អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខានស្អែក ​ថ្ងៃ១៨​មីនា នៅរុស្ស៊ី ជាថ្ងៃបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ថ្មី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងប្រវត្តិថ្មីនៃសហព័ន្ធរុស្ស៊ី ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងប្រព្រឹត្តទៅ ក្នុង ថ្ងៃ ១៨ មិនាខាងមុខ គឺជាលើកទី៧ ទៅហើយ គិតតាំងពីឆ្នាំ ១៩៩១ មក។ បើកាលណោះ អាណត្តិ ប្រធានាធិបតី គឺតែ ៤ឆ្នាំ នោះចាប់ពីឆ្នាំ ២០១២មក អាណត្តិនេះ ត្រូវបានពន្យាររហួតដល់ ៦ឆ្នាំ។ ទន្ទឹម នឹងបេក្ខភាពលោកប្រធានាធិបតីពូទីន ដែលជិតផុតអាណត្តិ ក៏មានទាំងបេក្ខជន ៧ នាក់ទៀត ចូលប្រកួត ដែរ ដោយម្នាក់ៗ សុទ្ធ​តែមានកម្មវិធីបោះឆ្នោតរបស់ខ្លួន។ តាមតួលេខ​ប្រកាស​ដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប)ភាគីរុស្ស៊ី បានអញ្ជើញ ពួក​អ្នក​សង្កេតការណ៍បរទេស ក្នុងចំនួនច្រើនមិនធ្លាប់ មាន គឺ ដល់ទៅ ១.៣០០ នាក់ឲ្យមកតាម​ដាន​ អំពីដំណើរប្រព្រឹត្តទៅ នៃការបោះឆ្នោត។ ឧទាហរណ៍ តាម ខ្សែរយៈគជប  រុស្ស៊ី បាន​អញ្ជើញ​ គណៈប្រតិភូ គជប កម្ពុជា ហើយតាមខ្សែរយៈរដ្ឋសភារុស្ស៊ី គឺ មាន អញ្ជើញ ក្រុម​តំណាងរាស្ត្រ​ និងក្រុមសមាជិកព្រឹទ្ធសភា នៃរាជាណាចក្រកម្ពុជា។ ជាការកត់សម្គាល់ បស្ចិមលោក មានមុខដោយសហភាពអឺរ៉ុប និង សរអា បានប្រកាសទៅហើយ ថា​មិន​ទទួល​ស្គាល់​ទេ​ ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនេះ លើដែនដីគ្រីមេ ដែលគេបន្​តចាត់ទុក​ជាដែនដី​អ៊ុយក្រែន​ដដែល។

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

ជាបឋម ទិន្នន័យទាក់ទងនឹងការបោះឆ្នោតនេះ ប្រកាសឲ្យដឹងដោយគជបផ្ទាល់ ៖ នៅរុស្ស៊ី ពី​ក្នុង​ ចំណោម បណ្តាជន ១៤៦ លាន ២ សែននាក់ ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មានចំនួន ជិត ១០៩ លាន នាក់ និយាយឲ្យចំ ១០៨លាន៩សែន៧ម៉ឺននាក់ ក្នុងនោះនឹង​ទៅកាន់​ហិប​ឆ្នោត​ជាលើកដំបូង ក្នុង ជីវិតខ្លួន គឺយុវជនចំនួន ៧ លាននាក់ ដែលឆ្នាំនេះ មានអាយុគម្រប់បាន ១៨ ឆ្នាំ ។ មិនតែប៉ុណ្ណោះ នៅ មាន ពលរដ្ឋរុស្ស៊ី មានសិទ្ធិបោះឆ្នោត ចំនួន ១លាន៨សែន៨ម៉ឺន​នាក់​ទៀត ដែលបច្ចុប្បន្នរស់នៅ និង ធ្វើការនៅបរទេស ដ្បិតគេនៅរក្សាទុក ស្ថានភាពគេជា​អ្នក​កាន់​លិខិតឆ្លងដែនរបស់សហព័ន្ធរុស្ស៊ីដដែល ហើយចុះឈ្មោះក្នុងបញ្ជីស្ថានកុងស៊ុលរុស្ស៊ី។   

ក្នុងថ្ងៃ១៨មិនា សម្រាប់ទទួលពលរដ្ឋម្ចាស់ឆ្នោត​ នៅទូទាំងប្រទេសរុស្ស៊ី ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៨ យប់ នឹងបើកឲ្យដំណើរការ ការិយាល័យបោះឆ្នោតចំនួន ៩៦.០០០ កន្លែង។ ចំណែកនៅតាម ១៤៥ប្រទេស ជាទីដែលមានពលរដ្ឋរុស្ស៊ីស្ថិតនៅ នឹងបើកឲ្យដំណើរការ គឺ ការិយាល័យបោះឆ្នោតចំនួន ៤០០ កន្លែង។

ត្រូវ​បានអញ្ជើញឲ្យមកតាមដាន នៅតាមការិយាល័យបោះឆ្នោតក្នុងប្រទេសរុស្ស៊ី គឺ អ្នក​សង្កេតការណ៍​​ បរទេស ១.៣០០ នាក់​ដែលជាចំនួន​ច្រើន​មិនធ្លាប់​មាន​ គេតំណាងឲ្យ ៧៤ ប្រទេស ​និង​ អង្គការអន្តរជាតិ ចំនួន១១។ រាប់បញ្ចូលទៅក្នុងចំណោមអ្នកសង្កេតការណ៍នោះ ក៏ទាំង មន្ត្រី ៦០ នាក់​តំណាងឲ្យ ស្ថានទូត ៥៤ ប្រទេស។

អំពីករណីកម្ពុជា ៖ ត្រូវបាន គជប រុស្ស៊ី អញ្ជើញឲ្យមកសង្កេតការណ៍ គឺ គណៈប្រតិភូ​គជប​កម្ពុជា​ មានមុខ ដោយ លោក ឌឹម សុវណ្ណារ៉ុំ  ជាសមាជិក និង ជាអ្នកនាំពាក្យ របស់គជបកម្ពុជា និង​​លោក សោម សូរីដា ជា អគ្គលេខាធិការរង នៃ គជប កម្ពុជា។  បន្ទាប់ពី​ចូល​រួម​សង្កេតការណ៍​ចប់​សព្្វ​គ្រប់ នៅថ្ងៃ ១៩ មិនា តាង នាមឲ្យគជប កម្ពុជា លោក ឌឹម សុវណ្ណារ៉ុំ នឹងចុះហត្ថលេខា ជាមួយតំណាងរបស់គជបរុស្ស៊ី លើ អនុស្សរណៈស្តីអំពីការយោគយល់គ្នា ដើម្បី រឹតចំណង​សហប្រតិបត្តិការ​ រវាង ស្ថាប័នសមស្របនៃ រាជាណាចក្រកម្ពុជា និង សហព័ន្ធរុស្ស៊ី។ ចំណែក តាមខ្សែរយៈអំណាចនីតិបញ្ញត្តិ សភាឌូម៉ា ដែលជា សភាជាន់ក្រោមនៃរដ្ឋសភារុស្ស៊ី បានអញ្ជើញ បណ្តាតំណាងរាស្ត្រ នៃរដ្ឋសភាកម្ពុជា ឲ្យមកតាមដាន សង្កេតការណ៍ ។ ស្របនឹង​សេចក្តី​អញ្ជើញ​​​​​នេះ រដ្ឋសភាកម្ពុជា សម្រេចបញ្ជូន គណប្រតិភូខ្លូនមករុស្ស៊ី ដែលក្នុងនោះ មានបី​នាក់​ជា​តំណាងរាស្ត្រ​ គឺ លោក Chea Oeung និង លោក Chea Vandeth ដែលសុទ្ធតែជា​សមាជិក​គណៈកម្មការ​រដ្ឋសភា លោក Hok Bunly ជានាយកដេប៉ារតឺម៉ង់ទំនាក់ទំនង អន្តរជាតិរដ្ឋសភា និងលោក Ngo  Sitthykun ជំនួយការគណៈប្រតិភូ។  

ហើយស្របនឹងសេចក្តីអញ្ជើញនៃព្រឹទ្ធសភារុស្ស៊ី នឹងតាមដានសង្កេតការណ៍នៅតាម ការិយាល័យ​បោះឆ្នោត ក្នុងរដ្ឋធានីម៉ូស្គូ គឺ ព្រឹទ្ធសមាជិកកម្ពុជាចំនួន ៣ នាក់ ក្នុងនោះគឺ លោក ជា ជេដ្ឋ លោក ម៉ាន់ ឈឿន ដែល សុទ្ធតែជា ប្រធានគណៈកម្មការព្រឹទ្ធសភា និងលោក ម៉ិល ផនសីហា ប្រធានការិយាល័យពហុភាគី នៃ នាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ។

ស្របនឹងច្បាប់បោះឆ្នោតនៅរុស្ស៊ី ថ្ងៃសុក្រនេះ ជាថ្ងៃចុង​ក្រោយ​ដែល​បេក្ខជន​នៅ​អាច​ធ្វើការ​ឃោសនា​ ដើម្បី ជាគុណប្រយោជន៍ខ្លួន ដ្បិតស្អែក កាលដែលនៅសល់​មួយថ្ងៃ​គត់​ដល់​ពេល​បោះឆ្នោត​ផ្ទាល់ គឺជាថ្ងៃដែល ហៅ ថា “ ស្ងៀមស្ងាត់” ទុកឱកាសឲ្យអ្នកបោះឆ្នោត​ជញ្ជឹង​គិត​អំពី​កម្មវិធីបេក្ខជនម្នាក់ៗ។

រីឯខ្លឹមសារកម្មវិធីនោះ ជ្រោងលើកឡើងដោយ បេក្ខជនលោក Vladimir Poutine គឺថា ៖ ប្រទេសរុស្ស៊ីត្រូវ តែបោលទៅមុខ ដោយមានមុខមាត់ទំនើបបំផុត មានប្រព័ន្ធ​នយោបាយ​ងាយ​បត់​បែន មានសេដ្ឋកិច្ច ឈរ លើបច្ចេកវិជ្ជាឈានមុខ និងផលិតភាពការងារ​ត្រូវកើន​ឡើង​ជា​ច្រើន​ដង។

បេក្ខជន របស់បក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Pavel Groudinine ជ្រោងលើកឡើង កម្មវិធី​ក្រោម​ បាវចនា ៖ ២០ ជំហាន ​ឆ្ពោះទៅកាន់ជីវភាពយ៉ាងសក្តិសម ។

-បេក្ខជន បក្សជាតិនិយម LDPR  លោក Vladimir Zhirinovski បានបង្ហាញកម្មវិធី ដែលថា ៖ ១០០ ចំណុច នៃការហក់ទៅមុខរបស់ប្រទេសរុស្ស៊ី ដោយកម្លាំងខ្លាំងអស្ចារ្យ។

-កម្មវិធី បេក្ខនារី Ksenia Sobchak អាយុ ៣៦ ឆ្នាំ គឺ ប្រឆាំងយ៉ាងមោះមុតនឹង​រដ្ឋ​អំណាច​លោក​ពូទីន ​ហើយទាមទារឲ្យពួកអ្នកនយោបាយដុះស្លែស្រករចំណាស់វ៏យ បើកផ្លូវឲ្យយុវជន​ស្រករ​ក្រោយ។​

-បេក្ខជនលោក Grigori Yavlinski តំណាងឲ្យបក្ស Yabloko ជាបក្ស​ប្រជាធិបតេយ្យ​កណ្តាល​និយម​ លំអៀងឆ្វេង មានកម្មវិធីក្រោមឈ្មោះថា “ ផ្លូវទៅអនាគត៖ សេដ្ឋកិច្ចខ្លាំង ប្រទេស​រុស្ស៊ី​សម្បូណ៌​សប្បាយ”។  ខាងនយោបាយក្រៅប្រទេស គឺ បញ្ឈប់ការ​ប្រឈមមុខ​ឈ្លានពាន​និង​សង្គ្រាម​ជាមួយអ៊ុយក្រែន។ កោះប្រជុំ សន្និសីទអន្តរជាតិស្តីអំពី លក្ខន្តិកៈគ្រីមេ ហើយបំពេញ​ទាំង​ស្រុង​តាម​សេចក្តីសម្រេចនៃសន្និសីទនេះ។ ទទួលស្គាល់ការភ្ជាប់យកទឹកដីគ្រីមេ ថា ខុស​ច្បាប់។​

-បេក្ខជន លោក Serguei Babourine តំណាងឲ្យគណបក្សសហភាព​ប្រជាជន​ទូទាំង​ប្រទេស​រុស្ស៊ី ៖ ជម្រើសរបស់រុស្ស៊ី គឺ ស្រឡាញ់កុមារ បីបាច់ថែទាំគ្រួសារ យកចិត្តទុកដាក់លើលោកតា លោក​យាយ និង ការពារមាតុភូម៏។

-បេក្ខជនតំណាងឲ្យមជ្ឈដ្ឋាន Business លោក Boris Titov ៖ រុស្ស៊ីត្រូវមានសេដ្ឋកិច្ចថ្មី ជឿនលឿន​ ឈប់ពឹងផ្អែកលើវត្ថុធាតុដើមជាអាទិភាព ហើយលើកទឹកចិត្ត Business តូចតាច​របស់​ឯកជន។

-បេក្ខជន លោក Maxime Souraikine តំណាងឲ្យគណបក្សពួកជនកុម្មុយនិស្តរុស្ស៊ី៖ វាយសំពង ១០ ព្រនង់ តាមវិធី ស្តាលីន ទៅចំលើមូលធននិយម ហើយស្តារ​សហភាព​សូវៀត​ឡើង​វិញ។

ស្របនឹងការស្ទង់មតិចុងក្រោយបង្អស់ ៖ បេក្ខភាពលោកពូទីន អាចនឹងទទួលបានសម្លេងគាំទ្រ ប្រមាណ ៦៩%  ហើយបេក្ខជនឯទៀត គឺ ពី ១% ដល់ ១២%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ