អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក បារាំង និងអង់គ្លេស​រួមគ្នា វាយប្រហារ​ទីតាំង​ស្តុកអាវុធ​គីមី នៅ​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាមេរិក អង់គ្លេស និង​បារាំង បាន​បើកប្រតិបត្តិការយោធា វាយប្រហារ​ទឹកដី​ស៊ីរី នៅព្រឹក​ថ្ងៃ​សៅរ៍ទី ១៤។ នៅ​ប៉ុន្មាន​នាទី​មុន​អន្តរាគមន៍​យោធា នៅស៊ីរី លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​និយាយ​ថា គោលដៅ​នៃ​ប្រតិបត្តិការ​យោធា រួមគ្នា​រវាង​អាមេរិក បារាំង និង​អង់គ្លេស គឺ​ដើម្បី​បំផ្លាញ សមត្ថភាព ប្រើប្រាស់​អាវុធ​គីមី របស់​រដ្ឋាភិបាល​ស៊ីរី ដែល​ប្រទេស​លោក​ខាងលិច​បាន​ចោទថា បានប្រើ​អាវុធ​គីមី សម្លាប់​ប្រជាជន​ស៊ីវិល​នៅ​ទីក្រុង​ឌូម៉ា។ ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​របបស៊ីរី បាន​បរិហារ ថ្កោលទោស ខ្លាំងៗ​អាមេរិក អង់គ្លេស និង​បារាំង ថា​បាន​រំលោភច្បាប់​អន្តរជាតិ និង​បាន​ទាមទារ​ឲ្យ​មានការកោះប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខនៅថ្ងៃ​សៅរ៍។  

រូបថត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​សាណា​របស់​ស៊ីរី​បង្ហាញ​ភ្លើង​មីស៊ីល​នៅលើមេឃ​របស់​ក្រុង​ដាម៉ាស នៅថ្ងៃសៅរ៍ទី ១៤​មេសា
រូបថត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​សាណា​របស់​ស៊ីរី​បង្ហាញ​ភ្លើង​មីស៊ីល​នៅលើមេឃ​របស់​ក្រុង​ដាម៉ាស នៅថ្ងៃសៅរ៍ទី ១៤​មេសា AFP/Syrian Governement's Central Military Media
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍​គត់ ក្រោយ​ការប្រើ​អាវុធ​គីមី សម្លាប់​ប្រជាជន​ស៊ីរី នៅ​ទីក្រុង​ឌូម៉ា នៅ​តំបន់​ហ្គូតា​ខាងកើត​របស់​ស៊ីរី អាមេរិក អង់គ្លេស​និង​បារាំង បាន​រួមគ្នា​បើកប្រតិបត្តិការ​យោធា​នៅក្នុង​ទឹកដី​ស៊ីរី។ អន្តរាគមន៍​យោធា​របស់​អាមេរិក បារាំង និង​អង់គ្លេស នៅទឹកដី​ស៊ីរី ធ្វើឡើង នៅបន្ទាប់​ពីទីក្រុង​ប៉ារីស និង​វ៉ាស៊ីនតោន​បាន​អះអាងថា គេ​មាន​ភស្តុតាង ដែល​បង្ហាញ ថា រដ្ឋាភិបាល​ស៊ីរី បាន​ប្រើ​អាវុធ​គីមី ដែល​បាន​សម្លាប់​មនុស្ស ជាង ៤០នាក់ នៅទីក្រុង​ឌូម៉ា ភាគខាងកើត​ស៊ីរី។

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានប្រកាស​នៅយប់​ថ្ងៃសុក្រ ថា ប្រតិបត្តិការ​យោធា រួមគ្នា​ជាមួយ​បារាំង អង់គ្លេស កំពុង​ប្រព្រឹត្តទៅ​នៅ​ស៊ីរី។ នេះ​ជាលើកទី២ ដែល​អាមេរិក​បាន​បើកការវាយប្រហារ មីស៊ីល​ទៅលើ​ស៊ីរី។ នៅខែ​មេសា ឆ្នាំ ២០១៧ អាមេរិក បាន​ធ្វើប្រតិបត្តិការទ័ព​តែម្នាក់ឯង ដោយ​បាន​បាញ់​មីស៊ីល ប្រមាណ ៥០គ្រាប់ សម្រាប់​បំផ្លាញ​មូលដ្ឋានទ័ព​អាកាស របស់​ស៊ីរី នៅក្រោយ​មានព័ត៌មាន​ថា របបស៊ីរី ប្រើ​អាវុធ​គីមីសម្លាប់​មនុស្ស នៅក្នុង​ការវាយប្រហារ​របស់ខ្លួន​ទីលើទីតាំង​របស់​ក្រុមប្រឆាំង នៅ​ Khan Cheikhoun។ បារាំង ដែល​ចោទ​របបស៊ីរី​ថា បាន​រំលោភខ្សែបន្ទាត់​ក្រហម បាន​ចូលរួម​ជាមួយ​អាមេរិក និង​អង់គ្លេស នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ទីតាំង​យោធា​របស់​របបស៊ីរី នៅព្រឹកថ្ងៃ​សៅរ៍។

សូមអាន៖​ប្រធានាធិបតី​បារាំង​និង​អាមេរិក ប្រកាស​​រួម​ដៃ​គ្នា​ តប​នឹង​ការប្រើ​អាវុធ​គីមី​នៅ​ស៊ីរី

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី ប៉ារីស និង​វ៉ាស៊ីនតោន​បាន​រៀបចំ​សន្និសីទ​ សារព័ត៌មាន ដែលនៅក្នុង​នោះ គេ​បាន​បញ្ជាក់ថា យន្តហោះ​ចម្បាំង របស់​បារាំង និង​អង់គ្លេស បាន​រួមគ្នា​ជាមួយ នាវាចម្បាំង​របស់​អាមេរិក មាន​ទីតាំង នៅ​សមុទ្រ​ក្រហម ដើម្បី​បាញ់​មីស៊ីល​សំដៅ ទីតាំង​យោធា សំខាន់ៗ​បីកន្លែង ដែល​មួយកន្លែង ស្ថិតនៅ​ទីក្រុង​ដាម៉ាស និង​ពីរកន្លែងទៀត នៅ​ទីក្រុង​ហូម នៅភាគខាងជើង​ស៊ីរី។ តាម​រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង មីស៊ីល​របស់​អាមេរិក បារាំង និង​អង់គ្លេស​បាញ់​បំផ្លាញ មជ្ឈមណ្ឌល ស្រាវជ្រាវ​អាវុធ​គីមី​មួយ​កន្លែង និង​មជ្ឈមណ្ឌល​ផលិត ស្តុក​ទុក​អាវុធ​គីមី ពីរកន្លែង​របស់​របប​ស៊ីរី។ សម្រាប់​ប្រទេស​លោកខាងលិច ប្រតិបត្តិការ​យោធា នៅ​ស៊ីរី មួយរយៈពេល​ខ្លី នៅ​ព្រឹកថ្ងៃ​សៅរ៍នេះ មានគោលដៅ សំខាន់ គឺ​បំផ្លាញ​សមត្ថភាព ផលិត និង​ការស្តុកទុក​អាវុធ​គីមី របស់រដ្ឋាភិបាល​ស៊ីរី។

តាមអ្នកតំណាង​របស់អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ លោកស្រី នីគគី ហាឡេ នៅក្នុង​សង្រ្គាម​ស៊ីវិល​៧ឆ្នាំ នៅ​ស៊ីរី រដ្ឋាភិបាល​ស៊ីរី​បាន​ការវាយប្រហារ​ដោយ​ប្រើអាវុធ​គីមី ចំនួន​៥០​លើក ដើម្បី វាយដណ្តើម​កាន់កាប់​យកវិញ ​ទីតាំង​ពី​ដៃក្រុមប្រឆាំង។

រុស្ស៊ី៖ មាន​មីស៊ីល​១០៤​ដើម​បាញ់​សំដៅ​ទឹកដី​ស៊ីរី

តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ការវាយប្រហារ​ដោយ​គ្រាប់មីស៊ីល​របស់​បារាំង អាមេរិក និង​អង់គ្លេស មិន​បាន​សម្លាប់​ជីវិត ទាហានស៊ីរី ឬទាហាន​រុស្ស៊ី ដែល​ឈរជើង នៅ​មូលដ្ឋានទ័ព​របស់​រុស្ស៊ី នៅក្នុង​ទឹកដី​ស៊ីរី​នោះទេ។

នៅក្នុង​សន្និសីទ​កាសែត​នៅ​មន្ទីរបញ្ចកោន​នៅព្រឹកថ្ងៃសៅរ៍នេះ មេបញ្ជាការ​កងទ័ព​អាមេរិក លោក​Joe Dunford បាន​និយាយថា ការវាយប្រហារ​លើកនេះ ត្រូវ​បាន​គិតគូរ​យ៉ាងល្អិតល្អន់ ដើម្បី កុំ​ឲ្យ​ប៉ះពាល់​ដល់​ទីតាំង​យោធា​របស់​រុស្ស៊ី ដែលកំពុង​ជួយ​ប្រយុទ្ធ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។ លោក​Dunford បាននិយាយ​ថា អាមេរិក​បាន​ជូនដំណឹង​មុន ទៅ​រុស្ស៊ី ពី​ការវាយប្រហារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ ប៉ុន្តែ មិន​បាន​និយាយប្រាប់​រុស្ស៊ី ពី​ផែនការ លម្អិត នៃ​ទីតាំង​ដែលគេ​ត្រូវ​វាយប្រហារនោះទេ។

ទូរទស្សន៍​ស៊ីរី​បាន​ជូនដំណឹងថា ប្រព័ន្ធ​ខែលមីស៊ីល​របស់​ស៊ីរី បាន​បាញ់​ស្ទាក់​មីស៊ីល​ជាច្រើន​គ្រាប់ ដែល​សំដៅ ទីក្រុង​ដាម៉ាស។ តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី អាមេរិក បារាំង និង​អង់គ្លេស​បាន​បាញ់​មីស៊ីល ១០៤គ្រាប់​សំដៅ​ទីក្រុង​ដាម៉ាស និង​ទីក្រុង​ហូម ប៉ុន្តែ ក្នុង​ចំនោមនោះ ៧០​ដើម ត្រូវ​បាន​ប្រព័ន្ធខែល​មីស៊ីល​របស់​ស៊ីរី ដែល​មាន​តាំង​ពី​សម័យ​សហភាព​សូវៀត អាច​ស្ទាក់​បាញ់​បំផ្លាញ​មុន។ តាមក្រសួងការពារ​ជាតិ​រុស្ស៊ី ដដែល រុស្ស៊ី មិន​បាន​ប្រើ​ប្រព័ន្ធខែល​មីស៊ីល ដែល​តាំងទី នៅក្នុង​ទឹកដី​ស៊ីរី ដើម្បី ប្រឆាំង​បាញ់​ទម្លាក់​មីស៊ីល​របស់​អាមេរិក​នោះទេ។

នៅក្រោយ​ការបាញ់មីស៊ីល​របស់​អាមេរិក បារាំង និង​អង់គ្លេស ក្រុងម៉ូស្គូ បាន​បញ្ចេញ​សំឡេង​រិះគន់ ដូច រដ្ឋាភិបាល​ស៊ីរី​ដែល​ បាន​ចាត់ទុក​ការវាយប្រហារ​លើកនេះ ថា ជាការរំលោភ​ឈ្លានពាន និង​រំលោភ​ច្បាប់​អន្តរជាតិ។

សូមអាន៖​​ស៊ីរី៖ ការប្រឈមមុខ​ដោយ​អាវុធ​អាច​នឹង​មាន បន្ទាប់​ពីរុស្ស៊ី​ និង​អាមេរិក ​តម្លើង​សរសៃ​ក​ដាក់គ្នា​នៅ​អ.ស.ប

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ

នៅក្រោយ​អាមេរិក អង់គ្លេស និង​បារាំង បាញ់មីស៊ីល​បំផ្លាញ​ទីតាំង​យោធា​របស់​រដ្ឋាភិបាល​ស៊ីរី ប្រតិកម្ម​របស់​សហគមន៍អន្តរជាតិ បានកើតមាន​ជា​បន្តបន្ទាប់។ កាណាដា អ៊ីស្រាអែល និង​សហភាពអឺរ៉ុប​បាន​ចេញមុខ គាំទ្រ​ចំណាត់ការ​របស់​អាមេរិក បារាំង​និង​អង់គ្លេស។ តួកគី​ដែល​ធ្លាប់​តែ​ចូលរួម​ជាមួយ​រុស្ស៊ី និង​អ៊ីរ៉ង់​ដើម្បី ការចរចា​បញ្ចប់​សង្រ្គាម​នៅ ស៊ីរី ក៏​ចេញមុខ​គាំទ្រ​ការវាយប្រហារ​របស់​អាមេរិក​ទៅលើ​របបស៊ីរី ដែល​ជា​គូសត្រូវ​របស់​តួកគី។ ផ្ទុយទៅវិញ មាន​តែ​អ៊ីរ៉ង់ ដែល​កំពុង​បញ្ជូនទ័ព​ទៅ​ជួយ​ប្រយុទ្ធ​រដ្ឋាភិបាល​ស៊ីរី បាន​ប្រកាស​ថ្កោលទោស មេដឹកនាំ​លោក​ខាងលិច​ទាំងបី ថា ជា​ឧក្រិដ្ឋជន។ នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃសៅរ៍នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទប់ចិត្ត និង​បាន​ព្រមាន​ពី​ការរីករាលដាល នៃ​សង្រ្គាម។ សង្រ្គាម​ដែល​នៅក្នុង​នោះ នឹង​អាច​មានការប្រឈមមុខ​ដាក់គ្នា​ខ្លាំង រវាង​ភាគី​លោកខាងលិច ជាមួយ រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​ជាសម្ព័ន្ធមិត្ត​របស់​ស៊ីរី។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្រុមប្រឹក្សា​សន្តិសុខ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នេះ​ឯង​ទើបតែ​បាន​លើកឡើង ពី​ការវិលត្រលប់វិញ នៃ​សង្រ្គាមត្រជាក់។

រុស្ស៊ី​បាន​ព្រមាន ​ពី​ផលវិបាក បើសិន​មានការវាយប្រហារ​ទៅលើ​សម្ព័ន្ធមិត្ត​ស៊ីរី​របស់ខ្លួននោះ

នៅមួយម៉ោង​កន្លះ​ក្រោយ​អាមេរិក បារាំង និង​អង់គ្លេស​បាញ់​មីស៊ីល​សំដៅ​ទឹកដី​ស៊ីរី ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​បាន​វាយតម្លៃថា ការវាយប្រហារ​លើកនេះ មានន័យ​ស្មើ​នឹង​ការជេរតិះដៀល​លោកប្រធានាធិបតី​រុស្ស៊ី និង​ថា រុស្ស៊ី​កំពុង​រៀបចំ​ផែនការ​ដើម្បី​ឆ្លើយតបវិញ។ នៅថ្ងៃ​សុក្រ លោកដូណាល់ ត្រាំ បាន​ចោទ​លោក​ពូទីន​ថា ក្បត់ពាក្យ​សន្យា នៅក្នុង​រឿង​ចូលរួមរបស់​រុស្ស៊ី ដើម្បី​លុបបំបាត់​អាវុធ​គីមី នៅ​ស៊ីរី។ នៅក្នុង​សារTwitter អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​រុស្ស៊ី​បាន​ចាត់ទុក​ការវាយប្រហារ​របស់​ប្រទេស​លោកខាងលិច ទាំងបីទៅលើ​ក្រុង​ដាម៉ាស ថា កំពុង​វាយប្រហារ​រដ្ឋធានី​របស់​ប្រទេស​មួយ ដែល​កំពុង​ងើបយ៉ាងត្រដាបត្រដួស​ពី​សង្រ្គាម​ស៊ីវិល ការវាយប្រហារ​របស់​ក្រុមភេរវនិយម។

រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង​វិញ បាន​សង្កត់​ធ្ងន់ថា គោលដៅ នៃ​ប្រតិបត្តិការ​យោធា នៅ​ថ្ងៃ​សៅរ៍នេះ គឺ​បំផ្លាញ​កន្លែង​ផលិត និង​ស្តុកអាវុធ​គីមី​របស់​រដា្ឋភិបាល​ស៊ីរី តែប៉ុណ្ណោះ។ បារាំង​គ្មាន​បំណង​ចង់​ឲ្យ​រឿងនេះ ក្លាយ​ទៅ​ជា​រឿងធំ ទៅជា​ការផ្ទុះរីករាលដាល​សង្រ្គាម នៅ​ក្រៅ​ស៊ីរី​នោះទេ។ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក វិញ​ក៏​បាន​បញ្ជាក់ជំហរ​ស្រដៀងគ្នានេះដែរ គឺ​ថា អាមេរិក​គ្មាន​គោលដៅ ផែនការ ចង់​លូកដៃ ធ្វើ​សង្រ្គាម​នៅ​ស៊ីរី ដែល​នឹង​អាច​ទៅ​ប្រឈមមុខ​ជាមួយ រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរីនោះទេ។ ផ្ទុយស្រឡះ​ពី​ជំហរ​លោកដូណាល់ ត្រាំ ដែល​ថា ការវាយប្រហារ​អាច​នៅ​បន្ត រហូត​ដល់​របបស៊ីរី យល់ព្រម​លះបង់​ចោល​អាវុធ គីមី រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក​បញ្ជាក់ថា អាមេរិក​មាន​ផែនការ​បើកប្រតិបត្តិការ ត្រឹមតែ​ថ្ងៃ​សៅរ៍នេះ គឺ​គ្មាន​គម្រោង​នឹង​បន្ត​ការវាយប្រហារ​តទៅទៀត​នោះទេ។

នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី តេរ៉េហ្សា មេ បាន​បញ្ជាក់ថា ទោះជាអង់គ្លេស ចូលរួម​ធ្វើប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិក នៅក្នុង​ទឹកដី​ស៊ីរី នៅថ្ងៃ​សៅរ៍នេះ ប៉ុន្តែ អង់គ្លេស ចង់​ជំរុញ ឲ្យ​មាន​ការចរចា​ផ្នែក​នយោបាយ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅស៊ីរី។ បារាំង អាមេរិក និង​អង់គ្លេស សុទ្ធតែ​ចង់​បើក​ការចរចា។ ចំណែក​រុស្ស៊ី វិញ ដែល​បាន​ព្រមាន​ពីផលវិបាក នោះ នៅ​មិនទាន់​បាន​បង្ហាញ​ពី​វិធានការ​ជាក់ស្តែង​ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហាររបស់​អាមេរិក​ទៅលើសម្ព័ន្ធមិត្ត​របស់ខ្លួន​នៅឡើយទេ។ តាមវិមាន​ក្រេមឡាំង លោកពូទីន បាន​បរិហារ​ សកម្មភាព​រំលោភឈ្លានពាន របស់​អាមេរិក​បារាំង និង​រុស្ស៊ី និង​បានទាមទារ​ឲ្យ​មានការកោះប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី ថ្កោលទោស​អាមេរិក បារាំង និង​អង់គ្លេស ដែល​បាន​រំលោភ​ច្បាប់​អន្តរជាតិ។

សម្រាប់ ម៉ូស្គូ ដោយវាយប្រហារ​ទៅលើ​ស៊ីរី នៅមុន​ការស៊ើបអង្កេត សន្និដ្ឋាន​របស់​អង្គការ​អន្តរជាតិ​ហាមឃាត់​អាវុធ​គីមី​នៅទឹកដី​ស៊ីរី​ទៅទៀតនោះ អាមេរិក​បារាំង និង​អង់គ្លេស​កំពុងមើលងាយ មិន​ឲ្យ​តម្លៃ​ដល់​ការងារ ស៊ើបអង្កេត​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី។ ប្រតិបត្តិការ​យោធា​របស់​អាមេរិក បារាំង និងអង់គ្លេស នៅក្នុង​ទឹកដី ស៊ីរី ធ្វើឡើង​នៅថ្ងៃ​សៅរ៍ ចំ​ថ្ងៃ​ដែល ​អង្គការ​អន្តរជាតិ​ហាមឃាត់​អាវុធ​គីមី​ត្រូវ​ចុះ​ទៅ​ស៊ើប​អង្កេត ដើម្បី​បញ្ជាក់ថា តើ​ពិតជាមាន​ការវាយប្រហារ​ដោយ​ប្រើអាវុធ​គីមី នៅទីក្រុង​ឌូម៉ា ដែរ​ឬទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ