កូដកម្មនៅបារាំង ជាវិញ្ញាសាល្បងកម្លាំងសម្រាប់លោកម៉ាក្រុងនិងសហជីព ឬ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៦
ចាប់ពីម៉ោង ៧យប់ ម៉ោងនៅប្រទេសបារាំងថ្ងៃទី ២ មេសាទៅ បារាំងត្រូវប្រឈមនឹងរលកកូដកម្ម ដ៏វែងអន្លាយមិនធ្លាប់មាន ! ដោយចាប់ផ្តើមពីបាតុកម្មរបស់បុគ្គលិកអយស្ម័យយាន ដែលមានគម្រោងឈប់មិនធ្វើការពីរឬបីថ្ងៃក្នុងមួយសប្តាហ៍ រយៈពេលបីខែ។ កម្មវត្ថុនៃកូដកម្មនេះ គឺដើម្បីប្រឆាំងនឹងកំណែទម្រង់របស់រដ្ឋាភិបាល។ ចរាចរណ៍ផ្លូវដែក ដែលជាសេវាដឹកជញ្ជូនដ៏សំខាន់របស់បារាំង នឹងជួបភាពរអាក់រអួល និងជាប់គាំងយ៉ាងខ្លាំង ព្រោះអត្រានៃអ្នកចូលរួមធ្វើបាតុកម្មមានចំនួនឡើងដល់ទៅ ៤៨% និងជាង៧៧% ក្នុងចំណោមអ្នកបើកបររថភ្លើង។ នេះបើតាមតួលេខដែលមានប្រកាសក្នុងសំណើសុំធ្វើកូដកម្ម តាមផ្លូវច្បាប់ (៤៨ម៉ោងមុនចាប់ធ្វើបាតុកម្ម)។ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស បុគ្គលិកផ្នែកថាមពលអគ្គិសនី បុគ្គលិកអនាម័យ(អ្នកប្រមូលសម្រាម) ក៏បានប្រកាសឈប់ធ្វើការ និងធ្វើបាតុកម្ម ចាប់ពីថ្ងៃស្អែកទី ៣ មេសាទៅដែរ។
ក្រុមហ៊ុនអយស្ម័យយានបារាំង SNCF ដែលក្រុមហ៊ុន ដឹកជញ្ជូនផ្លូវដែក រដ្ឋ នឹងចាប់ផ្តើមធ្វើកូដកម្ម ជាផ្លូវការនៅថ្ងៃទី ៣ មេសា ស្អែក។ ប៉ុន្តែភាពរអាក់រអួល ត្រូវចាប់មានតាំងពីល្ងាចនេះទៅ ! ហើយអាចប៉ះពាល់រំខាន យ៉ាងខ្លាំង ដល់អ្នកដំណើរប្រមាណជាង៤,៥លាននាក់ក្នុងមួយថ្ងៃៗ។ ក្រុមហ៊ុនបានច្នៃប្រឌិតរកឃើញគំនិតនិងរៀបធ្វើកូដកម្មបែបថ្មី ក្នុងទ្រង់ទ្រាយធំ និងវែង ដោយបាននាំគ្នាឈប់ធ្វើការ ពីរ ឬបី ថ្ងៃក្នុងសប្តាហ៍ រហូតដល់ចុងខែមិថុនា ពោលគឺបើរាប់ចំនួនសរុបទៅត្រូវជា ៣៦ថ្ងៃ ដើម្បីបង្ហាញកំហឹង និងការមិនពេញចិត្តចំពោះកំណែទម្រង់របស់រដ្ឋាភិបាល។
សម្រាប់រដ្ឋាភិបាលវិញ មានមូលហេតុច្រើនដែលជំរុញឱ្យមានកំណែទម្រង់ក្រុមហ៊ុនរដ្ឋដ៏ធំមួយនេះ ៖
ទីមួយ ក្រុមហ៊ុនអយស្ម័យយានបារាំង លុងខ្លួនជាប់បំណុលរហូតដល់ទៅ ៥៤,៤ពាន់លានអឺរ៉ូ។ ជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុនធ្វើវិនិយោគច្រើនតែលើបណ្តាញខ្សែរថភ្លើងល្បឿនលឿន បង្កើតខ្សែថ្មី ឯខ្សែផ្លូវដែកចាស់ (បណ្តាញក្នុងក្រុង និងក្នុងតំបន់) ត្រូវបានបំភ្លេច ជាហេតុធ្វើសេវាកាន់ចុះអន់ទៅៗ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលចង់បើកចំហទីផ្សារដឹកជញ្ជូនផ្លូវដែកបារាំង (ដែលធ្លាប់តែគ្រប់គ្រងផ្តាច់មុខនៅក្នុងប្រទេស) ឱ្យមានលក្ខណៈប្រកួតប្រជែង ចាប់ពីឆ្នាំ២០១៩ ចំពោះបណ្តាញរថភ្លើងថ្នាក់ជាតិ និងតំបន់ និងចាប់ពី២០២០ទៅ សម្រាប់រថភ្លើងល្បឿនលឿន TGV ដើម្បីលើកកម្ពស់សេវាកម្ម។
បើតាមគម្រោងច្បាប់កំណែទម្រង់របស់រដ្ឋាភិបាល ចេញកាលពីថ្ងៃទី ១៤ មីនា គេត្រូវប្តូរលក្ខន្តិកៈនៃក្រុមហ៊ុន ពីស្ថាប័នក្រុមហ៊ុនជាតិ ទៅជា “ក្រុមហ៊ុនសហគ្រាស”ធម្មតា ដែលជារបស់រដ្ឋដដែល ប៉ុន្តែមិនអាចជំពាក់មានបំណុលសេ្រចនឹងចិត្តបានទៀតទេ ! ការប្តូរផ្លាស់ដ៏សំខាន់មួយទៀត គឺលក្ខន្តិកៈរបស់បុគ្គលិក ដែលនឹងលែងមានលក្ខន្តកៈពិសេស ធានាការងារអស់មួយជីវិតដូចមុនទៀតហើយ ចំពោះអ្នកចូលថ្មី !
រលកកូដកម្មរាលដល់ក្រុមដឹកជញ្ជូនផ្លូវអាកាស អគ្គិសនី និងប្រមូលសម្រាម
សហជីពក្រុមហ៊ុនប្រមូលសម្រាម អគ្គិសនី បានប្រកាសធ្វើបាតុកម្មដែរ នៅថ្ងៃអង្គារស្អែក ក្នុងថ្ងៃតែមួយនឹងបាតុកម្មរបស់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍បារាំង Air France ដែលក្នុងរយៈពេលតែមួយខែធ្វើបាតុកម្មដល់ទៅបួនដងដើម្បីទាមទារដំឡើងប្រាក់ខែ៦%។
ចំណែកការទាមទាររបស់បុគ្គលិកក្រុមហ៊ុនអគ្គិសនី និងសម្រាមវិញ គ្មានទំនាក់ទំនងដោយផ្ទាល់នឹងកំណែទម្រង់របស់រដ្ឋាភិបាលនេះទេ ប៉ុន្តែនេះជាឱកាសមួយដ៏ល្អ សម្រាប់ដាក់សម្ពាធលើរដ្ឋាភិបាល ព្រោះពួកគេចង់មានការរៀបចំសេវាសាធារណៈ និងបង្កើតលក្ខន្តិកៈតែមួយ សម្រាប់បុគ្គលិក។
មិនតែប៉ុណ្ណោះ និងទន្ទឹមពេលគ្នាតែម្តង រដ្ឋាភិបាលទំនងជាកំពុងមានសមរភូមិបាតុកម្មថ្មីផ្សេងទៀត ! ដោយអាចនឹងមានបាតុកម្មរបស់ក្រុមនិស្សិតតាមមហាវិទ្យាល័យ ប្រឆាំងនឹងកំណែទម្រង់ចូលមហាវិទ្យាល័យ។ អ្នកវិភាគជាច្រើនបារម្ភខ្លាចតែក្រុមយុវវ័យនេះចេញមកធ្វើបាតុកម្មទៀតទេ ព្រោះនៅខែក្រោយ ជាគម្រប់ខួប៥០ឆ្នាំគត់នៃបដិវត្តវប្បធម៌បារាំង Mai 68
រដ្ឋាភិបាលដកថយ ឬរុលទៅមុខ ?
នេះគឺពិតជាសម្ពាធសង្គមដ៏ធ្ងន់បន្ថែមមួយកំរិតទៀត ដាក់សង្កត់លើរដ្ឋាភិបាល ដែលហាក់ដូចជាពុំបាននឹកស្មានដល់ទេ។
តាំងពីជាប់ឆ្នោត ឡើងជាប្រធានាធិបតីបារាំងមក លោក អេម៉ាណុយអែល ម៉ាក្រុង បានរងការរិះគន់ និងត្រូវបានក្រុមអ្នកប្រឆាំងចាត់ទុក បានវិធីសាស្ត្រធ្វើកំណែទម្រង់បែបកំរោល ធ្វើកំណែទម្រង់ដោយបង្ខំ និងប្រើអំណាចសម្រេចតែម្តង។ ជាក់ស្តែងនៅក្នុងកំណែទម្រង់ច្បាប់ការងារ កំណែទម្រង់ដ៏រសើបបំផុតមួយ ថ្វីបើចលនាបាតុកម្មប្រឆាំងមានទ្រង់ទ្រាយធំនិងខ្លាំងយ៉ាងណាក្តី ក៏លោកជំនះអនុម័តបាន។ នៅលើកនេះ រដ្ឋាភិបាលក៏នៅតែមានទំនុកចិត្តជានិច្ចថា ដើម្បីកំណែទម្រង់ ពេលខ្លះ គេត្រូវសុខចិត្តមានអប្រជាប្រិយភាពបន្តិចក៏មិនអី។ រដ្ឋាភិបាលលោកម៉ាក្រុង គ្រោងនឹងប្រើក្រិត្យប្រធានាធិបតីតែម្តង ដើម្បីអនុម័តធ្វើកំណែទម្រង់ក្រុមហ៊ុនអយស្ម័យយាន បានសម្រេច។ សមត្ថភាពនៃការធ្វើកំណែទម្រង់របស់លោកអេម៉ាណុយអែល និងប្រមុខរដ្ឋាភិបាល អេដ័រ ហ្វីលីព ត្រូវដឹងសខ្មៅនៅពេលនេះហើយ។
ប៉ុន្តែ វាខុសពីសេវាដទៃ ការវាយលុកលើវិស័យអយស្ម័យយាន ជាតំណាងហានិភ័យដ៏ខ្ពស់ ខ្លាំង ! គេធ្លាប់បានឃើញរដ្ឋាភិបាលបារាំងមុនៗ ជាច្រើនមកហើយបាក់ធ្មេញ នៅពេលចង់ធ្វើកំណែទម្រង់វិស័យមួយនេះ ឧទាហរណ៍រដ្ឋាភិបាល របស់លោក អាឡាំង ហ្ស៊ូប៉េ កាលពីឆ្នាំ១៩៩៥។
ក្រុមសហជីពក៏ដឹងច្បាស់ថាពួកគេកំពុងប្រថុយប្រថានខ្លាំង ! ក្រុមហ៊ុនមានបំណុលវ័នក ហើយត្រូវប្រឈមនឹងការបើកចំហឱ្យមានការប្រកួតប្រជែងថ្នាក់អឺរ៉ុបទៀត និង មិនអាចបណ្តោយឱ្យរដ្ឋាភិបាលឈ្នះនៅពេលនេះបានទេ ព្រោះរដ្ឋាភិបាលនឹងបន្តធ្វើកំណែទម្រង់ផ្សេងៗទៀតជាក់ជាមិនខាន។ សហជីពសង្ឃឹមលើមតិសាធារណៈហើយ ! ប្រសិនបើបញ្ចុះបញ្ចូលមតិសាធារណៈ ឱ្យយល់ថាបាតុកម្មរបស់ពួកគេ គឺជាការប្រឆាំងនឹងនយោបាយរបស់លោកប្រធានាធិបតីម៉ាក្រុង និងរួមរួបសហជីពជាធ្លុងមួយបានដើម្បីប្រឆាំងការសម្រេចធ្វើកំណែទម្រង់តាមបែបចេញក្រិត្យប្រធានាធិបតី នោះរដ្ឋាភិបាលនឹងត្រូវជួបគ្រោះថ្នាក់។
កាលពីថ្ងៃទី១៥មីនាពលរដ្ឋបារាំង ៤២%យល់ថាជាកូដកម្មសមរម្យ និងឡើងដល់៤៦% បើតាមការស្ទង់មតិកាលពីថ្ងៃអាទិត្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ