់​បារាំង នៅប៉ុន្មានថ្ងៃ​ខាងមុខ។

ជារួម ប្រទេស​លោក​ខាង​លិច​ទាំង​៤​បាន​ទាមទារ​ឲ្យ​រុស្ស៊ី ឆ្លើយ​រាល់សំណួរ​ទាកទង​នឹង​ការវាយប្រហារ​ទៅលើ​អតីត​ចារកិច្ច​រុស្ស៊ី ហើយ​និង​ប្រកាស​បើកចំហរ ពី​កម្មវិធី​ផលិត​សារធាតុពុល Novitchok ទៅ​អង្គការ​ហាមឃាត់​អាវុធ​គីមី។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល រដ្ឋមន្រ្តីការពារ​ជាតិ​អង់គ្លេស បាន​ប្រកាសថា ក្រសួង​នឹង​ផ្តល់​ថវិកា​៤៨​លាន​ផោន (៥៤​លាន​អឺរ៉ូ) សម្រាប់​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​នឹង​ការប្រើអាវុធ​គីមី។ មណ្ឌលមណ្ឌល​ថ្មីនេះ នឹងមាន​ទីតាំង​នៅក្នុង​មូលដ្ឋាន​យោធា​សម្ងាត់​របស់​អង់គ្លេស Porton Down។ Porton Down ជា​មន្ទីរពិសោធន៍ វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​របស់​កងទ័ព​អង់គ្លេស ដែល​ទទួល​បាន​ថវិកា ៥០០​លានផោន ក្នុង​មួយឆ្នាំៗ និង​មាន​អ្នកវិទ្យាសាស្រ្ត​បម្រើការ​ប្រមាណ ៣ពាន់នាក់។ វា​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩១៦ ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​ការប្រើ​ឧស្ម័នពុល​របស់​អាល្លឺមង់ នៅ​សង្រ្គាមលោកលើក​ទី​១។ នៅឆ្នាំ ១៩៥០ អ្នកវិទ្យាសាស្រ្ត​របស់​មន្ទីរពិសោធន៍​មួយនេះ​ផលិត​បាន​ដូចជា ឧស្ម័ន បង្ហូរទឹកភ្នែក ឬ​សារធាតុ ពុល សម្លាប់​ប្រព័ន្ធខួរក្បាល​ដូចជា​VX ដែលគេ​បាន​ប្រើ​សម្រាប់​សម្លាប់ គីម ជុងណាម បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង។ តាមក្រសួងការពារ​ជាតិ​អង់គ្លេស ទៅតាម​កតិការសញ្ញា​ហាមឃាត់​អាវុធ​គីមី ការស្រាវជ្រាវ​របស់​មន្ទីរពិសោធន៍ Porton Down​ផ្តោតសំខាន់​តែ​ទៅលើ​យុទ្ធសាស្រ្ត​ការពារខ្លួន​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ