អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​ក្រុម​ប្រទេស​សមាជិក​អូតង់​ស្ថិតជុំវិញ​សមុទ្របាល់ទិច​ងាក​ទៅ​រក​អាមេរិក​ជា​ថ្មី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី៣ មេសា ថ្នាក់ដឹកនាំ​នៃ​ក្រុម​ប្រទេស​ស្ថិតជុំវិញ​សមុទ្រ​បាល់ទិច ឬ​ហៅ​ថា​ក្រុម​ប្រទេស​បាល់ទិច​ និង​អាមេរិក​បើក​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ក្រុម​ប្រទេស​បាល់ទិច​ដែល​មាន ៣ប្រទេស គឺ​អេស្តូនី លីទុយអានី និង​ឡេតូនី​កំពុង​បារម្ភ​ពី​កំណើន​ឥទ្ធិពល​របស់​ប្រទេស​រុស្ស៊ី​ដែល​ជា​អតីត​ចៅហ្វាយ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ ប្រទេស​ទាំង ៣ ក៏​កំពុង​សម្លឹង​ឃើញ​ពី​ជំហរ​ម៉ឹងម៉ាត់​របស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ក្រុង​មូស្គូ។ តាម​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង ៣ ពួក​គេ​នឹង​ស្នើ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ឲ្យ​ជួយ​ការពារ​ពួក​គេ​ដើម្បី​ប្រឈម​ទប់​នឹង​ប្រទេស​រុស្ស៊ី។

លោកស្រី​ប្រធានាធិបតី​លីទុយអានី Dalia Grybauskaite ក្នុង​ទីក្រុង​ព្រុចសែល​ថ្ងៃទី២៨ មិថុនា ២០១៦
លោកស្រី​ប្រធានាធិបតី​លីទុយអានី Dalia Grybauskaite ក្នុង​ទីក្រុង​ព្រុចសែល​ថ្ងៃទី២៨ មិថុនា ២០១៦ REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រទេស​សមាជិក​អង្គការ​អូតង់​​ស្ថិត​ជុំវិញ​សមុទ្រ​បាល់ទិច ឬ​ហៅ​ថា​ក្រុម​ប្រទេស​បាល់ទិច​ដែល​មាន​ប្រទេស​អេស្តូនី លីទុយអានី និង​ប្រទេស​ឡេតូនី​​មាន​ពលរដ្ឋ​សរុប​ជាង ៦លាននាក់។ នៅ​ក្នុង​សម័យ​សង្រ្គាមលោក​លើកទី២ ប្រទេស​ទាំង ៣ នេះ​បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សហភាព​សូវៀត។ គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នាំ ១៩៩១ ពោល​ក្រោយ​ការ​ដួល​រលំ​សហភាព​សូវៀត​ទើប​ប្រទេស​ទាំង ៣ ទទួល​បាន​ឯករាជ្យ​ជា​ផ្លូវការ។ បន្ទាប់​មក គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០០៤ ទើប​ក្រុម​ប្រទេស​បាល់ទិច​បាន​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប និង​ជា​សមាជិក​របស់​អង្គការ​អូតង់។ ប្រទេស​រុស្ស៊ី​មិន​សប្បាយចិត្ត​ដែល​បាន​ឃើញ​អតីត​កូនចៅ​របស់​ខ្លួន​ក្លាយ​ជា​សមាជិក​របស់​អង្គការ​អូតង់ ព្រោះ​សម្រាប់​ក្រុង​មូស្គូ អូតង់​ដែល​មាន​អាមេរិក និង​ប្រទេស​បស្ចិមលោក​ផ្សេង​ទៀត គឺ​ជា​គូប្រជែង​ស្លាប់រស់​របស់​ខ្លួន។ ជំនួយ​ដែល​ក្រុម​ប្រទេស​បាល់ទិច​ចង់​ស្នើ​ទៅ​កាន់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ពេល​នេះ គឺ​ការ​បញ្ជូន​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល Patriot និង​ទ័ពអាមេរិក​ឲ្យ​បាន​ញឹកញាប់​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ម្តងៗ។

មួយ​ថ្ងៃ​មុន​ចេញ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក លោកស្រី​ប្រធានាធិបតី​លីទុយអានី​ដាលីយ៉ា គ្រីបូស្កាយ​បាន​និយាយ​ក្រើន​រម្លឹក​ដល់​អាមេរិក និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ថា ដែនអាកាស​របស់​ក្រុម​ប្រទេស​បាល់ទិច​គួរ​តែ​ត្រូវ​ការពារ​ឲ្យ​បាន​ច្រើន​ជាង​សព្វថ្ងៃ។ លោកស្រី​ដាលីយ៉ា​បាន​បន្ថែម​ថា វា​សំខាន់​ខ្លាំង​ណាស់​ដែល​ទ័ពអាមេរិក​ត្រូវ​ស្ថិត​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ក្រុម​ប្រទេស​បាល់ទិច​ទាំង ៣ប្រទេស។ សូម​ជម្រាប​ជូន​ថា​នៅ​ឆ្នាំ ២០១៧ អូតង់​បាន​ដាក់​ពង្រាយ​៤កងវរសេនាតូច​ពហុជាតិ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​ក្រុម​ប្រទេស​បាល់ទិច។ តែ​អ្វី​ដែល​ក្រុម​ប្រទេស​បាល់ទិច​ចង់​បាន​បន្ថែម​ពេល​នេះ គឺ​ការ​ដំឡើង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ពី​អង្គការ​អូតង់។

ក្រុមប្រទេស​បាល់ទិច​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​លោក​ត្រាំ​ដំឡើង​សាច់ដុំ​ដាក់​លោក​ពូទីន

តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​រហូត​ដល់​ថ្ងៃ​ជាប់ឆ្នោត​ចូល​កាន់​តំណែង​ជា​ផ្លូវការ ក្រុម​ប្រទេស​បាល់ទិច​មិន​សូវ​ទុក​ចិត្ត​លោក​ដូណាល់ ត្រាំ​ទេ។ មិន​សូវ​ទុក​ចិត្ត ព្រោះ​គេ​ឃើញ​លោក​ត្រាំ​មិន​សូវ​ហ៊ាន​វាយប្រហារ​រិះគន់​រុស្ស៊ី និង​ថែម​ទាំង​បាន​រករឿង​ប្រទេស​សមាជិក​អូតង់​ផ្សេង​ពី​ការ​បាន​បង់​វិភាគទាន​ឲ្យ​ស្មើ​នឹង​អាមេរិក។ ម្យ៉ាង​ទៀត លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​លើក​ដំបូង​ដែល​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ពី​ជំហរ និង​កាយវិការ​របស់​គាត់​មុន​បាន​ឡើយ។ លោក​ត្រាំ​ជា​មនុស្ស​ដែល​ចូលចិត្ត​និយាយ​ច្រើន និយាយ​ហើយ​មិន​ធ្វើ ក្រោយ​មក​ធ្វើ​វិញ ឬ​មួយ​ក៏​មិន​បាន​និយាយ​ទេ តែ​បាន​ធ្វើ​ភ្លាមៗ​តែ​ម្តង។

គឺ​ជំហរ​មិន​ដឹង​ងាក​ទៅ​ទិស​ខាង​ណា​ឲ្យ​ពិត​ប្រាកដ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​បាល់ទិច​ពិបាក​ទុក​ចិត្ត និង​ពិបាក​ពឹងពាក់ ពិសេស​ជំហរ​របស់​លោក​ត្រាំ​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ពូទីន។ នៅ​ក្នុង​ប្រទេស​លីទុយអានី លទ្ធផល​ស្ទង់មតិ​ក្នុង​ឆ្នាំ ២០១៧ បាន​បង្ហាញ​ថា មាន​ពលរដ្ឋ ២នាក់​ក្នុង​ចំណោម ៣នាក់​មិន​ទុក​ចិត្ត​លើ​លោក​ត្រាំ​ទេ។ តែ​អ្វីៗ​បាន​ផ្លាស់ប្តូរ ក្រោយ​ពី​លោក​ត្រាំ​បាន​សម្រេច​បញ្ជូន​គ្រាប់មីស៊ីល​ប្រឆាំង​រថក្រោះ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​សម្រាប់​ប្រយុទ្ធ​ទប់​នឹង​ពួក​បះបោរ​ទាមទារ​ផ្តាច់ទឹកដី​និយម​ដែល​រុស្ស៊ី​បាន​គាំទ្រ និង​ការ​ដែល​លោក​ត្រាំ​បាន​ដំឡើង​ថវិកា​សម្រាប់​កម្លាំងទ័ព​អាមេរិក​នៅ​អឺរ៉ុប។

បន្ទាប់​មក​ថ្មីៗ​នេះ លោក​ដូណាល់ ត្រាំ​បាន​រួម​សាមគ្គី​ជាមួយ​បស្ចិមលោក ពិសេស​ជាមួយ​ប្រទេស​អង់គ្លេស​ដោយ​បាន​បណ្តេញ​មន្រ្តីការទូត​រុស្ស៊ី​ចំនួន ៦០នាក់​ចេញ​ពី​ទឹកដី​អាមេរិកាំង​នៅ​ក្នុង​សំណុំរឿង​បំពុល​អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្សី​លោក Sergueï Skripal និង​កូនស្រី​របស់​គាត់​ក្នុង​ទីក្រុង​ឡុងដ៏​កាល​ពី​ដើម​ខែ​មីនា។ គឺ​ទង្វើ​កាច​របស់​លោក​ត្រាំ​ចំពោះ​លោក​ពូទីន​របៀប​នេះ​ហើយ​ដែល​ក្រុម​ប្រទេស​បាល់ទិច​សម្លឹង​ឃើញ​ថា ពួក​គេ​អាច​ទុកចិត្ត និង​ពឹងពាក់​លើ​លោក​ត្រាំ​ឲ្យ​ជួយ​ការពារ​ប្រឈម​ទប់​នឹង​ឥទ្ធិពល​រុស្ស៊ី។ ក្រៅ​ពី​ចង់​បាន​ជំនួយ​ពី​លោក​ត្រាំ ជំនួប​អាមេរិក និង​ក្រុម​ប្រទេស​បាល់ទិច​ក៏​ផ្តោត​លើ​វិស័យ​សេដ្ឋកិច្ច​ដែល​ប្រទេស​លីទុយអានី​ចង់​បង្កើន​ការ​ទិញ​ឧស្ម័នហ្កាស​ពី​អាមេរិក​ដើម្បី​កាត់​បន្ថយ​ការ​ទិញ​ពី​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ