អានតួអត្ថបទ
បារាំង

បារាំង៖​មន្រ្តីរដ្ឋការ និង​បុគ្គលិក​ដឹកជញ្ជូន​ផ្លូវដែក​រៀបចំ​ក្បួន​បាតុកម្ម​ប្រឆាំង​កំណែទម្រង់​របស់​រដ្ឋាភិបាល

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២២ មីនា​នេះ មហា​បាតុកម្ម​មួយ​របស់​មន្រ្តី​រដ្ឋការ និង​បុគ្គលិក​ដឹកជញ្ជូន​ផ្លូវដែក​ក្នុង​ប្រទេស​បារាំង​រៀបចំ​ធ្វើ​នៅ​ទូទាំង​ប្រទេស។ គោលដៅ​នៃ​បាតុកម្ម គឺ​ដើម្បី​ប្រឆាំង​នឹង​គម្រោង​កំណែទម្រង់​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវដែក និង​លក្ខន្តិកៈ​របស់​មន្រ្តី​រដ្ឋការ។ ពេញ​មួយ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​សេវា​សាធារណៈ​ជា​ច្រើន​ត្រូវ​ផ្អាក​ដំណើរការ​ទាំង​ស្រុង ឬ​មួយ​ក៏​មាន​ដំណើរការ​រអាក់រអួល ដូច​យ៉ាង​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​ជា​ដើម។ ចំណែក​សាលារៀន​ភាគ​ច្រើន​ក៏​ត្រូវ​បិទទ្វារ​ដែរ។

មន្រ្តីរដ្ឋការ និង​បុគ្គលិក​ដឹកជញ្ជូន​ផ្លូវដែក​ក្នុង​ប្រទេស​បារាំង​រៀបចំ​ក្បួន​បាតុកម្ម​ប្រឆាំង​កំណែទម្រង់​របស់​រដ្ឋាភិបាល
មន្រ្តីរដ្ឋការ និង​បុគ្គលិក​ដឹកជញ្ជូន​ផ្លូវដែក​ក្នុង​ប្រទេស​បារាំង​រៀបចំ​ក្បួន​បាតុកម្ម​ប្រឆាំង​កំណែទម្រង់​របស់​រដ្ឋាភិបាល REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

មហា​បាតុកម្ម​ថ្ងៃទី២២ មីនា​នេះ​ត្រូវ​បាន​ជ្រើសរើស និង​រៀបចំ​ដោយ​ក្រុមសហជីព​នៃ​មន្រ្តីរដ្ឋការ​ចំនួន ៧ និង​អង្គការ​ចំនួន ៤ ដែល​តំណាង​ឲ្យ​វិស័យ​ដឹកជញ្ជូន​ផ្លូវដែក SNCF។ ក្រុម​សហជីព និង​អង្គការ​ទាំង​នេះ​បាន​អំពាវនាវ​ឲ្យ​មន្រ្តីរដ្ឋការ​ទាំង ៥លាន ៤សែន​នាក់​នៅ​ទូទាំង​ប្រទេស​បារាំង​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ដោយ​រៀបចំ​ជា​ក្បួន​ដង្ហែ​ជាង ១៥០ នៅ​ទូទាំង​ប្រទេស។ នៅ​ក្នុង​ទីក្រុង​ប៉ារីស ក្បួន​ដង្ហែ​ត្រៀម​រៀបចំ​ជា​ពីរ​ក្បួន​ដាច់​គ្នា តែ​ត្រូវ​ហែ​ទៅ​ជួប​ជុំ​គ្នា​នៅ​ទីលាន Bastille។

ក្បួន​បាតុកម្ម​របស់​មន្រ្តី​រដ្ឋការ​ពេល​នេះ​ធ្វើ​ឡើង ដើម្បី​ការពារ​លក្ខន្តិកៈ​របស់​មន្រ្តី​រដ្ឋការ ពិសេស​ការពារ​ការងារ​របស់​មន្រ្តី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​មួយ​នេះ​ដែល​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​បាន​សន្យា​នា​សម័យ​ឃោសនា​បោះឆ្នោត​ថា លោក​នឹង​លុប​ចោល​ការងារ​របស់​មន្រ្តី​រដ្ឋការ​ចំនួន ១២០ ០០០ការងារ។ នា​ខែ​តុលា ឆ្នាំ ២០១៧ ក្រុម​មន្រ្តី​រដ្ឋការ​ក៏​ធ្លាប់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ផែនការ​របស់​លោក​ម៉ាក្រុង​នេះ​ម្តង​ហើយ។

ចំណែក​ក្បួន​បាតុកម្ម​របស់​បុគ្គលិក​ដឹកជញ្ជូន​ផ្លូវដែក SNCF ពេល​នេះ​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​គម្រោង​កំណែទម្រង់​លើ​ក្រុមហ៊ុន​សាធារណៈ​មួយ​ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​រដ្ឋាភិបាល។ គឺ​ជា​គម្រោង​កំណែទម្រង់​ដែល​មាន ៤៣សំណើ​តាក់តែង​ឡើង​ដោយ​លោក Jean-Cyril Spinetta មន្រ្តី​រដ្ឋការ​ជាន់ខ្ពស់ និង​ជា​អតីត​ចៅហ្វាយ​ក្រុមហ៊ុន​អាកាសចរណ៍ Air France-KLM។ អ្វី​ដែល​ក្រុម​សហជីព​ប្រឆាំង​នឹង​គម្រោង​កំណែទម្រង់​នោះ គឺ​ការ​ប្តូរ​លក្ខន្តិកៈ​របស់​អ្នក​បើកបរ​រថភ្លើង លុបចោល​ការងារ និង​ការ​បើក​ឲ្យ​មាន​ទីផ្សារ​ប្រកួតប្រជែង​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវដែក។

បន្ទាប់​ពី​កូដកម្ម​ក្នុង​ថ្ងៃទី២២ មីនា​នេះ ក្រុមសហជីព​តំណាង​ឲ្យ​ក្រុមហ៊ុន SNCF បាន​រៀបចំ​ក្បួន​កូដកម្ម​រយៈពេល​យូរ​ចាប់​ពី​ថ្ងៃទី៣ មេសា​ដល់​ថ្ងៃទី២៨ មិថុនា​ខាង​មុខ​ដោយ​រៀបចំ ២ថ្ងៃ ឬ ៣ថ្ងៃ​ក្នុង​មួយ​សប្តាហ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ