អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អតីតប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ ចេញ​សៀវភៅ "មេរៀននៃ​អំណាច"

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ បាន​ចេញ​ផ្សាយ​សៀវភៅ នៅ​ថ្ងៃ​ពុធ​ទី ១១​ មេសា នេះ មាន​ចំណង​ជើង​ថា “មេរៀន​នៃ​អំណាច”។ លោក​បាន​សរសេរ​រំលឹក យ៉ាង​វែង​​អំពី​តុល្យការ​ការ​ងារ​៥​ឆ្នាំ​របស់​លោក និង​ចែក​​មួយ​ជំពូក សម្រាប់​និយាយ​តែអំពី​ទំនាក់ទំនង​របស់​លោក​ ជាមួយ​ប្រធានាធិបតី​កំពុង​កាន់​អំណាច អេម៉ាណុយអែល​ម៉ាក្រុង ​ រហូត​ដល់​អ្នក​សារព័ត៌មាន​ខ្លះ​បក​ស្រាយ​ថា ជា​សៀវភៅ​មេរៀន​របស់លោក​ហូឡង់​ ទៅ​លោក​ម៉ាក្រុង។

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ២០១២-២០១៧
លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ២០១២-២០១៧ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​មិថុនា​ឆ្នាំ​មុន លោក ហ្វ្រង់ស័រ ហូឡង់ បាន​សន្យា​ថាមិន​ចេញ​ស្តី​អ្វី​ទេ​ ដើម្បី​ទុក​ពេល​ឱ្យ​ប្រធានាធិបតី​ថ្មី​ធ្វើការ។​ ប៉ុន្តែ​លោក​ស្ងាត់​មាត់​មិន​បាន​យូរ​សោះ ! លោក​អតីតប្រធានាធិបតី​ បាន​បញ្ចេញ​មតិ​យោបល់​ និង​ធ្វើ​អត្ថាធិប្បាយ លើ​​បច្ចុប្បន្នភាព​និង​នយោបាយដឹកនាំ​ប្រទេស​របស់​លោក​ម៉ាក្រុង ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​​។

នៅថ្ងៃ​ពុធ​ទី ១១​ មេសា នេះ​លោក​បាន​ចេញ​ផ្សាយ​សៀវភៅ​ កម្រាស​ ជាង ៤០០​ទំព័រ មាន​ចំណង​ជើង​ថា « មេរៀន​នៃ​អំណាច »។ ជា​សំណេរ​​ដែល​លោកអតីត​ប្រធានាធិបតី​ចង់​ពន្យល់​បំភ្លឺ​នូវ​អ្វី​ដែល​កន្លង​មក  តែ​ក៏​មាន​ការ​​រៀប​រាប់ និង​រិះគន់ច្រើន​ប្រធានាធិបតី​កំពុង​កាន់​។​ ​នៅក្នុង​ជំពូក​ស្តីអំពី​ទំនាក់ទំនង​ជាមួយ​លោក អេម៉ាណុយអែល ម៉ាក្រុង ដូច​ទម្លាប់លោក​ អតីត​ប្រធានាធិបតី​ ហូឡង់ មិន​បានប្រើពាក្យ​​​ចោទ​ប្រកាន់​​លោក​អេម៉ាណុយអែល​ម៉ាក្រុង​ដោយ​ចំៗ​ថា​ក្បត់​និង​លាក់លោក​អំពី​​​មហិច្ឆតាចង់ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​​ទេ ! ដោយ​គ្រាន់​តែ​បាន​សរសេរ​ថា “​នយោបាយជា​ការ​ប្រកួត​ប្រជែង​ តែ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ និង​​ទំនួល​ខុស​ត្រូវ​ តែ​ស្តាយ​ដែល​វា​មិន​មែន​ដូច្នេះ​ !”។

ចំណុច​​មួយ​ទៀត​ដែល​លោក ហ្វ្រង់ស័រ ហូឡង់ ​ចង់​ផ្តល់​មេរៀន​​ដល់​លោក​អេម៉ាណុយអែល​ ម៉ាក្រុង​ដែរ នោះ​គឺ​បញ្ហា​វិសមភាព​សង្គម។ លោក​ហូឡង់ បាន​សរសេរ​ និង​បាន​ថ្លែង​បញ្ជាក់​ តាមកញ្ចក់​ទូរទស្សន៍​ជាតិ​ទៀត ដើម្បី​អបអរ​ការ​ចេញ​ផ្សាយ​សៀវភៅ​របស់​លោក ថា រដ្ឋាភិបាល​បារាំង​ក្រោម​ការ​ដឹកនាំ​របស់​លោក ខំ​កាត់​បន្ថយ​គម្លាត​សង្គម ឯ​ចំណែក​រដ្ឋាភិបាល​របស់​លោក ម៉ាក្រុង ប្រឹង​ជីក​ឱ្យ​កាន់​តែ​ជ្រៅ។ បន្ថយ​ពន្ធ​ពី​ក្រុម​អ្នក​មាន​ខ្លាំង ហើយ​ទៅ​បន្ថយ​ប្រាក់​និវត្តន៍​មនុស្ស​ចាស់ ?! វិសមភាព​កាន់​តែ​ជ្រៅ នោះ​នឹង​គ្មាន​កំណើន​សេដ្ឋកិច្ច​ ភាព​ចុះ​សម្រុង​និង​សន្តិភាព​ទេ ! នេះការ​ព្រមាន​របស់លោក​ហូឡង់ ដែល​ចំណាយ​២០ទំព័រ​ បន្ទោសអ្នក​ធ្លាប់​ជា​​​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចក្រោម​បង្គាប់​លោក​។

លោក​ហ្វ្រង់ស័រ ហូឡង់ ក៏​បាន​វិល​ត្រលប់​មក​បរិយាយ​អំពី​តុល្យការការងារ​​ដឹកនាំ​ប្រទេស​៥​ឆ្នាំ​របស់​លោក ក្នុង​ការ​ស្តារ​ប្រទេស​ និង​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ។ លោក​នៅ​តែ​អះអាង​និង​ផ្តល់​ភាព​សំខាន់​ជានិច្ច​ នឹងនយោបាយ​​បញ្ចុះអត្រា​អ្នក​អត់ការងារ​ធ្វើ​ ដែល​ពេល​នេះ​បាន​ស្គាល់​ថា​ថយ​ចុះ​​មែន ! ទោះ​ជា​លទ្ធផល​ធ្លាក់​មក​យឺត​បន្តិច ប៉ុន្តែលោក​សប្បាយ​ចិត្តព្រោះ​ថ្ងៃ​នេះ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ធ្លាក់​ចុះ​ដោយ​ជាក់​ស្តែង។

ការ​សម្រេច​ចិត្ត​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ថ្មី ក៏​ត្រូវ​បាន​លោក​​លើក​មក​សរសេរ​​ពន្យល់​ឡើង​វិញ​ដែរ។​ សម្រាប់​លោក ការ​សម្រេច​ចិត្ត​នោះ​ ជា​ការ​លះបង់ ! និង​ជា​ការ​លះបង់​ដែល​មាន​ប្រយោជន៍ ប៉ុន្តែគំនិត​ស្តាយ​ក្រោយ​ក៏​មាន​ដុះពន្លក​ឡើង​ដែរ នៅ​ថ្ងៃ​​បន្ត​បន្ទាប់​ក្រោយ​មក។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អតីត​ប្រធានាធិបតី​ហូឡង់ ចេញ​ផ្សាយ​សៀវភៅ។ សៀវភៅ ដែល​ក៏​មិន​ភ្លេច​រំលឹក​អំពី​កំហុស​និង​ការ​សោកស្តាយ​បួន​យ៉ាង​ដែលលោក​សម្រេច​មិន​បាន​ នៅ​ពេល​កាន់​អំណាច​ ៖ ការ​ដក​សញ្ជាតិ​ វិធីសាស្ត្រ​និង​កាលវិភាគ​នៃ​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ការងារ ច្បាប់​ជំនួយការ​បង្ក​កំណើត និង​សិទ្ធិបោះឆ្នោត​របស់​ជន​បរទេស​ ដែល​លោក​បាន​សន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​។

ជា​ចុងក្រោយ​ លោក​បាន​បញ្ចប់​សៀវភៅ ជាមួយ​នឹង​ជីវិត​ឯកជន ដែល​មាន​លេច​ធ្លាយ​ព័ត៌មាន​ជា​ហូរហែ​ឥតឈប់។ លោក​បាន​សម្តែង​ការ​ឈឺ​ចាប់​ និងទទួល​​ការ​ឈឺ​ចាប់ នៅ​ពេល​បាន​ឃើញ​សៀវភៅ​របស់​លោកស្រី Trierweiler បោះផ្សាយ​ក្រោយ​ពី​លោកស្រី​សម្រេចចែក​ផ្លូវ​លែង​រួម​រស់​ជាមួយនឹង​លោក​ហូឡង់ កាលពី​ឆ្នាំ​២០១៤។ លោក​ ហ្វ្រង់ស័រ ហូឡង់ ព្រមទទួល​ខុស​ត្រូវ​ទាំង​ស្រុង ចំពោះ​ការ​បែក​ធ្លាយ​រឿង​រាវ​ស្នេហ៍​លួច​លាក់​ជាមួយ​នាង​ Julie Gayet គូ​កំណាត់​ជីវិត​ថ្មី។ ការ​បែក​ធ្លាយ​ដែល​ធ្លាក់​មក​មិន​ចំពេល​ អាក្រក់​ទាំង​សម្រាប់​លោក​ហូឡង់ ជា​លក្ខណៈ​បុគ្គល​ផង និង​សម្រាប់​នាម​ជា​ប្រធានាធិបតី​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ