ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT

ហេតុអ្វី បាន​ជានិស្សិត​បារាំង ធ្វើ​បាតុកម្ម កាន់កាប់​មហាវិទ្យាល័យ​នៅពេលនេះ?

ហេតុអ្វី បាន​ជានិស្សិត​បារាំង ធ្វើ​បាតុកម្ម កាន់កាប់​មហាវិទ្យាល័យ​នៅពេលនេះ?
 
បាតុករនិស្សិតដែលប្រឆាំងនឹងច្បាប់កំណែទម្រង់អប់រំរបស់រដ្ឋាភិបាលនៅថ្ងៃទី ១៩មេសា ២០១៨ © REUTERS/Charles Platiau

ប៉ូលិស​បារាំង នៅថ្ងៃ​សុក្រ​ទី២០​មេសា បាន​សម្រុក​ចូល​សកលវិទ្យាល័យ​មួយ ក្នុង​ក្រុង​ប៉ារីស​ដើម្បី បណ្តេញ បំបែក​ក្រុមបាតុករ​និស្សិត ដែល​បាន​ចូលកាន់កាប់​សកល​វិទ្យាល័យ តាំង​ពី ប៉ុនា្មន​សប្តាហ៍​មក​ហើយ។ រហូត​មកដល់​ថ្ងៃ​សុក្រ បាតុកម្ម និង​កូដកម្ម​របស់​និស្សិត​នៅ​តែ​បន្ត​មាន​នៅ​សកលវិទ្យាល័យ នៅកន្លែង​ផ្សេងទៀត មិនថា នៅ​ក្រុង​ប៉ារីស និង​នៅ​តាម​ខេត្ត​របស់​បារាំង។ ចលនា​បាតកម្ម​របស់​និស្សិត​បារាំង ធ្វើ​ឲ្យ​គេ​នឹក​ទៅ​ដល់​មហាបាតុកម្ម​របស់​និស្សិត​បារាំង ដ៏ល្បីល្បាញ កាលពី​ថ្ងៃ​ទី ៨​ឧសភា ឆ្នាំ ១៩៦៨។

 

ប៉ូលិស​បារាំង នៅព្រឹកព្រលឹម​ថ្ងៃសុក្រ​នេះ បាន​វាយបំបែក​ក្រុមនិស្សិត ដែល​បាន​ធ្វើបាតុកម្ម កាន់កាប់​អគារ​សកលវិទ្យាល័យ មួយ ក្នុងទីក្រុង​ប៉ារីស។ តាម​ប៉ូលិស ប្រតិបត្តិការ​បណ្តេញ​បាតុករ​និស្សិត​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ដោយ​គ្មាន​ការប្រឈមមុខ តតាំងហិង្សា​ជាមួយ​បាតុករ​ឡើយ។ និស្សិតម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​បទ​ព្រហើន វាយតបត​លើ​ប៉ូលិស។

ប៉ុន្មាន​សប្តាហ៍មកហើយ ក្រុមនិស្សិត​បារាំង បាន​ធ្វើ​បាតុកម្ម​បិទ​សាលារៀន ដើម្បី ប្រឆាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល​បារាំង លុប​ចោល​ទៅ​វិញ ច្បាប់​កំណែទម្រង់​អប់រំ​ថ្មី ដែល​លោក​ប្រធានាធិបតី បារាំង ទើប​បាន​ចុះហត្ថលេខា​ឲ្យ​ចូល​ជា​ធរមាន កាលពី​ថ្ងៃ​ទី ៩​មីនា។ តាំង​ពី​ចុង​ខែ​មីនា និស្សិត​នៅ​តាម​សកលវិទ្យាល័យ​បារាំង ធំៗ​ដូចជា​សកលវិទ្យាល័យ វិទ្យាសាស្រ្ត​នយោបាយ​ដ៏ល្បីឈ្មោះ នៅ​ប៉ារីស Science Politique ជាដើម ដែល​ជាកន្លែង​បណ្តុះបណ្តាល​បញ្ញាជន​ល្បីៗ​របស់​បារាំង គឺ​សុទ្ធ​តែ​បាន​ចូលរួម ក្នុង​បាតុកម្ម ប្រឆាំង​នឹង​ច្បាប់ធ្វើ​កំណែទម្រង់​អប់រំ​របស់​បារាំង។

សម្រាប់​សហជីព​និស្សិត ដូចជា​សហភាព​ជាតិ​​នៃ​និស្សិត​បារាំង UNEF ដែល​ជា​អ្នកប្រកូកប្រកាស​ឲ្យ​មាន​មហាបាតុកម្ម​ប្រឆាំង​របស់​និស្សិត ច្បាប់ថ្មី របស់​រដ្ឋាភិបាល លោកម៉ាក្រុង ដែល​មាន​ឈ្មោះ ថា តម្រង់ទិស និង​ជោគជ័យ​របស់​និស្សិត មាន​បង្កប់​ដោយ​គំនិត រើសអើង ជ្រើសរើស​បេក្ខជន​និស្សិត នៅ​តាម​មហាវិទ្យាល័យ ទៅ​តាម​ឋានៈ​សង្គម ដែល​ផ្ទុយ​ពី​គោលការណ៍​សេរីភាព និង​ភាពស្មើ​គ្នា ក្នុង​ប្រទេស​បារាំង។

រហូត​មកដល់​ថ្ងៃ​នេះ ទោះបី​ជា​ក្រុមបាតុករ នៅ​មហាវិទ្យាល័យTolbiac នៅ​កណ្តាល​ក្រុង​ប៉ារីស ត្រូវ​បាន​ប៉ូលិស​គាស់រំលើង​នៅព្រឹកថ្ងៃ​សុក្រនេះ ប៉ុន្តែ សកលវិទ្យាល័យ​ចំនួន​៤ទៀត នៅតែ​បិទទ្វារ ដោយសារ​តែ​បាតុកម្ម ចូល​អុកឡុក​របស់​និស្សិត​បាតុករ ចំណែកមហាវិទ្យាល័យ​ជាង​១០​ទៀត នៅទូទាំងប្រទេស​ត្រូវ​អាក់ខាន មិនអាច​បង្រៀន ឬ​រៀបចំ​ការប្រលង ដោយសារ​តែ​បាតុកម្ម​រារាំង​របស់​និស្សិត។

ច្បាប់​តម្រង់ និង​ជោគជ័យ របស់​និស្សិត

រដ្ឋមន្រ្តី​ក្រសួង​អប់រំបារាំង​បាន​ចេញមុខការពារ​ច្បាប់​ធ្វើកំណែទម្រង់ អប់រំ ដែល​បើតាម​លោកស្រី គឺ​មាន​ទិសដៅ​ពីរ។ ទីមួយ គឺ​កាត់បន្ថយ​ចំនួន​សិស្ស​ដែល​ប្រលងធ្លាក់​នៅ​ឆ្នាំ​ទី​១ នៅ​មហាវិទ្យាល័យ និង​ទី ២ គឺ​ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​ចំនួន​និស្សិត បារាំង នៅ​ថ្ងៃ​អនាគត។

នៅ​ប្រទេស​បារាំង សិស្ស​នៅ​ថ្នាក់​ទុតិយភូមិ ឬ​ថ្នាក់​ប្រលងបាក់ឌុប ត្រូវ​ជ្រើសរើស តាំង​ពី​ដើមឆ្នាំនេះ មុខ​ជំនាញ ដែល​ខ្លួន​ប្រាថ្នា​ចង់​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ។ កន្លងមក នៅក្រោយ​ប្រលងបាក់ឌុប ពួកគេ​ត្រូវ​បាន​សកលវិទ្យាល័យ​ទទួល​យក ឲ្យ​សិក្សា ទាំងអស់​នៅ​ឆ្នាំ ទី១ ដោយ​គ្មាន​ការជ្រើសរើស ពិសេស​នោះទេ។ ប៉ុន្តែ ការជ្រើសរើស តាមរយៈ​ការប្រលងជម្រុះ ត្រូវ​ធ្វើឡើង នៅ​ឆ្នាំ​ទី ១ នៅ​តាម​មហាវិទ្យាល័យ ដែល​មាន​បេក្ខជន ច្រើន ជាង​ចំនួន​កៅអី​សិក្សា ដូចជា​នៅ​តាម​សាលាច្បាប់ សាលាពេទ្យ ឬ​សាលា​សេដ្ឋកិច្ច បច្ចេកវិទ្យា ជាដើម។

សម្រាប់​រដ្ឋមន្រ្តីអប់រំ​បារាំង ប្រព័ន្ធ​ជ្រើសរើស​និស្សិត កន្លងមក គឺ​មិនឆ្លើយតប​នឹង​កាលៈទេសៈ ការវិវឌ្ឍ​របស់​សង្គមនោះទេ។ ផ្ទុយទៅវិញ វា​បាន​ធ្វើ​ឲ្យ​សិស្ស​បារាំង ខាតបង់​ពេលវេលា​ឥតប្រយោជន៍។ ត្រូវដឹងថា និស្សិត​បារាំង ដល់ទៅ ៦០ភាគរយ មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​បន្ត នៅក្រោយ​ប្រលងធ្លាក់ នៅ​ឆ្នាំទី១។ កូនសិស្ស​ជាច្រើន បាន​ប្តូរ​មុខជំនាញ នៅក្រោយ រៀន​បាន​ប៉ុន្មានឆ្នាំ នៅ​មហាវិទ្យាល័យ ដោយសារ​តែ​ពួកគេ​គិតថា មុខជំនាញ​ដែល​ខ្លួន​គេ​បានជ្រើសរើស តាមពិត មិនមែនជាអ្វី​ដែល​ពួកគេ​ចូលចិត្ត​នោះទេ។ តាមរយៈ​ច្បាប់​ថ្មី សិស្ស​ថ្នាក់​បាក់ឌុប នឹង​ត្រូវ​គេ​តាមដាន និង​តម្រង់ទិស ជួយ​ឲ្យ​ពួកគេ ជ្រើសរើស​មុខជំនាញ ដែល​ពួកគេ​ចូលចិត្ត និង​ឆ្លើយតប​តាមតម្រូវ​ការ​ទីផ្សារ តាំងតែ​ពួកគេ នៅ​មិនទាន់​ប្រលង​បាក់ឌុប​ម្ល៉េះ។ នៅពេល​ដែល​សិស្ស​បាក់ឌុប ត្រូវ​បាន​តម្រង់ទិស រួច​ជា​មុន នោះ ពួកគេ​នឹង​មិន​សម្រុក​ទៅដាក់​ពាក្យ​រៀន មុខជំនាញ ដែល​តាមពិត មិន​ស៊ីគ្នា​នឹង​សមត្ថភាព ឬ​ចំណេះដឹង​របស់​ពួកគេ​នោះទេ។

ថ្នាក់ដឹកនាំ​សកលវិទ្យាល័យ​ជាច្រើន គាំទ្រ​ឲ្យ​មាន​កំណែទម្រង់​លើ​ប្រព័ន្ធ​ជ្រើសរើស​បេក្ខជន ប៉ុន្តែ ជាមួយគ្នា ពួកគេ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បន្ថែម​ថវិកា ដើម្បី ឲ្យ​កំណែទម្រង់​របស់​រដ្ឋាភិបាល​អាច​សម្រេច​ទៅបាន។ សម្រាប់​គ្រូបង្រៀន និង​ប្រធាន​សកលវិទ្យាល័យ​បារាំង បើសិន រដ្ឋាភិបាល​មិន​បន្ថែម​ថវិកា ដើម្បី បង្កើន​មធ្យោបាយ អប់រំ បន្ថែម​គ្រូបង្រៀនទេ នោះ​កំណែទម្រង់​របស់​រដ្ឋាភិបាល​នឹង​ធ្លាក់​ទឹក​ជា​មិនខាន។ រដ្ឋាភិបាល​បាន​ប្រកាស​បន្ថែម​ថវិកា ១០​លាន​អឺរ៉ូ ក្នុង​មួយឆ្នាំៗ ដើម្បី​ឧបត្ថម្ភ​កម្មវិធី តាមដាន អមជួយ​សិស្ស​បាក់ឌុន ក្នុង​ដំណើរការ​ជ្រើសរើស​មុខជំនាញ។ ជារួម រដ្ឋាភិបាល​បាន​ប្រកាស​ផ្តល់​ថវិកា​បន្ថែម ៥០០​លាន​អឺរ៉ូ សម្រាប់​រយៈពេល​៥ឆ្នាំ គឺ​បន្ថែម​ទៅកញ្ចប់​ថវិកា​៤៥០​លាន​អឺរ៉ូ​ដែល​រដ្ឋាភិបាល​បាន​សន្យាសម្រាប់​ការវិនិយោគ ជាពិសេស សម្រាប់​បង្កើត​ចំនួន​កន្លែង​សិក្សា នៅតាម​មហាវិទ្យាល័យ ដែល​មាន​ចំនួន​បេក្ខជន​សម្រុក​ដាក់​ពាក្យ​ចូលរៀន​ច្រើន។

បាតុកម្ម​ដែល​ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​មហាបាតុកម្ម​របស់​និស្សិត​បារាំង ឧសភា

នៅពេល​ដែល​និស្សិត បារាំង ស្រុះគ្នា ធ្វើ​បាតុកម្ម ចូល​កាន់កាប់​អគារ​មហាវិទ្យាល័យ យ៉ាងដូច្នេះ ប្រាកដណាស់ ថា វា​បានធ្វើ​ឲ្យ​នឹក​ទៅ​ដល់​មហាបាតុកម្ម​របស់យុវជន ​និស្សិត​បារាំង កាលពី​ឆ្នាំ ១៩៦៨ ដែល​កាលណោះ បាតុករ​និស្សិត បាន​នាំគ្នា គាស់ យកដុំឥដ្ឋ​នៅតាមផ្លូវ ធ្វើ​ជា​អាវុធ គប់​ទៅលើ​ប៉ូលិស បង្រ្កាប​បាតុករ។

ប៉ុន្តែ អ្នកតាមនយោបាយ​បារាំង​ជាច្រើន វាយតម្លៃថា បាតុកម្ម​របស់​និស្សិត​បារាំង​លើកនេះ នឹង​មិនអាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ធ្លាក់​ធ្ងន់ធ្ងរ ដូច​កាលឆ្នាំ ១៩៦៨​នោះទេ។ នៅ​បាតុកម្ម នៅ​ ១៩៦៨ ក្រុមនិស្សិត​ស្រុះគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ខ្លាំង រដ្ឋាភិបាល នៅក្រោយ​ប៉ូលិស​បាន​ចាប់ឃាត់ខ្លួន និស្សិត​ជាច្រើន​រយនាក់ នៅក្នុង​ពេល​បាតុកម្ម។ ខុសពី​បាតុកម្ម ឆ្នាំ ១៩៦៨​ដែល​នៅក្នុង​នោះ គេ​បាន​ទាមទារ សំខាន់ សិទ្ធិ​សេរីភាព របស់​និស្សិតស្រី សេរីភាព​បញ្ចេញមតិ​របស់​យុវជន បាតុកម្ម​របស់​និស្សិត បារាំង និង​ការដោះ​លែង និស្សិត​ដែល​ប៉ូលិស​ចាប់ឃាត់ខ្លួន បាតុកម្ម របស់​និស្សិត​ផ្តោត​លើ​ការទាមទារ​តែ​មុខ​គត់ គឺ ឲ្យ​រដ្ឋាភិបាល ដកទៅវិញ ច្បាប់​កំណែទម្រង់​ប្រព័ន្ធ​ជ្រើសរើស​និស្សិត​នៅតាម​មហាវិទ្យាល័យ។ ម្យ៉ាងទៀត ទោះបី​ជា​និស្សិត​មិន​ពេញចិត្ត​នឹងវិធីសាស្រ្ត​ជ្រើសរើស​ថ្មី របស់​រដ្ឋាភិបាល ប៉ុន្តែ អ្នកទទួល​ត្រូវ​ផ្នែក​អប់រំ​ជាច្រើន​សុទ្ធ​តែ​យល់​ថា គេ​ត្រូវ​ធ្វើ​កំណែទម្រង់ ប្រព័ន្ធ​ជ្រើសរើស​ដើម្បី​ឆ្លើយតប​នឹង​ការវិវត្ត​របស់​ទីផ្សារ។ បាតុកម្ម​របស់​និស្សិត​បារាំង លើកនេះ ដែល​ហាក់​ចុះខ្សោយ​បន្តិច នៅ​សប្តាហ៍នេះ ដោយសារ ការចូលរួម​របស់​ក្រុម​និស្សិត នឹង​អាច​កើត​ឡើង ដូច​ភ្លើង​ចំបើង គឺ​មិន​អាច​មានទម្ងន់​ទៅ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្តូរចិត្ត ដក​ចោល​ច្បាប់ធ្វើ​កំណែទម្រង់​នោះទេ។ ​ប្រធានាធិបតី​បារាំង លោកម៉ាក្រុង បាន​អះអាង​ហើយថា លោក​នឹង​មិន​ប្តូរចិត្ត​នោះទេ​និង​ថា បាតុកម្ម​ប្រឆាំង​របស់​និស្សិត ធ្វើឡើង​ដោយ​ក្រុមមនុស្ស​មួយ​ក្តាប់តូចប៉ុណ្ណោះ ដែល​មាន​ជំនាញ​ខាង​បង្ក​អសណ្តាប់ធ្នាប់៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • លោក​ម៉ាក្រុង​ប្រឈម​នឹង​បាតុកម្ម​ប្រឆាំង​ពី​ចលនា​ប្រឆាំង​ដែល​ប្រកាស​រួមដៃគ្នា

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    កូនសិស្ស​បារាំង​ជាប់​ចំណាត់​ថ្នាក់​ក្រោយ​គេ​ខាង​គណិត​និង​វិទ្យាសាស្ត្រ

    ស្វែងយល់បន្ថែម

  • បារាំង

    រឿង​អាស្រូវ​ពី​ក្របខ័ណ្ឌ​ជ្រើស​និស្សិត​ចូលរៀន​របស់​សកល​វិទ្យាល័យ​បារាំង​២៧​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ