អានតួអត្ថបទ
ក្រិក-អន្តោប្រវេសន៍

ក្រិក៖​ទូកដឹក​ជនអន្តោប្រវេសន៍​បាន​លិច​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៦នាក់

នៅ​ក្នុង​ប្រទេស​ក្រិក ទូក​ដឹក​ពេញ​ដោយ​ជនអន្តោប្រវេសន៍​បាន​លិច​ក្នុង​សមុទ្រ​បណ្តាល​ឲ្យ​មាន​មនុស្ស​លុង​ទឹក​ស្លាប់​យ៉ាង​តិច ១៦នាក់ ក្នុង​នោះ​មាន​កូនក្មេង ៦នាក់​នា​ថ្ងៃ​សៅរ៍ ទី១៧ មីនា។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ជា​ថ្មី មួយ​ថ្ងៃ​មុន​ខួបកំណើត​គម្រប់ ២ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​តួកគី និង​សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​កាល​ពី ២ឆ្នាំ​មុន។ យោង​តាម​កិច្ចព្រមព្រៀង តួកគី​ត្រូវ​រារាំង​ជនអន្តោប្រវេសន៍​កុំ​ឲ្យ​ចូល​ក្នុង​ទឹកដី​ខ្លួន និង​ទឹកដី​ក្រិក រួច​ឆ្លង​ចូល​ក្នុង​ទឹកដី​អឺរ៉ុប។

កាណូត​ដែល​ចេញ​ជួយ​សង្រ្គោះ​ជនអន្តោប្រវេសន៍​លង់ទឹក​ក្នុង​សមុទ្រ​ក្រិក
កាណូត​ដែល​ចេញ​ជួយ​សង្រ្គោះ​ជនអន្តោប្រវេសន៍​លង់ទឹក​ក្នុង​សមុទ្រ​ក្រិក Reuters
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី១៧ មីនា រដ្ឋអំណាច​ក្រិក​បាន​ប្រើ​មធ្យោបាយ​ចាស់ដៃ រួម​មាន​ទាំង​កាណូត​របស់​ទីភ្នាក់ងារ​ព្រំដែន​អឺរ៉ុប​ផង​ដើម្បី​ជួយ​សង្រ្គោះ​ជនអន្តោប្រវេសន៍​លង់ទឹក។ តែ​គួរ​ឲ្យ​ស្តាយ មាន​មនុស្ស​តែ ៣នាក់​គត់ ក្នុង​នោះ​ស្រ្តី ២នាក់​ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ទាន់​ពេល។ ជា​សរុប មាន​មនុស្ស​ស្លាប់ ១៦នាក់​ដែល​ក្រុម​អ្នក​ជួយ​សង្រ្គោះ​ស្រង់​បាន​សាកសព និង​នៅ​មាន​បាត់​ខ្លួន​មួយ​ចំនួន។ តាម​សាក្សី​របស់​អ្នក​នៅ​មាន​ជីវិត មាន​បាត់ខ្លួន​ពី ២ ទៅ ៣នាក់។ ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​ទាំង ១៦នាក់ មាន ៦នាក់​ជា​កូនក្មេង និង​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ជា​ជនជាតិ​អ្វី​ទេ។

អ្វី​ដែល​គេ​ដឹង សោកនាដកម្ម​លិច​ទូក​ដឹក​ជនអន្តោប្រវេសន៍​ផ្សងព្រេង​តាម​សមុទ្រ​ជា​ថ្មី​ពេល​នេះ​បាន​កើត​មាន​ឡើង មួយ​ថ្ងៃ​មុន​ខួបកំណើត​គម្រប់ ២ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​តួកគី និង​សហភាព​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​កាល​ពី ២ឆ្នាំ​មុន។ ជា​កិច្ចព្រមព្រៀង​មួយ​ដែល​តួកគី​សន្យា​ទប់​ស្កាត់​មិន​ឲ្យ​ជនអន្តោប្រវេសន៍​ធ្វើ​ដំណើរ​ចូល​ក្នុង​ទឹកដី​ខ្លួន និង​ទឹកដី​នៃ​ប្រទេស​ក្រិក​ដើម្បី​បន្ត​ឆ្លង​ចូល​ក្នុង​ប្រទេស​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ កិច្ចព្រមព្រៀង​តួកគី អឺរ៉ុប​ក៏​តម្រូវ​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​ត្រឡប់​ទៅ​តួកគី​វិញ ប្រសិន​បើ​គួក​គេ​បាន​មក​ដល់​ទឹកដី​អឺរ៉ុប។

ទោះ​បី​ជា​មាន​កិច្ចព្រមព្រៀង​នេះ​ក៏​ដោយ ក៏​សង្កេត​ឃើញ​មាន​ជនអន្តោប្រវេសន៍​ជា​ច្រើន​រយនាក់​ក្នុង​មួយ​ខែៗ​បន្ត​នាំ​គ្នា​ធ្វើ​ដំណើរ​ផ្សងព្រេង​តាម​សមុទ្រ និង​លិច​ទូក​ស្លាប់​ជា​ហូរហែ ពិសេស​ជនជាតិ​ស៊ីរី​ដែល​រត់​គេច​ពី​សង្រ្គាម និង​ពី​ទុក្ខវេទនា ហើយ​ក្នុង​ឆ្នាំ ២០១៥ ប្រទេស​ក្រិក​បាន​ក្លាយ​ជា​ច្រក​ចូល​ទី១ ក្នុង​ទឹកដី​អឺរ៉ុប​របស់​ជនអន្តោប្រវេសន៍។ លោក Dimitris Vitsas រដ្ឋមន្រ្តី​ក្រិក​ទទួល​បន្ទុក​នយោបាយ​អន្តោប្រវេសន៍​បាន​បញ្ចេញ​ប្រតិកម្ម​លើ​ការ​ស្លាប់​ជនអន្តោប្រវេសន៍​ជា​ថ្មី​ថា គេ​មិន​ត្រូវ​មាន​ទម្លាប់​ទុក​បណ្តោយ​ឲ្យ​មនុស្ស ពិសេស​កូនក្មេង​បន្ត​ចោល​ជីវិត​នៅ​ក្នុង​សមុទ្រ​ឡើយ។

តាម​លោក Dimitris Vitsas ដំណោះស្រាយ​ត្រូវ​ឆ្លង​កាត់​តាម​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​រត់ពន្ធ​មនុស្ស និង​ការ​បើក​ផ្លូវ រួម​ទាំង​នីតិវិធី​សម្រាប់​ជួយ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ