អានតួអត្ថបទ
បារាំង

បារាំង៖​ប៉ូលិស​ឃាត់​ជនសង្ស័យ​ពីរ​នាក់ ក្រោយ​ពី​បុរស​ម្នាក់​បាន​បរ​​ឡាន​​សំដៅ​​លើ​​ក្រុម​ទាហាន

នៅ​ប៉ែក​ខាង​ត្បូង​​ប្រទេស​បារាំង បុរស​អ្នក​បើក​រថយន្ត​ម្នាក់​អម​ដោយ​ស្រ្តី​ម្នាក់​បាន​បើក​ឡាន​សំដៅ​លើ​ហ្វូង​ទាហាន​នៅ​ក្នុង​ស្រុក​វ៉ាក្ស ស្ថិត​ក្នុង​អ៊ីស៊ែរ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មីនា។ ឧប្បត្តិហេតុ​នេះ​មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ទេ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក មាន​ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​ជា​ម្ចាស់​រថយន្ត។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​បុរស​ចាប់​ខ្លួន​រូប​នោះ​ជា​អ្នក​បើក​រថយន្ត​ឬ ហើយ​តើ​ស្រ្តី​ចាប់​ខ្លួន​រូប​នោះ​ពិត​ជា​អ្នក​ដែល​បាន​ជិះ​ក្នុង​រថយន្ត​នា​ពេល​កើត​ហេតុ​ឬ​ទេ។ តើ​រឿងរ៉ាវ​មួយ​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច​ខ្លះ?

បន្ទាយ​ទាហាន​ក្នុង​ស្រុក​វ៉ាក្ស ខេត្តអ៊ីស៊ែរ​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​បារាំង
បន្ទាយ​ទាហាន​ក្នុង​ស្រុក​វ៉ាក្ស ខេត្តអ៊ីស៊ែរ​ស្ថិត​ប៉ែក​ខាងត្បូង​ប្រទេស​បារាំង JEAN-PIERRE CLATOT/AFP
ផ្សាយពាណិជ្ជកម្ម

« នៅ​ព្រឹក​មិញ​វេលា​ម៉ោង ៨ និង ១៥នាទី​នៅ​ពី​មុខ​​បន្ទាយទាហាន​នៃ​កងពល​ថ្មើរជើង​តំបន់​ភ្នំ​ក្នុង​ស្រុក​វ៉ាក្ស មាន​ក្រុម​ទាហាន​បាន​ចេញ ចូល​ក្នុង​មូលដ្ឋាន។ ក្រុម​ខ្លះ​បាន​ចេញ​ហាត់ប្រាណ ហើយ​ក្រុម​ខ្លះ​ទៀត​ក៏​បាន​ត្រឡប់​ចូល​​បន្ទាយ​វិញ។ ក្រុម​ទី១ ដែល​ទើប​បាន​ត្រឡប់​ពី​ធ្វើ​កីឡា​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បរ​កាត់​ពី​មុខ ហើយ​ត្រូវ​បាន​បុរស​អ្នក​បើក​រថយន្ត​នោះ​ជេរប្រមាថ។

បន្ទាប់​មក រថយន្ត​នោះ​ក៏​បាន​បន្ត​ដំណើរ​ទៅ​មុខ រួច​ក៏​បាន​ជួប​នឹង​ទាហាន​មួយ​ក្រុម​ទៀត​ដែល​កំពុង​ដើរ​ឆ្លង​ថ្នល់ ហើយ​រូប​បុរស​អ្នក​បើក​រថយន្ត​ដដែល​នោះ​ក៏​បាន​ជេរប្រមាថ ព្រម​ទាំង​ធ្វើ​ការ​គំរាមកំហែង​លើ​ក្រុម​ទាហាន​ទី២ នោះ​ទៀត។

បន្ទាប់​មក​ទៀត និង​ក្រោយ​ពី​បាន​បើក​ទៅ​មុខ​បាន​បន្តិច បុរស​អ្នក​បើក​រថយន្ត​នោះ​ក៏​បើក​រថយន្ត​ត្រឡប់​ក្រោយ​ដោយ​មាន​ចេតនា​បរ​សំដៅ​កិន​ក្រុម​ទាហាន​នោះ​តែ​ម្តង។ សំណាង​ល្អ ក្រុម​ទាហាន​បាន​រត់គេច​ទាន់​ដោយ​អ្នក​ខ្លះ​បាន​ឡើង​ទុំ​លើ​ដំបូល​ឡាន។ កាយវិការ​រហ័សរហួន​នេះ​បាន​ធ្វើ​ឲ្យ​ទាហាន​ទាំង​នោះ​រួច​ផុត​ពី​ការ​ស្លាប់។

នា​ពេល​កន្លង​មក ក៏​ធ្លាប់​កើត​មាន​ករណី​ដូច​គ្នា​នេះ​ទៅ​លើ​កម្លាំង​ទាហាន​ផ្សេង​ទៀត​ដែរ។ វា​ច្បាស់​ណាស់​ថា​សព្វថ្ងៃ​នេះ ស្ថានភាព​សន្តិសុខ​ត្រូវ​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ជាទីបំផុត​ពី​គ្រប់​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ និង​ពី​គ្រប់​ស្ថាប័ន​កងទ័ព ពិសេស​កងទ័ព​ថ្មើរជើង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ