អានតួអត្ថបទ

បារាំង​និង​អង់គ្លេស​អំពាវនាវ​ឱ្យ​ពង្រឹង​ការហាមឃាត់​អាវុធ​គីមី

ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស តេរ៉េហ្សា មេ បាន​ចេញ​សេចក្តី​អំពាវនាវ​ នៅ​ថ្ងៃអាទិត្យ​ទី ២៩ មេសា នេះ ទៅ​កាន់​​សហគមន៍​អន្តរជាតិ​ទាំង​មូល ឱ្យ​ពង្រឹង​ការ​ហាមឃាត់ការ​ប្រើប្រាស់​អាវុធ​គីមី នៅ​លើ​ពិភពលោក។ ការ​អំពាវនាវនេះ​ ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប​ទី ២១​ឆ្នាំ គត់​នៃ​បង្កើត​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​គីមី។

ក្រុម​ជំនាញការ​នៃ​អង្គការហាមឃាត់​អាវុធ​គីមី​ ចុះ​ទៅ​ស៊ីរី
ក្រុម​ជំនាញការ​នៃ​អង្គការហាមឃាត់​អាវុធ​គីមី​ ចុះ​ទៅ​ស៊ីរី REUTERS/Mohamed Abdullah/Files
ផ្សាយពាណិជ្ជកម្ម

“ក្នុង​ថ្ងៃ​​កំណើត​នៃ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​គីមី ខួប​លើក​ទី២១ និង​ក្រោយ​ហេតុការណ៍​​ប្រើ​អាវុធ​គីមី នៅDouma និង Salisbury ប្រទេសស៊ីរី​ លោកស្រី​តេរ៉េហ្សា មេ និង​រូប​ខ្ញុំ សូម​អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ទាំងមូល ឱ្យមក​ពង្រឹង​​កម្លាំង​ជា​មួយ​យើង​ ក្នុង​ការ​ហាមឃាត់​ការ​ប្រើប្រាស់​អាវុធ​គីមី ដែល​ជា​អាវុធ​ប្រល័យ​លោកក្នុង​​ទ្រង់​ទ្រាយ​ធំ។ នេះ​ជា​សារ​បង្ហោះ​របស់​លោក ម៉ាក្រុង ប្រធានាធិបតី​បារាំង។​

ចំណែក​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​វិញ បាន​អះអាង កាលពី​២១​ឆ្នាំ​មុន​ សន្ធិសញ្ញា​ហាមឃាត់​អាវុធ​គីមី បាន​ចែង​មិន​មាន​ការ​ប្រើប្រាស់ អភិវឌ្ឍ និង​ផលិត ព្រម​ទាំង​រក្សា​ទុកអាវុធ​គីមី​ដ៏​អាក្រក់​នេះ​ទេ។ បារាំង​និង​អង់គ្លេស​សូម​អះអាង​បញ្ជាក់​ជា​ថ្មី​ថា​ប្រទេស​យើង​ទាំងពីរ​គោរពនិងប្រកាន់​ខ្ជាប់ជា​និច្ច​​កិច្ចព្រមព្រៀង​នេះ និង​សូម​អំពាវនាវ​ឱ្យ​ ប្រជាជាតិ​ដទៃ​ទៀត នាំគ្នា​ប្រកាន់​យក​ជំហរ​ដាច់​ខាត​​ជា​មួយ​នឹង​បារាំង​និង​អង់គ្លេស។

សូម​បញ្ជាក់​ថា សន្ធិសញ្ញា​ហាមឃាត់​អាវុធ​គីមី ជាសន្ធិសញ្ញាដែល​មាន​ដែន​អំណាច​​ហាមឃាត់​ការផលិត ការ​រក្សា​ទុក ​ការ​​ប្រើប្រាស់ និង​ការ​កម្ទេច​អាវុធគីមីដែល​មាន។ សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​ចំនួន​១៩២នៅ​ថ្ងៃទី ១៣​មករា ឆ្នាំ​១៩៩៣ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ២៩ មេសា ឆ្នាំ​១៩៩៧។ ដំណើរការ​របស់​សន្ធិសញ្ញា​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ ក្នុង​វិស័យ​រំសាយ​អាវុធ​ ដោយ​ឈរ​លើ​គោលការណ៍​បី​សំខាន់ៗ ៖ ហាមឃាត់​ទាំង​ស្រុង​ការ​ប្រើ​អាវុធ​គីមី បំផ្លាញ​ទាំងអស់​អាវុធគីមី​ដែលមាន និង​ការ​តាមដាន​ផ្ទៀងផ្ទាត់​ការ​គោរព​សន្ធិសញ្ញា​ដោយ​ស្ថាប័ន​ដ៏​​ឯករាជ្យ​មួយ​មាន​ឈ្មោះ​ថា អង្គការ​ហាមឃាត់​ហាមឃាត់​អាវុធ​គីមី OIAC ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ ប្រទេសហូឡង់។

សេចក្តី​អំពាវនាវ​របស់​បារាំង​និងអង់គ្លេស​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រតិភូ​ស៊ីរី ទើប​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អង្គការ​ហាមឃាត់អាវុធ​គីមី កាលពី​ថ្ងៃព្រហស្បតិ៍​ថា ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅក្រុង​ឌូម៉ា ជាប់​រដ្ឋធានី​ដាម៉ាស​របស់​​ស៊ីរី​​ កាលពី​ថ្ងៃទី ៧​មេសា ជា​ការ​រៀប​ឈុត​ឆាក​តែ​ប៉ុណ្ណោះ។ ការ​ប្រើអាវុធ​គីមី​នៅ​ស៊ីរីនោះ បាន​ជំរុញ​ឱ្យ​បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក​បើកប្រតិបត្តិការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​ លើ​របប​លោក បាស្ហារអាល់អាសាទ កាលពី​ថ្ងៃទី ១៤​មេសា ២០១៨៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ