អាមេរិក បារាំង និងអង់គ្លេសរួមគ្នា វាយប្រហារទីតាំងស្តុកអាវុធគីមី នៅស៊ីរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៩
អាមេរិក អង់គ្លេស និងបារាំង បានបើកប្រតិបត្តិការយោធា វាយប្រហារទឹកដីស៊ីរី នៅព្រឹកថ្ងៃសៅរ៍ទី ១៤។ នៅប៉ុន្មាននាទីមុនអន្តរាគមន៍យោធា នៅស៊ីរី លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា គោលដៅនៃប្រតិបត្តិការយោធា រួមគ្នារវាងអាមេរិក បារាំង និងអង់គ្លេស គឺដើម្បីបំផ្លាញ សមត្ថភាព ប្រើប្រាស់អាវុធគីមី របស់រដ្ឋាភិបាលស៊ីរី ដែលប្រទេសលោកខាងលិចបានចោទថា បានប្រើអាវុធគីមី សម្លាប់ប្រជាជនស៊ីវិលនៅទីក្រុងឌូម៉ា។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន ដែលជាសម្ព័ន្ធមិត្តរបស់របបស៊ីរី បានបរិហារ ថ្កោលទោស ខ្លាំងៗអាមេរិក អង់គ្លេស និងបារាំង ថាបានរំលោភច្បាប់អន្តរជាតិ និងបានទាមទារឲ្យមានការកោះប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃសៅរ៍។
មួយសប្តាហ៍គត់ ក្រោយការប្រើអាវុធគីមី សម្លាប់ប្រជាជនស៊ីរី នៅទីក្រុងឌូម៉ា នៅតំបន់ហ្គូតាខាងកើតរបស់ស៊ីរី អាមេរិក អង់គ្លេសនិងបារាំង បានរួមគ្នាបើកប្រតិបត្តិការយោធានៅក្នុងទឹកដីស៊ីរី។ អន្តរាគមន៍យោធារបស់អាមេរិក បារាំង និងអង់គ្លេស នៅទឹកដីស៊ីរី ធ្វើឡើង នៅបន្ទាប់ពីទីក្រុងប៉ារីស និងវ៉ាស៊ីនតោនបានអះអាងថា គេមានភស្តុតាង ដែលបង្ហាញ ថា រដ្ឋាភិបាលស៊ីរី បានប្រើអាវុធគីមី ដែលបានសម្លាប់មនុស្ស ជាង ៤០នាក់ នៅទីក្រុងឌូម៉ា ភាគខាងកើតស៊ីរី។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅយប់ថ្ងៃសុក្រ ថា ប្រតិបត្តិការយោធា រួមគ្នាជាមួយបារាំង អង់គ្លេស កំពុងប្រព្រឹត្តទៅនៅស៊ីរី។ នេះជាលើកទី២ ដែលអាមេរិកបានបើកការវាយប្រហារ មីស៊ីលទៅលើស៊ីរី។ នៅខែមេសា ឆ្នាំ ២០១៧ អាមេរិក បានធ្វើប្រតិបត្តិការទ័ពតែម្នាក់ឯង ដោយបានបាញ់មីស៊ីល ប្រមាណ ៥០គ្រាប់ សម្រាប់បំផ្លាញមូលដ្ឋានទ័ពអាកាស របស់ស៊ីរី នៅក្រោយមានព័ត៌មានថា របបស៊ីរី ប្រើអាវុធគីមីសម្លាប់មនុស្ស នៅក្នុងការវាយប្រហាររបស់ខ្លួនទីលើទីតាំងរបស់ក្រុមប្រឆាំង នៅ Khan Cheikhoun។ បារាំង ដែលចោទរបបស៊ីរីថា បានរំលោភខ្សែបន្ទាត់ក្រហម បានចូលរួមជាមួយអាមេរិក និងអង់គ្លេស នៅក្នុងប្រតិបត្តិការវាយប្រហារទៅលើទីតាំងយោធារបស់របបស៊ីរី នៅព្រឹកថ្ងៃសៅរ៍។
សូមអាន៖ប្រធានាធិបតីបារាំងនិងអាមេរិក ប្រកាសរួមដៃគ្នា តបនឹងការប្រើអាវុធគីមីនៅស៊ីរី
នៅប៉ុន្មានម៉ោងក្រោយប្រតិបត្តិការយោធានៅស៊ីរី ប៉ារីស និងវ៉ាស៊ីនតោនបានរៀបចំសន្និសីទ សារព័ត៌មាន ដែលនៅក្នុងនោះ គេបានបញ្ជាក់ថា យន្តហោះចម្បាំង របស់បារាំង និងអង់គ្លេស បានរួមគ្នាជាមួយ នាវាចម្បាំងរបស់អាមេរិក មានទីតាំង នៅសមុទ្រក្រហម ដើម្បីបាញ់មីស៊ីលសំដៅ ទីតាំងយោធា សំខាន់ៗបីកន្លែង ដែលមួយកន្លែង ស្ថិតនៅទីក្រុងដាម៉ាស និងពីរកន្លែងទៀត នៅទីក្រុងហូម នៅភាគខាងជើងស៊ីរី។ តាមរដ្ឋមន្រ្តីការពារជាតិបារាំង មីស៊ីលរបស់អាមេរិក បារាំង និងអង់គ្លេសបាញ់បំផ្លាញ មជ្ឈមណ្ឌល ស្រាវជ្រាវអាវុធគីមីមួយកន្លែង និងមជ្ឈមណ្ឌលផលិត ស្តុកទុកអាវុធគីមី ពីរកន្លែងរបស់របបស៊ីរី។ សម្រាប់ប្រទេសលោកខាងលិច ប្រតិបត្តិការយោធា នៅស៊ីរី មួយរយៈពេលខ្លី នៅព្រឹកថ្ងៃសៅរ៍នេះ មានគោលដៅ សំខាន់ គឺបំផ្លាញសមត្ថភាព ផលិត និងការស្តុកទុកអាវុធគីមី របស់រដ្ឋាភិបាលស៊ីរី។
តាមអ្នកតំណាងរបស់អាមេរិកនៅអង្គការសហប្រជាជាតិ លោកស្រី នីគគី ហាឡេ នៅក្នុងសង្រ្គាមស៊ីវិល៧ឆ្នាំ នៅស៊ីរី រដ្ឋាភិបាលស៊ីរីបានការវាយប្រហារដោយប្រើអាវុធគីមី ចំនួន៥០លើក ដើម្បី វាយដណ្តើមកាន់កាប់យកវិញ ទីតាំងពីដៃក្រុមប្រឆាំង។
រុស្ស៊ី៖ មានមីស៊ីល១០៤ដើមបាញ់សំដៅទឹកដីស៊ីរី
តាមក្រសួងការពារជាតិរុស្ស៊ី ការវាយប្រហារដោយគ្រាប់មីស៊ីលរបស់បារាំង អាមេរិក និងអង់គ្លេស មិនបានសម្លាប់ជីវិត ទាហានស៊ីរី ឬទាហានរុស្ស៊ី ដែលឈរជើង នៅមូលដ្ឋានទ័ពរបស់រុស្ស៊ី នៅក្នុងទឹកដីស៊ីរីនោះទេ។
នៅក្នុងសន្និសីទកាសែតនៅមន្ទីរបញ្ចកោននៅព្រឹកថ្ងៃសៅរ៍នេះ មេបញ្ជាការកងទ័ពអាមេរិក លោកJoe Dunford បាននិយាយថា ការវាយប្រហារលើកនេះ ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បី កុំឲ្យប៉ះពាល់ដល់ទីតាំងយោធារបស់រុស្ស៊ី ដែលកំពុងជួយប្រយុទ្ធកងទ័ពរដ្ឋាភិបាលស៊ីរី។ លោកDunford បាននិយាយថា អាមេរិកបានជូនដំណឹងមុន ទៅរុស្ស៊ី ពីការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែ មិនបាននិយាយប្រាប់រុស្ស៊ី ពីផែនការ លម្អិត នៃទីតាំងដែលគេត្រូវវាយប្រហារនោះទេ។
ទូរទស្សន៍ស៊ីរីបានជូនដំណឹងថា ប្រព័ន្ធខែលមីស៊ីលរបស់ស៊ីរី បានបាញ់ស្ទាក់មីស៊ីលជាច្រើនគ្រាប់ ដែលសំដៅ ទីក្រុងដាម៉ាស។ តាមក្រសួងការពារជាតិរុស្ស៊ី អាមេរិក បារាំង និងអង់គ្លេសបានបាញ់មីស៊ីល ១០៤គ្រាប់សំដៅទីក្រុងដាម៉ាស និងទីក្រុងហូម ប៉ុន្តែ ក្នុងចំនោមនោះ ៧០ដើម ត្រូវបានប្រព័ន្ធខែលមីស៊ីលរបស់ស៊ីរី ដែលមានតាំងពីសម័យសហភាពសូវៀត អាចស្ទាក់បាញ់បំផ្លាញមុន។ តាមក្រសួងការពារជាតិរុស្ស៊ី ដដែល រុស្ស៊ី មិនបានប្រើប្រព័ន្ធខែលមីស៊ីល ដែលតាំងទី នៅក្នុងទឹកដីស៊ីរី ដើម្បី ប្រឆាំងបាញ់ទម្លាក់មីស៊ីលរបស់អាមេរិកនោះទេ។
នៅក្រោយការបាញ់មីស៊ីលរបស់អាមេរិក បារាំង និងអង់គ្លេស ក្រុងម៉ូស្គូ បានបញ្ចេញសំឡេងរិះគន់ ដូច រដ្ឋាភិបាលស៊ីរីដែល បានចាត់ទុកការវាយប្រហារលើកនេះ ថា ជាការរំលោភឈ្លានពាន និងរំលោភច្បាប់អន្តរជាតិ។
សូមអាន៖ស៊ីរី៖ ការប្រឈមមុខដោយអាវុធអាចនឹងមាន បន្ទាប់ពីរុស្ស៊ី និងអាមេរិក តម្លើងសរសៃកដាក់គ្នានៅអ.ស.ប
ប្រតិកម្មរបស់សហគមន៍អន្តរជាតិ
នៅក្រោយអាមេរិក អង់គ្លេស និងបារាំង បាញ់មីស៊ីលបំផ្លាញទីតាំងយោធារបស់រដ្ឋាភិបាលស៊ីរី ប្រតិកម្មរបស់សហគមន៍អន្តរជាតិ បានកើតមានជាបន្តបន្ទាប់។ កាណាដា អ៊ីស្រាអែល និងសហភាពអឺរ៉ុបបានចេញមុខ គាំទ្រចំណាត់ការរបស់អាមេរិក បារាំងនិងអង់គ្លេស។ តួកគីដែលធ្លាប់តែចូលរួមជាមួយរុស្ស៊ី និងអ៊ីរ៉ង់ដើម្បី ការចរចាបញ្ចប់សង្រ្គាមនៅ ស៊ីរី ក៏ចេញមុខគាំទ្រការវាយប្រហាររបស់អាមេរិកទៅលើរបបស៊ីរី ដែលជាគូសត្រូវរបស់តួកគី។ ផ្ទុយទៅវិញ មានតែអ៊ីរ៉ង់ ដែលកំពុងបញ្ជូនទ័ពទៅជួយប្រយុទ្ធរដ្ឋាភិបាលស៊ីរី បានប្រកាសថ្កោលទោស មេដឹកនាំលោកខាងលិចទាំងបី ថា ជាឧក្រិដ្ឋជន។ នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឲ្យគ្រប់ភាគីទប់ចិត្ត និងបានព្រមានពីការរីករាលដាល នៃសង្រ្គាម។ សង្រ្គាមដែលនៅក្នុងនោះ នឹងអាចមានការប្រឈមមុខដាក់គ្នាខ្លាំង រវាងភាគីលោកខាងលិច ជាមួយ រុស្ស៊ី និងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី។ នៅថ្ងៃសុក្រម្សិលមិញ នៅក្រុមប្រឹក្សាសន្តិសុខ អគ្គលេខាធិការអង្គការសហប្រជាជាតិ នេះឯងទើបតែបានលើកឡើង ពីការវិលត្រលប់វិញ នៃសង្រ្គាមត្រជាក់។
រុស្ស៊ីបានព្រមាន ពីផលវិបាក បើសិនមានការវាយប្រហារទៅលើសម្ព័ន្ធមិត្តស៊ីរីរបស់ខ្លួននោះ
នៅមួយម៉ោងកន្លះក្រោយអាមេរិក បារាំង និងអង់គ្លេសបាញ់មីស៊ីលសំដៅទឹកដីស៊ីរី ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំក្រុងវ៉ាស៊ីនតោនបានវាយតម្លៃថា ការវាយប្រហារលើកនេះ មានន័យស្មើនឹងការជេរតិះដៀលលោកប្រធានាធិបតីរុស្ស៊ី និងថា រុស្ស៊ីកំពុងរៀបចំផែនការដើម្បីឆ្លើយតបវិញ។ នៅថ្ងៃសុក្រ លោកដូណាល់ ត្រាំ បានចោទលោកពូទីនថា ក្បត់ពាក្យសន្យា នៅក្នុងរឿងចូលរួមរបស់រុស្ស៊ី ដើម្បីលុបបំបាត់អាវុធគីមី នៅស៊ីរី។ នៅក្នុងសារTwitter អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកការវាយប្រហាររបស់ប្រទេសលោកខាងលិច ទាំងបីទៅលើក្រុងដាម៉ាស ថា កំពុងវាយប្រហាររដ្ឋធានីរបស់ប្រទេសមួយ ដែលកំពុងងើបយ៉ាងត្រដាបត្រដួសពីសង្រ្គាមស៊ីវិល ការវាយប្រហាររបស់ក្រុមភេរវនិយម។
រដ្ឋមន្រ្តីការពារជាតិបារាំងវិញ បានសង្កត់ធ្ងន់ថា គោលដៅ នៃប្រតិបត្តិការយោធា នៅថ្ងៃសៅរ៍នេះ គឺបំផ្លាញកន្លែងផលិត និងស្តុកអាវុធគីមីរបស់រដា្ឋភិបាលស៊ីរី តែប៉ុណ្ណោះ។ បារាំងគ្មានបំណងចង់ឲ្យរឿងនេះ ក្លាយទៅជារឿងធំ ទៅជាការផ្ទុះរីករាលដាលសង្រ្គាម នៅក្រៅស៊ីរីនោះទេ។ រដ្ឋមន្រ្តីការពារជាតិអាមេរិក វិញក៏បានបញ្ជាក់ជំហរស្រដៀងគ្នានេះដែរ គឺថា អាមេរិកគ្មានគោលដៅ ផែនការ ចង់លូកដៃ ធ្វើសង្រ្គាមនៅស៊ីរី ដែលនឹងអាចទៅប្រឈមមុខជាមួយ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរីនោះទេ។ ផ្ទុយស្រឡះពីជំហរលោកដូណាល់ ត្រាំ ដែលថា ការវាយប្រហារអាចនៅបន្ត រហូតដល់របបស៊ីរី យល់ព្រមលះបង់ចោលអាវុធ គីមី រដ្ឋមន្រ្តីការពារជាតិអាមេរិកបញ្ជាក់ថា អាមេរិកមានផែនការបើកប្រតិបត្តិការ ត្រឹមតែថ្ងៃសៅរ៍នេះ គឺគ្មានគម្រោងនឹងបន្តការវាយប្រហារតទៅទៀតនោះទេ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី តេរ៉េហ្សា មេ បានបញ្ជាក់ថា ទោះជាអង់គ្លេស ចូលរួមធ្វើប្រតិបត្តិការយោធាជាមួយអាមេរិក នៅក្នុងទឹកដីស៊ីរី នៅថ្ងៃសៅរ៍នេះ ប៉ុន្តែ អង់គ្លេស ចង់ជំរុញ ឲ្យមានការចរចាផ្នែកនយោបាយ ដើម្បីដោះស្រាយវិបត្តិនៅស៊ីរី។ បារាំង អាមេរិក និងអង់គ្លេស សុទ្ធតែចង់បើកការចរចា។ ចំណែករុស្ស៊ី វិញ ដែលបានព្រមានពីផលវិបាក នោះ នៅមិនទាន់បានបង្ហាញពីវិធានការជាក់ស្តែងដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិកទៅលើសម្ព័ន្ធមិត្តរបស់ខ្លួននៅឡើយទេ។ តាមវិមានក្រេមឡាំង លោកពូទីន បានបរិហារ សកម្មភាពរំលោភឈ្លានពាន របស់អាមេរិកបារាំង និងរុស្ស៊ី និងបានទាមទារឲ្យមានការកោះប្រជុំបន្ទាន់នៅក្រុមប្រឹក្សាសន្តិសុខ ដើម្បី ថ្កោលទោសអាមេរិក បារាំង និងអង់គ្លេស ដែលបានរំលោភច្បាប់អន្តរជាតិ។
សម្រាប់ ម៉ូស្គូ ដោយវាយប្រហារទៅលើស៊ីរី នៅមុនការស៊ើបអង្កេត សន្និដ្ឋានរបស់អង្គការអន្តរជាតិហាមឃាត់អាវុធគីមីនៅទឹកដីស៊ីរីទៅទៀតនោះ អាមេរិកបារាំង និងអង់គ្លេសកំពុងមើលងាយ មិនឲ្យតម្លៃដល់ការងារ ស៊ើបអង្កេតរបស់អង្គការហាមឃាត់អាវុធគីមី។ ប្រតិបត្តិការយោធារបស់អាមេរិក បារាំង និងអង់គ្លេស នៅក្នុងទឹកដី ស៊ីរី ធ្វើឡើងនៅថ្ងៃសៅរ៍ ចំថ្ងៃដែល អង្គការអន្តរជាតិហាមឃាត់អាវុធគីមីត្រូវចុះទៅស៊ើបអង្កេត ដើម្បីបញ្ជាក់ថា តើពិតជាមានការវាយប្រហារដោយប្រើអាវុធគីមី នៅទីក្រុងឌូម៉ា ដែរឬទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ