អានតួអត្ថបទ
តួកគី-បារាំង

តួកគី​ព្រមាន​បារាំង​កុំ​ឲ្យ​ប្រព្រឹត្ត​កំហុសឆ្គង​ដូច​អាមេរិក​នៅ​ស៊ីរី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មេសា លោក​អ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគី​បាន​ព្រមាន​ប្រទេស​បារាំង​កុំ​ឲ្យ​ប្រព្រឹត្ត​កំហុស​ឆ្គង​ដូច​អាមេរិក។ អាមេរិក​ដែល​បាន​បោះ​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ស្រុក​មីនប៊ី ស្ថិត​ក្នុង​ទីក្រុង​អាឡិប​នៃ​ប្រទេស​ស៊ីរី។ តាម​ទីក្រុង​អង់ការ៉ា ស្រុក​មីនប៊ី​កំពុង​រង​ការ​គំរាម​​វាយប្រហារ​ពី​កម្លាំងទ័ព​តួកគី​ដើម្បី​គាស់រំលើង​កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថានស៊ីរី។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron (រូបស្តាំ) និង​សមភាគី​តួកគី​លោក Recep Tayyip Erdogan
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron (រូបស្តាំ) និង​សមភាគី​តួកគី​លោក Recep Tayyip Erdogan LUDOVIC MARIN / POOL / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​របស់​តួកគី​ចំពោះ​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តួកគី​ទទួល​បាន​ព័ត៌មាន​ស្តីពី​វត្តមាន​ទាហាន​បារាំង​ជាមួយ​កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថាន​ក្នុង​ស្រុក​មីនប៊ី​របស់​ប្រទេស​ស៊ីរី​ដែល​ទីក្រុង​អង់ការ៉ា​ចង់​វាយប្រហារ​គាស់រំលើង។ សូម​ជម្រាប​ជូន​ថា ស្រុក​មីនប៊ី​ជា​អតីត​ទីតាំង​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ត្រូវ​បាន​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​រួម​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​វាយ​យក​បាន​ត្រឡប់​វិញ​ក្នុង​ឆ្នាំ ២០១៦។

តាម​ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី មាន​ទាហាន​សម្ព័ន្ធមិត្ត​អន្តរជាតិ​ជិត ៣៥០នាក់ ពិសេស​ទាហាន​អាមេរិក និង​បារាំង​កំពុង​ឈរ​ជើង​នៅ​ក្នុង​ស្រុក​មីនប៊ី​នោះ។ ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ទើប​បាន​ដាក់​ទ័ព​បន្ថែម​ទៀត ពិសេស​ទ័ព​អាមេរិក និង​បារាំង​ក្នុង​ពេល​ដែល​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​គំរាម​ម្តង​ជា​ពីរ​ដង​ក្នុង​ការ​វាយប្រហារ​គាស់រំលើង​កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថាន​ចេញ​ពី​ស្រុក​មីនប៊ី។

លោក​អ៊ីប្រាហ៊ីម កាលីន អ្នកនាំពាក្យ​ប្រធានាធិបតី​តួកគី​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ថា លោក​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​បារាំង ហើយ​បារាំង​បាន​ឆ្លើយ​ថា ការ​បញ្ជូន​ទ័ព​បារាំង​ទៅ​កាន់​ស្រុក​មីនប៊ី​មិន​ស្ថិត​ក្នុង​របៀបវារៈ​ទេ និង​ថា លោក​ក៏​បាន​ប្រាប់​ទៅ​បារាំង​វិញ​កុំ​ឲ្យ​ប្រព្រឹត​កំហុស​ឆ្គង​ដូច​អាមេរិក។ សូម​ជម្រាប​ជូន​ថា តួកគី​បាន​ចាត់​ទុក​កម្លាំងទ័ព​គួដឌីស្ថាន​នៅ​ស៊ីរី​ជា​ដៃជើង​របស់​កម្លាំង​ពលករ​គួដឌីស្ថាន PKK ដែល​កំពុង​តស៊ូប្រយុទ្ធ​បង្ហូរ​ឈាម​ទល់​នឹង​រដ្ឋាភិបាល​តួកគី​ក្នុង​ទឹកដី​តួកគី​តាំង​ពី​ឆ្នាំ ១៩៨៤។

ចំណែក​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​មាន​យុទ្ធជនអារ៉ាប់​នៅ​ក្នុង​ជួរ​របស់ពួក​គេ​ដែរ​នោះ​ត្រូវ​បាន​តួកគី​យល់​ឃើញ​ថា គ្រាន់​តែ​ជា​អេក្រង់​មួយ​ដើម្បី​ធ្វើឱ្យ​ស្រប​ច្បាប់​នូវ​ការ​គាំទ្រ​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាងលិចដទៃ​ទៀត​ផ្តល់​ឱ្យ​ពួក​គួដឌីស្ថាន​ស៊ីរី​ប៉ុណ្ណោះ។ ទីក្រុង​អង់ការ៉ា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​បារាំង​រួច​ហើយ​ថា ខ្លួន​មិន​ទទួល​យក​ដាច់​ខាត​នូវ​សំណើ​សុំ​ធ្វើ​អន្តរការី​របស់​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​រវាង​តួកគី និង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ