អតីតប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ ចេញសៀវភៅ "មេរៀននៃអំណាច"
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៦
អតីតប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានចេញផ្សាយសៀវភៅ នៅថ្ងៃពុធទី ១១ មេសា នេះ មានចំណងជើងថា “មេរៀននៃអំណាច”។ លោកបានសរសេររំលឹក យ៉ាងវែងអំពីតុល្យការការងារ៥ឆ្នាំរបស់លោក និងចែកមួយជំពូក សម្រាប់និយាយតែអំពីទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីកំពុងកាន់អំណាច អេម៉ាណុយអែលម៉ាក្រុង រហូតដល់អ្នកសារព័ត៌មានខ្លះបកស្រាយថា ជាសៀវភៅមេរៀនរបស់លោកហូឡង់ ទៅលោកម៉ាក្រុង។
កាលពីខែមិថុនាឆ្នាំមុន លោក ហ្វ្រង់ស័រ ហូឡង់ បានសន្យាថាមិនចេញស្តីអ្វីទេ ដើម្បីទុកពេលឱ្យប្រធានាធិបតីថ្មីធ្វើការ។ ប៉ុន្តែលោកស្ងាត់មាត់មិនបានយូរសោះ ! លោកអតីតប្រធានាធិបតី បានបញ្ចេញមតិយោបល់ និងធ្វើអត្ថាធិប្បាយ លើបច្ចុប្បន្នភាពនិងនយោបាយដឹកនាំប្រទេសរបស់លោកម៉ាក្រុង ជាច្រើនលើកច្រើនសាមកហើយ។
នៅថ្ងៃពុធទី ១១ មេសា នេះលោកបានចេញផ្សាយសៀវភៅ កម្រាស ជាង ៤០០ទំព័រ មានចំណងជើងថា « មេរៀននៃអំណាច »។ ជាសំណេរដែលលោកអតីតប្រធានាធិបតីចង់ពន្យល់បំភ្លឺនូវអ្វីដែលកន្លងមក តែក៏មានការរៀបរាប់ និងរិះគន់ច្រើនប្រធានាធិបតីកំពុងកាន់។ នៅក្នុងជំពូកស្តីអំពីទំនាក់ទំនងជាមួយលោក អេម៉ាណុយអែល ម៉ាក្រុង ដូចទម្លាប់លោក អតីតប្រធានាធិបតី ហូឡង់ មិនបានប្រើពាក្យចោទប្រកាន់លោកអេម៉ាណុយអែលម៉ាក្រុងដោយចំៗថាក្បត់និងលាក់លោកអំពីមហិច្ឆតាចង់ក្លាយជាបេក្ខជនប្រធានាធិបតីទេ ! ដោយគ្រាន់តែបានសរសេរថា “នយោបាយជាការប្រកួតប្រជែង តែត្រូវមានភាពស្មោះត្រង់ និងទំនួលខុសត្រូវ តែស្តាយដែលវាមិនមែនដូច្នេះ !”។
ចំណុចមួយទៀតដែលលោក ហ្វ្រង់ស័រ ហូឡង់ ចង់ផ្តល់មេរៀនដល់លោកអេម៉ាណុយអែល ម៉ាក្រុងដែរ នោះគឺបញ្ហាវិសមភាពសង្គម។ លោកហូឡង់ បានសរសេរ និងបានថ្លែងបញ្ជាក់ តាមកញ្ចក់ទូរទស្សន៍ជាតិទៀត ដើម្បីអបអរការចេញផ្សាយសៀវភៅរបស់លោក ថា រដ្ឋាភិបាលបារាំងក្រោមការដឹកនាំរបស់លោក ខំកាត់បន្ថយគម្លាតសង្គម ឯចំណែករដ្ឋាភិបាលរបស់លោក ម៉ាក្រុង ប្រឹងជីកឱ្យកាន់តែជ្រៅ។ បន្ថយពន្ធពីក្រុមអ្នកមានខ្លាំង ហើយទៅបន្ថយប្រាក់និវត្តន៍មនុស្សចាស់ ?! វិសមភាពកាន់តែជ្រៅ នោះនឹងគ្មានកំណើនសេដ្ឋកិច្ច ភាពចុះសម្រុងនិងសន្តិភាពទេ ! នេះការព្រមានរបស់លោកហូឡង់ ដែលចំណាយ២០ទំព័រ បន្ទោសអ្នកធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្រោមបង្គាប់លោក។
លោកហ្វ្រង់ស័រ ហូឡង់ ក៏បានវិលត្រលប់មកបរិយាយអំពីតុល្យការការងារដឹកនាំប្រទេស៥ឆ្នាំរបស់លោក ក្នុងការស្តារប្រទេស និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ លោកនៅតែអះអាងនិងផ្តល់ភាពសំខាន់ជានិច្ច នឹងនយោបាយបញ្ចុះអត្រាអ្នកអត់ការងារធ្វើ ដែលពេលនេះបានស្គាល់ថាថយចុះមែន ! ទោះជាលទ្ធផលធ្លាក់មកយឺតបន្តិច ប៉ុន្តែលោកសប្បាយចិត្តព្រោះថ្ងៃនេះអត្រាអ្នកអត់ការងារធ្វើធ្លាក់ចុះដោយជាក់ស្តែង។
ការសម្រេចចិត្តមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មី ក៏ត្រូវបានលោកលើកមកសរសេរពន្យល់ឡើងវិញដែរ។ សម្រាប់លោក ការសម្រេចចិត្តនោះ ជាការលះបង់ ! និងជាការលះបង់ដែលមានប្រយោជន៍ ប៉ុន្តែគំនិតស្តាយក្រោយក៏មានដុះពន្លកឡើងដែរ នៅថ្ងៃបន្តបន្ទាប់ក្រោយមក។
នេះជាលើកទីមួយហើយដែលអតីតប្រធានាធិបតីហូឡង់ ចេញផ្សាយសៀវភៅ។ សៀវភៅ ដែលក៏មិនភ្លេចរំលឹកអំពីកំហុសនិងការសោកស្តាយបួនយ៉ាងដែលលោកសម្រេចមិនបាន នៅពេលកាន់អំណាច ៖ ការដកសញ្ជាតិ វិធីសាស្ត្រនិងកាលវិភាគនៃការធ្វើកំណែទម្រង់ច្បាប់ការងារ ច្បាប់ជំនួយការបង្កកំណើត និងសិទ្ធិបោះឆ្នោតរបស់ជនបរទេស ដែលលោកបានសន្យាក្នុងពេលឃោសនាបោះឆ្នោត។
ជាចុងក្រោយ លោកបានបញ្ចប់សៀវភៅ ជាមួយនឹងជីវិតឯកជន ដែលមានលេចធ្លាយព័ត៌មានជាហូរហែឥតឈប់។ លោកបានសម្តែងការឈឺចាប់ និងទទួលការឈឺចាប់ នៅពេលបានឃើញសៀវភៅរបស់លោកស្រី Trierweiler បោះផ្សាយក្រោយពីលោកស្រីសម្រេចចែកផ្លូវលែងរួមរស់ជាមួយនឹងលោកហូឡង់ កាលពីឆ្នាំ២០១៤។ លោក ហ្វ្រង់ស័រ ហូឡង់ ព្រមទទួលខុសត្រូវទាំងស្រុង ចំពោះការបែកធ្លាយរឿងរាវស្នេហ៍លួចលាក់ជាមួយនាង Julie Gayet គូកំណាត់ជីវិតថ្មី។ ការបែកធ្លាយដែលធ្លាក់មកមិនចំពេល អាក្រក់ទាំងសម្រាប់លោកហូឡង់ ជាលក្ខណៈបុគ្គលផង និងសម្រាប់នាមជាប្រធានាធិបតីផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ