អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើប្រជាជន​ហុងគ្រី​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី ដែល​ស្អប់ជនអន្តោប្រវេសន៍?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​ហុងគ្រី ជិត ៨លាន​នាក់ នៅថ្ងៃ​អាទិត្យ​នេះ ត្រូវ​ចេញ​ទៅ​បោះឆ្នោត ជ្រើសរើស​រដ្ឋាភិបាល​ថ្មី នៅក្នុង​បរិបទ​មួយ បញ្ហា ជនអន្តោប្រវេសន៍ បាន​ក្លាយ​ជា​សំណុំរឿង​ចំបង​របស់​បេក្ខជន​ឈរឈ្មោះ។ នៅក្នុង​ស្រុក លោក​វីចទ័រ​អរបាន បាន​ដើរ​នយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍ និង​ប្រឆាំង​ដាច់ខាត មិន​ចង់​ទទួល​ជនភៀសខ្លួន ដែល​កំណត់​បែងចែក​ដោយ​សហភាព​អឺរ៉ុប។ ទទួល​ការគាំទ្រ​ក្នុង​ស្រុក ប៉ុន្តែ លោក​នាយក​រដ្ឋមន្រ្តី ហុងគ្រី ជាតិនិយម បាន​ក្លាយ​ជា​មនុស្សក្បាលរឹង ប្រឆាំង​សហភាព​អឺរ៉ុប ដែល​តាមពិតទៅ ជា​ប្រភព​ផ្តល់​ថវិកា​ដ៏​សំខាន់​មួយ របស់​ហុងគ្រី។ 

លោក​នាយករដ្ឋមន្រ្តី​អរបាន ឈរឈ្មោះ​សម្រាប់​អាណត្តិទី៣ ផ្តោតសំខាន់​លើ​បញ្ហា​គំរាមកំហែង​របស់​ជនអន្តោប្រវេសន៍នៅក្នុង​យុទ្ធនាការ​ឃោសនា ដែល​ធ្វើឡើង​នៅ​២​ថ្ងៃ​មុន​ការបោះឆ្នោត នៅថ្ងៃទី ៨​មេសា ២០១៨
លោក​នាយករដ្ឋមន្រ្តី​អរបាន ឈរឈ្មោះ​សម្រាប់​អាណត្តិទី៣ ផ្តោតសំខាន់​លើ​បញ្ហា​គំរាមកំហែង​របស់​ជនអន្តោប្រវេសន៍នៅក្នុង​យុទ្ធនាការ​ឃោសនា ដែល​ធ្វើឡើង​នៅ​២​ថ្ងៃ​មុន​ការបោះឆ្នោត នៅថ្ងៃទី ៨​មេសា ២០១៨ REUTERS/Bernadett Szabo
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ហុងគ្រី នៅថ្ងៃ​អាទិត្យ​នេះ​បាន​រៀបចំ​ការបោះឆ្នោតសភា​ជាតិ ដែល​នៅក្នុង​នោះ ​ការស្ទង់មតិ បាន​បង្ហាញ​ថា លោក​នាយករដ្ឋមន្រ្តី វីចទ័រ អរបាន នឹង​អាច​ឈ្នះឆ្នោត សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​ហុងគ្រី អាណត្តិ​ទី៣ បន្តទៀត។

គណបក្ស​ជាតិ និង​អភិរក្ស​និយម Fidesz របស់​លោក​នាយករដ្ឋមន្រ្តី វីចទ័រ អរ សង្ឃឹម​ ​ទទួល​ជ័យជំនះ ច្រើន នៅក្នុង​ការបោះឆ្នោត នៅថ្ងៃ​អាទិត្យនេះ ដោយសារ​កត្តា​ពីរ។ ទី១ គឺ​ដោយសារ​តែ​កម្លាំង​ចុះខ្សោយ​របស់​គណបក្ស​ប្រឆាំង គណបក្ស​ប្រជែង របស់​លោក។ រហូត​មកដល់​ពេលនេះ គណបក្ស​ឆ្វេងនិយម គណបក្ស​កណ្តាល​និយម ដែល​ប្រឆាំង​នឹង​លោក អរបាន នៅ​តែ​បែកបាក់ មិន​ព្រម​រួមកម្លាំង​គ្នា ដើម្បី​ប្រឆាំង​នឹង​គណបក្ស​កាន់អំណាច​របស់​លោក​វីចទ័រ អរបាន​នោះទេ។ កត្តា​ទី២ ដែល​ធ្វើ​ឲ្យ​លោក​នាយក រដ្ឋមន្រ្តី អរបាន ទទួល​បាន​សំឡេងគាំទ្រ​ច្រើន នៅក្នុង​ចំណោម​មហាជន​ហុងគ្រី គឺ​បញ្ហា​ជនអន្តោប្រវេសន៍។ នៅពីរឆ្នាំ​ចុងក្រោយនេះ ពោល​គឺ​ចាប់តាំង​ពីមាន​ផ្ទុះឡើង​វិបត្តិ​លំហូរ​ជនអន្តោប្រវេសន៍ មក​ទឹកដី​អឺរ៉ុប លោក​វីចទ័រ អរបាន បាន​ចាត់វិធានការ​នយោបាយ តឹងរ៉ឹង មិនស្វាគមន៍ ជនអន្តោប្រវេសន៍ ក្នុង​ទឹកដី​ហុងគ្រី។ លោក​បាន​បញ្ជា​ឲ្យ​​គេ​សង់របង លួសបន្លា នៅ​តាម​ព្រំដែន ជាមួយ​ប្រទេស​ស៊ែប ដើម្បី រារាំង​កុំ​ឲ្យ​ជនភៀសខ្លួន មក​ពីដើមបូព៌ា ធ្វើដំណើរ​ឆ្លងកាត់​ចូល​ទឹកដី​ហុងគ្រី។ នយោបាយ​ការពារ​ជនជាតិ​ហុងគ្រី ប្រទេស​ហុងគ្រី មិន​ឲ្យ​រងការឈ្លានពាន​ពី​ជនអន្តោប្រវេសន៍ កាន់សាសនា​អ៊ីស្លាម ត្រូវ​បាន​គាំទ្រ ភាគច្រើន​ពី​ប្រជាជន​ហុងគ្រី ដែល​កាន់​គ្រឹស្តសាសនា។

នៅថ្ងៃអាទិត្យ គណបក្ស​របស់​លោក​អរបាន​នឹង​សង្ឃឹម​ឈ្នះ​ឆ្នោត​សាជាថ្មី ប៉ុន្តែ ខុស​ពី​ការបោះឆ្នោត ពីរ លើក មុន គឺ​នៅឆ្នាំ ២០១០ និង​ឆ្នាំ ២០១៤ គណបក្ស​ជាតិ និង​អភិរក្ស​និយម​របស់​លោក​វីចទ័រ អរបាន ប្រហែល​ជា​មិន​អាច​ឈ្នះដាច់ ដើម្បី​បាន​សំឡេង​ភាគច្រើន​នៅ​សភា​នោះទេ។ គ្មាន​សំឡេង​ពីរភាគបី នៅ​សភា គណបក្ស​របស់​លោកអរបាន​អាច​ត្រូវ​បង្ខំចិត្ត​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ គណបក្ស​ប្រឆាំង។ លោក​អរបាន​វិញ​ចង់​កាន់អំណាច​តែម្នាក់ឯង។

នៅ​ស្ថានភាព​ជាក់ស្តែង គណបក្ស​របស់លោក​អរបាន​កំពុង​ប្រជែងខ្លាំង​ជាមួយ នឹង​គណបក្ស​ស្តាំ​និយមជ្រុល​មួយទៀត គឺ​គណបក្ស​Jobbik ដែល​ដើរតួ​ជា​គណបក្ស​ប្រឆាំង​សំខាន់ នៅ​ហុងគ្រី និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​គណបក្ស​ណាហ្ស៊ី​ថ្មី ប្រឆាំង​ស្អប់​ជនបរទេស។ គណបក្ស​នេះ កំពុង​ទាញ​យក​សំឡេង​មួយភាគ ពី​គណបក្ស​ជាតិ​និយម​របស់​លោក​អរបាន និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខពីរ ជាមួយ​គាំទ្រ ពី ១៥​ទៅ ២០ភាគរយ។ គណបក្ស​ Jobbik បាន​ចោទប្រកាន់​លោក​នាយករដ្ឋមន្រ្តី​អរបាន​ថា បក្សពួកនិយម ធ្វើ​ឲ្យ​សេវា​សាធារណៈ​ចុះខ្សោយ និង​មាន​នយោបាយ​ទន់ជ្រាយ​ជាមួយ​ជនអន្តោប្រវេសន៍។ នៅ​ហុងគ្រី គេ​អាចនិយាយ​បាន​ថា ការប្រជែង​ដណ្តើម​អំណាច​គ្នា គឺ​ធ្វើឡើង តែ​រវាង​គណបក្ស​ស្តាំ​និយមជ្រុល​ប៉ុណ្ណោះ។ ដូច្នេះ ទោះ​ជា​គណ​បក្ស​ណាមួយឈ្នះឆ្នោត ក៏ ហុងគ្រី ត្រូវ​ដឹកនាំ ដោយ​មនុស្ស​ជាតិនិយម មិន​ស្វាគមន៍​ជនបរទេសដែរ។

និយាយ​បំប៉ោង​បញ្ហា​ជនអន្តោប្រវេសន៍ ដើម្បី​សំឡេងឆ្នោត

ការនិយាយបំភិតបំភ័យ​របស់​លោកនាយករដ្ឋមន្រ្តី​អរបាន ធ្វើឡើង​ដើម្បី​តែ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។ នៅ​ហុងគ្រី ជនអន្តោប្រវេសន៍​តំណាង​ឲ្យ​តែ​មួយភាគរយ​ប៉ុណ្ណោះ នៃ​ប្រជាជន​សរុប​របស់​ហុងគ្រី ដែល​មាន​ប្រមាណ ១០​លាន​នាក់។ នយោបាយ​សាងសង់​ជញ្ជាំង របង​លួសបន្លា នៅ​តាម​ព្រំដែន ជាមួយប្រទេស​ស៊ែប៊ី បាន​ធ្វើ​ឲ្យ​ចំនួន​ជនភៀសខ្លួន ថយចុះ យ៉ាងសន្ធឹក។ ដោយសារ​តែ​នយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍​របស់​លោកនាយករដ្ឋមន្រ្តី អរបាន ពាក្យសុំសិទ្ធិជ្រកកោន​របស់​ជនភៀសខ្លួន នៅក្នុង​ទឹកដី​ហុងគ្រី បាន​ថយចុះ ពី ជាង ១សែន ៧ម៉ឺននាក់ មកនៅ​ត្រឹម​តែ​៣ពាន់​នាក់តែប៉ុណ្ណោះ នៅ​ឆ្នាំ ២០១៧​កន្លងទៅ។

សូមអាន៖ក្រុមប្រឹក្សា​​អឺរ៉ុប​​ព្រមាន​​ហុងគ្រី​​​​មិនអោយ​ធ្វើបាប​​ជនភៀសខ្លួន​​​​​

មួយវិញទៀត ជនភៀសខ្លួន​ដែល​ធ្វើដំណើរ​ចូល​ទឹកដី​ហុងគ្រី គឺ​គ្រាន់តែ​ដើម្បី​ឆ្លងកាត់​ទៅ​រក​ប្រទេស​អឺរ៉ុប​ខាងជើង ដូចជា​អាល្លឺម៉ង់ ឬ​អូទ្រីស​តែប៉ុណ្ណោះ គឺ​គ្មាន​បំណង​ស្នាក់នៅ ជ្រកកោន​យូរអង្វែង​នៅ​ហុងគ្រី ដើម្បី ដណ្តើម​ការងារ ពី​ប្រជាជន​ហុងគ្រី ដូចដែល​លោក​អរបាន​បាន​លើកឡើង​នោះទេ។

ប៉ុន្តែ ដោយ​លើក​និយាយ​សង្កត់ធ្ងន់​លើ​បញ្ហា​ជនអន្តោរប្រវេសន៍ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​នាយករដ្ឋមន្រ្តី​អរបាន​ចេះ​និយាយ​ចាក់ចំ​ចំណុច ព្រោះប្រជាជន​ហុងគ្រី នៅបាក់ស្មាត​នៅឡើយ​នឹង​ហេតុការណ៍​លំហូរ​ជនភៀសខ្លួន ខ្លាំង កាលពី​ឆ្នាំ ២០១៥។ ម្យ៉ាងទៀត ប្រជាជន​ហុងគ្រី យល់​ថា នយោបាយ​របស់​លោក​នាយករដ្ឋមន្រ្តី អរបាន ដែល​សង់ជញ្ជាំង នៅតាម​ព្រំដែន​ដើម្បី​ទប់ទល់​នឹង​លំហូរជនអន្តោប្រវេសន៍ គឺ​ត្រឹមត្រូវ។ តាម​លោក​អរបាន ជញ្ជាំង​លួសបន្លា​នៅ​តាម​ព្រំដែន នឹង​ជួយ​ការពារ​យូរអង្វែង ទឹកដី ហុងគ្រី ពីការឈ្លានពាន​របស់​ជនអន្តោប្រវេសន៍ ជាពិសេស មកពី​អាហ្វ្រិក ដែល​បើតាម​អង្គការ​អូតង់​នឹង​មាន​ចំនួន​កើនឡើង ដល់​៦០លាន​នាក់ នៅ​២០ឆ្នាំខាងមុខ។

 

មេដឹកនាំផ្តាច់ការ​នៅក្នុង​រង្វង់សហភាពអឺរ៉ុប

លោក​វីចទ័រ អរបាន​ធ្លាប់បាន​រិះគន់​តុលាការ​យុត្តិធម៌ អឺរ៉ុប ដែល​បាន​សម្រេច​ឲ្យ​ហុងគ្រី ចាញ់​ក្តី នៅក្នុង​បណ្តឹង​តវ៉ា ពីរឿង ការដាក់កំហិត​ឲ្យ​ទទួល​ជនភៀសខ្លួន មកក្នុង​ទឹកដី អឺរ៉ុប។ លោក​អរបាន មិន​ខ្លាច​នឹង​តវ៉ា​ប្រឆាំង នឹង​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ព្រោះ​លោក​អាចមាន​ផ្លូវដើរ ក្រឡា​ផ្សេង បើសិន​គ្មាន​ជំនួយ​ពីអឺរ៉ុប។

សូមអាន៖គណៈកម្មការអឺរ៉ុប​តម្រូវ​ឲ្យ​រដ្ឋសមាជិក បង់ប្រាក់ បើសិន​មិន​ចង់​ទទួល​ជនភៀសខ្លួន

លោក​អរបាន​មិន​ដែលលាក់បាំង​ពីជំហរ របស់លោក ដែល​កោតសរសើរ​ ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​នោះទេ។ គេ​វាយតម្លៃថា បើសិន​សហភាព​អឺរ៉ុប ព្រងើយ ដាក់​ទោស​ហុងគ្រី ដោយសារ​តែ​នយោបាយ​អន្តោប្រវេសន៍ នោះ ហុងគ្រី​នឹង​អាច​ងាក​ទៅ​រក​ពឹង​រុស្ស៊ី ដែល​កំពុង​ក្លាយ​ជា​គូប្រជែង និង​ប្រទេស​គំរាមកំហែង​សហភាពអឺរ៉ុប។

សហភាព​អឺរ៉ុប​កំពុង​តាមដាន​ខ្លាំងមែនទែន លើ​ការបោះឆ្នោត​នៅ​ហុងគ្រី មិនត្រឹម​តែ​រឿង​នយោបាយ​ប្រឆាំង​ជន​អន្តោប្រវេសន៍​របស់​លោកអរបាន​តែប៉ុណ្ណោះទេ។ លោក​អរបាន​កំពុង​ត្រូវ​គេ​តាមដាន​ផងដែរ ពីរឿង​រំលោភ​សិទ្ធិ​មនុស្ស នៅក្នុង​ប្រទេស​ហុងគ្រី។ គេ​បារម្ភថា ដោយ​ធ្វើ​នយោបាយ​ប្រជាភិថុត បំភិតបំភ័យ​ប្រជាជន​យ៉ាងដូច្នេះ លោក​អរបាន​កំពុងក្លាយ​ជា​មេដឹកនាំ​ផ្តាច់ការ របស់​ប្រទេសសមាជិកមួយ​របស់​សហភាព​អឺរ៉ុប។ តាំងពី​ឆ្នាំ ២០០៨ លោក​អរបាន​បាន​ធ្វើ​នយោបាយ​ជាច្រើន​ដើម្បីបិទខ្ទប់​សំឡេង​ប្រឆាំង​នឹងលោក ជាពិសេស នៅក្នុងនយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍នេះ។ មនុស្ស​ស្និទ្ធ​នឹង​លោក​បាន​ប្រមូល​ទិញ​គ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយ ទូទស្សន៍ មួយភាគធំ​នៅ​ហុងគ្រី ក្នុង​ពេល​កាសែត វិទ្យុ​ឯករាជ្យ ដែល​សរសេរ​រិះគន់ នយោបាយ​រដ្ឋាភិបាល​ត្រូវ​បាន​បិទ ឬ​ពិន័យ​ជា​ប្រាក់ ក្នុងបទ​ចោទប្រកាន់​សរសេរ​ព័ត៌មាន​មិនពិត។ នៅក្នុង​ក្របខ័ណ្ឌ​ប្រឆាំង​ជនអន្តោប្រវេសន៍ នេះដែរ រដ្ឋាភិបាល​របស់​លោក​អរបាន នៅ​បាន​កាត់ផ្តាច់​ជំនួយ ដល់​សមាគម​សាសនា​ដែល​ជួយ​ជនអន្តោប្រវេសន៍ ដែល​លោកចាត់ទុក ជា​សត្រូវ​សំខាន់​របស់​ប្រទេស​ជាតិ​ហុងគ្រី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ