អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី៖​បេក្ខភាព​លោក វ៉្លាឌីមៀរ ពូទីន​ពិត​ជា​ឈ្នះ​ឆ្នោត​ដូច​ការ​ទស្សន៍ទាយ

មក​ទល់​ម៉ោង ២ ភ្លឺ​ថ្ងៃ​អាទិត្យ ទី១៩ មីនា ក្រោយ​ពី​រាប់​សន្លឹកឆ្នោត​បាន ៩២% គណៈកម្មការជាតិ​​រៀបចំ​ការ​បោះឆ្នោត​នៅសហព័ន្ធ​រុស្ស៊ី បាន​ប្រកាស លទ្ធផល​បឋម​ដែល​អាច​យក​ជា​ការណ៍ ដ្បិត ទំនោរ​នៃ សម្លេង​គាំទ្រ ទទួល បាន​ដោយ បេក្ខភាព លោក​ប្រធានាធិបតី​ជិត​ផុតអាណត្តិ វ៉្លាឌីមៀរ ពូទីន គឺ​លើស​ពី ៧៦% ឯណោះ រួច តួលេខ​នេះ លែង​ប្រែប្រួល​ជា​ធំដុំ​ឡើយ ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​រាប់​សន្លឹកឆ្នោត ហើយ វា​ស្រដៀង នឹង ការស្ទង់មតិ ធ្វើ​ដោយ​អង្គការ​សង្គមសាស្ត្រ​ប្លែកៗ ទៅ​លើ អ្នកស្រុក​ម្ចាស់​ឆ្នោត ពេល គេ​ទើបដើរ​ចេញ​ពី ការិយាល័យ​បោះឆ្នោត ។ គជប ថ្លែង​ថា ខ្លួន​មិន​បាន ទទួល ពាក្យ​តវ៉ា​អំពី​ភាព​មិន​ប្រក្រតី ជា​សាច់ការ​ឡើយ ពី សំណាក់ បេក្ខជន និង គណបក្ស ឯ​ទៀត។ ប៉ុន្តែ បេក្ខជន ខាង​បក្សកុម្មុយនិស្ត​ដែល ជាប់​លេខ​២ ដោយ សម្លេង​គាំទ្រ​ជាង ១២ % បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត យប់​មិញ​ថា ការបោះឆ្នោត​នេះ បាន​ប្រព្រឹត្ត​ទៅ មិន​សុចរិត ឡើយ។

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Poutine Yuri Kadobnov/POOL via Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​បេក្ខជន ៧ នាក់​ដែល​ចាញ់​ឆ្នោត មាន​តែ​បេក្ខជន​ខាង​គណបក្សសហភាពប្រជាជន ទូទាំងប្រទេសរុស្ស៊ី លោក Serguei Babourine ដែល​ទទួល​បាន​សម្លេ​ងគាំទ្រ មិន​ដល់ ១% ផង បាន ថ្លែង អបអរ​សរសើរ​លោក​ពូទីន ដែល​បាន​ទទួល​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់ ហើយ​គាត់​បន្ថែម​ថា សម្លេង គាំទ្រ​លោកពូទីន​ច្រើន​ម៉្លឹងៗ​ស​ឲ្យ​ឃើញ​ថា គំនាប​ពួតដៃ​គ្នា​ដាក់​លើ​ប្រទេស​រុស្ស៊ី ដែល​ដឹកនាំដោយ លោកពូទីន បែរ​ទៅ​ជា ជួយ​ប្រមូលផ្តុំ​ប្រជាជន​រុស្ស៊ី នៅ​ជុំវិញ​មេដឹកនាំ​រូប​នេះ​ទេ​តើ។ ចំណែក បេក្ខជន ជាប់លេខ២ ដោយ​សម្លេងគាំទ្រ បានជាង ១២%​តាម​ពិត មិនមែន​ស្ថិត​នៅ​ក្នុង គណបក្ស​ណា​ឡើយ ប៉ុន្តែ គាត់​ត្រូវ​បាន​បញ្ឈរ​ឈ្មោះ គឺ​ដោយ គណបក្ស​កុម្មុយនិស្ត​សហព័ន្ធ​រុស្ស៊ី ដែល​មាន ចំនួនអាសនៈ​លំដាប់ទី២ ប្រចាំ​ក្នុង​សភា​ឌូម៉ា។

ដោយ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​គាត់ ប្រធាន គណបក្ស​នេះ លោក Guennadi Ziouganiv បាន​បង្ហើប​ឲ្យ​ដឹង​ថា គាត់​នឹង​ស្នើ​ទៅ​លោក​ប្រមុខរដ្ឋ ពូទីន នូវ​បេក្ខភាព​លោក Pavel Groudinine ដែល​ទទួល​សម្លេង​គាំទ្រ​ជាប់​លេខ ២ នេះ ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ពីព្រោះ​លទ្ធផល​បោះឆ្នោត ទាមទារ​ឲ្យ​មាន របត់​ទៅ​ខាង​ឆ្វេង។ ជា​ការ​កត់សម្គាល់ បើ​ក្នុង​ការ​បោះឆ្នោត ៦ ឆ្នាំ​មុន អត្រា​អ្នកទៅ​បោះឆ្នោត មានដល់ ៦៥,៣៤% នោះ លើក​នេះ ទោះ​បី​វិមាន​ក្រេមឡាំង ប្រាថ្នា​ចង់​ឲ្យ​វា​ឡើង​ដល់ ៧០% ក្តី ក៏ សម្រេច​សម្រួច​ទៅ គឺ បាន​តែ ជិត ៦០% និយាយ​ឲ្យ​ចំ គឺ ៥៩,៩% ប៉ុន្តែ​បើ​ក្នុង​ឆ្នាំ ២០១២ លោកពូទីន បាន​សម្លេង​គាំទ្រ ៦៣,៦% នោះ លើក​នេះ សម្លេង​គាំទ្រ​គាត់ វាត់​ដល់​ជាង ៧៦% ។

លោក​ពូទីន ដែល​កាន់​អំណាច​បាន ១៨ ឆ្នាំ​ហើយ នឹង​បន្ត ស្ថិត​ក្នុង​តំណែង​កំពូល​នៅ​រុស្ស៊ី លុះ រហូតដល់ឆ្នាំ ២០២៤ ដែល​ពេល​នោះ គាត់​នឹង​មាន​អាយុ ៧២ ឆ្នាំ។ ចំណែក អង្គការ​ក្រៅរដ្ឋាភិបាល ONG ក្រោម​ឈ្មោះ​ថា Goloss (សម្លេង ) ហើយ​ដែល​ត្រូវ ក្រសួង​មហាផ្ទៃ​រុស្ស៊ី ចុះ​ក្នុង​បញ្ជី​ខ្មៅ​ជា ភ្នាក់ងារបរទេស ដោយ​មាន ឯកទេសកម្ម​ខាង​ឃ្លាំមើល​ដំណើរ​បោះឆ្នោត ក្នុង​ប្រទេស​បាន​បង្ហោះ​លើ Website ខ្លួន គឺ ផែនទី​នៃ​ការិយាល័យ​បោះឆ្នោត ជាទី​ដែល មាន​ការ​ក្លែង​បន្លំ សន្លឹកឆ្នោត ដែល​មក​ទល់​ម៉ោង ៤ រសៀល​ម៉ោង​មូស្គូ បាន​កត់ត្រា​ភាព​មិន​ប្រក្រតី​ចំនួន ២.០៣៣ ករណី បែប​យ៉ាង ការ​ញាត់​សន្លឹកឆ្នោតទៅ​ពេញ​ក្នុង​ហិបឆ្នោត ការ​ទៅ​បោះឆ្នោត​ជា​ច្រើន​ដង នៅ​ត្រង់ ការិយាល័យ​បោះឆ្នោត​តែ​មួយឬ ក៏​ការបង្កើត​ឧបសគ្គ​រារាំង​ដល់ ការងារ ពួក​អ្នកសង្កេតការណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ