ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អឺរ៉ុប

ម៉ូស្គូ​ចោទ​ក្រុង​ឡុងដ៏ ថា​ញុះញង់​សហភាព​អឺរ៉ុប ឲ្យ​ប្រឈមមុខ​ទល់​នឹង​រុស្ស៊ី

media លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប REUTERS/Francois Lenoir

ថ្ងៃសុក្រ ២៣ មីនា រុស្ស៊ីបានចោទអង់គ្លេសថា ញុះញង់​បណ្តា​ប្រទេសសម្ព័ន្ធមិត្តខ្លួននៅអឺរ៉ុប ឲ្យ ប្រឈមមុខទល់នឹងរុស្ស៊ី ខណៈដែលប្រទេសជាច្រើននៃសហភាពអឺរ៉ុប បានប្រកាសទៅហើយ អំពី ការ ចាប់ផ្តើមពិនិត្យមើល វិធានការនានា តម្រង់ប្រឆាំង​ម៉ូស្គូ ជាសញ្ញានៃការគាំទ្រក្រុងឡុងដ៍ ក្នុងសំណុំរឿង បំពុលអតីតចារបុរសរុស្ស៊ី ឈ្មោះ Serguei Skripal កាលពី ៣ សប្តាហ៍មុន។

ការបំពុលអតីតភ្នាក់ងារឈ្លបការណ៍រុស្ស៊ី ឈ្មោះ Serguei Skripal ដែលតែងបានលួចយកការណ៍ ពីរុស្ស៊ី ទៅឲ្យក្រុងឡុងដ៍ និងបំពុលទាំងកូនស្រីគាត់ផង ដែលបានប្រព្រឹត្តទៅ នៅក្រុង Salisbury ប៉ែកខាង ត្បូងប្រទេសអង់គ្លេស កាលពីថ្ងៃទី ៤ មីនា បានបង្កឡើងជាវិបត្តិការទូតធ្ងន់ធ្ងរ រវាងម៉ូស្គូ និង ក្រុងឡុងដ៍ ដែលកាន់តែបង្ខូចទៅទៀត ទំនាក់ទំនងរុស្ស៊ី-អង់គ្លេស តានតឹងស្រាប់ទៅហើយ ក្រោយពី នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បានអះអាងថា គឺប្រទេសរុស្ស៊ី ដែល “ ក្នុងកម្រិតខ្ពស់មែនទែន ប្រហែលជា”ស្ថិតនៅពីក្រោយ ការវាយប្រហារនេះ។

រួមប្រជុំក្នុងជំនួបកំពូលនៅក្រុង ព្រុចសែល មេដឹកនាំទាំង២៨ប្រទេសសហភាពអឺរ៉ុប បានចុះសម្រុងគ្នា សាមគ្គី ជាមួយរដ្ឋាភិបាលអង់គ្លេស ដែលថា ប្រទេសរុស្ស៊ី ក្នុងកម្រិតខ្ពស់មែនប្រហែលជាស្ថិតនៅពីក្រោយ ការវាយប្រហារនៅក្រុង Salisbury ដ្បិត”មិនអាចមានការពន្យល់ណា” ផ្សេងឡើយ-សេចក្តីនេះ ថ្លែង ដោយ លោក Donald Tusk ជាជាតិប៉ូឡូញ ក្នុងតំណែងជា ប្រធានក្រុមប្រឹក្សាអឺរ៉ុប។

ក្នុងស្មារតីសាមគ្គីនេះ សហភាពអឺរ៉ុប បានសម្រេចកោះហៅ ឯកអគ្គរដ្ឋទូតខ្លួននៅរុស្ស៊ី ដើម្បីធ្វើការពិគ្រោះ យោបល់ ប៉ុន្តែ សេចក្តីសម្រេចនេះ ត្រូវបានបរិហារយ៉ាងក្លៀវក្លាថ្ងៃសុក្រម្សិលមិញ ដោយម៉ូស្គូ ដែល តាំងពី ដើមទីមក ប្រកូកប្រកាសថាខ្លួនគ្មានទោសពៃរ៏អ្វីសោះឡើយ ក្នុងរឿងរ៉ាវនេះ។

-យើងសោកស្តាយ ដែលជាថ្មីម្តងទៀត គេអនុម័តសេចក្តីសម្រេចបែបនេះ ដោយយោងលើពាក្យ “ ប្រហែល ជា ទំនងជា ក្នុងកម្រិតខ្ពស់ “-សេចក្តីនេះ ថ្លែងទៅពួកអ្នកកាសែត ដោយអ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ​ទាំងត្អូញថា រុស្ស៊ី “ នៅតែមិនអាចទទួលបានព័ត៌មានពីក្រុងឡុងដ៍ ទាក់ទងសំណុំរឿងនេះ។

ម្សិលមិញដែរ មេដឹកនាំប្រទេសជាច្រើននៃសហភាពអឺរ៉ុប ដែលវត្តមាននៅក្រុង ព្រុចសែល បានចង្អុល ឲ្យឃើញថា ក្នុងប៉ុន្មានថ្ងៃចំពោះមុខ គេអាចចាត់វិធានការជាតិរៀងៗខ្លួន ប្រឆាំងរុស្ស៊ី។

ចំណែកលោកប្រមុខការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ ក្នុងក្របខ័ណ្ឌទស្សនកិច្ចនៅ ក្រុង ហាណូយ បាន ចោទអាជ្ញាធរអង់គ្លេស ថាកំពុងតែ “ច្រាសច្រាល់ ស្វែងរកគ្នីគ្នាខ្លួន ដើម្បី ឲ្យគេចាត់វិធានការប្រឆាំងរុស្ស៊ី។ សម្រាប់លោក ឡាវ្រ៉ូវ ក្រុងឡុងដ៍ ប្រកាន់យក” ទិសឆ្ពោះទៅអូសទាញវិបត្តិជាមួយរុស្ស៊ី ឲ្យលង់កាន់តែ ជ្រៅទៅទៀត។

ក្រសួងការបរទេសរុស្ស៊ី ក្នុងសេចក្តីថ្លែងការណ៍ខ្លួន សំដែងការសោកស្តាយ ដោយឃើញសហភាពអឺរ៉ុប ជ្រើសយក ផ្លូវបញ្ឆេះ រលកឃោសនាប្រឆាំងរុស្ស៊ី ទៅតាមការញុះញង់របស់ក្រុង ឡុងដ៍៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ