អានតួអត្ថបទ
អាមេរិក-បារាំង

លោក​ដូណាល់ ត្រាំ និង​លោក​អេម៉ានុយអែល ម៉ាក្រុង​ស្នើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ថ្ងៃ​ពុធ ទី២៥ មេសា​នេះ​ជា​ថ្ងៃ​ទី៣ និង​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​នៅ​សហរដ្ឋអាមេរិក។ នា​ឱកាស​កិច្ចសន្ទនា​ក្នុង​សេតវិមាន​នៅ​ថ្ងៃ​អង្គារ ទី២៤ មេសា សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ក្លាយ​ជា​ប្រធានបទ​អាទិភាព ហើយ​លោក​ម៉ាក្រុង និង​លោក​ត្រាំ​ហាក់​បាន​យល់ស្រប​គ្នា​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៥។ សំណើ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ដូណាល់ ត្រាំ​ត្រូវ​សម្រេច​ដក ឬ​មិន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​នៅ​ថ្ងៃទី១២ ឧសភា​ខាង​មុខ។

លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង និង​សមភាគី​អាមេរិក​លោក​ត្រាំ​នា​សន្និសីទកាសែត​នៅ​សេតវិមាន ថ្ងៃទី២៤ មេសា ២០១៨
លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង និង​សមភាគី​អាមេរិក​លោក​ត្រាំ​នា​សន្និសីទកាសែត​នៅ​សេតវិមាន ថ្ងៃទី២៤ មេសា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

នា​កិច្ចសន្ទនា​ដំបូង​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​អេម៉ានុយអែល ម៉ាក្រុង​នៅ​ក្នុង​ការិយាល័យ​រាងទ្រវែង​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​សេតវិមាន ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​សំណុំរឿង​អ៊ីរ៉ង់​បាន​កើត​មាន​ភ្លាមៗ​នៅ​ចំពោះ​មុខ​កាំមេរ៉ា​របស់​ក្រុម​អ្នកកាសែត។ លោក​ត្រាំ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ចុះ​ហត្ថលេខា​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៥ ថា​ជា​កិច្ចព្រមព្រៀង​ល្ងង់ និង​គួរ​ឲ្យ​អស់សំណើច។ តែ​នៅ ២ម៉ោង​ក្រោយ​មក ពោល​នា​សន្និសីទកាសែត​រួម​គ្នា លោក​ម៉ាក្រុង​បាន​ស្នើ​ឲ្យ​មាន​ច្រក​ចេញ​មួយ​ដែល​លោក​ហៅ​ថា កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី។

« ទោះ​បី​ជា​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នឹង​សម្រេច​យ៉ាង​ម៉េច​ក៏​ដោយ ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​ចង់​ឲ្យ​យើង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ដោយ​ផ្អែក​លើ ៤ចំណុច ទី១ ពិនិត្យ​មើល​ឡើង​វិញ​លើ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ទី២ ពិនិត្យ​លើ​សកម្មភាព​នុយក្លេអ៊ែរ​នៅ​ក្រោយ​ឆ្នាំ ២០២៥ ទី៣ ពិនិត្យមើល​លើ​ឥទ្ធិពល​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ និង​ទី៤ ចរចា​លើ​សកម្មភាព​គ្រាប់មីស៊ីល​បាលីស្ទិក​របស់​អ៊ីរ៉ង់ »។

ចំណែក​លោក​ដូណាល់ ត្រាំ​ហាក់​មិន​បាន​សម្តែង​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​ក្នុង​ការ​ផ្តើម​កិច្ចចរចា​តាម​សំណើ​របស់​លោក​ម៉ាក្រុង និង​បែរ​ជា​បាន​បន្ត​ប្រើ​សម្តី​គំរាម​ខ្លាំងៗ​ដាក់​អ៊ីរ៉ង់។ « គ្មាន​នរណា​ម្នាក់​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​នឹង​សម្រេច​នៅ​ថ្ងៃទី១២ ឧសភា​ខាង​មុខ​ទេ តែ​យើង​នឹង​បាន​ឃើញ ហើយ​យើង​ក៏​នឹង​បាន​ឃើញ​ផង​ដែរ​ប្រសិន​បើ​ខ្ញុំ​ធ្វើ​អ្វី​ដូច​ដែល​អ្នក​ខ្លះ​កំពុង​រង់ចាំ និង​រំពឹងទុក ហើយ​វា​ពិត​ជា​អាច​មាន​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​រឹងមាំ។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា បើ​អ៊ីរ៉ង់​គំរាម​យើង ទោះ​ក្នុង​ផ្លូវ និង​ក្រោម​រូបភាព​ណា​ក៏​ដោយ ពួក​គេ​នឹង​ទទួល​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងន់​ដែល​កម្រ​មាន​ប្រទេស​ណា​បាន​ទទួល​ណាស់ »។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រុម​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៥ យល់​យ៉ាង​ម៉េច​ពី​សំណើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ថ្មី​របស់​លោក​ម៉ាក្រុង និង​លោក​ត្រាំ​ពេល​នេះ​ទេ។ តែ​កន្លង​មក មាន​ប្រទេស​ហត្ថលេខី​ខ្លះ​ហាក់​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ និង​ចោទ​សួរ​ថា តើ​វា​ចាំ​បាច់​អី​ដែល​ត្រូវ​រក​កិច្ចព្រមព្រៀង​ថ្មី ហើយ​ថា គេ​មិន​គួរ​លាយឡំ​គ្នា​រវាង​នុយក្លេអ៊ែរ និង​រឿង​ផ្សេង​ទេ។ ចំណែក​អ៊ីរ៉ង់​បាន​បញ្ជាក់​ច្បាស់ៗ​នៅ​ថ្ងៃ​ពុធ ទី២៥ មេសា​នេះ​ថា ខ្លួន​មិន​ទទួល​យក និង​មិន​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​ថ្មី​ណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ