អានតួអត្ថបទ

អាល្លឺម៉ង់ កំពុង​រក​មូលហេតុ​នៃ​ការវាយប្រហារ​ដោយ​បើកឡាន​បុក​សម្លាប់​មនុស្ស

មាន​ស្លាប់​ពីរ​នាក់ និង​របួស​២០​នាក់ ក្នុង​នោះ​៦​នាក់​ជា​របួស​ធ្ងន់​ នៅ​ក្នុង​ហេតុការណ៍​រថយន្ត​បើក​បុកសំដៅ​លើ​ហ្វូង​មនុស្ស នៅ​ទីប្រជុំ​ជន​ក្រុងមួយ​នៃ​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សៅរ៍។ អ្នក​បើក​បរ​នោះ​បាន​បាញ់ស​ម្លាប់​ខ្លួន​ ក្រោយ​បង្ក​ហេតុ​ហើយ។ បើ​តាម​ប្រភព​សារព័ត៌មាន​អាល្លឺម៉ង់​ជា​ច្រើន អ្នក​បើកបរ​រូប​នោះ​​ជា​ជន​ជាតិអាល្លឺម៉ង់​អាយុ​ ៤៩​ឆ្នាំ និង​មាន​ជំងឺ​រោគ​ចិត្តផង។

ប៉ូលិសអាល្លឺម៉ង់​ដាក់​រនាំង​សុវត្ថិភាព​ក្រោយ​ហេតុការណ៍​រថយន្ត​បុកកិន​ហ្វូង​មនុស្ស
ប៉ូលិសអាល្លឺម៉ង់​ដាក់​រនាំង​សុវត្ថិភាព​ក្រោយ​ហេតុការណ៍​រថយន្ត​បុកកិន​ហ្វូង​មនុស្ស REUTERS/NonstopNews
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​​រថយន្ត​បើក​បុក​ហ្វូង​មនុស្ស បាន​កើត​ឡើង​នៅរសៀល​ថ្ងៃ​សៅរ៍ ទី៧មេសា ​វេលាម៉ោង ៣​និង​៣០​នាទី​រសៀល ម៉ោង​នៅ​ប្រទេ​សអាល្លឺម៉ង់ ត្រូវ​ម៉ោង​៨កន្លះ​យប់​ម៉ោង​នៅកម្ពុជា​ នៅទី​​ប្រជុំ​ជន​ក្នុង​ក្រុង Münster ភាគ​ខាង​លិច​ប្រទេស ​ចំពេល​ម៉ោង​ដែល​មាន​មនុស្សម្នា នាំ​គ្នា​ចេញ​ដើរលេងមើល​ហាង​ និង​ ​អង្គុយ​ត្រៀបត្រា​ ស្រូប​កំដៅ​ថ្ងៃ។

ប៉ុន្តែ​​នេះ មិន​មែន​ជា​ទង្វើ​ភេរវកម្មអ៊ីស្លាមជ្រុលនិយម​ទេ ! រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​ត្រូវ​អញ្ជើញ​មក​ដល់​កន្លែង​កើត​ហេតុ​ នៅថ្ងៃអាទិត្យ​នេះ បានច្រាន​ចោល​ តាំង​ពី​ល្ងាច​មិញ​មក សម្មតិកម្ម​ភេរវកម្ម​ជីហាត ព្រោះ​បើ​គិត​មក​ត្រឹម​ពេល​នេះ គ្មាន​អ្វី​ដែល​បញ្ជាក់​អំពី​ទំនាក់ទំនង​ជា​អ៊ីស្លាម​ជ្រុលនិយមទេ។

បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់​ មានអាយុ​៤៩ឆ្នាំ ជន​ល្មើស​បើក​រថយន្ត​នោះ មាន​កំណើតកើត​ជា​នៅ​ក្នុង​ស្រុក​Munsterនេះ​ផ្ទាល់​តែ​ម្តង ​ជាជន​ជាតិ​អាល្លឺម៉ង់ (មិនមែន​អន្តោប្រវេសន៍ទេ)​​ និង​មាន​ជំងឺ​រោគ​ចិត្ត។ ជន​នេះ​ធ្លាប់​មានប្រវត្តិ​​ប្រព្រឹត្ត​បទ​ល្មើស​តូច​តាចផ្សេងៗ​និង​អំពើ​ហិង្សា​មួយ​ចំនួន​ផង ហើយ​ធ្លាប់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន​ម្តង កាលពី​ថ្មីៗ ដោយ​ព្រមាន​នឹង​សម្លាប់​ខ្លួន​ម្តង​ទៀត​ក្នុង​ទម្រង់​ធំ។ នេះ​បើ​តាម​ប្រភពសារព័ត៌មាន​និង​​ទូរទស្សន៍​ជាតិ ដែល​បាន​លម្អិត​ទៀត​ថា ជន​ល្មើស​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អ្នកជាតិ​និយម​​ជ្រុល​អាល្លឺម៉ង់​។

បន្ទាប់​ពី​បាន​រក្សា​សុវត្ថិភាព​និង​ធ្វើ​ការឆែកឆេរ​អស់​ជា​ច្រើន​ម៉ោង ប៉ូលិស​អាល្លឺម៉ង់​គ្មាន​រក​ឃើញ​អ្វី​ក្រៅ​អំពី កាំភ្លើង​ដៃ​ដែល​ជន​ល្មើស​បាន​ប្រើ​សម្រាប់​បាញ់​សម្លាប់​ខ្លួន​ឯង និង​កាំជ្រួច​ផាវ​ធំៗ​បួន​ដប់ ដែល​អាច​​ផ្គុំ​គ្នា​ធ្វើ​ជា​គ្រាប់​បែក​ច្នៃ​បាន ព្រម​ទាំង​កាំភ្លើង​អាកាមួយដើម ​ដោះ​កៃ ទុក​ចោល​នៅ​ផ្ទះ។ នេះ​បើតាម​ប្រភព​ប៉ូលិស​ដដែល​។

ថ្វីបើ​ពេល​នេះ មូលហេតុ​នៃ​សកម្មភាព​បើក​ឡាន​បុកសម្លាប់មនុស្ស​​របស់​ជន​ល្មើស​ នៅ​ជា​សំណួរគ្មាន​ចម្លើយ​មែន ប៉ុន្តែ​ហេតុការណ៍​​នេះ​បានកើត​ឡើង​ចំពេល​អាល្លឺម៉ង់​ស្ថិត​ក្នុង​បរិបទ​ដ៏​តាន​តឹង។ រូបភាព​ភេរវកម្ម​ជីហាតរដ្ឋ​អ៊ីស្លាម​ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៦ បង្ក​ឡើង​ដោយ​ជនអន្តោប្រវេសន៍​​អ៊ីស្លាម​ជ្រុល​និយម​ទុយនីស៊ី បើក​ឡាន​កិន​ហ្វូង​មនុស្ស​នៅផ្សារ​ណូអែល មិន​ទាន់​រសាត់​​រលុប​បាត់​ទេ។ តាំង​ពី​ជា​ងមួយ​ឆ្នាំ​កន្លះ​មក​នេះ អាជ្ញាធរអាល្លឺម៉ង់​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​រហូត ដោយ​ហេតុតែ​បាន​រងការ​វាយប្រហារ​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម​​ផង និងប្រឈម​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ជីហាត​នៅ​ក្នុង​ប្រទេស​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ