ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT

បារាំង-លីប៊ី៖​ប៉ូលិស​​ឃាត់ខ្លួន​លោក​សាកូហ្ស៊ី​ក្នុង​បទសង្ស័យ​ទទួល​លុយ​ពី​លោក​កាដាហ្វ៊ី

បារាំង-លីប៊ី៖​ប៉ូលិស​​ឃាត់ខ្លួន​លោក​សាកូហ្ស៊ី​ក្នុង​បទសង្ស័យ​ទទួល​លុយ​ពី​លោក​កាដាហ្វ៊ី
 
លោក​អតីត​ប្រធានាធិបតី​បារាំង​នីកូឡា សាកូហ្ស៊ី (រូបស្តាំ) និងអតីត​មេដឹកនាំ​លីប៊ីលោក​កាដាហ្វ៊ីក្នុង​ទីក្រុង​ប៉ារីស ថ្ងៃទី១០ ធ្នូ ២០០៧ REUTERS/Patrick Hertzog/Pool/File Photo

នៅ​ថ្ងៃ​អង្គារ ទី២០ មីនា​នេះ លោក​អតីត​ប្រធានាធិបតី​បារាំង​នីកូឡា សាកូហ្ស៊ី​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​បទសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​លុយ​ពី​អតីត​មេដឹកនាំ​លីប៊ី​លោក​កាដាហ្វ៊ី​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ក្នុង​ឆ្នាំ ២០០៧។ កាលណោះ រូប​លោក​សាកូហ្ស៊ី​ជា​បេក្ខជន​មក​ពី​គណបក្សស្តាំនិយម និង​ដែល​លោក​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កាន់​តំណែង​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១២។

តែ​តាំង​ពី​រឿង​អាស្រូវ​មួយ​នេះ​បាន​បែក​ធ្លាយ​មក លោក​សាកូហ្ស៊ី​តែង​ចេញ​មុខ​បដិសេធ​ជានិច្ច។

រឿងរ៉ាវ​រវាង​លោក​អតីត​ប្រធានាធិបតី​បារាំង​នីកូឡា សាកូហ្ស៊ី និង​អតីត​មេដឹកនាំ​លីប៊ី​លោក​កាដាហ្វ៊ី​បាន​ផ្តើម​លេច​ខ្ចរខ្ចាយ​តាំង​ពី​ឆ្នាំ ២០១២ បន្ទាប់​ពី​គេហទំព័រ​ព័ត៌មាន​មួយ​ឈ្មោះ Médiapart បាន​ចុះ​ផ្សាយ​ឯកសារ​មួយ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១២ ដែល​បញ្ជាក់​ថា លោក​កាដាហ្វ៊ី​បាន​ផ្តល់​លុយ​ឲ្យ​លោក​សាកូហ្ស៊ី​ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​បារាំង​ក្នុង​ឆ្នាំ ២០០៧។ ផ្អែក​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ Médiapart នេះ ក្រុម​ចៅក្រុម​ក៏​បាន​បើក​ការ​ស៊ើបអង្កេត​ក្នុង​ខែ​មេសា ឆ្នាំ ២០១៣។

នៅ​ក្នុង​ដំណើរ​ការ​ស៊ើបអង្កេត​នោះ ក្រុម​ចៅក្រម​បាន​ប្រមែប្រមូល​ភស្តុតាង និង​សាក្សី​ជា​ច្រើន​ពី​ក្រុម​ឥស្សរជន មន្រ្តីការទូត​បារាំង លីប៊ី រួម​ទាំង​ក្រុម​អ្នក​ជំនួញ និង​ក្រុម​មនុស្ស​ជំនិត​របស់​លោក​សាកូហ្ស៊ី។ ជាមួយ​នឹង​ភស្តុតាង និង​សាក្ស៊ី​ដែល​ប្រមូល​បាន ភាព​មន្ទិល​សង្ស័យ​ពី​ការ​លូកដៃ​របស់​ប្រទេស​លីប៊ី​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​សាកូហ្ស៊ី​ក្នុង​ឆ្នាំ ២០០៧ មាន​កាន់​តែ​ខ្លាំង​ឡើងៗ។ ក៏​ប៉ុន្តែ ក្រុម​ចៅក្រម​ស៊ើបអង្កេត​នៅ​មិន​ទាន់​អាច​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​លោក​សាកូហ្ស៊ី​ត្រង់ៗ​ទេ ដោយ​ចង់​បន្ត​ស្វែង​រក​ភស្តុតាង​បន្ថែម​ទៀត។

ក្រុម​ចៅក្រម​ស៊ើបអង្កេត​មាន​សុទិដ្ឋិនិយម​ថា លីប៊ី​ក្នុង​ជំនាន់​លោក​កាដាហ្វ៊ី​ពិត​ជា​បាន​ឲ្យ​លុយ​លោក​សាកូហ្ស៊ី​ដើម្បី​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​មែន តែ​មិន​ដឹង​ថា​ឲ្យ​តាម​របៀប​ណា ចំនួន​ប៉ុន្មាន និង​មាន​នរណា​ខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​បណ្តាញ​នោះ។

ក្រុមចៅក្រម​ទទួល​បាន​ភស្តុតាង​កាន់​តែ​ជាក់ច្បាស់​ក្នុង​ការ​ស៊ើបអង្កេត​រយៈពេល ៥ឆ្នាំ

ក្រោយ​ពី​បាន​ស៊ើបអង្កេត​អស់​រយៈពេល ៥ ឆ្នាំ ក្រុមចៅក្រម​ប្រមូល​បាន​ភស្តុតាង​យ៉ាង​ច្រើន​ដោយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជា​ច្រើន ទាំង​ពី​ខាង​បារាំង​ក៏​ដូច​ជា​លីប៊ី។ សាក្សី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​គេ គឺ​ការ​

ថ្លែង​បញ្ជាក់​របស់​លោក Ziad Takieddine អ្នក​ជំនួញ​ជនជាតិ​បារាំង​ដើមកំណើត​លីបង់​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៦។ លោក Ziad បាន​សារភាព​ត្រង់ៗ​ថា លោក​ជា​អ្នក​នាំ​លុយ​សុទ្ធ​ចំនួន ៥លានអឺរ៉ូ​ពី​ទីក្រុង​ទ្រីប៉ូលី​ទៅ​ទីក្រុង​ប៉ារីស​ចន្លោះ​ដំណាច់​ឆ្នាំ ២០០៦ និង​ដើម​ឆ្នាំ ២០០៧ ទៅ​ឲ្យ​លោក Claude Guéant មនុស្សជំនិត​ម្នាក់​របស់​លោក​សាកូហ្ស៊ី​ដើម្បី​ប្រគល់​បន្ត​ទៅ​ឲ្យ​លោក​សាកូហ្ស៊ី​ដែល​កាល​ណោះ​មាន​តួនាទីជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។

ការ​ថ្លែង​របស់​លោក Ziad គឺ​ដូច​គ្នា​នឹង​ចម្លើយ​សារភាព​របស់​លោក Abdallah Senoussi អតីត​នាយក​ស៊ើបការណ៍​សម្ងាត់​លីប៊ី​នៅ​ចំពោះ​មុខ​រដ្ឋអាជ្ញា​នៃ​ក្រុមប្រឹក្សាជាតិ​លីប៊ី​កាល​ពី​ថ្ងៃទី២០ កញ្ញា ឆ្នាំ ២០១២។ បន្ទាប់​មក នៅ​កូនសៀវភៅ​កត់ត្រា​មួយ​របស់​អតីត​រដ្ឋមន្រ្តី​ថាមពល​លីប៊ី​ដែល​តុលាការ​បារាំង​រឹបអូស​បាន​បញ្ជាក់​បន្ថែម​ថា លីប៊ី​បាន​បញ្ជូន​លុយ​ជា​ច្រើន​រយលានអឺរ៉ូ​ទៅ​ឲ្យ​លោក​សាកូហ្ស៊ី។ បន្ទាប់​មក​ទៀត នៅ​មាន​សាក្សី​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ដើរ​តួនាទី​ជា​អ្នក​កណ្តាល​នៅ​ក្នុង​រឿង​នេះ។ កន្លង​មក មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល មាន​អ្នក​ខ្លះ​កំពុង​បន្ត​ជាប់​ការ​អង្កេត​ដូច​លោក​សាកូហ្ស៊ី និង​ខ្លះ​ទៀត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ដេក​ក្នុង​គុក។

លោក​សាកូហ្ស៊ី​ជាប់ចោទ​ជា​ផ្លូវការ?

តាំង​ពី​រឿងអាស្រូវ​មួយ​នេះ​បាន​បែក​ធ្លាយ​មក នេះ​ជា​លើក​ទី១ ដែល​ប៉ូលិស​បាន​ឃាត់​ខ្លួន​លោក​សាកូហ្ស៊ី ហើយ​តាម​ធម្មតា ការ​ឃាត់​ខ្លួន​នេះ​នឹង​មាន​រយៈពេល​ច្រើន​បំផុត ៤៨ម៉ោង។ ចំណែក​នីតិវីធី​បន្ទាប់​យ៉ាង​ណា​នោះ គេ​ត្រូវ​រង់ចាំ​មើល​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា ការ​សម្រេច​ឃាត់​ខ្លួន​លោក​សាកូហ្ស៊ី​ថ្ងៃ​នេះ ប្រហែល​ជា​ក្រុមចៅក្រម​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​អាច​ចោទ​ប្រកាន់​លើ​លោក​សាកូហ្ស៊ី​ផ្ទាល់ ឬ​មួយ​គ្រាន់​តែ​ថា ហៅ​លោក​សាកូហ្ស៊ី​ទៅ​សួរ​ដើម្បី​ចង់​បាន​ការ​បំភ្លឺ​លើ​ព័ត៌មាន​មួយ​ចំនួន។

ព័ត៌មាន​ដែល​ក្រុម​ចៅក្រម​ចង់​បាន​ការ​ពន្យល់​បំភ្លឺ​បន្ថែម​ពី​លោក​សាកូហ្ស៊ី​អាច​ជា​ព័ត៌មាន​សារភាព​ដោយ​ឥស្សរជន និង​មនុស្ស​ជំនិត​របស់​លោក ឬ​មួយ​ក៏​ព័ត៌មាន​មក​ពី​ប្រទេស​លីប៊ី។ មាន​សំណួរ​ចោទ​ឡើង​ថា តើ​រដ្ឋអំណាច​ថ្មី​នៅ​លីប៊ី​ទើប​បាន​សម្រេចចិត្ត​រួមសហការណ៍​ជាមួយ​ក្រុមចៅក្រម​ស៊ើបអង្កេត​បារាំង ឬ​មួយ​ក៏​ថា ក្រុម​អតីត​មន្រ្តី​លីប៊ី​ក្នុង​ជំនាន់​លោក​កាដាហ្វ៊ី​ទើប​បាន​ផ្តល់​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​សំណុំរឿង​មួយ​នេះ។ យ៉ាង​ណា​ក៏​ដោយ វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​ត្រូវ​សន្និដ្ឋាន​យ៉ាង​ណា​នោះ។ អ្វី​ដែល​គេ​ដឹង អស់​អំណាច​ក៏​ដោយ ក៏​លោក​សាកូហ្ស៊ី​មិន​អាច​គេច​ផុត​ពី​សំណាញ់​តុលាការ​ដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចៅក្រម​សួរ​ចម្លើយ​អតីត​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី រឿង​ចំណាយ​ជ្រុល​ពេល​ឃោសនា​បោះឆ្នោត

    ស្វែងយល់បន្ថែម

  • បារាំង

    មនុស្ស​ជំនិត​អតីត​ប្រធានាធិបតី​បារាំងជាប់​ចោទធ្វើ​វិក្ក័យប័ត្រ​ក្លែងក្លាយ

    ស្វែងយល់បន្ថែម

  • បារាំង

    លោកសាកូហ្ស៊ី ​អះអាង​ភាព​ស្អាតស្អំ​របស់​ខ្លួន ចំពោះ​មុខ​ការ​ចោទ​ប្រកាន់​ពី​បទ​​ពុក​រលួយ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អតីត​ប្រធានាធិបតី​បារាំង​ នីកូឡា ​សាកូហ្ស៊ី ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ពុករលួយ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ