អានតួអត្ថបទ

អាមេរិក​និងរុស្ស៊ី ដាក់​ទណ្ឌកម្មគ្នា​ទៅ​វិញ​ទៅ​មក ក្នុង​រឿង​​ជ្រៀតជ្រែក​​ការបោះឆ្នោត​អាមេរិក

រុស្ស៊ី​និង​ក្រុម​ប្រទេស​បស្ចឹម​លោក ប្រឈម​មុខ​ដាក់គ្នា​ខ្លាំង​ឡើងៗ ! អស់​ពី​រឿង​មួយ​ចូល​រឿង​មួយ​ទៀត មាន​ទាំង​ការ​ចោទ​ប្រកាន់​គ្នាផង ការ​ទណ្ឌកម្ម​ផង ... នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៥​មីនា ២០១៨​នេះ សហរដ្ឋ​អាមេរិក​បាន​ចេញ​វិធានការ​មួយ​ខ្សែ ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី ពី​បទ​បាន​មក​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ​២០១៦ និង​ពីបទ​វាយប្រហារ​តាម​អ៊ីនធ័រនែត។ ឯ​ចំណែក​រុស្ស៊ី​ក៏​បាន​ឆ្លើយ​តប​វិញ​ តាម​រយៈ​ទណ្ឌកម្ម​ស្មើ​ការ​ស្មើ​ដើម។

ប្រធានាធិបតី​អាមេរិក​និង​រុស្ស៊ី​ កាល​ពីខែ​កក្កដា ២០១៧ ក្នុង​ជំនួប​G20។
ប្រធានាធិបតី​អាមេរិក​និង​រុស្ស៊ី​ កាល​ពីខែ​កក្កដា ២០១៧ ក្នុង​ជំនួប​G20។ REUTERS/Carlos Barria/File Photo
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿងរុស្ស៊ី​ចូល​​ជ្រៀតជ្រែក​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ដើម្បី​ជា​ប្រយោជន៍​លោក​ត្រាំ បាន​ផុសផុល​​ជា​ច្រើន​ខែ​មក​ហើយ។ ការ​អង្កេត​ដឹកនាំ​ដោយ​រដ្ឋអាជ្ញាពិសេស​ បាន​ផ្តល់​ពន្លឺ​កាន់​ច្បាស់​​ចំពោះ​ការ​លូក​ដៃ​របស់​រុស្ស៊ី រហូត​ដល់​មាន​ការ​ចោទ​ប្រកាន់​លើ​ជនជាតិ​រុស្ស៊ី​ចំនួន​១៣​នាក់​ផង​ កាលពី​ខែកុម្ភៈ។ ការ​ជ្រៀតជ្រែក​នោះ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​សង្គម Facebook, Twitter, Instagram ឬ​តាម​រយៈ​ការ​ផ្សាយពាណិជ្ជកម្ម​បង្កើត​គណនី​ក្លែងក្លាយ​នៅ​អាមេរិក ដើម្បី​ផ្សាយ​ព័ត៌មាន​មិន​ត្រូវ​ ជាពិសេស​ព័ត៌មាន​ ​រស៊ើបៗ​នៅ​អាមេរិក​។

ហើយ​នៅពេល​នេះ លោក​ត្រាំ​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ! ឥស្សរជន​រុស្ស៊ី​ចំនួន​១៩​នាក់ ខ្លះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល ខ្លះ​ជា​មហាសេដ្ឋី​​អ្នក​មានឥទ្ធិពល​នៅ​រុស្ស៊ី ត្រូវ​ជាប់​ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ ចំពោះ​សកម្មភាព​បង្ក​អស្ថិរភាព​និង​វាយប្រហារ​តាម​អ៊ីនធ័រនែត តាម​រយៈ​ការ​បង្កកទ្រព្យ​ធន​របស់​ពួក​គេ​ដែល​មាន​នៅ​អាមេរិក។ ក្រុមហ៊ុន​អាមេរិក​ ត្រូវ​ទទួល​បម្រាម​មិន​ឱ្យ​រក​ស៊ី ឬ​ផ្ទេរប្រាក់​ជាមួយ​ជន​ទាំង​នោះ​ទេ។ ស្ថាប័ន​​រុស្ស៊ីចំនួន៥ ទៀត​ ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ដែរ មាន​ជា​អាទិ៍​ភ្នាក់ងារ​ចារកិច្ច​ផ្ទៃក្នុង​រុស្ស៊ី​ FSB និង​ភ្នាក់ងារចារកិច្ច​យោធា GRU។

ដោយ​មិន​បង្អង់​ ភាគី​រុស្ស៊ី ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​អាមេរិកតប​វិញ​ដែរ ដោយ​បាន​បន្ថែមឈ្មោះ​ឥស្សរជន​អាមេរិក បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​រុស្ស៊ី ​! បើ​តាម​ប្រសាសន៍​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី ចុះ​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មានរុស្ស៊ី ​​តាំង​ពី​ដើម​មក និង​ជា​ទម្លាប់​រុស្ស៊ី​តែង​​អនុវត្ត​គោលការណ៍​ស្មើភាព​ជា​និច្ច។ រុស្ស៊ីបាន​រក្សា​សិទ្ធិ​ចាត់​វិធានការ​​ផ្សេង​ទៀត​ ប្រឆាំង​នឹង​អាមេរិក។ ហើយ​រាល់​ទណ្ឌកម្ម​របស់​រុស្ស៊ីប្រឆាំង​នឹង​អាមេរិក​នេះ​ ក៏​ស្ថិត​ក្រោម​ក្របខណ្ឌ​នៃ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​រុស្ស៊ី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ខាង​មុខដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ