អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេនី ៖ នាយក​រដ្ឋមន្ត្រី​លាលែង​ពីតំណែង វិបត្តិ​នយោបាយ​នឹង​បិទ​បញ្ចប់ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​១០​ថ្ងៃ​មក​ហើយ​ដែល​ពលរដ្ឋ​អាមេនី​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឡើង​កាន់​ដំណែង​របស់​នាយករដ្ឋមន្ត្រី​ថ្មី ដែល​ជា​អតីត​ប្រធានាធិបតី​ដឹកនាំ​ប្រទេស​រយៈ​ពេល​១០​ឆ្នាំ។ ប្រឈម​នឹងសន្ទុះ​នៃ​​កម្លាំង​បាតុកម្ម លោក Serge Sarkissian ​ ​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​ នៅ​យប់​មិញ ក្រោមសម្រែក​អំណរ​របស់​ប្រជាពលរដ្ឋ។ ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រក្សា​អំណាច តែ​ទីបំផុត​បែរ​សុខ​ចិត្ត​ដើរ​ចេញ​ដោយ​សម្រួល​ទៅ​វិញ ? តើ​មក​ពីមូលហេតុ​អ្វី ? តើអាមេនី​មាន​ស្ថានភាព​យ៉ាងណា ? ការ​លាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​ជាការ​បិទ​បញ្ចប់​វិបត្តិ​ឬ ?

បាតុករ​អាមេនី​គ្រវីទង់ជាតិ​អបអរ​កា​រ​លា​លែង​ពី​តំណែងនាយក​រដ្ឋមន្ត្រី​​របស់​លោក​Serge Sarkissian
បាតុករ​អាមេនី​គ្រវីទង់ជាតិ​អបអរ​កា​រ​លា​លែង​ពី​តំណែងនាយក​រដ្ឋមន្ត្រី​​របស់​លោក​Serge Sarkissian REUTERS/Vahram Baghdasaryan/Photolure
ផ្សាយពាណិជ្ជកម្ម

​នៅ​តំបន់​ភ្នំកូកាស ជា​ប្រទេស​តូច​មាន​ប្រជាជន​ប្រមាណ​២,៩លាន​នាក់ មាន​ព្រំប្រទល់​ជាប់​​ប្រទេស​អ៊ីរ៉ង់ តួកគី ​ហ្សកហ្ស៊ី អាស៊ែប៉ៃហ្សង់ និង​ធ្លាប់​ជា​អតីត​សាធារណរដ្ឋ​មួយ​របស់​សហភាពសូវៀត តាំង​ពី​ជាង​១០​ថ្ងៃ​មក ពលរដ្ឋ​អាមេនី បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​ភាព​ក្រីក្រ និង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស ​និង​ជាពិសេស​ប្រឆាំងនឹង​ការ​ក្រាញ​​កាន់​អំណាច​របស់​អតីត​ប្រធានាធិបតី Serge Sarkissian ​ ដែល​នៅ​ពេល​ផុត​អាណត្តិ​និង​អស់​សិទ្ធិ​ជា​ប្រមុខ​រដ្ឋ ក៏​ប្តូរ​ច្បាប់​និង​តែង​តាំង​ខ្លួនឯង​​មក​ជា​នាយករដ្ឋមន្ត្រី​វិញ។ ការ​កាន់​អំណាច​ដ៏​វែង​និង​យូរ​បែប​នេះ​ពុំ​ធ្លាប់​មាន​កើត​ឡើង​នៅ​អាមេនី​ទេ។

ច្បាប់​រដ្ឋធម្មនុញ្ញ​អាមេនី បាន​ហាមឃាត់​មិន​ឱ្យ​ប្រធានាធិបតី​កាន់​អំណាច​លើស​ពី​ពីរ​អាណត្តិទេ ! ប៉ុន្តែ​លោក Serge Sarkissian កាល​នៅ​ជា​​ប្រធានាធិបតី​ (តាំង​ពី​២០០៨​-២០១៨) ​ បាន​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូង​ចម្រាស​ កាលពី​ឆ្នាំ​២០១៥ ផ្ទេរ​​អំណាច​គ្រប់គ្រង​ប្រទេស​ទៅ​ឱ្យនាយករដ្ឋមន្ត្រី ឯ​តួនាទី​ប្រធានាធិបតី​ក្លាយ​ជា​តួនាទី​កិត្តិយសវិញ។ តាម​គំរូ​របស់​លោក​ពូទីន ​បញ្ចប់​អាណត្តិ​ទីពីរ​ជា​ប្រធានាធិបតីភ្លាម​ លោក Serge Sarkissian ក៏​ត្រូវ​បានតែង​តាំង​ជា​នាយករដ្ឋមន្ត្រី និង​មាន​អំណាច​ពេញ​ដៃ​ទៀត នៅថ្ងៃទី​១៧មេសា ! មាន​ន័យ​ថា​អាមេនី​មាន​មនុស្ស​ដដែល​ជា​អ្នក​ដឹកនាំ​ប្រទេស​ជា​គម្រប់​បី​អាណត្តិ​ជាប់​គ្នា។ ជា​ស្ថានភាព​ដែល​អាមេនី​មិន​ធ្លាប់​ជួប​ប្រទះឡើយ និង​អាច​ទទួល​យក​បាន​ទេ !​ សម្រាប់​អ្នក​វិភាគ​ អាមេនី​មិន​ចង់​រស់​ដូច​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ ទីដែល​ប្រធានាធិបតី​ផ្តាច់ការ​កាន់​អំណាច​មួយ​ជីវិត​ជា​រឿង​ធម្មតា​​ទេ។

ម្យ៉ាង​វិញ​ទៀតក្រៅ​អំពី​ប្រឆាំង​នឹង​ការ​ក្រាញ​អំណាច ក្រោម​ការ​គ្រប់គ្រង​១០​ឆ្នាំ របស់ Serge Sarkissian ស្ថានភាព​សេដ្ឋកិច្ច​ដុនដាប ភាព​ក្រីក្រ​កើន​ឡើង​ ​២៧,៦% ​នៅ​ឆ្នាំ ២០០៨ ទល់​នឹង​២៩,៨%​នៅ​ឆ្នាំ​២០១៦។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ធនាគា​រ​ពិភពលោក។ ​ចំណូល​ជាតិ​សរុប​វិញ​សម្រាប់​ប្រជាពលរដ្ឋម្នាក់ៗ​វិញ នៅ​នឹង​ត្រឹម​ ៣៧៧០​ដុល្លារ​ដដែល តាំង​ពី​១០​មក។ ​ចំណែកអំពើ​ពុករលួយបាន​​ស៊ីរ៉ូង​ផ្ទៃក្នុង មាន​តាំង​ពី​នៅក្នុង​ជួរ​ប៉ូលិស ដល់​តុលាការ សូម្បី​តែ​គ្រូបង្រៀន​ក៏​ទាមទារកាដូពី​សិស្ស! នេះ​បើ​តាម​ការ​រៀបរាប់​របស់​សាក្សី​ជា​បាតុករ​និង​ជា​អ្នក​អត់ការងារ​ធ្វើ​ម្នាក់។ ស្ថានភាព​បែប​នេះ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​គាំទ្រ​ចលនា​បាតុកម្ម​របស់​មេបក្ស​ប្រឆាំង។ ជា​បាតុកម្ម​ប្រឆាំង​នឹង​របៀបដឹកនាំនិង​ការ​ស្រលាញ់​អំណាចរបស់​លោក Sarkissian គ្មាន​ពាក់ព័ន្ធ​នឹង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ទេ ! ​ និង​មិន​ត្រូវ​បាន​ដឹក​មុខ​ដើម្បី​ប្រយោជន៍អាមេរិក​ សហភាព​អឺរ៉ុប​ឬ​រុស្ស៊ី​ទេ គឺ​ដើម្បី​ប្រយោជន៍​អាមេនី​តែមួយគត់។ ​នេះ​បើ​តាម​ការ​អះអាង​របស់​មេ​ដឹកនាំ​ចលនា​បាតុកម្ម។ ហើយ​ក៏​គ្មាន​បាតុករ​ណា​ម្នាក់​ចោទ​លោកSarkissian ពីបទ​និយម​រុស្ស៊ី​ទេ ​ដូច​ចលនា​ប៉ះបោរ​នៅអ៊ុយក្រែន​ឡើយ។

ជាការ​កត់​សម្គាល់​ដែរ​ ស្ថានភាព​នៅអាមេនី​​បាន​ទទួល​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​ប្រុង​ប្រយ័ត្ន​បំផុត​ពី​សំណាក់​រុស្ស៊ី ដែល​មាន​មូលដ្ឋាន​យោធាផ្ទុក​កម្លាំង​ឈរ​ជើង​៤ពាន់​នាក់​​នៅ​អាមេនី។ ​ ​ ទទួល​​ឯករាជ្យ​នៅ​ឆ្នាំ​១៩៩១ អាមេនី​ជា​សមាជិក​អង្គការ​សន្ធិសញ្ញាសន្តិសុខ​រួម​ នៃក្រុម​អតីត​សហភាព​សូវៀត រំពឹង​ស្ទើរ​គ្រប់​យ៉ាង​លើ​រុស្ស៊ី។ ​ប្រធានាធិបតី​រុស្ស៊ី ពូទីន​បានសម្តែង​ការ​សរសើរ​លោក​ Serge Sarkissian ដែល​បាន​ជាប់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី។ ប៉ុន្តែរុស្ស៊ី​ស្ងាត់​មាត់​ឈឹង​​ក្រោយ​ការ​លែង​របស់​នាយករដ្ឋមន្ត្រី។ ម៉ូស្គូ​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ដោយ​ក៏​មិន​ចង់​ឃើញ​ស្ថានភាពអាមេនី​ធ្លាក់​ចុះ​ដុន​ដាប​ជាង​នេះ​ទៀត​ដែរ។ ការ​តែង​តាំង​លោក​​ឧប​នាយករដ្ឋមន្ត្រី Karapetian ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ Serge Sarkissian ​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី ក៏​ជា​តំណាង​ភាព​ធូរ​ស្បើយ​មួយ​របស់​រុស្ស៊ី។

រុស្ស៊ី​មិន​ចង់​ឃើញ​តែ​មួយ​គឺ​​វត្តមាន​របស់​មេ​ដឹកនាំ​ចលនា​បាតុកម្ម​ លោក​Nikol Pachinian។ ជាអតីត​អ្នក​កាសែត ធ្លាប់​ជា​មេកើយ​ដឹកនាំ​ធ្វើ​បាតុកម្ម​យ៉ាង​ហិង្សា កាលពី​ឆ្នាំ​២០០៨ និង​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​កាលពី​ឆ្នាំ​២០១០ លោក Nikol Pachinian បាន​ក្លាយ​ជា​សមាជិក​សភា​នៅ​ឆ្នាំ​២០១៧។ បាន​វោហា ក្លាហានមុះមុត លោក​Pachinian បាន​បង្កើន​មិទ្ទិញ ចុះ​មូលដ្ឋាន និង​​កំពុង​ក្លាយ​ជា​ប្រមុខ​ដឹក​នាំ​បក្ស​ប្រឆាំង​ដ៏​សំខាន់ ទទួល​បាន​ការ​គាំទ្រពី​យុវជន​​កាន់​តែ​ខ្លាំងឡើងៗ​។ នៅកណ្តាល​ហ្វូង​បាតុករ​ដែល​អប​អរ​ការលាលែង​ចេញពី​តំណែង​របស់​លោក Serge Sarkissian ​ លោក​Pachinian ប្រកាសចូល​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី ដើម្បី​ធានារ៉ាប់រង​ការ​ផ្ទេរ​អំណាច​មក​ឱ្យ​ប្រជាពលរដ្ឋ។

ប៉ុន្តែចលនា​ប្រឆាំង​ដែល​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ពី​ប្រជាជន​​ហាក់​ដូច​ជា​មិន​ទាន់​ស្ងប់​ចិត្ត ត្រឹម​តែ​ការ​ប្តូរ​ផ្លាស់​មេដឹកនាំ​ទេ ព្រោះការ​​ប្តូរ​ផ្លាស់ក្បាល​ម៉ាស៊ីន​ដឹកនាំ​ មិន​មែន​ជា​ការ​ប្តូរ​របប​ទេ ! លោក Serge Sarkissian ចេញ​ពី​តំណែង​មែន តែ​បក្ស​របស់​លោក​នៅ​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​​នៅក្នុង​សភា ! ឯការ​ទាមទារ​របស់​ពួកគេ​ក្នុង​ការ​លុបបំបាត់​អំពើ​ពុក​រលួយ ភាព​ក្រី​ក្រ នៅ​លា​ត្រដាង​លើ​តុចរចា​នៅ​ឡើយ។ ហើយ​អ្វី​ដែល​នៅ​ជា​ចម្ងល់​នៅ​ឡើយ​គឺ​​វត្តមាន​របស់​យោធាដែល​មក​ភ្ជាប់​ខ្លួន​ជា​មួយ​បាតុករ ? តើ​ជា​ចលនា​ដែល​ផុះ​កើត​ឡើយ​ដោយឯងៗ ឬ​ក៏​មាន​ការ​រៀប​ចំ ? ​បើ​ជាការ​រៀប​ចំ តើ​មក​ពី​ខាងណា ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ