ហេតុអ្វី បានជានិស្សិតបារាំង ធ្វើបាតុកម្ម កាន់កាប់មហាវិទ្យាល័យនៅពេលនេះ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៨
ប៉ូលិសបារាំង នៅថ្ងៃសុក្រទី២០មេសា បានសម្រុកចូលសកលវិទ្យាល័យមួយ ក្នុងក្រុងប៉ារីសដើម្បី បណ្តេញ បំបែកក្រុមបាតុករនិស្សិត ដែលបានចូលកាន់កាប់សកលវិទ្យាល័យ តាំងពី ប៉ុនា្មនសប្តាហ៍មកហើយ។ រហូតមកដល់ថ្ងៃសុក្រ បាតុកម្ម និងកូដកម្មរបស់និស្សិតនៅតែបន្តមាននៅសកលវិទ្យាល័យ នៅកន្លែងផ្សេងទៀត មិនថា នៅក្រុងប៉ារីស និងនៅតាមខេត្តរបស់បារាំង។ ចលនាបាតកម្មរបស់និស្សិតបារាំង ធ្វើឲ្យគេនឹកទៅដល់មហាបាតុកម្មរបស់និស្សិតបារាំង ដ៏ល្បីល្បាញ កាលពីថ្ងៃទី ៨ឧសភា ឆ្នាំ ១៩៦៨។
ប៉ូលិសបារាំង នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ បានវាយបំបែកក្រុមនិស្សិត ដែលបានធ្វើបាតុកម្ម កាន់កាប់អគារសកលវិទ្យាល័យ មួយ ក្នុងទីក្រុងប៉ារីស។ តាមប៉ូលិស ប្រតិបត្តិការបណ្តេញបាតុករនិស្សិតបានប្រព្រឹត្តទៅដោយរលូន ដោយគ្មានការប្រឈមមុខ តតាំងហិង្សាជាមួយបាតុករឡើយ។ និស្សិតម្នាក់ត្រូវបានចាប់ខ្លួន ក្នុងបទព្រហើន វាយតបតលើប៉ូលិស។
ប៉ុន្មានសប្តាហ៍មកហើយ ក្រុមនិស្សិតបារាំង បានធ្វើបាតុកម្មបិទសាលារៀន ដើម្បី ប្រឆាំង ទាមទារឲ្យរដ្ឋាភិបាលបារាំង លុបចោលទៅវិញ ច្បាប់កំណែទម្រង់អប់រំថ្មី ដែលលោកប្រធានាធិបតី បារាំង ទើបបានចុះហត្ថលេខាឲ្យចូលជាធរមាន កាលពីថ្ងៃទី ៩មីនា។ តាំងពីចុងខែមីនា និស្សិតនៅតាមសកលវិទ្យាល័យបារាំង ធំៗដូចជាសកលវិទ្យាល័យ វិទ្យាសាស្រ្តនយោបាយដ៏ល្បីឈ្មោះ នៅប៉ារីស Science Politique ជាដើម ដែលជាកន្លែងបណ្តុះបណ្តាលបញ្ញាជនល្បីៗរបស់បារាំង គឺសុទ្ធតែបានចូលរួម ក្នុងបាតុកម្ម ប្រឆាំងនឹងច្បាប់ធ្វើកំណែទម្រង់អប់រំរបស់បារាំង។
សម្រាប់សហជីពនិស្សិត ដូចជាសហភាពជាតិនៃនិស្សិតបារាំង UNEF ដែលជាអ្នកប្រកូកប្រកាសឲ្យមានមហាបាតុកម្មប្រឆាំងរបស់និស្សិត ច្បាប់ថ្មី របស់រដ្ឋាភិបាល លោកម៉ាក្រុង ដែលមានឈ្មោះ ថា តម្រង់ទិស និងជោគជ័យរបស់និស្សិត មានបង្កប់ដោយគំនិត រើសអើង ជ្រើសរើសបេក្ខជននិស្សិត នៅតាមមហាវិទ្យាល័យ ទៅតាមឋានៈសង្គម ដែលផ្ទុយពីគោលការណ៍សេរីភាព និងភាពស្មើគ្នា ក្នុងប្រទេសបារាំង។
រហូតមកដល់ថ្ងៃនេះ ទោះបីជាក្រុមបាតុករ នៅមហាវិទ្យាល័យTolbiac នៅកណ្តាលក្រុងប៉ារីស ត្រូវបានប៉ូលិសគាស់រំលើងនៅព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែ សកលវិទ្យាល័យចំនួន៤ទៀត នៅតែបិទទ្វារ ដោយសារតែបាតុកម្ម ចូលអុកឡុករបស់និស្សិតបាតុករ ចំណែកមហាវិទ្យាល័យជាង១០ទៀត នៅទូទាំងប្រទេសត្រូវអាក់ខាន មិនអាចបង្រៀន ឬរៀបចំការប្រលង ដោយសារតែបាតុកម្មរារាំងរបស់និស្សិត។
ច្បាប់តម្រង់ និងជោគជ័យ របស់និស្សិត
រដ្ឋមន្រ្តីក្រសួងអប់រំបារាំងបានចេញមុខការពារច្បាប់ធ្វើកំណែទម្រង់ អប់រំ ដែលបើតាមលោកស្រី គឺមានទិសដៅពីរ។ ទីមួយ គឺកាត់បន្ថយចំនួនសិស្សដែលប្រលងធ្លាក់នៅឆ្នាំទី១ នៅមហាវិទ្យាល័យ និងទី ២ គឺដើម្បីត្រៀមឆ្លើយតបនឹងការកើនឡើងនៃចំនួននិស្សិត បារាំង នៅថ្ងៃអនាគត។
នៅប្រទេសបារាំង សិស្សនៅថ្នាក់ទុតិយភូមិ ឬថ្នាក់ប្រលងបាក់ឌុប ត្រូវជ្រើសរើស តាំងពីដើមឆ្នាំនេះ មុខជំនាញ ដែលខ្លួនប្រាថ្នាចង់សិក្សាបន្តនៅមហាវិទ្យាល័យ។ កន្លងមក នៅក្រោយប្រលងបាក់ឌុប ពួកគេត្រូវបានសកលវិទ្យាល័យទទួលយក ឲ្យសិក្សា ទាំងអស់នៅឆ្នាំ ទី១ ដោយគ្មានការជ្រើសរើស ពិសេសនោះទេ។ ប៉ុន្តែ ការជ្រើសរើស តាមរយៈការប្រលងជម្រុះ ត្រូវធ្វើឡើង នៅឆ្នាំទី ១ នៅតាមមហាវិទ្យាល័យ ដែលមានបេក្ខជន ច្រើន ជាងចំនួនកៅអីសិក្សា ដូចជានៅតាមសាលាច្បាប់ សាលាពេទ្យ ឬសាលាសេដ្ឋកិច្ច បច្ចេកវិទ្យា ជាដើម។
សម្រាប់រដ្ឋមន្រ្តីអប់រំបារាំង ប្រព័ន្ធជ្រើសរើសនិស្សិត កន្លងមក គឺមិនឆ្លើយតបនឹងកាលៈទេសៈ ការវិវឌ្ឍរបស់សង្គមនោះទេ។ ផ្ទុយទៅវិញ វាបានធ្វើឲ្យសិស្សបារាំង ខាតបង់ពេលវេលាឥតប្រយោជន៍។ ត្រូវដឹងថា និស្សិតបារាំង ដល់ទៅ ៦០ភាគរយ មិនដឹងត្រូវធ្វើអ្វីបន្ត នៅក្រោយប្រលងធ្លាក់ នៅឆ្នាំទី១។ កូនសិស្សជាច្រើន បានប្តូរមុខជំនាញ នៅក្រោយ រៀនបានប៉ុន្មានឆ្នាំ នៅមហាវិទ្យាល័យ ដោយសារតែពួកគេគិតថា មុខជំនាញដែលខ្លួនគេបានជ្រើសរើស តាមពិត មិនមែនជាអ្វីដែលពួកគេចូលចិត្តនោះទេ។ តាមរយៈច្បាប់ថ្មី សិស្សថ្នាក់បាក់ឌុប នឹងត្រូវគេតាមដាន និងតម្រង់ទិស ជួយឲ្យពួកគេ ជ្រើសរើសមុខជំនាញ ដែលពួកគេចូលចិត្ត និងឆ្លើយតបតាមតម្រូវការទីផ្សារ តាំងតែពួកគេ នៅមិនទាន់ប្រលងបាក់ឌុបម្ល៉េះ។ នៅពេលដែលសិស្សបាក់ឌុប ត្រូវបានតម្រង់ទិស រួចជាមុន នោះ ពួកគេនឹងមិនសម្រុកទៅដាក់ពាក្យរៀន មុខជំនាញ ដែលតាមពិត មិនស៊ីគ្នានឹងសមត្ថភាព ឬចំណេះដឹងរបស់ពួកគេនោះទេ។
ថ្នាក់ដឹកនាំសកលវិទ្យាល័យជាច្រើន គាំទ្រឲ្យមានកំណែទម្រង់លើប្រព័ន្ធជ្រើសរើសបេក្ខជន ប៉ុន្តែ ជាមួយគ្នា ពួកគេបានទាមទារឲ្យរដ្ឋាភិបាលបន្ថែមថវិកា ដើម្បី ឲ្យកំណែទម្រង់របស់រដ្ឋាភិបាលអាចសម្រេចទៅបាន។ សម្រាប់គ្រូបង្រៀន និងប្រធានសកលវិទ្យាល័យបារាំង បើសិន រដ្ឋាភិបាលមិនបន្ថែមថវិកា ដើម្បី បង្កើនមធ្យោបាយ អប់រំ បន្ថែមគ្រូបង្រៀនទេ នោះកំណែទម្រង់របស់រដ្ឋាភិបាលនឹងធ្លាក់ទឹកជាមិនខាន។ រដ្ឋាភិបាលបានប្រកាសបន្ថែមថវិកា ១០លានអឺរ៉ូ ក្នុងមួយឆ្នាំៗ ដើម្បីឧបត្ថម្ភកម្មវិធី តាមដាន អមជួយសិស្សបាក់ឌុន ក្នុងដំណើរការជ្រើសរើសមុខជំនាញ។ ជារួម រដ្ឋាភិបាលបានប្រកាសផ្តល់ថវិកាបន្ថែម ៥០០លានអឺរ៉ូ សម្រាប់រយៈពេល៥ឆ្នាំ គឺបន្ថែមទៅកញ្ចប់ថវិកា៤៥០លានអឺរ៉ូដែលរដ្ឋាភិបាលបានសន្យាសម្រាប់ការវិនិយោគ ជាពិសេស សម្រាប់បង្កើតចំនួនកន្លែងសិក្សា នៅតាមមហាវិទ្យាល័យ ដែលមានចំនួនបេក្ខជនសម្រុកដាក់ពាក្យចូលរៀនច្រើន។
បាតុកម្មដែលធ្វើឲ្យគេនឹកទៅដល់មហាបាតុកម្មរបស់និស្សិតបារាំង ឧសភា
នៅពេលដែលនិស្សិត បារាំង ស្រុះគ្នា ធ្វើបាតុកម្ម ចូលកាន់កាប់អគារមហាវិទ្យាល័យ យ៉ាងដូច្នេះ ប្រាកដណាស់ ថា វាបានធ្វើឲ្យនឹកទៅដល់មហាបាតុកម្មរបស់យុវជន និស្សិតបារាំង កាលពីឆ្នាំ ១៩៦៨ ដែលកាលណោះ បាតុករនិស្សិត បាននាំគ្នា គាស់ យកដុំឥដ្ឋនៅតាមផ្លូវ ធ្វើជាអាវុធ គប់ទៅលើប៉ូលិស បង្រ្កាបបាតុករ។
ប៉ុន្តែ អ្នកតាមនយោបាយបារាំងជាច្រើន វាយតម្លៃថា បាតុកម្មរបស់និស្សិតបារាំងលើកនេះ នឹងមិនអាចធ្វើឲ្យស្ថានការណ៍ធ្លាក់ធ្ងន់ធ្ងរ ដូចកាលឆ្នាំ ១៩៦៨នោះទេ។ នៅបាតុកម្ម នៅ ១៩៦៨ ក្រុមនិស្សិតស្រុះគ្នាធ្វើបាតុកម្មប្រឆាំងខ្លាំង រដ្ឋាភិបាល នៅក្រោយប៉ូលិសបានចាប់ឃាត់ខ្លួន និស្សិតជាច្រើនរយនាក់ នៅក្នុងពេលបាតុកម្ម។ ខុសពីបាតុកម្ម ឆ្នាំ ១៩៦៨ដែលនៅក្នុងនោះ គេបានទាមទារ សំខាន់ សិទ្ធិសេរីភាព របស់និស្សិតស្រី សេរីភាពបញ្ចេញមតិរបស់យុវជន បាតុកម្មរបស់និស្សិត បារាំង និងការដោះលែង និស្សិតដែលប៉ូលិសចាប់ឃាត់ខ្លួន បាតុកម្ម របស់និស្សិតផ្តោតលើការទាមទារតែមុខគត់ គឺ ឲ្យរដ្ឋាភិបាល ដកទៅវិញ ច្បាប់កំណែទម្រង់ប្រព័ន្ធជ្រើសរើសនិស្សិតនៅតាមមហាវិទ្យាល័យ។ ម្យ៉ាងទៀត ទោះបីជានិស្សិតមិនពេញចិត្តនឹងវិធីសាស្រ្តជ្រើសរើសថ្មី របស់រដ្ឋាភិបាល ប៉ុន្តែ អ្នកទទួលត្រូវផ្នែកអប់រំជាច្រើនសុទ្ធតែយល់ថា គេត្រូវធ្វើកំណែទម្រង់ ប្រព័ន្ធជ្រើសរើសដើម្បីឆ្លើយតបនឹងការវិវត្តរបស់ទីផ្សារ។ បាតុកម្មរបស់និស្សិតបារាំង លើកនេះ ដែលហាក់ចុះខ្សោយបន្តិច នៅសប្តាហ៍នេះ ដោយសារ ការចូលរួមរបស់ក្រុមនិស្សិត នឹងអាចកើតឡើង ដូចភ្លើងចំបើង គឺមិនអាចមានទម្ងន់ទៅធ្វើឲ្យរដ្ឋាភិបាលប្តូរចិត្ត ដកចោលច្បាប់ធ្វើកំណែទម្រង់នោះទេ។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានអះអាងហើយថា លោកនឹងមិនប្តូរចិត្តនោះទេនិងថា បាតុកម្មប្រឆាំងរបស់និស្សិត ធ្វើឡើងដោយក្រុមមនុស្សមួយក្តាប់តូចប៉ុណ្ណោះ ដែលមានជំនាញខាងបង្កអសណ្តាប់ធ្នាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ